អានតួអត្ថបទ
អេហ្ស៊ីប-អាមេរិក

អេហ្ស៊ីប-អាមេរិក៖​លោក​អាល់ស៊ីស៊ី​សង្ឃឹម​ថា លោកត្រាំ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សំណុំរឿង​មជ្ឈិមបូព៌ា

លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​សង្ឃឹម​ថា លោកត្រាំ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សំណុំរឿង​មជ្ឈិមបូព៌ា
លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​សង្ឃឹម​ថា លោកត្រាំ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សំណុំរឿង​មជ្ឈិមបូព៌ា LOUISA GOULIAMAKI / AFP
១៤ នាទី

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា លោក​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​នឹង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​លោក​អូបាម៉ា​នៅ​ក្នុង​សំណុំរឿង​មជ្ឈិមបូព៌ា។ គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ជំនាន់​លោក​អូបាម៉ា ទំនាក់ទំនង​រវាង​អាមេរិក និង​មជ្ឈិមបូព៌ា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​និយាយ​ជា​រួម និង​ជាមួយ​ប្រទេស​អេហ្ស៊ីប និយាយ​ដោយ​ឡែក។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ទី១៩ វិច្ឆិកា​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា លោក​ប្រធានាធិបតី​អាមេរិក​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម និង​កាន់​តែ​មាន​លក្ខណៈ​ផុសផុល​ចំពោះ​សំណុំរឿង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សូម​ជម្រាប​ជូន​ថា លោក​ប្រមុខរដ្ឋ​អេហ្ស៊ីប​អាល់ស៊ីស៊ី​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​កណ្តាប់ដៃ​ដែក​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​រដ្ឋបាល​អាមេរិកាំង​របស់​លោក​អូបាម៉ា និយាយ​ជា​រួម និង​ជាមួយ​បុគ្គល​អូបាម៉ា និយាយ​ដោយ​ឡែក។

ទីក្រុង​វ៉ាស៊ីនតោន​ថែម​ទាំង​បាន​ព្យួរជំនួយ​យោធា​សម្រាប់​អេហ្ស៊ីប បន្ទាប់​ពី​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ម័រស៊ី​បាន​ធ្លាក់​ពី​អំណាច​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៣ ដោយ​រដ្ឋប្រហារ​យោធា​រៀបចំ​ដោយ​ឧត្តមសេនីយ​អាល់ស៊ីស៊ី​ជំនាន់​នោះ។ ក្រោយ​ពី​បាន​ឡើង​កាន់​ចង្កូត​ប្រទេស លោក​អាល់ស៊ីស៊ី​មិន​ញញើត​នឹង​វាយបង្រ្កាប​លើ​ក្រុម​បះបោរ​ដែល​ជា​សកម្មជន​របស់​លោក​ម័រស៊ី​ទេ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជា​ច្រើន​បាន​ចោទ​លោក​អាល់ស៊ីស៊ី​ពី​បទ​ប្រើ​អំណាច​ផ្តាច់ការ​បំបិទ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​ជន​ណា​ដែល​ហ៊ាន​រិះគន់ ទិតៀន​លើ​ការ​ដឹកនាំ​របស់​លោក។

ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ដែរ លោក​អាល់ស៊ីស៊ី​បាន​ទូរស័ព្ទ​ទៅ​សាទរ​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​ថ្នាក់ដឹកនាំ​អេហ្ស៊ីប​ភាគ​ច្រើន​យល់​ឃើញ​ថា នឹង​អាច​ជួយ​ស្រោចស្រង់​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​គែរ​ឲ្យ​ប្រសើរ​ឡើង​វិញ។ ដោយឡែក លោក​អាល់ស៊ីស៊ី​មិន​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ថា លោក​នឹង​ហាម​មិន​ឲ្យ​ប្រជាជន​អ៊ីស្លាម​ចូល​ក្នុង​ទឹកដី​អាមេរិកាំង​ទេ។ មិន​ព្រួយបារម្ភ ព្រោះ​លោក​អាល់ស៊ីស៊ី​បាន​ចែក​ច្បាស់​រវាង​ទ្រឹស្តី​ឃោសនា និង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ពេល​ទទួល​បាន​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ