អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី ​Hillary Clinton ​រិះគន់​ក្រុម​អ្នកការពារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង

សំឡេង ០៤:២៩
Hillary Clinton,នៅជាប់ជាមួយក្រុមគ្រួសារនៃជនរងគ្រោះនៃការបាញ់សម្លាប់មនុស្សនៅ​ Newton,រដ្ឋ Connecticut ២១មេសា២០១៦
Hillary Clinton,នៅជាប់ជាមួយក្រុមគ្រួសារនៃជនរងគ្រោះនៃការបាញ់សម្លាប់មនុស្សនៅ​ Newton,រដ្ឋ Connecticut ២១មេសា២០១៦ REUTERS/Adrees Latif
ដោយ៖ បូលីន ដាវីដ

ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​ការ​គាំទ្រ​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ផ្លូវ​ការ​ប្រចាំ​បក្ស​ ​លោកស្រី​ Hillary Clinton បាន​លើក​យក​ប្រធាន​បទ​ហឹង្សា​ដោយសារ​កាំភ្លើង​មក​ជជែក​ដេញដោល។​ លោកស្រី​បាន​រិះគន់​ក្រុម​អ្នក​ធ្វើ​ lobby​ ការពារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​ ជា​ពិសេស​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ផលិត​កាំភ្លើង។ ​លើស​ពី​នេះ​ លោកស្រី​ Hillary Clinton កំពុង​ដឹកនាំ​យុទ្ធនាការ​យ៉ាង​សកម្ម​នៅភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​ ដើម្បី​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​បក្ស​ នា​ថ្ងៃ​ស្អែក​នេះ។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ លោកស្រី​ Hillary Clinton បាន​ទៅ​ជួប​សំណេះ​សំណាល​​ជាមួយ​សាច់​ញាតិ​ជន​រងគ្រោះ​ដោយសារ​ហឹង្សា​បង្ក​ឡើង​ដោយកាំភ្លើង​​នៅ​ទីក្រុង​ Hartford ក្នុង​រដ្ឋ​ Connecticut ។ ​នា​ឱកាស​នោះ​ សាច់​ញាតិ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នៅ​សាលា​បឋម​សិក្សា​ Sandy Hook ក៏​មាន​វត្តមាន​ផងដែរ។​

សូម​រំលឹក​ថា​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២ យុវជន​មាន​បញ្ហា​ផ្លូវ​ចិត្ត​ម្នាក់​បាន​បាញ់​សម្លាប់កុមារ​ចំនួន​ ២០ នាក់​ និង​បុគ្គលិក​សិក្សា​ចំនួន​ ៦ នាក់​ នៅ​ក្នុង​សាលារៀន​បឋម​សិក្សា​ Sandy Hook នៃ​រដ្ឋ​ Connecticut នេះ។

ការ​សម្លាប់​​រង្គាល​​ដោយសារ​ការ​ប្រើប្រាស់​កាំភ្លើង​យ៉ាង​សេរី​បែប​នេះ​ត្រូវ​បាន​លោកស្រី​ Hillary Clinton លើក​យក​មក​ធ្វើ​ប្រធាន​បទឃោសនា​ស្វែង​រក​សម្លេង​គាំទ្រ។​ អតីតៈ​ប្រមុខ​ការ​ទូត​អាមេរិក​រូប​នេះ​បាន​និយាយ​រិះគន់​ដល់​ក្រុម​ lobby ដែល​ការពារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី​យល់​ឃើញ​ថា​ វាជា​ការ​មិន​អាច​ទទួល​យក​បាន​ឡើយ​ ចំពោះ​ការ​ធ្វើ​អំណះ​អំណាង​ ឬ​ការ​ដឹកនាំ​យុទ្ធនាការ​របស់​ពួក​ក្រុម​ lobby ​ការ​ពារ​ផល​ប្រយោធន៍​ឲ្យ​រោងចក្រ​ផលិត​កាំភ្លើង។

ដោយ​ពុំ​បាន​និយាយ​លំអិត​អំពី​ផែនការ​របស់​ខ្លួន​ លោកស្រី​បាន​ប្រកាស​ជំហរ​ធ្វើ​កំណែ​ទម្រង់​ទូទៅ​ស្តីពី​សន្តិសុខ​កាំភ្លើង​នៅ​សហរដ្ឋ​អាមេរិក។​ លើសពីនេះ​ លោកស្រី​ក៏​បាន​តាំង​ចិត្ត​ថា​នឹង​លើក​យក​ប្រធាន​បទហាម​ឃាត់​ការ​ប្រើប្រាស់​កាំភ្លើង​នេះ​ មក​ដាក់​ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​គាត់។ បើ​តាម​លោកស្រី​ ​កាំភ្លើង​ត្រូវ​បាន​គេ​ដោះដូរ​ទិញ​ និង​ធ្វើ​ចរចារណ៍​ដោយ​សេរី​នៅ​សហរដ្ឋ​អាមេរិក។​ អ្វី​ដែល​ព្រួយ​បារម្ភ​បំផុត​នោះ​គឺ កាំភ្លើង​ទាំង​នោះ​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​មិន​ល្អ។

បើ​យោងតាម​ស្ថិតិ​ ជារៀងរាល់​ឆ្នាំ​ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ៣២ ០០០ នាក់​បាន​ស្លាប់​បាត់​បង់​អាយុ​ជីវិត ​ដោយសារ​តែ​ការ​ប្រើប្រាស់​កាំភ្លើង​ដោយសេរី​បែប​នេះ។ ពីរ​ភាគ​បី​នៃ​ការ​បាត់​បង់​ជីវិត​ គឺ​តាមរយៈ​ការយក​អាវុធ​មក​ធ្វើ​អត្តឃាតខ្លួន​ឯង។​ ម៉្យាង​ទៀត​ លោកស្រី​ក៏​បាន​រិះគន់​ដល់​ការ​បំភិត​បំភ័យ​តាម​អ៊ិន​ធើណែត​ផងដែរ។ ជាពិសេស​ គឺ​ការ​បំភិត​បំភ័យចំពោះ​អ្នក​ហ៊ាន​បញ្ចេញ​យោបល់​ ឬ​អ្នក​ចង់​ដឹកនាំ​សកម្មភាព​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កាំភ្លើង។ ​លោកស្រី​បាន​ចាត់ទុក​ថា​ យុទ្ធនាការ​តាម​អ៊ិនធើណេត​បែប​នេះ​របស់​ពួក​ក្រុម​ lobby ​ការពារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។​

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ផងដែរ​ លោកស្រី​ Clinton ​បាន​ឆ្លៀត​ដាក់​ផ្លែផ្កា​ ដោយ​បាន​ប្រើ​ពាក្យ​ពេចន៍​វាយ​ប្រហារ​គូ​ប្រជែង​ គឺ​លោក Bernie Sanders។​ ​លោកស្រី​បាន​រំលឹក​អ្នក​ចូល​រួម​ស្តាប់​ប្រមាណ​ជាង​ ១០០ នាក់​ថា​ លោក Sanders ​សមាជិក​ព្រឹទ្ធ​សភា​​ប្រចាំ​រដ្ឋ​ Vermont ​រូប​នេះ​ធ្លាប់​បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​មួយ​ហាមឃាត់​មិន​ឲ្យ​ប្តឹង​ផ្តល់​ក្រុម​ហ៊ុន​ផលិត​កាំភ្លើង។​ ផ្ទុយ​ទៅវិញ​ លោកស្រី​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ច្បាប់​នេះ។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ លោកស្រី​ Hillary Clinton កំពុង​ដឹកនាំ​យុទ្ធនាការ​ចែចង់​ស្វែង​រក​សម្លេង​គាំទ្រ ​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។​ នៅ​ថ្ងៃ​អង្គារ៍ទី ២៦ មេសា ​ស្អែក​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​មិន​អាច​រំលង​បាន​ឡើយ។​ មាន​រដ្ឋ​ចំនួន​ ៥ គឺ​រដ្ឋ​ Connecticut, រដ្ឋ ​Rhode Island, រដ្ឋ ​Pennsylvanie, រដ្ឋ ​Delaware និង​រដ្ឋ Maryland ​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​តំណាង​បក្ស។

សំរាប់​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary Clinton និង​លោក​ Bernie Sanders នឹង​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​យក​ប្រតិភូ​ចំនួន​ ៤៦៣ នាក់​ នៅ​ក្នុង​រដ្ឋ​ចំនួន​ ៥ នេះ។ ចំពោះ​លោកស្រី​ Hillary Clinton ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​តែង​តាំង​ជា​អ្នក​តំណាង​ផ្លូវ​ការ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ កំពុង​តែ​ក្លាយ​ជា​ការ​ពិត​ហើយ។​ ក្រោយ​ពីការ​ឈ្នះ​ឆ្នោត​យ៉ាង​ត្រចះ​ត្រចង់​​នៅ​រដ្ឋ​ញូវយ៉កកាល​ពី​ថ្ងៃ​អង្គារ៍​សប្តាហ៍​មុន គិត​មក​ដល់​ពេល​នេះ​ លោកស្រី​ Hillary Clinton ប្រមូល​បាន​ប្រតិភូ​ចំនួន​ ១ ៤២៨​ នាក់។ ហើយ​លោក​ Sanders ប្រមូល​បាន​តែ​ ១ ១៥១ នាក់​ប៉ុណ្ណោះ។

បើ​យោង​តាម​វេបសាយ៍​ FiveThirtyEight ជំនាញ​ផ្នែក​វិភាគ​ការ​ស្ទង់​មតិ​បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ Hillary Clinton មាន​ឱកាសច្រើន​ក្នុង​​ការ​ឈ្នះ​ទទួល​បាន​ការ​តែង​តាំង។​ បើ​យោង​តាម​ការ​គណនា​ជា​បឋម​ ក្រៅ​ពី​ប្រតិភូ​តំណាង​ឲ្យ​បេក្ខជន​នៅ​តាម​រដ្ឋ​និមួយៗ​ នៅ​មាន​ឥស្សរជន​ប្រចាំ​បក្ស​​ផ្សេង​ទៀត​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ នា​សមាជ​តែង​តាំង​បេក្ខជន​ផ្លូវ​ការ​តំណាង​បក្ស។

ឥស្សរជន​ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ Superdélégués ឬ​ប្រតិភូ​ជាន់​ខ្ពស់​។ ​ប្រតិភូ​ជាន់​ខ្ពស់នេះ​មាន​សរុប​ ​ចំនួន​ ៧១៤ នាក់​។​ ក្នុង​នោះ​មាន​ ៤៤៦ នាក់​ជា​សមាជិក​​បក្ស​, ២២៩ នាក់​ជា​តំណាង​រាស្រ្ត​ និង​សមាជិក​ព្រឹទ្ធសភា​, ១៧ នាក់​ជា​អភិបាល​រដ្ឋ​ និង​២២ នាក់​ជា​ឥស្សរជន​ល្បីឈ្មោះ​ ឬ​អតីតៈ​ប្រធានាធិបតី​របស់​បក្ស។ បើ​តាម​ការ​ស្ទាប​ស្ទង់​កន្លង​មក​ មាន​ប្រតិភូ​ជាន់​ខ្ពស់​ចំនួន​ ៥០២ នាក់​បាន​សំដែង​ការ​គាំទ្រ​ចំពោះ​លោកស្រី​ Hillary Clinton។ ហើយ​មាន​តែ​ ៣៨ នាក់​ប៉ុណ្ណោះ​ ដែល​បាន​ប្រកាស​គាំទ្រ​លោក​ Bernie Sanders។

គណបក្ស​ប្រជាធិបតេយ្យ​នឹង​រៀបចំ​​សមាជ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ផ្លូវការប្រចាំ​បក្ស ចន្លោះ​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ កក្កដា​ នា​ទីក្រុង​ Philadelphie រដ្ឋ​ Pennsylvanie។ មាន​ប្រតិភូ​សរុប​ទាំង​អស់​ចំនួន​ ៤ ៧៦៥ នាក់​នឹង​ចូលរួម​បោះឆ្នោត​នា​វគ្គ​ផ្តាច់​ព្រ័ត​នេះ។​ ដើម្បី​អាច​ទទួល​បាន​ការ​តែង​តាំងជា​ផ្លូវការ​តែម្តង​ បេក្ខជន​ម្នាក់​ត្រូវ​ទទួល​ការ​គាំទ្រពី​​ប្រតិភូ​ចំនួន​ ២ ៣៨៣ នាក់។​ ចំនួន​នេះ​គឺ ជា​ការ​ទាម​ទារ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ សំរាប់​បេក្ខជន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាង​ប្រចាំ​បក្ស​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី ​​នា​ខែ​វិច្ឆិការខាង​មុខ​នេះ។
 

ជា​សរុប​ បើ​គិត​ទាំង​ប្រតិភូ​សាមញ្ញ​ និង​ប្រតិភូ​ជាន់​ខ្ពស់​ លោកស្រី​ Hillary Clinton ប្រមូល​បាន​ ៨១%​ ហើយ។ បើ​ប្រៀបធៀប​ជាមួយ​លោក​ Bernie Sanders គឺ​គាត់​ទទួល​បានមិន​ដល់ ៥០%​ ផង។​ ដូច​នេះ​ ផ្លូវ​ឆ្ពោះ​​ទៅ​កាន់​ការ​តែង​តាំង​ផ្លូវការ​កាន់​តែ​កៀក​មែនទែន​ហើយ​សំរាប់​លោកស្រី​ Clinton៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ