អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

អាមេរិកចោទ​ជនជាតិ​ចិន​​៦​នាក់​​ពី​បទចារកម្ម​សេដ្ឋកិច្ច និង​​ការលួច​ការសម្ងាត់​ពាណិជ្ជកម្ម

លោក  Eric Holde រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក​ ធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​ចារកិច្ច
លោក Eric Holde រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក​ ធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​ចារកិច្ច REUTERS/Jonathan Ernst
ដោយ៖ ហ៊ែល សម្បត្តិ
១៦ នាទី

កាលពីថ្ងៃអង្គារ ក្រសួង​យុត្តិធម៌​អាមេរិកបាន​ប្រកាស​ថា ជនជាតិ​ចិន​ប្រាំ​មួយ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ចារកម្ម​សេដ្ឋកិច្ច​និង​លួច​ការសម្ងាត់​ពាណិជ្ជកម្ម ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

បុរសទាំងប្រាំមួយនាក់​នោះ រួម​មាន​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​នៅ​ប្រទេស​ចិន​ចំនួន​បី​នាក់ ត្រូវ​បាន គេ​ចោទ​ប្រកាន់​ថា​បាន​លួច​បច្ចេកវិទ្យា​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ Avago Technologies និង Skyworks Solutions ដែល​ជា​ក្រុមហ៊ុន​ឧបករណ៍​អេឡិចត្រូនិក​របស់​អាមេរិក នេះ​បើ​យោង​តាម​លិខិត​ចោទ​ប្រកាន់។ ផែនការ​ងងឹត​នេះ​ត្រូវបានគេ​ដឹង​ថា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦​ម៉្លេះ ហើយ​មាន​គោលបំណង​លួច​ការសម្ងាត់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Avago ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ California និង​ក្រុមហ៊ុន Skyworks ឋិត​ក្នុង​រដ្ឋ Massachusetts (ភាគឦសាន) ជាពិសេស​គឺ​បច្ចេកវិទ្យា ដែល​គេ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ដើម្បី​ស្ទង់​សញ្ញា និង​បង្កើន​សមត្ថភាព​បច្ចេកទេស។

 
ជាផែនការដែល​ត្រូវបាន​រៀបចំ​ក្រោម​ការត្រួតពិនិត្យ​របស់​មន្ត្រី​នៃ​សាកលវិទ្យាល័យ Tianjin ដែល​ជា​សាកលវិទ្យាល័យ​ដ៏​សំខាន់​មួយ​របស់​ក្រសួង​អប់រំ​ប្រទេស​ចិន ដោយ​ប្រើ​ក្រុមហ៊ុន​មួយ​ឈ្មោះ ROFS Microsystems ជា​ខែល​បិត​បាំង​មាន​ទីតាំង​ស្ថិត​ក្នុង​កោះ Caymans នៃ​តំបន់​ការ៉ាអ៊ីប និង​មាន​តួនាទី​ជា​អ្នក​ផលិត​បច្ចេកវិទ្យា​ទាំងនេះ។

សាស្រ្តាចារ្យ​ម្នាក់​ចំណោម​នោះ​ឈ្មោះ Hao Zhang ត្រូវបាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក នៅ​ឯ​អាកាសយាន្តដ្ឋាន​រដ្ឋ Los Angeles ចំណែក​ជន​ជាប់​ចោទ​ប្រាំ​នាក់​ផ្សេង​ទៀត​កំពុង​នៅ​ប្រទេស​ចិន​នៅ​ឡើយ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។

ជនជាប់ចោទ Hao Zhang មាន​អាយុ​៣៦​ឆ្នាំ​ធ្លាប់​ជា​និយោជិត​ធ្វើការ​​ឲ្យ​ក្រុមហ៊ុន Skyworks និង​ក៏​ជា​សាស្រ្តាចារ្យ នៃ​សាកលវិទ្យាល័យ Tianjin ផងដែរ។ ឯ​ឈ្មោះ Wei Pang អាយុ​៣៥​ឆ្នាំ ជា​សាស្រ្តាចារ្យ នៃ​សាកលវិទ្យាល័យ Tianjin និង​ធ្លាប់​ជា​និយោជិត​ធ្វើការ​ឲ្យក្រុមហ៊ុន Avago។ អ្នកទាំងពីរ​បាន​ជួបគ្នា កាលពី​រៀន​ថ្នាក់​បណ្ឌិត​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ​អាមេរិក Southern California និង​ធ្លាប់​ដឹកនាំ​ការស្រាវជ្រាវ​ជាមួយ​គ្នា​ក្រោម​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​ភ្នាក់ងារ​ស្រាវជ្រាវ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក។

ចំណែកសាស្រា្តចារ្យ​ម្នាក់​ទៀត​នៃ​សាកលវិទ្យាល័យ Tianjin ដដែល ធ្លាប់​ជា​អតីត​និស្សិត​របស់​សាកលវិទ្យាល័យ Southern California របស់​សហរដ្ឋ​អាមេរិក និង​មាន​តួនាទី​បច្ចុប្បន្ន​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ខែល​របស់​ចិន ROFS Microsystems ខាងលើ។

ជារួមជនល្មើស​ទាំង​ប្រាំមួយនាក់​ត្រូវបាន​រង​ការចោទ​ប្រកាន់​ពីបទ​ចារកិច្ច​សេដ្ឋកិច្ច​និង​ការលួច​ការសម្ងាត់​ពាណិជ្ជកម្ម ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ