អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោក​ដូណាល់ ត្រាំ​សុខចិត្ត​ចំណាយ​លុយ ២៥លានដុល្លារ​ដើម្បី​គេច​ពី​សំណាញ់​តុលាការ

សំឡេង ០៦:៣៤
អាមេរិក៖​លោក​ដូណាល់ ត្រាំ​សុខចិត្ត​ចំណាយ​លុយ ២៥លានដុល្លារ​ដើម្បី​គេច​ពី​សំណាញ់​តុលាការ
អាមេរិក៖​លោក​ដូណាល់ ត្រាំ​សុខចិត្ត​ចំណាយ​លុយ ២៥លានដុល្លារ​ដើម្បី​គេច​ពី​សំណាញ់​តុលាការ REUTERS/Carlo Allegri
៣៣ នាទី

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​បាន​សុខចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ចំនួន ២៥លានដុលារ​ដើម្បី​បិទបញ្ចប់​រឿងអាស្រូវ​ទាក់ទង​នឹង​អតីត​សាកលវិទ្យាល័យ​ត្រាំ « Trump University »។ ទឹកលុយ​លុយ​ចំនួន ២៥លានដុល្លារ​នេះ​នឹង​ត្រូវ​យក​ទៅ​សងជម្ងឺចិត្ត​ដល់​ជន​រងគ្រោះ​ជាង ៦ ០០០នាក់​ដែល​ជា​អតីត​និស្សិត​របស់​សាកលវិទ្យាល័យ​ត្រាំ។ ការ​យល់ព្រម​បង់លុយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក​ដូណាល់ ត្រាំ​រួច​ផុត​ពី​សំណាញ់​តុលាការ និង​អាច​បន្ត​ការងារ​ជា​ប្រធានាធិបតី​ដោយ​គ្មាន​ឧបសគ្គ ពិសេស​ការ​បន្ត​តែងតាំង​មន្រ្តី​សម្រាប់​អនាគត​រដ្ឋបាល​ថ្មី។

ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ លោក​ដូណាល់ ត្រាំ​បាន​បង្កើត « Trump University » កាល​ពី​ឆ្នាំ ២០០៤។ កម្មវត្ថុ​របស់​លោកត្រាំ គឺ​ដើម្បី​ជួយ​បង្ហាត់បង្រៀង​ពី​គន្លឹះជោគជ័យ​ក្នុង​ជំនួញ​អចលនទ្រព្យ។ តែ​ដើម្បី​អាច​ក្រេប​យក​គន្លឹះជោគជ័យ​ពី « Trump University » បាន មាន​កូនសិស្ស​ខ្លះ​បាន​ចំណាយ​លុយ​រៀនសូត្រ​ដល់​ទៅ ៣៥ ០០០ដុល្លារ​ឯណោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ៦ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០១០ « Trump University » ត្រូវ​បាន​បិទទ្វារ​ជា​ស្ថាពរ ហើយ​កូនសិស្ស​ក៏​មិន​បាន​ទទួល​សញ្ញាប័ត្រ​អ្វី​ទាំង​អស់។ តាំង​ពី​ឆ្នាំ ២០១០ មក « Trump University » ក៏​បាន​ក្លាយ​ជា​សំណុំរឿង​មួយ​ដ៏​ស្មុគស្មាញ និង​បាន​ប្តឹងផ្តល់​គ្នា​នៅ​ឯ​តុលាការ​រហូត​មក​ដល់​សព្វថ្ងៃ។

ក្រុម​អតីត​និស្សិត « Trump University » បាន​ដាក់​ពាក្យ​ប្តឹង « Trump University » ជា​លក្ខណៈ​សមូហភាព​ពី​បទ​ឆបោក។ សិស្ស​ភាគច្រើន​បាន​បញ្ជាក់​ថា « Trump University » មិន​បាន​បង្ហាត់បង្រៀន​តាម​កម្មវិធី​ដូច​ដែល​បាន​សន្យា​ទេ ហើយ​សាស្រ្តាចារ្យ​ទាំង​អស់​សុទ្ធ​ជា​មនុស្ស​គ្មាន​សមត្ថភាព និង​គុណភាព​ជា​សាស្រ្តាចារ្យ។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៣ រដ្ឋអាជ្ញា​ម្នាក់​ក្នុង​ទីក្រុង​ញូយ៉ក​លោក Eric Schneiderman ក៏​បាន​ប្តឹង « Trump University » ដាច់​ដោយឡែក​ពី​បទ​បោកប្រាស លួចបន្លំ។ តែ​តាំង​ពី​អើយ​មក លោក​ត្រាំ​បាន​ច្រាន​ចោល​រាល់​ការ​ចោទប្រកាន់ និង​បដិសេធ​មិន​សងជម្ងឺ​ចិត្ត​អ្វី​ទាំង​អស់។
 
កុំ​តែ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ម្ល៉េះ​លោក​ត្រាំ​នឹង​បន្ត​ត​ទល់​នៅ​តុលាការ
 
តែ​ទីបំផុត លោក​ដូណាល់ ត្រាំ​បាន​ប្រែ​ចិត្ត​ដោយ​យល់ព្រម​ទម្លាក់​លុយ​ផ្ទាល់ខ្លួន​ចំនួន ២៥លានដុល្លារ​ដើម្បី​បិទបញ្ចប់​សំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ មាន​ហេតុផល​តែ​មួយ​គត់​ដែល​បាន​ជំរុញ​លោក​ត្រាំ​ឲ្យ​ប្តូរ​ចិត្ត គឺ​មិន​ចង់​ឲ្យ​​រឿងអាស្រូវ​មួយ​នេះ​បន្ត​តាម​ឈ្លនីស​លោក​នៅ​ឯ​សេតវិមាន។ ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ២៥លានដុល្លារ​ដែល​លោក​ដូណាល់ ត្រាំ​បាន​ចំណាយ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​លោក​រួច​ផុត​ពី​ការ​ប្តឹងផ្តល់​របស់​កូនសិស្ស​ជា​ជនរងគ្រោះ​ប្រមាណ​ជា ៦ ០០០នាក់ ពិសេស​ចៀសវាង​ការ​ឡើង​ឆ្លើយ​នៅ​មុខ​តុលាការ​នៅ​ថ្ងៃទី២៨ វិច្ឆិការ​ខាង​មុខ។ ទន្ទឹម​នឹង​ការ​ចាយ​លុយ​ចំនួន ២៥លានដុល្លារ លោក​ដូណាល់ ត្រាំ​ក៏​ត្រូវ​ចំណាយ​បន្ថែម​ចំនួន ១លានដុល្លារ​ផ្សេង​ទៀត​ពី​បទ​បាន​បំពាន​លើ​ច្បាប់​របស់​ក្រសួង​អប់រំ។
 
សូម​ជម្រាប​ជូន​ថា​តាំង​តែ​ពី​មាន​ការ​ប្តឹងផ្តល់​គ្នា​មក​ដល់​សព្វថ្ងៃ លោក​ដូណាល់ ត្រាំ​សុខចិត្ត​ចេញ​មុខ​ត​ទល់​នៅ​ឯ​តុលាការ​ដោយ​ប្រកាស​ច្រាល​ចោល​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​ដាក់​លោក។ លោកត្រាំ​សុខចិត្ត​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ជួល​ក្រុម​មេធាវី​ពូកែៗ​ដើម្បី​ការពារ​លោក ពោល​បដិសេធ​ចំណាយ​លុយ​សងជម្ងឺចិត្ត​ដល់​ក្រុម​និស្សិត​ជា​ជនរងគ្រោះ។ សំណុំរឿង « Trump University » នេះ​បាន​ចូល​ទៅ​បំពុល​នៅ​ក្នុង​សម័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ តាំង​ពី​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នៅ​ផ្ទៃក្នុង​បក្ស​សាធារណរដ្ឋ​រហូត​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រឈម​នឹង​គូប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ីឡារី គ្លីនតុន។
 
ដូច្នេះ​គេ​អាច​និយាយ​បាន​ថា កុំ​តែ​លោក​ដូណាល់ ត្រាំ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ម្ល៉េះ​រឿងអាស្រូវ « Trump University »នឹង​បន្ត​ដោយ​មិន​ដឹង​ចប់​ថ្ងៃ​ណា ហើយ​និស្សិត​ជនរងគ្រោះ​ទាំង​ជាង ៦ ០០០នាក់​ក៏​មិន​ច្បាស់​នឹង​ទទួល​បាន​ប្រាក់​សងជម្ងឺចិត្ត​ចំនួន ២៥លានដុល្លារ​ដើម្បី​ចែក​គ្នា​ពី​លោក​ត្រាំ​ដោយ​ងាយៗ​របៀប​នេះ​ដែរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចប់​ពី​រឿងអាស្រូវ « Trump University »នៅ​មាន​សំណុំរឿង ៧៥ផ្សេង​ទៀត​ដែល​កំពុង​រង់ចាំ​លោក​ដូណាល់ ត្រាំ​នៅ​ឯ​តុលាការ។
 
លោក​ដូណាល់ ត្រាំ​កំពុង​តែងតាំង​ឥស្សរជន​ខ្លះ​ដែល​មាន​ប្រវត្តិ​មិន​ល្អ
 
ការ​លាងសំអាត​សំណុំរឿង « Trump University »ពី​សំណាក់​លោក​ដូណាល់ ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ត្រាំ​កំពុង​បន្ត​តែងតាំង​មន្រ្តី​សម្រាប់​អនាគត​រដ្ឋបាល​របស់​លោក។ តែ​មាន​មន្រ្តី​ទើប​តែង​តាំង​ខ្លះ​កំពុង​បង្ក​ឲ្យ​មាន​រឿងអាស្រូវ និង​ទទួល​រង​ការ​រិះគន់​ខ្លាំង។ មូលហេតុ ​មកពី​មន្រ្តី​ខ្លះ​ដែល​លោក​ត្រាំ​បាន​ជ្រើស​យក​សុទ្ធ​តែ​មាន​ប្រវត្តិរូប​មិន​ល្អ និង​ជាប់​ឈ្មោះ​អាក្រក់​នៅ​ក្នុង​អតីតកាល។ នៅ​ថ្ងៃ​សុក្រ ទី១៨ វិច្ឆិកា លោក​ត្រាំ​បាន​ប្រគល់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ឲ្យ​លោក Jeff Sessions ប្រគល់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឲ្យ​លោក Mitt Romney និង​ប្រគល់​តំណែង​ទីប្រឹក្សាសន្តិសុខជាតិ​ឲ្យ​លោក Michael Flynn។

តែ​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៣នាក់​ខាង​លើ មាន​ពីរ​នាក់ គឺ​លោក Jeff Sessions និង​លោក Michael Flynn ដែល​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង​ជាង​គេ។ មាន​អាយុ ៦៩ឆ្នាំ លោក Jeff ត្រូវ​បាន​គេ​ស្គាល់​ជា​ឥស្សរជន​កណ្តាប់ដៃ​ដែក​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ជា​ប្រធានបទ​មួយ​របស់​លោក​ត្រាំ​នា​ពេល​ឃោសនា​បោះឆ្នោត។ លោក​ត្រាំ​ដែល​បាន​សន្យា​បណ្តេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង ១១លាន​នាក់​ពី​ទឹកដី​អាមេរិកាំង។ តែ​ទន្ទឹម​គ្នា​នេះ លោក Jeff ក៏​គេ​ស្គាល់​ជា​ឥស្សរជន​ប្រកាន់​ពូជសាសន៍​ដែរ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ១៩៨៦ លោក Jeff បាន​ស្តីបន្ទោស​មេធាវី​ស្បែក ស ម្នាក់​ដែល​បាន​ការពារ​កូនក្តី​ជា​ស្បែក​ខ្មៅ។

ចំណែក​លោក Michael Flynn ដែល​មាន​អាយុ ៥៧ឆ្នាំ​ត្រូវ​បាន​គេ​ស្គាល់​ជា​ឥស្សរជន​មាន​ទំនោរ​រក​រុស្ស៊ី និង​ចិន ហើយ​ក៏​ជា​ឥស្សរជន​ដែល​ប្រឆាំង​នឹង​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ