អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ចៅក្រម​តុលាការ​កំពូល​អាមេរិក​​មិន​ចុះ​សម្រុង​គ្នា​​លើ​អាពាហ៍ពិពាហ៍​​ភេទ​ដូចគ្នា

អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​
អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ Anthony-Masterson
ដោយ៖ ហ៊ែល សម្បត្តិ
1 នាទី

តុលាការកំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ក្នុង​ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ដែល​គាំទ្រ​អ្នកស្រឡាញ់ភេទ​ដូចគ្នា​បាន​នំាគ្នា​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​អគារ​តុលាការ​តាំងពី​ថ្ងៃសុក្រ​ម្ល៉េះ​ដើម្បី​ចូលរួម​សវនាការ​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលជិតពីរម៉ោង ចៅក្រម​តុលាការ​កំពូល​អាមេរិកទាំង​ប្រាំ​បួន​រូប បាន​ស្តាប់​នូវ​អំណះអំណាង របស់​មតិ​គាំទ្រ និង​មតិ​បដិសេធ​ពី​អាពាហ៍ពិពាហ៍​នៃ​អ្នកស្រលាញ់​ភេទ​ដូចគ្នា​ដែល​មាន​ការហាមឃាត់ នៅ​ក្នុង​រដ្ឋ Michigan, Kentucky, អូហៃអូ និងរដ្ឋ Tennessee នេះ​បើតាម​ប្រភព​ពត៌មាន Reuters ។

នាពេលនោះលោក​ចៅក្រម Anthony Kennedy បាន​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ​វា​ពិបាក ដើម្បី​ដឹង​ថា​តើ លោក​នឹង​សម្រេចចិត្ត​បោះឆ្នោះ​គាំទ្រ​ភាគី​ខាង​ណា​នោះ​ទេ។ លោក​ចៅក្រម​ក៏​បាន​លើក​ឡើង​ពី​ហេតុផល​ប្រវត្តិសាស្រ្ត​ដោយ​គូស​បញ្ជាក់​ថា អស់​រយៈ​កាល​រាប់​សតវត្ស​មក​ហើយ ដែល​អាពាហ៍ពិពាហ៍​ធ្វើ​ឡើង​សម្រាប់​តែ​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា​ប៉ុណ្ណោះ។ ហើយដែល​និយមន័យ​អាពាហ៍ពិពាហ៍ នេះ​ក៏​មាន​អាយុកាល​ជាង​រាប់​ពាន់​ឆ្នាំ​ហើយ​ដែរ ខ្ញុំ​គិតថា​វាពិតជា​មាន​ការលំបាក សម្រាប់​តុលាការ នា​ពេល​បច្ចុប្បន្ន​ក្នុង​ការប្រកាស​ថា​យើង​បាន​យល់​ពី​សញ្ញាណ​នេះ​បាន​ច្បាស់​ជាង​មុន។ តែផ្ទុយ​ទៅ​វិញ លោក​ចៅក្រម Kennedy ក៏បាន​សម្តែង​នូវ​មន្ទិល​សង្ស័យ​អំពី​ហេតុផល ដែល​បាន​បង្ហាញ​ដោយ​រដ្ឋ​មួយ ចំនួន​ក្នុង​ការហាមឃាត់​អាពាហ៍ពិពាហ៍​ភេទដូចគ្នា​នេះ។ គួររំលឹកថា​លោកចៅក្រម Kennedy ក៏ធ្លាប់​បាន​ចេញ​សេចក្តី​សម្រេច​ជាច្រើន​ដែល​ផ្តល់​សិទ្ធិ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ តាំងពី​ឆ្នាំ​១៩៩៦​មក។

 
នៅទូទាំង​សហរដ្ឋ​អាមេរិកទាំង​៥០​រដ្ឋ​មាន​៣៧​រដ្ឋ​រួម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ​ដែល​អនុញ្ញាត​អាពាហ៍ពិពាហ៍​ភេទដូចគ្នា ដែល​ការអនុញ្ញាត​ទាំងនោះ​ជា​ទូទៅ​គឺ​បន្ទាប់ពី​មាន​ការប្តឹង​ទាមទារ​ទៅ​តុលាការ។ ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ជារឿយ​សេចក្តី​សម្រេច​តុលាការ​តែង​តែ​ផ្តល់​អំណោយផល ដល់​ការទទួលស្គាល់​នីត្យានុកូលភាព​ឬ​ភាព​ស្រប​ច្បាប់​នៃ​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ​ដែល​ប្រារព្ធ​ដោយ​ស្រប​ច្បាប់​នៅ​លើ​ទឹកដី​អាមេរិក។ បាន​សេចក្តី​ថា​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ធ្វើ​ឡើង​ក្នុង​រដ្ឋ​ដែល​អនុញ្ញាត​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ ជាទូទៅ​ត្រូវ​បាន​តុលាការ​នៃ​រដ្ឋ​ដែល​មិន​អនុញ្ញាត​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ ទទួល​ស្គាល់​ផង​ដែរ។

ក្នុងពេលនេះ តុលាការ​កំពូល​អាមេរិក​ត្រូវ​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព នៃ​ស្ថានភាព​នីត្យានុកូល​សម្រាប់​ការទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ទូទាំង​ប្រទេស។ ចៅក្រម​ត្រូវ​កំណត់ ថា​តើ រដ្ឋធម្មនុញ្ញ​អាមេរិកដែល​ផ្តល់​ការធានា​អំពី​ភាព​ស្មើគ្នា នឹង​ត្រូវ​អនុវត្ត​ចំពោះ​អាពាហ៍ពិពាហ៍​ភេទ ដូចគ្នា​ដែរ​ឬទេ។ បើមិនដូច្នោះទេ​តុលាការត្រូវ​កំនត់​ថា​តើ​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ រដ្ឋ​នានា​ដែល ហាមឃាត់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា នឹង​ត្រូវ​តែ​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ​ដែល​បាន​ប្រារព្ធ ក្នុង​រដ្ឋ​ផ្សេង​ដែល​បាន​អនុញ្ញាត​ឲ្យ​ធ្វើ ដែរ​ឬ​មួយ​យ៉ាង​ណា។

តាមប្រភពពត៌មាន Reuters ដដែល សេចក្តីសម្រេច​លើ​សំនួរ​នេះ តុលាការ​កំពូល​អាមេរិកគ្រោង​នឹង​ចេញ​នៅ​ចុង​ខែ​ឧសភា​ខាង​មុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ