កាណាដា ៖ មានការបាញ់រះក្នុងវិទ្យាល័យ ដល់ស្លាប់
ចុះផ្សាយនៅថ្ងៃ៖
មានហេតុការណ៍បាញ់រះសម្លាប់មនុស្សមួយបានកើតឡើង ទាំងកណ្តាលថ្ងៃត្រង់ នៅក្នុងវិទ្យាល័យ ឡាឡូហ្ស នៃខេត្ត Saskatchewan ភាគខាងកណ្តាលប្រទេសកាណាដា។ មានស្លាប់បួននាក់និងរបួសជាច្រើននាក់ ជនសង្ស័យត្រូវចាប់ខ្លួនបានមួយរំពេច។
នៅវេលាម៉ោង១ថ្ងៃ ម៉ោងនៅប្រទេសកាណាដា ថ្ងៃសុក្រទី ២២មករា យុវជនមា្នក់ប្រដាប់ដោយកាំភ្លើងវែង បានស្ទុះចូលទៅក្នុងបរិវេណសាលារៀន ហើយបាញ់រះជាច្រើនប្រាវ បង្កឱ្យមានរត់ភ័យស្លន់ស្លោ ស្រែកយ៉ាងទ្រហឹងពេញសាលា។ ជាសរុបមានសម្លាប់ បួននាក់ និងរបួសជាច្រើននាក់។ បើតាមសាក្សីជាច្រើនដែលបានឃើញហេតុការណ៍ ខ្មាន់កាំភ្លើងនោះធ្លាប់ជាក្មេង បានរៀន ឬ រៀននៅក្នុងវិទ្យាល័យLa Loche នេះ។
La Loche គឺជាក្រុងតូចមួយប្រជាជនរស់នៅប្រមាណ ៣ពាន់នាក់ ភាគច្រើន ជាជនជាតិដើម Chipewyans ជនជាតិភាគតិចរស់នៅតំបន់ទឹកកកកាណាដាដំបូងគេបង្អស់។ ក្រុងនេះស្ថិតនៅមាត់ព្រៃ និងដាច់ស្រយ៉ាលបំផុត។ ក្នុងហេតុការណ៍បាញ់រះនេះ អាជ្ញាធរកាណាដា បានបញ្ជូនកម្លាំងប៉ូលិសជាជំនួយបន្ថែម និងបញ្ជូនឧទ្ធម្ភាគចក្រវេជ្ជសាស្ត្រទៅសង្គ្រោះអ្នករងរបួស។
ជាហេតុការណ៍ដ៏គួរឱ្យតក់ស្លុតបំផុត សម្រាប់ឪពុកម្តាយ ! នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីកាណាដា ពីទីក្រុងដាវ៉ូស ទីដែលលោកកំពុងចូលរួមក្នុងជំនួបប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស៊្វីស មុននឹងបន្ថែមថា ប៉ូលិសបានចាប់ឃាត់ និងឃុំខ្លួនជនសង្ស័យខ្មាន់កាំភ្លើងនោះហើយ។
ផ្ទុយពីសហរដ្ឋអាមេរិក ការបាញ់រះកម្រកើតមានណាស់នៅកាណាដា ! ព្រោះប្រទេសនេះមានច្បាប់តឹងតែងណាស់ ខាងគ្រប់គ្រងអាវុធ។ នេះជាបាញ់រះ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានកើតទេ នៅប្រទេសកាណាដាគិតចាប់តាំងពី២៦ឆ្នាំមក។ គេត្រូវត្រលប់ទៅទសវត្សរ៍ឆ្នាំ៩០ ទើបឃើញមានការបាញ់រះស្លាប់មនុស្សច្រើននាក់ នៅក្នុងសាលារៀនដូច្នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ