ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​អ្នក​ប្រើប្រាស់​​​Yahoo!៥០០លាន​នាក់​រង​ការ​វាយប្រហារអ៊ីនធ័រនែត​

សំឡេង ០៥:៤៧
អ្នកប្រើប្រាស់​Yahoo! ៥០០លាន​​នាក់​រង​ការវាយប្រហារ​អ៊ីនធ័រនែត នៅ​ឆ្នាំ​២០១៤
អ្នកប្រើប្រាស់​Yahoo! ៥០០លាន​​នាក់​រង​ការវាយប្រហារ​អ៊ីនធ័រនែត នៅ​ឆ្នាំ​២០១៤ REUTERS/Denis Balibouse/File Photo

ក្រុមហ៊ុន​អ៊ីនធ័រនែត​អាមេរិក Yahoo! បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថាខ្លួន​បាន​រង​ការ​វាយប្រហារ​​តាម​អ៊ីនធ័រនែត​ កាលពី​ចុង​ឆ្នាំ​២០១៤ ក្នុង​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន។ ការ​វាយប្រហារ​នេះ អាច​ជា​ស្នាដៃ​របស់ចោរ​អ៊ីនធ័រនែត​មួយ​​ក្រុម ​​ដែល​មាន​រដ្ឋ​​នៅ​ពី​ក្រោយ​ខ្នង។ ជា​ផលវិបាក មាន​​​អ៊ីមែល​ Yahoo! របស់អ្នកប្រើប្រាស់​​​ប្រមាណ​៥០០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​រង​ផល​ប៉ះពាល់​។

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អ៊ីនធ័រនែត​ Yahoo! បាន​រងការ​វាយ​ប្រហារ កាលពី​ចុង​ឆ្នាំ​​២០១៤ ដោយ​មាន​ប៉ះពាល់​ដល់​អ៊ីមែល​អ្នក​ប្រើប្រាស់ ប្រមាណ​៥០០​លាន​នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ Yahoo! នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​សង្ស័យ​ថា​ក្រុម​ចោរ​អ៊ីនធ័រនែត​នោះ មាន​រដ្ឋ​នៅពី​ក្រោយ​ខ្នង​ផង។

នេះ​ជា​ការ​វាយប្រហារ​ជា​ធំ​​បំផុត​មួយ ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិក​។ ក្រុមហ៊ុន​ដែល​ក៏​ធ្លាប់​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១២ តែ​កាលណោះ ឈ្មោះ​​និង​ពាក្យ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​អ៊ីមែល​ Yahoo!  ជិត​កន្លះ​លាន​នាក់ ត្រូវ​បាន​គេ​លួច​យក​បាន​និង​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​​អ៊ីនធ័រនែត។

នៅលើក​នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ ក្រុមហ៊ុន​ Yahoo!  ពួក​ចោរ​អ៊ីនធ័រនែត លួច​បាន​នូវ អត្តសញ្ញាណ​បុគ្គល ដូច​ជា ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាស័យដ្ឋាន​អេឡិចត្រូនិក លេខ​ទូរស័ព្ទ ឬ​ ពាក្យ​សម្ងាត់​។ ក្រុមហ៊ុន​បាន​ធានា​អះអាង​ថា ​ទិន្នន័យ​ព័ត៌មាន​ទាក់​ទង​ធនាគារ​មិន​ត្រូវ​បាន​របូត​ធ្លាយ​ ឬ​ប៉ះពាល់​ទេ។

លក់​ទិន្នន័យYahoo!  តម្លៃ ១៩០០ដុល្លារ​

ប៉ុន្តែ​ក្រុមហ៊ុន​ Yahoo!  មិន​បញ្ចេញ​​ឈ្មោះ​ក្រុម​ចោរ​ដែល​ខ្លួន​សង្ស័យ​ថា ជា​អ្នក​ធ្វើ​សកម្មភាព​​វាយប្រហារ​តាម​អ៊ីនធ័រនែត​និង​ជ្រៀត​ចូល​​លួច​ទិន្នន័យរបស់​ក្រុមហ៊ុនទេ។ ក្រុមហ៊ុន​គ្រាន់​តែ​បាន​អះអាង​ថា ក្រុម​ចោរ​នោះ បាន​ទទួល​ការ​​គាំទ្រ​ពី​រដ្ឋ​មួយ​ មិន​មែន​ជា​ក្រុម​ក្មេង​តូចតាច​ទេ។ ហើយ​ការឧបត្ថម្ភ​​គាំទ្រ​របស់​រដ្ឋ​ ចំពោះ​ក្រុម​ចោរ ដើម្បី​​​វាយប្រហារ​​តាម​អ៊ីនធ័រនែត និង​លួច​ព័ត៌មាន​មានកាន់​តែ​ច្រើន​ឡើងៗ នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រុមហ៊ុន​អ៊ីនធ័រនែត Yahoo! បាន​ចាប់​សង្ស័យ​ថា​អំពី​ករណី​វាយប្រហារ​តាម​អ៊ីនធ័រនែត​ជា​ទ្រង់ទ្រាយ​ធំ កាលពី​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។ ​ ក្រុមចោរ​អ៊ីនធ័រនែត​មួយ ដែល​ប្រកាស​​​ប្រសិទ្ធិនាម​ខ្លួន​ឯង​ថា Peace ទើបលេច​មុខ​ជា​ថ្មី នៅ​តាម​Forum​ជាច្រើន​ លើ​ប្រព័ន្ធ​អ៊ីនធ័រនែត។ ​ នៅដើម​ខែ​ប្រាំបី​នោះ Peace ​បាន​ទាក់ទង​​វិបសៃត៍​ឯកទេស​មួយ​ឈ្មោះ Matherbaord ដើម្បី​​​លក់​ទិន្នន័យ​​ព័ត៌មាន​របស់​​អ្នកប្រើប្រាស់​ Yahoo! ចំនួន​២រយ​លាន​នាក់​ ក្នុង​តម្លៃ​សរុវ​១៩០០​ដុល្លារ។ នេះ​បើ​តាម​ Matherboard។ ទិន្នន័យ​ព័ត៌មាន​មាន​ជាអាទិ៍ ឈ្មោះ ថ្ងៃខែ​ឆ្នាំកំណើត អាស័យដ្ឋាន​អេឡិចត្រូនិក ឬ​ពាក្យ​សំងាត់ Password របស់​អ្នក​ប្រើប្រាស់​អ៊ីមែល Yahoo! ។

Peace​ នេះ​ ក៏ធ្លាប់​បានប្រើ​ល្បិច​តែ​មួយ​ ​ពពាយនាយ​លក់​ទិន្នន័យ​ព័ត៌មានមួយ​ភាគ​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម LinkedIn  ចំនួន ១១លាន​នាក់ និង​ អ្នកប្រើប្រាស់ គណនី ​MySpace ​ជាង​៤០០លាន​នាក់ កាលពី​ខែឧសភា ទៅ​ឱ្យ​វិបសៃត៍​ឯកទេស​ផ្សេងៗ។

​តាម​រយៈ​ការ​ស៊ើប​អង្កេត ដែល​ក្រុមហ៊ុន​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​អាជ្ញាធរ​អាមេរិក​ គេ​រក​ពុំ​ឃើញ​មាន​សញ្ញា​អ្វី​មួយ​បញ្ជាក់​ថា ក្រុមចោរ​ជាប់សង្ស័យ​នោះ​កំពុង​បន្ត​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​​ព័ត៌មាន​វិទ្យា​របស់​ Yahoo!  ​ទៀត​ទេ។ ក្រុមហ៊ុន​ Yahoo! បាន​អះអាង​ថា ​បានទាក់ទង​​​អ្នក​ប្រើប្រាស់​​ដែល​រង​ការ​វាយប្រហារ​លួច​ទិន្នន័យ​រួច​ហើយ។

ប្តូរ​Password

ក្រុមហ៊ុន Yahoo! បាន​ប្រកាស​ថា បាន​ចាត់​វិធានការចាំបាប់​សម្រាប់​ការពារ​គណនី​ដែល​រង​ការ​វាយប្រហារហើយ។ ប៉ុន្តែ​ Yahoo! បាន​ផ្តល់​អនុសាសន៍​ដល់​​អ្នកប្រើប្រាស់​ទូទៅទាំង​អស់ ឱ្យ​គិត​គូរ​ប្តូរ​ Password ភ្លាម ប្រសិន​បើ​អ្នក​មិន​ដែល​ប្តូរ​ពាក្យ​សម្ងាត់​នោះ​តាំង​ពី​ឆ្នាំ​២០១៤​មក។ ទន្ទឹម​គ្នា​នេះដែរ យើង​ត្រូវ​តែ​ប្តូរ​ ឬ​កែប្រែ​សំណួរ​ចម្លើយ​សុវត្ថិភាព ដើម្បី​បាន​ពាក្យ​សម្ងាត់ ​ឱ្យ​បាន​កាន់​ឆាប់​កាន់​តែ​ល្អ។ ព្រោះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​ Yahoo! ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​​ប្រើប្រាស់​មួយ​ភាគ មិន​ទាន់​ត្រូវ​បាន​ពួកចោរ​វិភាគ​រក​ចេញទេ ឬ​ក៏​រក​ឃើញ​ដែរ​តែ​​នៅ​មាន​កំរិត​ទាប។ សំណួរ​ចម្លើយ​សុវត្ថិភាព​នេះ​ ច្រើន​តែ​ជា​ព័ត៌មានដ៏​រសើប​ពាក់ព័ន្ធ​នឹង​បុគ្គល​បំផុត។

ក្រុមហ៊ុន​ក៏​សូម​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីមែល​ Yahoo! ទាំង​អស់ ត្រួតពិនិត្យ​គណនី​របស់​ខ្លួន​ឡើងវិញ ​ថា​គ្មាន​សកម្មភាពឬ​សារ​​អ្វី​មួយ​ប្លែកគួរ​ឱ្យស​ង្ស័យ​ទេ និង​ស្នើ​សុំ​ឱ្យ​អ្នក​ប្រើប្រាស់ Flickr ​វិបសៃត៍​ចែកចាយ​រូបភាព​របស់​ Yahoo! ត្រូវ​តែ​ប្តូរ​ Password ដូចគ្នា។

ជា​ចុង​ក្រោយ​ Yahoo!  សំណូមពរ​សុំ​កុំ​ឱ្យ​អ្នក​ប្រើប្រាស់​ចេះ​តែ​ចុច​លើ​ Link ឬ Downlaod ឯកសារ​ភ្ជាប់​ដែល​មិន​ស្គាល់​អ្នក​ផ្ញើ ឬ​ផ្ញើ​ចេញ​ពី​Addressមិន​គួរ​ឱ្យ​ទុក​ចិត្ត​។ សូម​ប្រុងប្រយ័ត្ន​ជាប់​ជា​និច្ច​នៅ​ពេល​​មាន​ការស្នើ​សុំ​ផ្តល់​​ព័ត៌មាន​ផ្ទាល់ខ្លួន។

Yahoo! បាន​រំលឹក​ថាការវាយប្រហារ​តាម​អ៊ីនធ័រនែត ពី​សំណាក់​ក្រុម​ចោរ​គាំទ្រ​ដោយ​រដ្ឋ​ មាន​កាន់​តែ​ច្រើនឡើង នា​ពេល​ថ្មីនេះ។ ក្រុមហ៊ុន​ Yahoo!  ផ្ទាល់​ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​តាំង​ពី​ឆ្នាំ​២០១៤​មក (ក្រោយ​ការ​ទម្លាយ​ព័ត៌មាន​របស់​អេវ៉ាត ស្នូដិន​អំពី​ប្រព័ន្ធ​តាមដានអ៊ីនធ័រនែត​ របស់​ភ្នាក់ងារ​សន្តិសុខ​អាមេរិក)​ ​នូវ​វិធានការ​ពង្រឹង​​សន្តិសុខ​ការពារ​អ្នក​ប្រើប្រាស់អ៊ីមែល​ Yahoo! ទាំងអស់ ប៉ុន្តែ​ការការពារ​នោះ​ទំនង​ជា​មិន​អាច​ទប់​ឈ្នះ​ នៅ​ពេល​ចោរ​អ៊ីនធ័រនែត វាយ​លុក​ចូល​ដល់​មូលដ្ឋាន​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI