អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុម​វាយ​ប្រហារ​តាម​អ៊ីន​ធ័រនែត​ «អនាមិក» គំរាម​វែក​មុខ​អត្តសញ្ញាណ​សមាជិក ១ ពាន់​នាក់ របស់​ក្រុម​រើស​អើង​ពូជសាសន៍​ Ku Klux Klan

សំឡេង ០៤:៣០
សកម្មជន​ Anonymous ថ្ងៃទី​ ២៣ ធ្នូ ២០១៤ នៅទីក្រុង​ឡុងដ៍
សកម្មជន​ Anonymous ថ្ងៃទី​ ២៣ ធ្នូ ២០១៤ នៅទីក្រុង​ឡុងដ៍ REUTERS/Neil Hall
ដោយ៖ បូលីន ដាវីដ
៣២ នាទី

ក្រុម​ Hacker វាយ​ប្រហារ​តាម​អ៊ីនធ័រនែត​ ដែល​មាន​ឈ្មោះ​ថា​ Anonymous ឬ​ក្រុម​ «អនាមិក»​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ។ ពួក​គេ​សន្យា​ថា​នឹង​លាត​ត្រដាង​អត្តសញ្ញាណ​សមាជិក​ជនជាតិ​អាមេរិក​ចំនួន​ ១ ពាន់​នាក់​របស់​ក្រុម​រើសអើង​ពូជសាសន៍​ Ku Klux Klan។​ ហៅកាត់​ថា KKK សមាគម​រើស​អើង​ពូជសាសន៍​មួយនេះ​ បានចាត់ទុក​ជនជាតិ​ស្បែក​ ស ​ខ្ពង់ខ្ពស់​ពូកែលើ​ស​ជាតិសាសន៍​ដ៏ទៃ។​ ជា​ពិសេស​ សមាជិក​សមាគម​នេះ​តែង​ចិញ្ចឹម​ចិត្ត​ស្អប់​ មើល​ងាយ​ មើល​ថោក​ ពលរដ្ឋ​ស្បែក​ខ្មៅ​អាមេរិក។ ប្រតិបត្តិ​ការ​របស់​ក្រុម​ជំនាញ​អ៊ីនធ័រនែត​ «អនាមិក»​ គឺ​បក​ស្បែក​មុខ​ក្រុម​មនុស្ស​រើស​អើង​ពូជសាសន៍​នេះ​ ដែល​កំពុង​ធ្វើ​អោយ​សង្គម​អាមេរិក​ទាំង​មូល​ប្រេះស្រាំ។

ផ្សាយពាណិជ្ជកម្ម

បក​ស្បែក​មុខ​ក្រុម​អ្នក​រើស​អើង​ពូជសាសន៍

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ Twitter ក្រុម​អ្នក​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត​ គឺក្រុម Anonymous ឬ​និយាយ​ជា​សាមញ្ញា​ថា​ ក្រុម​ «អនាមិក​» បាន​ប្រកាស​គំរាម​លាត​ត្រដាង​អត្តសញ្ញាណ​ក្រុម​ជនជាតិ​អាមេរិក​ ដែល​រើស​អើង​ជាតិសាសន៍។ នោះ​គឺ សមាជិក​ក្រុម​ Ku Klux Klan​​ ហៅ​កាត់​ថា​ក្រុម​ KKK។​ ខ្លឹមសារ​គំរាម​កំហែង​នោះ​បាន​សរសេរ​ថា​ ក្រោយ​ពីបាន​តាមដាន​សមាជិក​មួយ​ចំនួន​រ បស់​ក្រុមរើស​អើង​ជាតិ​សាសន៍​ ពណ៌​សម្បុរ​មួយ​នេះអស់​រយៈពេល​ជា​ច្រើន​ខែមកហើយ​ ​ក្រុម​ «អនាមិក​»​ អាច​សន្និដ្ឋាន​បាន​ថា​ Ku Klux Klan គឺជា​ក្រុម​មនុស្ស​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ជា​ទីបំផុត។ គ្រោះថ្នាក់​ជាង​ពួក​ឧក្រិដ្ឋជន​ ឬ​ពួក​ជ្រុល​និយម​ទៅ​ទៀត។​

 
តាម​ពិត​ទៅ សកម្មភាព​របស់​ក្រុម​អ្នក​ជំនាញ​អ៊ីនធ័រនែត​អនាមិក​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​មួយ​ឆ្នាំ​មក​ហើយ។​ គឺ​នៅ​ពេល​ដែល​សមាជិក​របស់​ក្រុម​ Ku Klux Klan បាន​គំរាម​កំហែង​ក្រុម​បាតុករ​តវ៉ា​លើ​ការ​រើស​អើង​ពូជសាសន៍​ នៅ​ទីក្រុង​ Ferguson។​ សូម​បញ្ជាក់​ថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១៤​ យុវជន​ស្បែក​ខ្មៅ​អាមេរិក​ Michael Brown ត្រូវ​បាន​នរគបាល​ស្បែក​ស​បាញ់​សម្លាប់។​ ភ្លើង​កំហឹង​របស់​មហាជន​ទូទៅ​បាន​ឆេះ​សន្ធោរសន្ធៅ​ពាសពេញ​សហរដ្ឋ​អាមេរិក។​ ការ​រើស​អើង​ពូជសាសន៍​ ពិសេស​អំពើរ​ហឹង្សា​ពី​សំណាក់​មន្រ្តី​នគរបាល​ស្បែក​ស​មក​លើ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ បាន​បង្ហាញ​ពី​ជំងឺ​សង្គម​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​អាមេរិក។​

ប្រតិបត្តិការ KKK​

ក្រុម​ចោរ​ចិត្ត​ល្អ​តាម​អ៊ីនធ័រនែត​ គឺ​ក្រុម​ «អនាមិក» បាន​សរសេរ​ថា​ ពួក​គេ​នឹង​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​សមាជិក​​ក្រុម​រើស​អើង​ពូជសាសន៍​ KKK​ ក្នុង​កំឡុង​ខែ​វិច្ឆិការ​នេះ។​​ ពោល​គឺ​អាច​ផ្ទួន​គ្នា​នឹង​កាលបរិច្ឆេទ​ ដែល​តុលាការ​ក្រុង​ ​Ferguson បាន​ចេញ​សាល​ក្រម ​មិន​ចោទ​ប្រកាន់​ដាក់​ទោស​ លើ​មន្រ្តី​នគរបាល​ ដែល​បាន​សម្លាប់​យុវជន​ Michael Brown។​

ក្នុង​យុទ្ធនាការ​សង្គ្រាម​អ៊ីន​ធ័រនែត​ប្រឆាំង​សមាជិក​ KKK ក្រុម​អនាមិក​បាន​ហៅ​យុទ្ធនាការ​នេះ​ថា «ប្រតិបត្តិការ​ KKK» ។​ពួក​គេ​បាន​ប្រសិទ្ធិនាម​​ពាក្យ​ស្លោក​មួយ​ គឺ«​បក​ក្បាំង​មុខ​ក្រុម​រើស​អើង​ជាតិ​សាសន៍​នេះ»។​ សូម​បញ្ជាក់​ថា​ សមាគម​ KKK ធានា​អំពី​ភាព​អនាមិក​នៃ​សមាជិក​របស់​ខ្លួន​ ដោយ​លាក់កំបាំង​អត្តសញ្ញាណ​របស់​ពួក​គេ មិន​អោយ​សាធារណជន​ស្គាល់ឡើយ។

តាម​រយៈ​គណនីមួយ​ឈ្មោះ​ Operation KKK នៅ​លើ​បណ្តាញ​សង្គម​ Twitter ក្រុម​អនាមិក​បាន​សរសេរ​ថា​ ពួក​គេ​បាន​ចូលលួច​យក​ទិន្ន័យ Twitter ​របស់​សមាជិក​ក្រុម​រើស​អើង​ពូជ​សាសន៍​ម្នាក់។​ តាមរយៈ​នេះ​ ពួក​គេ​បាន​លួច​បន្លំ​ ជ្រៀតចូល​តាម​បណ្តាញ​កុំព្យូទ័រ​របស់​សមាជិក​ KKK ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ជាលទ្ធផល​ ​ក្រុម​អ្នក​ជំនាញ​ផែ្នក​ព័ត៌មាន​វិទ្យា​នេះ​បាន​ប្រមូល​យក​ទិន្នន័យ ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ស្បែក​ស​រើស​អើង​ជាតិ​សាសន៍​ចំនួន​រាប់​ពាន់​នាក់។

តើ​ក្រុម​ Ku Klux Klan បង្កើត​ឡើង​កាល​ពី​ពេលណា?

Ku Klux Klan​ ជា​សមាគម​មាន​វ័យ​ចំណាស់​មួយ​នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​នេះ​បាន​លេច​ចេញ​ជា​រូបរាង​កាលពី​ឆ្នាំ​ ១៨៦៥ ក្រោយ​ពី​បណ្តា​រដ្ឋ​ប៉ែក​ខាង​ត្បូង​អាមេរិក​បាន ​ចាញ់​សង្គ្រាម​បណ្តា​រដ្ឋ​ប៉ែក​ខាង​ជើង។ សូម​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​បាន​ឆ្លង​កាត់​​សង្គ្រាម​ស៊ីវិល​ ឬ​សង្គ្រាម​ដណ្តើម​ទឹកដី​ ​ពីឆ្នាំ​១៨៦១ ដល់​ឆ្នាំ​១៨៦៥។ សម័យ​កាល​នោះ​ បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង​ ដែល​មាន​រដ្ឋ​ចំនួន​ ១១ បាន​ធ្វើ​សង្គ្រាម​ជាមួយ​បណ្តា​រដ្ឋ​ភាគ​ខាង​ជើង។​

បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង​ ដឹកនាំ​ដោយ​លោក​ Jefferson Davis បាន​បង្កើត​ទឹកដី​អបគមន៍​ បំបែក​ចេញ​ពី​សហរដ្ឋ​អាមេរិក។​ ក្រុម​រដ្ឋ​ភាគ​ខាងត្បូង​ទាមទារ​ចង់​រក្សា​ការពារ​របប​ទាសភាព​ ពោល​គឺ យក​ពួក​ស្បែក​ខ្មៅ​ធ្វើ​ទាសករ​ដាច់ថ្លៃ។ ចំណែក​ បណ្តារដ្ឋភាគ​ខាង​ជើង​ គឺ​ដឹក​នាំ​ដោយ​លោក​ Abraham Lincoln ដែល​បាន​ឈ្នះ​សង្គ្រាម​ បាន​លប់​បំបាត់​របប​ទាសភាព​ និង​បាន​បង្រួប​បង្រួម​​បណ្តា​រដ្ឋ​ទាំង​អស់​អោយ​ក្លាយ​ជា​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ។​

ថ្វីដ្បិត​តែ​សង្គ្រាម​បាន​បញ្ជប់​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​ ការ​ចិញ្ចឹម​ចិត្ត​ស្អប់​ មើល​ងាយ​ពួក​ស្បែក​ខ្មៅ​ នៅ​តែ​មាន​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​សមាជិកក្រុម​ Ku Klux Klan រស់នៅ​តាម​បណ្តា​រដ្ឋ​ប៉ែក​ខាង​ត្បូង។​ បើ​តាម​ព័ត៌មាន​របស់​បណ្តាញ​ទូរទស្សន៍​ CNN បាន​អោយ​ដឹងថា​ សមាជិក​ក្រុម​ស្អប់​ជាតិសាសន៍​ KKK មាន​ចំនួន​ចន្លោះ​ពី ៣ ទៅ ៥ ពាន់​នាក់​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។​ ​ក្រៅ​ពី​មនុស្ស​សាមញ្ញា​ សមាជិក​ទាំង​នោះ​មាន​តាំង​ពី​​មន្រ្តី​ប៉ូលិស​រហូត​ដល់​អ្នក​នយោបាយ​ទៀត​ផង។

នៅ​ក្នុង​ទសវត្សរ៍​ទី៦០ សមាជិក​ក្រុម​ KKK នេះ​បាន​បង្ក​អស្ថិរភាព​ សំលាប់​ និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ខាងត្បូង។​ ជាពិសេស​ ក្រុម​នេះ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ទាម​ទារសិទ្ធិ​របស់​របស់​ពួក​ស្បែក​ខ្មៅ​នៅ​អាមេរិក។ គេ​អាច​សំគាល់​ក្រុម​ KKK តាម​រយៈ​សំលៀក​បំពាក់អាវ​សំយុង​វែង​ពណ៌ស និង​ក្បាំង​មុខ​មាន​ក្បាល​ស្រួច​ឡើង​ទៅ​លើ។ ឈើឆ្កាង​គ្រឹស្ត​សាសនា​ជាមួយ​នឹង​អណ្តាត​ភ្លើង​ដុត​សន្ធោរសន្ធៅ​ គឺ​ជា​និមិត្ត​រូប​នៃ​ក្រុម​នេះ។​ ការ​​ស្អប់​ខ្ពើម​ជនជាតិ​ស្បែក​ខ្មៅ​ និង​ចាត់​ទុក​ជនជាតិ​ស្បែក​ស​ខ្ពង់​ខ្ពស់​ជាង​គេ​គឺ​ជា​មនោគមន៍​វិជ្ជា​របស់​ពួក​គេ។

បើ​តាម​អង្គការ​អាមេរិក​ Southern Poverty Law Center បាន​អោយ​ដឹង​ថា​ សមាគម​ KKK ធ្លាប់​មាន​សមាជិក​រហូត​ដល់​ ៤ លាន​នាក់​ កាលពី​ឆ្នាំ ១៩២៥។​ អង្គការ​នេះ​បាន​ធ្វើ​ការ​សិក្សា​តាមដាន​លើ​ចលនា​ក្រុម​ស្តាំ​និយម​ជ្រុល​នៅ​សហរដ្ឋ​អាមេរិកមួយ​ចំនួន​​ ក្នុង​នោះ​មាន​ដូចជា៖ ក្រុម​ Rebel Brigade Knights, Virgil Griffin White Knights ឬ Nordic Order Knights ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ