លោកប្រធានាធិបតី Obama តែងតាំងចៅក្រម Merrick Garland ជាសមាជិកចៅក្រមប្រចាំតុលាការកំពូលអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅសហរដ្ឋអាមេរិកការប្រឈមមុខដាក់គ្នាថ្មីមួយ រវាងគណបក្សប្រជាធបិតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងចាប់ផ្តើមហើយ។ នោះគឺទាក់ទងនឹងសំណុំរឿងតែងតាំងចៅក្រម Merrick Garland ជាសមាជិកចៅក្រមប្រចាំតុលាការកំពូលអាមេរិក។ លោក Barack Obama ដែលមកពីគណបក្សប្រជាធិបតេយ្យបានប្រើប្រាស់សិទ្ធិប្រធានាធិបតីក្នុងការតែងតាំងនេះ។ ប៉ុន្តែ ការតែងតាំងនេះចាំបាច់ត្រូវទទួលការអនុម័តពីព្រឹទ្ធសភាអាមេរិក។សព្វថ្ងៃនេះ គណបក្សសាធារណរដ្ឋ ដែលដើរតួនាទីដូចជាបក្សជំទាស់ កំពុងគ្រប់គ្រងព្រឹទ្ធសភាអាមេរិកហើយពួកសាធារណរដ្ឋគម្រាមកង្កកការតែងតាំងនេះ។ ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរក្នុងសំណុំរឿងនេះកំពុងតែផ្ទុះឡើងចំពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងត្រូវរៀបចំនាដំណាច់ឆ្នាំនេះ។
កាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតី Barack Obama បានសំរេចចិត្តតែងតាំងលោក Merrick Garland ជាចៅក្រមប្រចាំតុលាការកំពូលអាមេរិក។ ការតែងតាំងនេះត្រូវបានធ្វើឡើងតែមួយខែប៉ុណ្ណោះ ក្រោយពីចៅក្រម Antonin Scala ដែលជាសមាជិកចៅក្រមតុលាការកំពូលបានទទួលមរណៈភាព ក្នុងអាយុ ៧៩ ឆ្នាំ កាលពីថ្ងៃទី១៣ កុម្ភៈកន្លងទៅនេះ។បន្ទាប់ពីមរណៈភាពនេះ តំណែងសមាជិកចៅក្រមមួយបានស្ថិតនៅទំនេរក្នុងតុលាការកំពូលអាមេរិក។
លោក អូបាម៉ា បានប្រញាប់ប្រញាល់ស្វែងរកចៅក្រមថ្មីអោយមកបំពេញតំណែងទំនេរនេះ។ ក្រោយពីបានសិក្សាយ៉ាងល្អិតល្អន់លើបេក្ខភាពចៅក្រមមួយចំនួន លោក អូបាម៉ា បានសំរេចជ្រើសរើសចៅក្រម Merrick Garland ដើម្បីបង្គ្រប់ចំនួនសមាជិកតុលាការកំពូលអាមេរិក។
ប្រតិកម្មពីគណបក្សសាធារណរដ្ឋ
ភ្លាមៗក្រោយការប្រកាសព័ត៌មានជុំវិញការតែងតាំងនេះ លោក Mitch McConnell ប្រធានព្រឹទ្ធសភាអាមេរិកបានប្រកាសព្រមានថា ព្រឹទ្ធសភានឹងមិនលើកយកសំណើតែងតាំងនេះមកពិភាក្សាអនុម័តឡើយ។ លោក Mitch McConnell ដែលមានតួនាទីជាប្រធានក្រុមមតិភាគច្រើនរបស់គណបក្សសាធារណរដ្ឋប្រចាំព្រឹទ្ធសភាផងដែរបានបកស្រាយថា ការតែងតាំងចៅក្រមថ្មីនេះគួរតែទុកអោយប្រធានាធិបតីថ្មីជាអ្នកសម្រេច។ វាជាការមិនសមរម្យឡើយដែលលោក អូបាម៉ា អនុវត្តអំណាចធម្មនុញ្ញក្នុងឋានៈជាប្រធានាធិបតី ខណៈពេលដែលឆ្នាំ ២០០១៦នេះ គឺជាឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងជាឆ្នាំចុងក្រោយនៃអាណត្តិរបស់គាត់។
ជាការឆ្លើយតប លោក អូបាម៉ា បានពន្យល់ថា ការតែងតាំងចៅក្រមក្នុងតុលាការកំពូលអាមេរិកនាឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតីមិនមែនជារឿងថ្មីថ្មោងឡើយ។ ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ មានចៅក្រមចំនួន ១៤ រូបធ្លាប់ត្រូវបានតែងតាំងប្រចាំតុលាការកំពូលអាមេរិក នាឆ្នាំបោះឆ្នោតប្រធានាធិបតីបែបនេះ។
លោក អូបាម៉ា បានលើកឧទាហរណ៍ថា កាលពីឆ្នាំ១៩៨៨ លោកប្រធានាធិបតី Ronald Reagan មកពីគណបក្សសាធារណរដ្ឋបានតែងតាំងចៅក្រម Anthony Kennedy។ ហើយការតែងតាំងនេះត្រូវបានអនុម័តដោយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សរជាធិបតេយ្យ។ ហើយកាលនោះក៏ជាឆ្នាំមមាញឹកដោយការបោះឆ្នោតប្រធានាធិបតីផងដែរ។
ការតែងតាំងដែលមានឥទ្ធិពលដល់ទស្សនៈនយោបាយបក្ស
ហេតុអ្វីបានជាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រទាញប្រទង់គ្នាក្នុងសំណុំរឿងនេះ? សូមជំរាបថា ជាធម្មតា តុលាការកំពូលអាមេរិកមានសមាជិកចៅក្រមចំនួន ៩ រូប។ ក្រោយពីចៅក្រម Antonin Scala បានទទួលមរណៈភាព បច្ចុប្បន្ននេះ តុលាការកំពូលអាមេរិកមានចៅក្រមតែ ៨ រូបប៉ុណ្ណោះ។ ក្នុងនោះមានចៅក្រម ៤ រូបត្រូវបានគេដឹងថាមាននិន្នាការអភិរក្សនិយម ស្របគ្នានឹងគោលនយោបាយរបស់គណបក្សសាធារណរដ្ឋ។ ចំណែកចៅក្រម ៤ រូបផ្សេងទៀត គឺជាអ្នកកំណែទម្រង់និយម ដែលមានទស្សនៈដើរទន្ទឹមគ្នានឹងគណបក្សប្រជាធិបតេយ្យ។
សម្រាប់ពួកសាធារណរដ្ឋ ការតែងតាំងចៅក្រម Merrick Garland ជាចៅក្រមទី៩ គឺឧបសគ្គចម្បងសម្រាប់ផលប្រយោធន៍របស់គណបក្សខ្លួន។ ព្រោះថារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចៅក្រម Antonin Scala ដែលបានទទួលមរណៈភាពគឺ ជាអ្នកអភិរក្សនិយម ហើយបានធ្វើសេចក្តីសម្រេចចិត្តមួយចំនួនការពារទស្សនៈអភិរក្សនិយមរបស់ពួកសាធារណរដ្ឋ ក្នុងមានដូចជាប្រឆាំងការពន្លូតកូន ប្រឆាំងអាពាហ៍ពិពាហ៍មនុស្សស្រលាញ់ភេទដូចគ្នា និងការពារសិទ្ធិប្រើប្រាស់កាំភ្លើងរបស់ពលរដ្ឋអាមេរិកជាដើម។ គណបក្សសាធារណរដ្ឋចង់បង្កកការតែងតាំងចៅក្រមថ្មីនេះ ហើយរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្មី។ ប្រសិនបើបក្សខ្លួនឈ្នះ ពួកសាធារណរដ្ឋនឹងអាចជ្រើសរើសចៅក្រមម្នាក់ ដែលមាននិន្នាការទៅរកគោលការណ៍អភិរក្សនិយម។
តើចៅក្រម Merrick Garland ជានរណា?
មានអាយុ ៦៣ ឆ្នាំ សព្វថ្ងៃនេះ លោក Merrick Garland មានតួនាទីជាប្រធានចៅក្រមប្រចាំតុលាការឧទ្ធរណ៍ក្រុងវ៉ាស៊ីងតោន។ លោកត្រូវបានគេចាត់ទុកថាជាចៅក្រមម្នាក់មានបទពិសោធន៍ជ្រៅជ្រះ ក្នុងការបំពេញមុខងារក្នុងប្រព័ន្ធយុត្តិធម៌អាមេរិក។ ហើយលោកក៍ត្រូវបានគេស្គាល់ថា ជាបុគ្គលមាននិន្នាការងាកទៅរកគំនិតកំណែរទម្រង់និយម ដែលស្របគ្នានឹងទស្សនៈនយោបាយរបស់គណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ដើម្បីសម្រេចការតែងតាំងនេះ លោក អូបាម៉ា បានផ្ញើរសារព្រមានគូបដិបក្ខនយោបាយរួចហើយ។ យុទ្ធសាស្រ្តរបស់លោក អូបាម៉ា គឺយកសំណុំរឿងតែងតាំងចៅក្រមនេះទៅពាក់ព័ន្ធជាមួយនឹងមតិសាធារណជនអាមេរិក ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីថ្មី។ លោកប្រធានាធិបតីតែងពន្យល់តាមកញ្ចក់ទូរទស្សន៍ថា ការតែងតាំងនេះគឺស្របតាមរដ្ឋធម្មនុញ្ញអាមេរិក។ សម្រាប់ពលរដ្ឋអាមេរិក ពាក្យរដ្ឋធម្មនុញ្ញនេះ គឺមានតម្លៃខ្លាំងណាស់។ បើតាមការស្ទង់មតិរបស់សារព័ត៌មាន Washington Post និងស្ថានីយ៍ទូរទស្សន៍ ABC News បានអោយដឹងថា ៦៣% នៃពលរដ្ឋអាមេរិកចង់អោយព្រឹទ្ធសភាអនុម័តការតែងតាំងនេះ។
ម៉្យាងទៀត ថ្វីត្បិតតែគណបក្សសាធារណរដ្ឋមានសមាជិកច្រើនលើសលប់ក្នុងព្រឹទ្ធសភា ហើយកំពុងគ្រប់គ្រងស្ថាប័នកំពូលនេះក៏ពិតមែន ប៉ុន្តែលោក អូបាម៉ា ក៍ចង់បង្កភាពរង្គោះរង្គើរដល់សមាជិកព្រឹទ្ធសភារបស់មកពីគណបក្សសធារណរដ្ឋផងដែរ។
មូលហេតុ គឺសមាជិកព្រឹទ្ធិសភាខ្លះនឹងត្រូវផុតអាណត្តិនាដំណាច់ឆ្នាំនេះ ហើយពួកគេត្រូវរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្មីដើម្បីអាចដឹងថាពួកគេអាចបន្តអាណត្តិរបស់ខ្លួន។ ដូចនេះចង់មិនចង់ក៏មានសមាជិកព្រឹទ្ធសភាខ្លះអាចទាមទារអោយលើកយកការតែងតាំងនេះមកដេញដោលអនុម័ត។
អំពីតុលាការកំពូលអាមេរិក
សូមបញ្ជាក់ថា តុលាការកំពូលអាមេរិកជាស្ថាប័នជាន់ខ្ពស់មួយមានបេសកកម្មត្រួតពិនិត្យឃ្លាំមើលធម្មនុញ្ញភាពនៃច្បាប់អាមេរិក។ ហើយស្ថាប័ននេះក៏ដើរតួនាទីសំខាន់ផងដែរ ក្នុងការចេញសេចក្តីសម្រេចទាក់ទងនឹងប្រធានបទជជែកដេញដោលក្នុងសង្គមអាមេរិក។ ក្រោយពីទទួលបានការតែងតាំង ចៅក្រមទាំង ៩ រូបដែលជាសមាជិកតុលាការនេះមានអាណត្តិអស់មួយជីវិតក្នុងការបំពេញតួនាទីរបស់ខ្លួន។ ជាទូទៅ ចៅក្រមទាំងនោះ គឺជាអង្គសម្រេចលើសំណុំរឿងធំៗដែលមានលក្ខណៈស្មុគស្មាញ និងចម្រូងចម្រាស់។ ប្រធានបទដ៏រសើបទាំងនោះ មានដូចជាច្បាប់ពន្លូតកូន សិទ្ធិជនជាតិភាគតិច អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា ការរើសអើងពូជសាសន៍ ទោសប្រហារជីវិត និងការខ្វែងគំនិតក្នុងនិតិវិធីបោះឆ្នោត ជាដើម។ ហើយច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលស្នើឡើងដោយលោកប្រធានាធិបតី អូបាម៉ា ក៏នឹងត្រូវរង់ចាំសេចក្តីសម្រេចពីតុលាការកំពូលនេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ