បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក ៖ លោកស្រី​គ្លីនតុន​ចាញ់​​​នៅ​រដ្ឋ New Hampshire

សកម្មជន​គាំទ្រលោកBernie Sanders ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ  ដែល​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ New Hampshire
សកម្មជន​គាំទ្រលោកBernie Sanders ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ដែល​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ New Hampshire REUTERS/Rick Wilking
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ការរាប់​សន្លឹក​ឆ្នោត​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ ! ប៉ុន្តែ ទាំង​ខាង​បក្ស​ប្រជាធិបតេយ្យ ក៏​ដូច​ជា​បក្ស​សាធារណរដ្ឋបាន​ដឹង​យ៉ាង​ច្បាស់​លាស់​​ ថា​បេក្ខជន ណា​ឈ្នះ ណា​ចាញ់។ បោះឆ្នោត​ពីរ​ដង​លទ្ធផល​ខុស​គ្នា​ទាំង​ពីរ​ដង ! នៅ​លើក​នេះ គ្មាន​ទេការ​ភ្ញាក់​ផ្អើល លោក ដូណាល់ ត្រាំ Dolnald Trumps នៃ​បក្ស​សាធារណរដ្ឋនិង​លោក​ Bernard Sanders នៃ​បក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ ដូច​ការ​ស្មាន​ទុក​ លោកស្រី​ ហ៊ីលឡារី គ្លីន​តុន​ បាន​ស្គាល់​បរាជ័យ​​ជា​លើក​ទី​មួយ​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ដំណើរការ​ឃោសនា​ដ៏​ស្មុគស្មាញ និង​ពិបាកទស្សន៍ទាយ​​លទ្ធផល​មក។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន លោក​ សិនដឺ (៥៩%) បាន​នាំ​​មុខ​លោកស្រី គ្លីនតុន (៣៨%) ដាច់ដល់​ទៅជាង ២០%។ ជ័យ​ជំនះ​ដែល​បាន​លើក​ទឹក​ចិត្ត​បេក្ខជន​សិនដឺ ឱ្យ​កាន់​តែមាន​សេចក្តី​ក្លាហាន​ ប្រកាស​ព្រមាន​គូប្រជែង​ក្នុង​បក្ស​ថា​នឹង​តស៊ូ​រហូត​ដល់​ជោគជ័យ​ចុងក្រោយ។ ចំណែក​លោកស្រី គ្លីនតុន គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ត្រូវ​បន្ត​ប្រឹង​ដើម្បី​ឈ្នះ​នៅ​រដ្ឋ​ផ្សេងៗ​ទៀត។

បរាជ័យលើក​​នេះបាន​បញ្ជាក់​ជា​ថ្មី​​ថា​លោកស្រី​មិន​អាច​អូស​ទាញ​ការ​គាំទ្រពី​សំណាស់​ស្ត្រី និង​យុវវ័យ​ទេ ! ត្រូវ​តែ​មើល​យុទ្ធសាស្ត្រ​ឃោសនា​ឡើយ​វិញ។ ប៉ុន្តែ​ ថ្វី​បើ​កាលពី​១០​ថ្ងៃ​មុន លោកស្រី​អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ឈ្នះ​ឆ្នោត​យ៉ាង​ប្រផុត​ប្រផើយ​បំផុត​លើ​គូ​ប្រជែង​ ហើយ​នៅ​ថ្ងៃ​នេះ​ត្រូវ​បរាជ័យ​ទាំង​ស្រុង​ក៏​ដោយ ក៏​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ទម្លាក់​ដៃ​នៅ​ពេល​នេះ​ដែរ នៅ​មានការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​ទៀត នៅ​សប្តាហ៍​ក្រោយ​នៅ​រដ្ឋ​ការ៉ូលីន​ខាង​ត្បូង និង​ណេវ៉ាដា និង​ពិសេស​នៅ​ត្រូវ​យក​ឈ្នះ​ឱ្យ​បាន​នៅ​ថ្ងៃ​ទី ១​ មីនា ថ្ងៃ​ដែល​មាន​រដ្ឋ​បួន​បោះឆ្នោត​ជុំ​គ្នា​ក្នុង​ពេល​តែ​មួយ។

ការ​បោះឆ្នោត​នៅ​រដ្ឋ ​ ​New Hampshire តំណាង​ឱ្យ​១%​នៃសំឡេង​សរុប ដែល​សម្រេចជ្រើសរើស​បេក្ខជន​​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​​នៅ​ខែ​កក្កដា​​តែ​ប៉ុណ្ណោះ។ ដើម្បី​ជា​ការ​ប្រៀប​ធៀប លោក​អូបាម៉ា​ក៏​បាន​ចាញ់​ឆ្នោត​នៅ​រដ្ឋ​New Hampshireនេះ​ដែរ​កាលពី​ឆ្នាំ​២០០៨ ទល់​នឹង​លោកស្រី​គ្លីនតុន។​​
 

លោក Donald Trumpលើក​មេដៃ​បញ្ជាក់​អំពី​ជ័យជំនះ​នៅ​រដ្ឋ​New Hampshire
លោក Donald Trumpលើក​មេដៃ​បញ្ជាក់​អំពី​ជ័យជំនះ​នៅ​រដ្ឋ​New Hampshire © Reuters

ខាង​បក្ស​សាធារណរដ្ឋ​វិញ លោកមហាសេដ្ឋី​ ដូណាល់​ត្រាំ បាន​ស្គាល់​រសជាតិ​ជោគជ័យ​ជា​លើក​ដំបូង​នៅក្នុង​ខ្សែជីវិត​នយោបាយ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​៣៥%។ ដោយ​មិន​ទាន់​ភ្លេច​បរាជ័យ​នៅ​រដ្ឋ​អាយអូវ៉ា កាលពី​សប្តាហ៍​មុន លោក​មិន​បាន​កញ្ជ្រោលអរ​​ខ្លាំង​ទេ ប៉ុន្តែ​បាន​ជ្រើសរើស​ថ្លែង​សុរន្ទរកថា​ក្រោយ​គេ​ ដើម្បីបានបញ្ចេញ​អារម្មណ៍​ពិត​បាន​យូរ​ ដោយ​ឆ្លៀត​បង្ហើរ​សារ​វាយប្រហារ​​ដូច​ទម្លាប់​ថា អ្នក​នយោបាយ​មាន​ឯកទេស​សុទ្ធ​តែ​អសមត្ថភាព មាន​តែ​រូប​លោក​មាន​បទ​ពិសោធន៍​ជំនួញ​ដែល​អាច​ជួយ​ស្រោច​ស្រង់អាមេរិក​ពី​ឱនភាព​បាន។

តែ​ជា​មួយ​ជ័យ​ជំនះ​នេះ លោក​ ដូណាល់​ត្រាំ បាន​ក្លាយ​ជា​បេក្ខជន​​ប្រធានាធិបតី​ ដ៏​ម៉ត់ហ្មត់​ជាង​គេ​សម្រាប់​បក្ស​សាធារណរដ្ឋ ព្រោះ​បេក្ខជន​ផ្សេងទៀត តួយ៉ាង​លោក ថេដ គ្រូស ដែល​ឈ្នះ​ឆ្នោត​នៅ​អាយអូវ៉ា បាន​ធ្លាក់​ដល់លំដាប់ទីបី ប្រដេញ​ដោយ​ប្រកិត​ដោយ​បេក្ខជន​ត្រកូល​ប្រធានាធិបតី​ប៊ូស លោក Jeb Bush ។ បេក្ខជន​ក្មេង​ជាងគេ​ និង​លេចធ្លោ​ខ្លាំង​ក្នុង​រដ្ឋ​នេះ​បាន​ធ្លាក់​ដល់​លំដាប់​ទី​៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI