ស្តេច​អាភៀននៅ​ម៉ិចស៊ិក​អាច​នឹង​ត្រូវធ្វើ​​បត្បាប័ន​ទៅ​អាមេរិក

Joaquin "El Chapo" Guzman ត្រូវ​ប៉ូលិស​ម៉ិចស៊ិក​ចាំខ្លួន​បាន​និង​នាំ​ចូល​ពន្ធនាគារ​វិញ
Joaquin "El Chapo" Guzman ត្រូវ​ប៉ូលិស​ម៉ិចស៊ិក​ចាំខ្លួន​បាន​និង​នាំ​ចូល​ពន្ធនាគារ​វិញ REUTERS

៦​ខែ​ក្រោយពី​បាន​លួច​រត់​ចេញ​ពី​គុកដែល​មាន​ការ​ការពារ​យ៉ាង​តឹង​រ៉ឹង​បំផុត​​រួច តាម​រូង​​​ក្រោមដី​ ស្តេច​អាភៀន​និង​មេឧក្រិដ្ឋជន Joaquin​ El Chapo Guzman ត្រូវ​ប៉ូលិស​ម៉ិចស៊ិក​ចាប់ខ្លួន​វិញ នៅ​ថ្ងៃ​សុក្រ​ទី ៨​មករា​ម្សិលមិញ។ គឺ​ប្រធានាធិបតី​ម៉ិចស៊ិក​ផ្ទាល់​តែ​ម្តង​ជាអ្នក​ប្រកាស​អំពី​ជោគជ័យ​នៃ​ប្រតិបត្តិការ​ចាប់​ខ្លួន​ អែល ហ្សាប៉ូ ដែល​​ទំនងជា​​មិនអាច​នៅ​ក្នុង​ពន្ធនាគារបាន​យូរ​ទៀត​ទេ។ ​​ម៉ិចស៊ិក​​ អាច​នឹង​ធ្វើ​បត្យាប័ន​ទៅ​ឱ្យ​អាមេរិក ដើម្បី​បានស្រលះ​ដៃ​ស្រលះ​ជើង។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ដំណឹង​ល្អប្រចាំ​ឆ្នាំ​២០១៦​​អ្វី​ស្មើ​នឹង​ការ​ចាប់​ខ្លួន Joaquin «El Chapo» Guzman បាន​នោះ​ទេ​ ! នេះជា​សារ​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​ ក្នុង​ទំព័រ Twitter ប្រកប​ដោយ​មោទនភាព និង​ដោយ​សង្ឃឹម​ថា​នឹង​អាច​សាង​ទំនុក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​វិញ​បាន។

Joaquin «El Chapo» Guzman គឺ​ជា​ស្តេច​គ្រឿង​ញៀន ​ធំ​បង្អស់​នៅ​ម៉ិចស៊ិក និង ជា​ឧក្រិដ្ឋជន​ដែល​អាមេរិក​​តាម​ស្វែង​រក​បំផុត ​ធ្លាប់​បាន​​ហែក​គុក​ចេញរួច បាន​ពីរលើក​រួច​មក​ហើយ បើ​ទោះ​បី​ជា​ពន្ធនាគារ​មាន​ការពារ​យ៉ាង​តឹង​រ៉ឹង​យ៉ាង​ណាក៏​ដោយ។ កាលពី​ឆ្នាំ ២០០១ មហាសេដ្ឋី​គ្រឿង​ញៀន​នេះ បាន​បន្លំ​ខ្លួន​ក្នុង​រទេះ​ដឹក​សម្លៀក​បំពាក់​កខ្វក់ ដើម្បី​រត់​ចេញ​ពី​ពន្ធនាគារ។ បុគ្គលិក​យាម ៧២​នាក់​ ត្រូវ​ជាប់​សង្ស័យ​ដាក់​ក្រោម​ការ​តាមដាន​ទាំង​អស់។

 

នៅ​ខែ​កក្កដា​២០១៥ Joaquin «El Chapo» Guzman បាន​ជ្រើសរើស​មធ្យោបាយ​ធំ ! រត់​ចេញ​ពី​គុក​តាម​លូបន្ទប់​ទឹក​ ដោយ​មាន​អ្នក​​ផ្សំ​គំនិត ជីករូង​ក្រោម​ដី ប្រវែង​១៥០០​ម៉ែត្រ​ មាន​ភ្លើង​ មាន​ខ្សល់​ ត​រហូត​អាគារ​ផ្សេង​មួយ​ទៀត​។

 

សូម​បញ្ជាក់​ថា​អធិរាជគ្រឿង​ញៀន​ មាន​មធ្យោបាយ​និង​បណ្តាញ​ជួញ​ដូរ​យ៉ាង​សន្ធឹក​សន្ធាប់ (បាន​ក្លាយ​ជា​មហាសេដ្ឋី​នៅ​ឆ្នាំ​២០០៩ ដោយ​ទស្សនាវដ្តីForbes) ជា​មនុស្ស​មាន​អំណាច​ មាន​ឥទ្ធិពល​ យ៉ាង​ពុក​រលួយ​បំផុត។ ជា​សត្រូវ​របស់​ម៉ិចស៊ិក និង​អាមេរិក តែ​ជា​វីរបុរស​សម្រាប់​អ្នក​ខ្លះ​ ! Joaquin «El Chapo» Guzman បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បណ្តាញ​ជួញ​ដូរ​គ្រឿង​ញៀន​ ដ៏​ល្បី​ល្បាញ​បំផុត​នៅ​អាមេរិក​ឡាទីន។ ​ជំនួញ​​នេះ​តំណាង​ឱ្យ​៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និង​ប្រើ​មនុស្ស​៥០ម៉ឺន​នៅ​ម៉ិចស៊ិក។

 

Joaquin «El Chapo» Guzman ត្រូវ​ត្រលប់​ចូល​ពន្ធនាគារ​ជា​លើក​ទី​បី ប៉ុន្តែ​ប្រហែល​មិន​នៅ​យូរ​ទេ ព្រោះ​រដ្ឋាភិបាល​ម៉ិចស៊ិក ទំនង​ជា​​ចង់​ស្រលះ​ដៃ​ជើង ដោយ​សុខ​ចិត្តធ្វើ​បត្យាប័ន​​បញ្ជូន​ស្តេច​អាភៀន​រូប​ទៅ​ឱ្យ​អាមេរិកចាត់​ការ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI