រដ្ឋ​ញូវយ៉ក​សហរដ្ឋ​​អាមេរិកបើក​ឱ្យ​លក់​​កញ្ឆា​ដើម្បី​ព្យាបាល​ជំងឺ

ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក
ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក © Reuters

បន្ទាប់​ពី​បាន​អនុញ្ញាត​ឱ្យ​ជក់/លក់​កញ្ឆ​ដោយ​ស្រប​ច្បាប់នៅ​តាម​រដ្ឋ​ខ្លះមក ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទី ៧ មករា​នេះ​ទៅ រដ្ឋ​ញូវយ៉ក​​របស់​សហរដ្ឋ​អាមេរិកក្លាយ​ជា​រដ្ឋ​ទី​២៣ ដែល​​បើក​ឱ្យ​​​លក់​កញ្ឆា​សម្រាប់​ព្យាបាល​ជំងឺ​។ មជ្ឈមណ្ឌល​លក់​កញ្ឆា​ជា​ថ្នាំ​នេះ បាន​ដាំ​ដុះកញ្ឆាក្នុង​ទំហំ​ ២ម៉ឺន​៣​ពាន់​ម៉ែត្រ​ការ៉េ ​នៅ​កណ្តាល​ក្រុង​ ព័ទ្ធ​ដោយ​របង​​ចាស់ៗ និង​គ្មាន​ប៉ូលិស​ ឬ​ភ្នាក់ងារ​សន្តិសុខ​ការពារ​ទេ។

ផ្សាយពាណិជ្ជកម្ម

ការ​ដាំកញ្ឆា​ ដោយ​ស្រប​ច្បាប់​កណ្តាល​ក្រុង ធ្លាប់​ឃើញ​មានច្រើន​ហើយ​​នៅ Denverរដ្ឋ​កូឡូរ៉ាដូ -San Francisco រដ្ឋកាលីហ្វ័រនីញ៉ា... ប៉ុន្តែ​មជ្ឈមណ្ឌល​ដាំ​កញ្ឆា​នៅ​ញូវយ៉ក​នេះ ជា​មជ្ឈមណ្ឌ​ល​ដំបូង​គេ​បង្អស់ ​ដែល​មាន​តាំង​នៅ​ក្រុង​មួយ​មាន​ពលរដ្ឋ​រស់​នៅ​លើស​ពី​១លាន​នាក់។

 
មជ្ឈមណ្ឌល​​នេះគ្រប់គ្រង​ដោយ​ក្រុមហ៊ុនឧស្សាហកម្ម​ Blommfield Industries ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​៥​ដែល​រដ្ឋ​ញូវយ៉ក​អនុញ្ញាត​ឱ្យ​លក់​កញ្ឆា​ដើម្បី​ព្យាបាល​ជំងឺ។

តើ​ដើម្បី​ព្យបាល​ជំងឺ​អ្វី​ខ្លះ ? មជ្ឈមណ្ឌល​បាន​បើក​ទ្វារ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ មករា​នេះ មែន ប៉ុន្តែ​មន្ទីរ​ចែក​ចាយ​ឱសថ​ទាំង​២០ មិន​ទាន់​អាច​បើក​ទ្វារ​លក់​ថ្នាំ​កញ្ឆា​បាន​ទាំង​អស់​ភ្លាមទេ ត្រូវ​បើក​ម្តងៗ​មួយ​ជា​បន្តបន្ទាប់។ មាន​តែ​អ្នក​ជំងឺ​មាន​រោគ​ធ្ងន់ៗ​តែ​ប៉ុណ្ណោះ ដែល​អាច​មក​រក​ទិញ​ថ្នាំ​កញ្ឆា​បាន ដូច​ជា​មាន​ជំងឺ​មហារីក ជំងឺ​ញ័រ ប៉ាគីនសុន ជំងឺ​ឆ្អឹង និង​ជំងឺ​ឆ្កួត​ជ្រូក។

អ្នក​ជំងឺ​អាច​រក​ទិញ​ថ្នាំ​កញ្ឆា​នេះបាន ក្នុង​ទម្រង់​ជា​ល្បាយ​ បំផ្លែង​ទៅ​ជា​គ្រាប់​ថ្នាំ​ ជា​ប្រេង ឬ​ជា​ថ្នាំ​ដំណក់ មិន​មែន​ទិញ​កញ្ឆា​ស្រស់ៗ​យក​​ទៅ​ជក់​ឡើយ។ គ្មាន​ក្រុមហ៊ុន​ណា​មួយ​ បង្ហើប​អំពី​តម្លៃ​ថ្នាំ​កញ្ឆា​នេះទេ ប៉ុន្តែ​តម្លៃ​ទាប​បំផុត​ប្រហែល​ជា​២០០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​អ្នក​ជំងឺ​ម្នាក់។ ក្រុមហ៊ុន​ធានារ៉ាប់រង​ជំងឺឯកជន និង​រដ្ឋ មិន​ទទួល​បន្ទុក​សង​ថ្លៃ​ថ្នាំ​ប្រភេទ​នេះ​ទេ។ គេ​ប៉ាន់​ប្រមាណ​ថា​មានប្រជាជន​នៅ​រដ្ឋ​ញូវយ៉ក​ប្រមាណ​ពី​០,៥ ទៅ​១,៥​% អាច​មាន​សិទ្ធិ​ទទួល​ការ​ព្យាបាល​ដោយ​កញ្ឆានេះ។

កញ្ឆា និង​ផលិតផល​ផ្សំ​ពី​កញ្ឆា មិន​ត្រូវ​បានដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ភ្នាក់ងារ​ឱសថ និង​ចំណី​អាហារ​​អាមេរិក​ទេ។ ការសិក្សា​ ដែល​ពី​មុន​និយាយ​ច្រើន​អំពី​ផល​អវិជ្ជមាន​និង​ភាព​ញៀន​របស់​កញ្ឆា ​ក៏​ចាប់​​ផ្តើម​ឃើញ​កាន់​ច្រើន​អំពី​ផល​ល្អ​របស់​កញ្ឆា​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​Stephen Dahmer អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ឱសថ​Vireo Health៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI