ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅប្រទេសសូម៉ាលី
ចុះផ្សាយនៅថ្ងៃ៖
លោក ចន ឃែរី បានអញ្ជើញទៅបំពេញទស្សនកិច្ច ដោយឥតព្រាងទុកនៅប្រទេសសូមាលី នាថ្ងៃអង្គារទី ៥ឧសភានេះ។ ជាទស្សនកិច្ចខ្លី តែមានតម្លៃជាប្រវត្តិសាស្ត្រ និងជាប្រមុខការទូតអាមេរិកដំបូងគេបង្អស់ដែលធ្វើដំណើរទៅជាន់ដីសូម៉ាលី បន្ទាប់ពីការដកខ្លួនយ៉ាងអាម៉ាសចេញពីសូម៉ាលី នៅឆ្នាំ១៩៩៣មក។
លោកចន ឃែរី បានចូលបំពេញទស្សនកិច្ចនៅសូម៉ាលី តែប្រមាណបីម៉ោងកន្លះប៉ុណ្ណោះ។ ចុះជាន់ដីសូម៉ាលីជានិមិត្តរូប និងស្ថិតតែក្នុងបរិវេណសុវត្ថិភាពនៃតំបន់អាកាសយានដ្ឋាន ក្រុងម៉ូហ្គាឌីស្យូ លោកប្រមុខការទូតអាមេរិក បានជួបពិភាក្សាជាមួយប្រធានាធិបតី នាយករដ្ឋមន្ត្រី អភិបាលខេត្តសំខាន់របស់សូម៉ាលី ព្រមទាំងតំណាងសង្គមស៊ីវិលមួយចំនួនធំ។
ជាទស្សនកិច្ចដោយឥតព្រាងទុក តែមានអត្ថន័យជាប្រវត្តិសាស្ត្របំផុត សម្រាប់នយោបាយការទូតអាមេរិកនៅសូម៉ាលី។ អាមេរិកធ្លាប់ជួយឈឺឆ្អាលសូម៉ាលី ដែលរងគ្រោះទុរ្ភិក្ស និងសង្គ្រាមស៊ីវិល ដោយបញ្ជូនទាហានឱ្យចូលជួយធ្វើអន្តរាគមន៍នៅឆ្នាំ១៩៩២។ ប៉ុន្តែមិនបានប៉ុន្មានផង អាមេរិក បានបង្ខំចិត្តចាកចេញពីសូម៉ាលីយ៉ាងអាម៉ាស បន្ទាប់ពីកងយុទ្ធជនសូម៉ាលីបានបាញ់សម្លាប់ទាហានអាមេរិក១៨នាក់ រួចអូសសាកសពទាហានទាំងអស់នោះ តាមថ្នល់ពេញរដ្ឋធានីម៉ូហ្គាឌីស្យូ។
“ជាង២០ឆ្នាំកន្លង ជាមួយសហគមន៍អន្តរជាតិ សហរដ្ឋអាមេរិកបានវិលត្រលប់មកសូម៉ាលីវិញ ដើម្បីផ្តល់ក្តីសង្ឃឹមថ្មី និង ចែករំលែកក្តីព្រួយបារម្ភ”។ នេះជាសារវីដេអូ របស់លោកចន ឃែរី ទៅកាន់ពលរដ្ឋសូម៉ាលី ជាមួយនឹងការលើកទឹកចិត្តថា សូម៉ាលីក្នុងសង្គ្រាមមែន តែស្ថានភាពប្រទេសបានប្រសើរឡើង ដោយមានស្ថាប័នរដ្ឋ មានរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន ហើយកងកម្លាំងយោធាបានយកជ័យជំនះ និងរុញច្រានពួកជ្រុលនិយមអ៊ីស្លាមShebab ចេញពីតំបន់ដែលមានប្រជាជនរស់នៅច្រើន។ វត្តមានរបស់លោកថ្ងៃនេះ ជាភស្តុតាង។
ប្រមុខការទូតអាមេរិកសង្ឃឹមថាសូម៉ាលីអាចនឹងរៀបចំការបោះឆ្នោតសភាបានត្រឹមត្រូវនៅឆ្នាំ២០១៦ ព្រោះពេលនេះសូម៉ាលីបានរឹងមាំជាងមុន បើទោះបីជាប្រទេសកំពុងស្ថិតក្នុងសង្គ្រាម គ្មានអំណាចកណ្តាលត្រឹមត្រូវតាំងពីឆ្នាំ១៩៩១មកក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ