អាមេរិកនិងអង្គការសហប្រជាជាតិសម្រុកសកម្មភាពទូតសង្គ្រោះបទឈប់បាញ់ស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រមុខការទូតអាមេរិក លោក ចន ឃែរី បានបង្ខំចិត្តខំធ្វើដំណើរមកក្រុងហ្សឺណែវ មួយភ្លែត កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ ដើម្បីសង្គ្រោះបទឈប់បាញ់នៅស៊ីរី ព្រោះពេលនេះស្ថានភាពកំពុងធ្លាក់ដុនដាបខ្លាំង ចំណែកឯកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានជំរុញឱ្យម៉ូស្គូ និងវ៉ាស៊ីនតោន សហប្រធានក្រុមដឹកនាំដោះស្រាយវិបត្តិស៊ីរី ប្រឹងទ្វេឡើងរកវិធីបញ្ឈប់សកម្មភាពបាញ់ប្រហារគ្នា នៅក្រុងអាឡិប ភាគខាងជើងប្រទេសស៊ីរី។
បន្ទាប់ពីបានជួបសន្ទនាជាមួយលោកប្រមុខការទូតអាមេរិកចន ឃែរីក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកមីស្ទូរ៉ា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី បានទៅដល់រុស្ស៊ីថ្ងៃនេះ ដើម្បីជួបសន្ទនាជាមួយប្រមុខការទូតរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងផ្លូវទូតកំពុងបន្តមានយ៉ាងសកម្មយ៉ាងខ្លាំង ក្នុងអំឡុងពេលនេះ ដើម្បីស្រោចស្រង់បទឈប់បាញ់ឡើងវិញនៅក្នុងប្រទេសស៊ីរី។
ម្សិលមិញ ជាមួយប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកវិបត្តិស៊ីរី លោក ចនឃែរី ប្រមុខការទូតអាមេរិក បានបញ្ជាក់ថាពិតជាមានខិតខំប្រឹងប្រែងខ្លាំងផ្នែកការទូត ដើម្បី ស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ផង និងធ្វើឱ្យបទឈប់ នេះ ត្រូវបានគោរពដោយគ្រប់ភាគី ជាយូរអង្វែងទៅផង។
ប្រមុខការទូតអាមេរិកនិងប្រេសិតអ.ស.ប. បានប្រកាសអំពីវិធានការថ្មី ដែលជាយន្តការដ៏ប្រពៃសម្រាប់ ត្រួតពិនិត្យនិងគ្រប់គ្រងបទឈប់បាញ់។ ប្រមុខការទូតរុស្ស៊ីដែលបានជួបសមភាគីអាមេរិកតាមទូរស័ព្ទ ក៏បានព្រមព្រៀងលើវិធានការថ្មីនេះដែរ។ អាមេរិកនិងរុស្ស៊ី ដែលជាសហប្រធានក្រុមអន្តរជាតិគាំទ្រស៊ីរី (ក្រុមអ្នកដោះស្រាយវិបត្តិស៊ីរី១៧ប្រទេស) គ្រោងនឹងរៀបចំជំនួបអន្តរជាតិមួយទៀត ក្នុងពេលឆាប់ៗខាងមុខ។ លោក ឃែរី បានអះអាងថាគេអាចរំពឹងលើជំនួបអន្តរជាតិនេះបាន។
ម៉ូស្គូ និងវ៉ាស៊ីនតោន គឺជាអ្នកផ្តួចផ្តើមគំនិតចំបងគេ ក្នុងដំណើរការចរចាបញ្ចប់ជម្លោះនៅស៊ីរី និងបិទបញ្ឈប់ការប្រយុទ្ធគ្នា ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ ដែលចូលជាធរមាន កាលពីថ្ងៃទី ២៧ កុម្ភៈ តែគ្មាននរណាគោរពសោះ ជាពិសេសនៅក្រុងអាឡិប ភាគខាងជើងប្រទេស។
នៅថ្ងៃនេះ ដើម្បីពង្រឹងសកម្មភាពទូត លោក មីស្ទូរ៉ា ត្រូវបានទទួលជួបនៅទីក្រុងម៉ូស្គូ ដោយប្រមុខការទូតរុស្ស៊ី លោក សែកហ្គៃ ឡាវ្រូស ដើម្បីពិភាក្សាគ្នាអំពីមធ្យោបាយរៀបចំបទឈប់បាញ់ និងស្នើសុំជំនួយពីរុស្ស៊ី ក្នុងនាមជាសហប្រធានក្រុមគាំទ្រស៊ីរី។
ក្រុងអាឡិបនេះ នៅក្រៅបទឈប់បាញ់អាមេរិក-រុស្ស៊ី
កិច្ចព្រមព្រៀងឈប់បាញ់ ចូលជាធរមានតាំងពីថ្ងៃទី ២៧កុម្ភៈ ដោយមានការព្រមព្រៀងពីរដ្ឋាភិបាលក្រុងដាម៉ាស និងពួកឧទ្ទាម និងដែលប្រសូតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អាមេរិកនិងរុស្ស៊ី ត្រូវបានរលាយស្ទើរបាត់ស្រមោលទៅហើយ ជាពិសេសនៅភាគខាងជើងប្រទេស និងក្រុងអាឡិបនេះឯង។ ក្រោយមកទៀត អាមេរិក-រុស្ស៊ី បានរកឃើញកិច្ចព្រមព្រៀងជាថ្មីទៀត ផ្អាកបាញ់ នៅក្រុងដាម៉ាស និងក្រុងឡាតាគ្យេ។ បទឈប់បាញ់នេះ បានចូលជាធរមានជាថ្មី នៅថ្ងៃទី៣០មេសា តែបើតាមប្រភពអាមេរិក ស៊ីរី និងរុស្ស៊ី គឺគ្មានរាប់ចូលក្រុងអាឡិបដ៏ធំជាងគេនៅភាគខាងជើងប្រទេសឡើយ។ មេគំនិតទាំងពីរនិយាយមិនទាន់ត្រូវគ្នា។
នៅអាឡិប ការប្រយុទ្ធគ្នាមានលក្ខណៈសន្ធោសន្ធៅខ្លាំង។ គិតត្រឹមតែពីថ្ងៃទី ២២មេសា មកសោះ មានជនស៊ីវិលមិនតិចជាង២៥០នាក់ទេ បានបាត់បង់ជីវិត។ ហើយភាគច្រើនគឺដោយសារតែគ្រាប់ទម្លាក់របស់កងទ័ពអាកាសស៊ីរី។
រុស្ស៊ីសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោកបាស្ហារ អាល់អាសាទ បានអះអាងថា ការចរចាបញ្ឈប់ការបាញ់គ្នានៅអាឡិបកំពុងប្រព្រឹត្តទៅយ៉ាងសកម្មហើយ តែម៉ូស្គូបដិសេធមិនធ្វើអន្តរាគមន៍ ឬដាក់សម្ពាធអ្វីលើក្រុងដាម៉ាសឱ្យបញ្ឈប់ប្រតិបត្តិការផ្លូវអាកាសដូចសំណើវ៉ាស៊ីនតោនឡើយ។ ហេតុផល គឺមកពី ក្រុងអាឡិបនេះ ត្រូវបានពុះចែកកាន់កាប់ម្ខាងដោយកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស និងចំណែកខ្លះដោយពួកប្រឆាំង ជាក្រុមឧទ្ទាម ឬជាពួកភេរវនិយម។ ក្រុងដាម៉ាស ដែលវាយប្រហារយ៉ាងសន្ធាប់លើក្រុងអាឡិបនេះ ដោយមានលេសថាជាការកម្ចាត់ពួករណសិរ្សអាល់ណូស្រា ក្រុមភេរវនិយមស្និទ្ធនឹងអាល់កៃដា និងពួកអង្គការរដ្ឋអ៊ីស្លាម ដែលមានវត្តមាននៅតំបន់នោះ។ តែការវាយចុះវាយឡើង ព័ទ្ធជិតតំបន់ដែលក្រុមប្រឆាំងកាន់កាប់ គឺទុកតែផ្លូវមួយឱ្យដើរចេញចូលមួយប៉ុណ្ណោះ។
រុស្ស៊ីនិងស៊ីរី មានប្រៀបខ្លាំងលើសមរភូមិ និងលើតុចរចា
ក្រុងអាឡិប កាន់កាប់ដោយពួកប្រឆាំងតាំងពីឆ្នាំ២០១២មក បើក្រុងនេះធ្លាក់ នោះពួកប្រឆាំងនិងបស្ចឹមលោកជាអ្នកគាំទ្រ ជាអ្នកចាញ់។ បើខ្លាំង អាចប្តូរស្ថានការណ៍ នៅសមរភូមិបាន នោះពិតជាអាចប្តូរស្ថានការណ៍នយោបាយបានដែរហើយ ! ចង់មិនចង់ពេលនេះ រុស្ស៊ី និងស៊ីរី កំពុងក្លាយជាអ្នកដឹករឿងហើយ ! ជំហរចង់នាំស៊ីរីឆ្លងអន្តរកាលនយោបាយដោយគ្មានលោក បាស្ហារ អាល់អាសាដ កំពុងតែជួបភាពសង្ស័យ ឯលោកអាសាដវិញ បានពង្រឹងដែនអំណាចនិងដែនដីយោធា។ ការពិតជាក់ស្តែងនេះ បានធ្វើឱ្យរុស្ស៊ីកាន់តែមានប្រៀបលើតុចរចា។
ច្រកចេញនៅសល់តែមួយពេលនេះ គឺល្បែងរវាងអាមេរិកនិងរុស្ស៊ី ហើយក៏មានតែអាមេរិកមួយប៉ុណ្ណោះដែលអាចដាក់សម្ពាធលើរុស្ស៊ីបាន។ អាមេរិកទំនងត្រូវត្រលប់ទៅប្រើយុទ្ធសាស្ត្រស្រគួរ គឺប្រើកម្លាំងលើសមរភូមិ ទន្ទឹមនឹងការចរចាផ្លូវទូតទើបបាន។ នរណាទៅដឹងបានថាការបញ្ជូនទាហានពិសេស ២៥០នាក់ ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម កាលពីថ្ងៃទី២៥មេសា អាចជាចំណែកមួយនាំឱ្យសម្រេចកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៣០មេសា។ អ្នកនាំពាក្យសេតវិមានបានព្រលយរួចហើយ ថានឹងសុខចិត្តបញ្ជូនកម្លាំងទ័ពពិសេសបន្ថែមទៀត បើក្រសួងការពារជាតិស្នើ។
មុនសម្រេចបានបទឈប់បាញ់កាលពីខែកុម្ភៈមួយថ្ងៃ អាមេរិកបានលើកឡើងអំពីលទ្ធភាពប្រើផែនការ បំពាក់អាវុធឱ្យពួកឧទ្ទាមស៊ីរីផង ដើម្បីឱ្យពួកប្រឆាំងនៅមានកម្លាំងខ្លាំង តែបញ្ហានៅត្រង់ថាមានពួកភេរវនិយមក្នុងចំណោមអ្នកប្រឆាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ