លោក​អូបាម៉ា បង្ហាញ​តុល្យការ​​​ដឹកនាំ​ប្រទេស ៧​ឆ្នាំ ដោយ​វាយប្រហារ​បក្ស​ប្រឆាំង

លោកអូបាម៉ា​ថ្លែងសុន្ទរកថា​ទៅ​កាន់សភា​ពេញ​អង្គ​ អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​លង់​ខ្លួន​នឹង​ភាព​ភ័យខ្លាច
លោកអូបាម៉ា​ថ្លែងសុន្ទរកថា​ទៅ​កាន់សភា​ពេញ​អង្គ​ អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​លង់​ខ្លួន​នឹង​ភាព​ភ័យខ្លាច REUTERS/Evan Vucci/Pool

នៅ​ថ្ងៃ​ទី ១២​មករា ២០១៦​លោកបារ៉ាក់ អូបាម៉ា បាន​ឡើង​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គអាមេរិក​​ជា​លើក​ចុង​ក្រោយ ដើម្បី​ការពារ​​តុល្យការ​ការងារ​ដឹកនាំ​ប្រទេស​រយៈ​ពេល​៧​ឆ្នាំ​របស់​លោក។ ជា​សុន្ទរកថា​ខ្លី តែ​មាន​ន័យ​ខ្លឹម ក្នុង​​សំនៀង​ជា​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​ផង និង​​វាយប្រហារ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​ផង​ ព្រមទាំងអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិក​ កុំ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​ភ័យ​ខ្លាច​ តែ​ត្រូវ​ប្រុង​ប្រយ័ត្ននឹង​គំនិត​ជ្រុល​និយម។

ផ្សាយពាណិជ្ជកម្ម

​លោក​អូបាម៉ា បានចាប់​ផ្តើម​សុន្ទរកថា​ដោយ​ប្រកាសថា​​អន្តរាគមន៍​លើក​នេះ​ខ្លី​ ជាង​ទម្លាប់ ! លោក អូបាម៉ា បាន​លម្អិត​តុល្យការ​ការងារ មួយ​អាណត្តិ​ម្តងៗ ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយដោយ​ស៊ក​​ពាក្យ​​វាយប្រហារ​ លើ​​រិះគន់បក្ស​ប្រឆាំង​​ ភ្លាមៗ​ មុន​នឹងបង្ហាញ​តុល្យការការងារ​ ប្រកប​ដោយ​មោទនភាព​ថា “សេដ្ឋកិច្ច​អាមេរិក មាន​ភាព​ស្វាហាប់ ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ! នរណា​ហ៊ាន​និយាយ​​​ផ្ទុយ គឺ​ការ​ភូត​​កុហក!” ។​

​ក្នុង​រយៈ​ពេល​៧​ឆ្នាំ បាន​បង្កើត​ការងារ​បាន​១៤លាននាក់ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ​មក​ត្រឹម ៥កាក់​ដុល្លារ​ក្នុង​មួយ​លីត្រ … “អាមេរិក​ដំណើរការ​ល្អ ! សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់ គិត​ចាប់​ពី​ឆ្នាំ​១៩៩០​មក មិន​តែ​ប៉ុណ្ណោះ ប្រជាជន​អាមេរិក​​២០​លាន​នាក់ បាន​ទទួល​ការ​ធានារ៉ាប់រង​សុខភាព”។

អាមេរិក​ គឺ​ជា​ និង​នៅ​តែ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ ! នេះ​ជា​ពាក្យ​លើក​សរសើរ​របស់​​លោក​អូបាម៉ា មុន​នឹង​បង្ហាញ​ចំណុច​ខ្លាំង​​មួយ​ចំនួន​ទៀត ក្នុង​អាណត្តិ​លោក ដូច​ជា ​ការ​​សម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ការ​ភ្ជាប់​ទូត​ឡើង​វិញជាមួយ​គុយបា ដែល​លោក​អូបាម៉ា​ទទូច​ចង់​ឃើញ​ការ​លើក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​នេះ​ទាំង​ស្រុង និង​ការ​បង្កើត​ដៃ​គូ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ឬ​ក៏​កិច្ចព្រមព្រៀង​អាកាសធាតុ​ COP២១ ជា​ដើម។

ក្រៅ​ពី​នេះ​ លោក​អូបាម៉ា ក៏​បាន​ឆ្លៀត​បង្ហាញ​អំពីទស្សនវិស័យ​លោក​សម្រាប់​ពេល​អនាគត​ដែរ ដោយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​ កុំ​បណ្តោយ​ខ្លួន​ឱ្យ​លុង​ទៅ​ក្នុង​ភាព​ភ័យ​ខ្លាច​។ ភាព​ភ័យ​ខ្លាច​ដែល​បើ​តាម​លោក​អូបាម៉ា សាបព្រោះ​ដោយ​បក្ស​ប្រឆាំង​សាធារណរដ្ឋ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ភេរវកម្ម និង​វិបត្តិ​នៅ​ស៊ីរី ដែល​អាមេរិកមិនព្រមបញ្ជូន​ទ័ពថ្មើរ​ជើង​ទៅ។

ប្រធានាធិបតី​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត

នៅ​ក្នុង​ប្រធានបទ​ទំនាក់ទំនង​ជា​មួយ​អន្តរជាតិ ដែល​លោក​អូបាម៉ា​រង​ការ​​រិះគន់ច្រើន​ លោក​​បាន​បញ្ចេញ​ទស្សនវិជ្ជា​ហូរ​ដូច​ទឹក ជាពិសេសសំណុំ​រឿង​មិន​បញ្ជូន​ទ័ព​ថ្មើ​ជើង​ទៅ​ដោះស្រាយ​វិបត្តិ​ នៅ​ស៊ីរី ឬ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ អាមេរិក​ជា​មហា​អំណាច​​លេខ​មួយ​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​អាច​ដោះស្រាយ​បញ្ហា​ឱ្យ​គ្រប់​ប្រទេស​។

 

សម្រង់​ប្រសាសន៍​លោក​ បារ៉ាក់ អូបាម៉ា ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា ថ្ងៃទី ១២​មករា ២០១៦

សម្រាប់​លោក​អូបាម៉ា អាមេរិក​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​ជា​អាមេរិក​ដែល​បង្កើន​ប្រាក់​ខែ​ដល់​ពលរដ្ឋ បញ្ចុះ​បញ្ចូល​អន្តោប្រវេសន៍​ឱ្យ​ចូល​ចុះ​ក្នុង​សង្គម​អាមេរិក​  និង​បាន​អំពាវនាវ​ឱ្យ​​ម្ចាស់​ឆ្នោត​អាមេរិក​ទាំង​អស់​ជ្រើសរើស​បក្ស​ប្រជាធិបតេយ្យ​ ដែល​មាន​នយោបាយ​ “អន់អោន​ប្រឆាំង​នឹងការតិះដៀល”។​​ សុន្ទរកថា​ម្សិលមិញ​នេះ ក៏​បាន​រំលឹក​ឱ្យ​ដឹង​ផង​ដែរ​អំពីភាព​ថ្លៃ​ថ្នូរ ការ​គោរព​តម្លៃមនុស្ស ដែល​មូលដ្ឋាន​គ្រឹះ​របស់​​អាមេរិក។ នៅ​ពេល​​​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ ជេរ​អ្នក​កាន់​សាសនា​អ៊ីស្លាម មិន​ថា​អ្នក​នោះ​ជា​ជន​បរទេស ឬ​ពលរដ្ឋ​អាមេរិក​ទេ គឺនាំ​ប្រទេស​ឱ្យ​ខូច​កិត្តិយស នាំ​រឿង​ឱ្យ​ប្រទេស​​ហើយ។ ​ត្រង់​ចំណុច​នេះ លោក​អូបាម៉ា ចង់​រិះគន់​ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូណាល់​ត្រុំ ដែល​បាន​ជេរ​បណ្តេញ​ស្ត្រី​អ៊ីស្លាម​ម្នាក់ ពេល​ធ្វើ​មិទ្ទិញ​ឃោសនា។

បញ្ចប់អាណត្តិ​ជាមួយផែនការកម្ចាត់​ជំងឺមហារីក និងផែនការ​បិទ​ពន្ធនាគារGuantanamo

ដើម្បី​បិទ​បញ្ចប់​អាណត្តិ លោក​បាន​ផ្តល់​សន្ទុះ​ដល់​ផែនការ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក ដោយ​ប្រគល់​បេសកកម្ម​កម្ចាត់​រោគ​ចង្រៃ​ឱ្យ​អស់​ទៅ​លោក ចូ​ បៃដិន ជា​អនុប្រធានាធិបតី​ជា​អ្នក​គ្រប់គ្រង។

គម្រោង​ដែល​សំខាន់ និង​ដែល​មិន​ចប់​មិន​ហើយ​សោះ​នោះ គឺ​ពន្ធនាគារ​ ហ្គ័នតាណាម៉ូ ដែល​លោក​បាន​សន្យា​បិទ​​ឱ្យ​បាន​ទាំង​ស្រុង​ តែ​មិន​ទាន់​ធ្វើ​ទៅ​កើត​ និង​ស្រេច​បាច់។ ពន្ធនាគារ​ ជា​ប្រភព​អន្ទង​អូសទាញ ទាក់​សត្រូវនេះ ជា​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​ទាក់​ជើង​លោក​អូបាម៉ា តាំង​ពី​ដើម​អាណត្តិ​មក។ លោក​សោកស្តាយ​ ដែល​មិន​អាច​​ធ្វើ​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ ដើរ​ផ្លូវ​តែ​មួយ​ជា​មួយ​គ្នា​បាន​ក្នុង​រឿង​នេះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោ​ក​ចង់ឃើញ ​ឆ្នាំ​ក្រោយ​ប្រធានាធិបតី​អាមេរិក​ថ្មី ទី ៤៥ ជា​អ្នក​ប្រជាធិបតេយ្យ ដើម្បី​បំបែក​ទម្លាប់​ផង ព្រោះ​ហេតុការណ៍​បែប​នេះ​ពុំ​ធ្លាប់​កើត​មាន​តាំង​ពី​ឆ្នាំ​១៩៤០​មក​ និង​ដើម្បី​អាច​បង្ហើយ​​​​ផែនការ​​​សេស​សល់ទាំង​ឡាយ​​​​​ផង ជា​កិច្ច​បង្គ្រប់​​តុល្យការ​ថ្ងៃ​នេះ។ ប៉ុន្តែតែ​​​លោក​អូបាម៉ា ភ្លេច​គិត​ថា ​សភា​អាមេរិក​​​​​​​​គ្រប់គ្រង​ដោយ​អ្នក​សាធារណរដ្ឋ​។ ប្រធានាធិបតី​អាមេរិក​ថ្មី មាន​អាទិភាព​ថ្មី តែ​មិនប្រាកដ​ថា​ត្រូវ​ចិត្ត​សភា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI