អានតួអត្ថបទ

អាមេរិក​ប្រកាស​បាញ់​សម្លាប់​មេក្លោង​ទីពីរ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម

Hadji Moutazz ទំនង​ជា​អ្នក​ដឹកនាំ​វាយ​យក​បានក្រុង​មូស៊ូល​អ៊ីរ៉ាក់ កាលពី​ខែ​មិថុនា​២០១៤
Hadji Moutazz ទំនង​ជា​អ្នក​ដឹកនាំ​វាយ​យក​បានក្រុង​មូស៊ូល​អ៊ីរ៉ាក់ កាលពី​ខែ​មិថុនា​២០១៤ AFP PHOTO / YOUTUBE
ដោយ៖ អៀង សុខម៉ិញ
1 នាទី

សេតវិមាន​បានប្រកាស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ២១​ សីហា អំពី​ការ​ស្លាប់​របស់​មេដឹកនាំ​លំដាប់​ទីពីរ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។ Hadji Moutazz ទំនង​ជា​ត្រូវ​បាន​ស្លាប់​ ក្រោម​គ្រាប់​សំណរ​នៃ​ប្រតិបត្តិការ​ផ្លូវ​អាកាស​របស់​អាមេរិក នៅ​ក្បែរក្រុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់។

ផ្សាយពាណិជ្ជកម្ម

Fadhil Ahmad al-Hayali Hadji Moutazz បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស​របស់​កងទ័ព​អាមេរិក កាលពី​ថ្ងៃ​ទី ១៨​សីហា ពេល​កំពុង​ជិះ​រថយន្ត​ ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ឃោសនា​ព័ត៌មាន​ នៅ​ក្បែរ​ក្រុង​មូស៊ូល​ ! នេះ​ជា​សេចក្តី​ប្រកាស​របស់​នាំ​ពាក្យ​សេតវិមាន។

 

ហាដជី មូតាស្ស ជា​ប្រធាន​ក្រុមប្រឹក្សា​យោធា​អង្គការ​រដ្ឋ​អ៊ីស្លាម​តាំង​ពី​តែ​មិថុនា​២០១៤​មក បន្ទាប់​ពី​ប្រធានមុខ​ត្រូវ​ទ័ព​អាមេរិក​បាញ់​សម្លាប់​បាន​ដែរ។ ក្រុមប្រឹក្សា​យោធា​នេះ​មាន​សមាជិកសរុប​ពី ៩ ទៅ​១៣​នាក់ និង​ជា​ស្ថាប័ន​​ដឹកនាំ​ដ៏​សំខាន់​របស់​អង្គការ។ មូតាស្ស ជា​អ្នកគ្រប់​គ្រង​ប្រតិបត្តិការ​យោធា ជា​អ្នក​កំណត់​យុទ្ធសាស្ត្រ​ និង​សម្រេច​ថា​ត្រូវ​ធ្វើ​សង្គ្រាម​នៅ​ទីណា​ ឬ​ធ្វើ​សន្តិភាព​ជាមួយ​ក្រុម​ណា។ ទំនួល​ខុស​ត្រូវ​របស់​​ប្រធាន​ក្រុមប្រឹក្សា​យោធា​មួយ​ទៀត គឺ​សម្រប​សម្រួល​ប្រតិបត្តិការ​ជាមួយ​រដ្ឋ​ ឬ​ខេត្ត​ផ្សេង​ទៀត​របស់​កាលីហ្វា។

Hadji Moutazz ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​ខ្លាំង​ទីពីរ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ព្រមទាំង​​មាន​តួនាទី​សំខាន់​ ក្នុង​ការ​ដឹកនាំ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់។ ការ​ដណ្តើម​កាន់​កាប់​ក្រុង​មូស៊ូល​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០១៤ ទំនង​ជា​ស្នាដៃ​របស់​មូតាស​នេះ​ឯង។

គេស្គាល់​មូតាស​ត្រឹម​ថា​ជនជាតិ​អ៊ីរ៉ាក់ ជា​អតីត​មនុស្ស​របស់​សាដាំអ៊ូសេន រួច​​ភ្ជាប់​​ខ្លួន​ជាមួយ​ពួក​អាល់កៃដា ពេល​​អាមេរិកឈ្លានពាន​ចូល​​អ៊ីរ៉ាក់។ ចាប់​ខ្លួន​បាន​ម្តង​នៅ​ឆ្នាំ​២០០៥ តែ​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ព្រលែង​វិញ។ គេ​បាន​ឮក្រសួង​ការពារជាតិ​អាមេរិក​ជូន​ដំណឹង​ថា​មូតាស​ស្លាប់​ជា​ញយ​ដង​ តែ​លើក​នេះព័ត៌មាន​​​ប្រាកដ​ប្រជា​ខ្លាំង។

ការ​ស្លាប់​របស់​មូតាស​ប៉ះពាល់​ខ្លាំង​ដល់​ប្រតិបត្តិការ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ប៉ុន្តែ​អង្គការ​អាច​បន្ត​ជ្រើសរើស​អតីត​នាយ​ទាហាន​របស់​សាដាំអូសេន​ ដ៏​មាន​សមត្ថភាព​ខ្លាំង​មក​ជំនួស​បាន​ ដោយ​ងាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ