លោកអូបាម៉ា ផ្តើមលូកដៃក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី
ចុះផ្សាយនៅថ្ងៃ៖
យុទ្ធនាការឃោសនាបោះឆ្នោតបេក្ខជនប្រធានាធិបតីអាមេរិក កាន់តែឡើងកម្តៅខ្លាំង ! ពីដំបូង គេបានឮការវាយប្រហារគ្នាខ្លាំង នៅក្នុងបក្សសាធារណរដ្ឋ រវាងលោក ដូណាល់ត្រាំ និងគូប្រជែងក្នុងបក្ស។ ប៉ុន្តែពេលនេះ ជំងឺវាយប្រហារពាក្យសំដីបង្អាប់បន្តុះគ្នា បានរាលដាលដល់បក្សប្រជាធិបតេយ្យ រវាងលោកស្រីគ្លីនតុន និង លោក សេនដឺជាគូប្រជែងក្នុងបក្ស។ ពុំធ្លាប់មានធ្វើបែបនេះឡើយ ក្នុងប្រវត្តិបក្ស។ ចំណែកលោកអូបាម៉ាវិញ ចាប់ផ្តើមលូកដៃចូលកាន់តែជ្រៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោកអូបាម៉ា មិនមែនជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០១៦នេះទេ ព្រោះរដ្ឋធម្មនុញ្ញបានហាមឃាត់ប្រធានាធិបតី ឈរឈ្មោះ ឬក្លាយជាប្រមុខដឹកនាំប្រទេសលើសពីពីរអាណត្តិឡើយ ! ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃ លោក អូបាម៉ា បានបញ្ចេញសំឡេង និងលូកដៃកាន់តែជ្រៅឡើងទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីតែម្តង។
ប្រពៃណីប្រធានាធិបតីផុតអាណត្តិចូលឃោសនាជួយបេក្ខជនប្រធានាធិបតី
សម្រាប់ពេលនេះ រាល់ការបញ្ចេញមតិយោបល់របស់លោកអូបាម៉ា គឺដើម្បីការពារបក្សប្រជាធិបតេយ្យ ព្រោះលោកប្រធានាធិបតីអាមេរិក បានយល់និងដឹងច្បាស់ណាស់ យុទ្ធនាការឃោសនានយោបាយដ៏សន្ធោសន្ធៅ នៅពេលនេះ អាចនឹងមានផលប៉ះពាល់ខ្លះដល់តុល្យការការងារ ពីរអាណត្តិរបស់លោកផង និងដល់ប៉ះពាល់ដល់រូបលោក ក្នុងទំព័រប្រវត្តិសាស្ត្រអាមេរិកផង។ លោក ដាច់ខាតត្រូវការពារនយោបាយរបស់បក្សប្រជាធិបតេយ្យរបស់លោក ព្រោះបើបក្សសាធារណរដ្ឋអាចឈ្នះឆ្នោត នៅថ្ងៃទី ៨ វិច្ឆិកាខាងមុន នោះសំណុំរឿងធំៗដ៏ក្តៅគគុកនិងដ៏ចម្រូងចម្រាសបំផុត ដែលលោកប្រឹងការពារ និងសម្រេចបានរយៈពេល៨ឆ្នាំកន្លងមក ដូចជាសំណុំរឿងធានារ៉ាប់រងសុខភាព អូបាម៉ាឃែរ សំណុំរឿងអាកាសធាតុ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ឬក៏នយោបាយបើកចំហទៅរកគុយបា ... អាចនឹងត្រូវប្រធានាធិបតីថ្មី រុះរើ ឬលុបចោលវិញក៏ថាបាន ព្រោះសំណុំរឿងខ្លះត្រូវបានអនុម័ត ឱ្យប្រើបានតាមរយៈក្រិត្យប្រធានាធិបតីប៉ុណ្ណោះ។
ហេតុដូច្នេះហើយបានជាលោកអូបាម៉ា មិនអាចនៅស្ងៀមមើលយុទ្ធនាការឃោសនាបោះឆ្នោត បានឡើយ។ លោកបានផ្តើមស៊កសៀត វាយប្រហារបែបបញ្ចិតបញ្ចៀង ដាក់បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ។ ប៉ុន្តែបើនិយាយពីការគាំទ្របេក្ខជននៅក្នុងបក្សប្រជាធិបតេយ្យវិញ លោកអូបាម៉ា មិនទាន់បានបង្ហាញជំហរជាសាធារណៈថាគាំទ្រលោកស្រី គ្លីនតុន ឬលោក សេនដឺ ទេ។ តែនរណាក៏ដឹងថាលោកហាក់លម្អៀងទៅរកលោកស្រីគ្លីនតុន ដោយធ្លាប់បានធ្លោយមាត់សរសើរអំពីបទពិសោធន៍ និងអំពីភាពប៉ិនប្រសព្វរបស់លោកស្រីដែលជាអតីតភរិយាប្រធានាធិបតី និងអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតគូប្រជែងផ្ទាល់របស់លោក កាលពីឆ្នាំ២០០៨។
លោកអូបាម៉ា រង់ចាំឱកាសចេញធ្វើយុទ្ធនាការ
នៅប្រទេសខ្លះ ជួនមានរដ្ឋធម្មនុញ្ញ ហាមប្រាម មិនឱ្យប្រធានាធិបតី កំពុងកាន់តំណែង (ផុតអាណត្តិ) ចូលពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីទេ ! ឬដូចនៅក្នុងករណីប្រទេសបារាំង ប្រធានាធិបតីផុតអាណត្តិតែងខិតខំសាកល្បងធ្វើគ្រប់យ៉ាងឱ្យនៅដាច់ពីការបោះឆ្នោតនេះ ដោយឈរលើគោលការណ៍ថា ជាអ្នកដឹកនាំប្រទេសម្នាក់ ជាម្តាយឪពុកមិនកាន់ជើង កូនមួយណា។ ប៉ុន្តែ សហរដ្ឋអាមេរិក មានទម្លាប់ពិសេស ស្ទើរតែក្លាយជាប្រពៃណី រាប់តំណរមកហើយ ដែលប្រធានាធិបតី ផុតអាណត្តិទៅហើយ ចេញមុខគាំទ្រ និងចូលប្រលូកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងពេញទំហឹង ជួយបេក្ខជន។ ហើយគឺបេក្ខជនម្នាក់ៗជាអ្នកសម្រេចចិត្ត ថាត្រូវទទួលយកជំនួយពីប្រធានាធិបតីផុតអាណត្តិឬអត់។
សេតវិមាន បានបដិសេធ មិនព្រមផ្តល់កាលបរិច្ឆេទច្បាស់លាស់ នៃការចេញធ្វើយុទ្ធនាការរបស់លោកអូបាម៉ាទេ។ ប៉ុន្តែ ជាទូទៅ និងដើម្បីឱ្យសមហេតុផល ប្រធានាធិបតីអាមេរិកត្រូវរង់ចាំដល់ពេលការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីត្រូវចប់សព្វគ្រប់សិន។ បើមើលទៅអារម្មណ៍របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ហាក់ដូចជា អន្ទះសារខ្លាំងណាស់ ចង់ឱ្យការបោះឆ្នោតបេក្ខជនប្រធានាធិបតីនេះអាចផ្តល់លទ្ធផល បានមុនខែកក្កដា ដឹងច្បាស់ថា បេក្ខជនរូបណាជាតំណាងបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៨ វិច្ឆិកា ២០១៦។
នៅពេលវេលាហុចឱ្យភ្លាម លោកអូបាម៉ា នឹងចេញ ប្រលូកឃោសនាបានពេញទំហឹង ដោយពេញចិត្ត ដើម្បីឱ្យបេក្ខជនបក្សប្រជាធិបតេយ្យអាចមកអង្គុយក្នុងសេតវិមានបន្តពីលោក។ នេះបើតាមសំដីអ្នកនាំពាក្យប្រធានាធិបតីដែលអះអាងបន្ថែមទៀតថា លោកអូបាម៉ា នឹងមិនព្រងើយកន្តើយ បណ្តោយការដូចប្រធានាធិបតី George W Bush និង Bill Clinton ក្នុងសម័យឃោសនាបោះឆ្នោត ឆ្នាំ២០០៨ និង២០០០ឡើយ។
ការគាំទ្ររបស់ប្រធានាធិបតីផុតអាណត្តិជាគន្លឹះនៃជ័យជំនះ ?!
កាលពីឆ្នាំ២០០៨ ក្រោយពីបានបំពេញតួនាទីជាប្រធានាធិបតីរយៈពេល៨ឆ្នាំ លោក ប៊ូស (កូន) George W Bush (២០០១-២០០៩) និងបានបញ្ចប់អាណត្តិ ជាមួយនឹងប្រជាប្រិយភាពធ្លាក់ខ្លាំង ព្រោះតែបាននាំអាមេរិកទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ បេក្ខជនប្រធានាធិបតីសម័យនោះ គឺលោក ចន McCain បានដកខ្លួនឱ្យស្ថិតនៅឆ្ងាយពីប្រធានាធិបតី។
ផ្ទុយទៅវិញ កាលពី៨ឆ្នាំមុននោះទៅទៀត លោក ប៊ីល គ្លីនតុន (១៩៩៣-២០០១)ដែលជាប្រធានាធិបតីដ៏ពេញនិយមបំផុត ចង់ចូលជួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ សម្រាប់បន្តតំណែងពីលោកដែរ តែលោក Al Gore ពេលនោះ បានសម្រេចចិត្តដោយខ្លួនឯង កំរិតតួនាទីលោកប៊ីលគ្លីនតុន ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ព្រោះយល់ថាលោក គ្លីនតុន មានប្រលាក់ប្រលូសនឹងរឿងអាស្រូវមានស្រីស្នេហ៍ តែបានធ្វើឱ្យបេក្ខភាពរបស់លោកមិនសូវមានទម្ងន់ ទើបបានចាញ់ឆ្នោតលោកប៊ូស (២០០១-២០០៩)។
នេះជាមេរៀនមួយដែលលោកស្រី បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ ចងចាំជាប់ជានិច្ចក្នុងខួរក្បាល។ ហើយបើតាមអ្នកវិភាគ តួនាទីរបស់លោកអូបាម៉ា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានសន្ធឹកដូចសម័យប្រធានាធិបតី រីហ្កែន ដែលគាំទ្របេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ចច ប៊ូស (ឪពុក) រហូតបានជោគជ័យនៅឆ្នាំ ១៩៨៨ ក្លាយជាប្រធានាធិបតីអាមេរិក ពីឆ្នាំ ១៩៨៩-១៩៩៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ