អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

ស៊ីរី៖​អ.ស.ប.​សម្តែង​ក្តីរន្ធត់​ចំពោះ​ទង្វើ​សោកនាដកម្ម​នៅ​ស៊ីរី​

ស៊ីរី៖អ.ស.ប.សម្តែងក្តីរន្ធត់ចំពោះទង្វើសោកនាដកម្មនៅស៊ីរីរបស់រុស្ស៊ី និងស៊ីរី
ស៊ីរី៖អ.ស.ប.សម្តែងក្តីរន្ធត់ចំពោះទង្វើសោកនាដកម្មនៅស៊ីរីរបស់រុស្ស៊ី និងស៊ីរី REUTERS/Abdalrhman Ismail TPX IMAGES OF THE DAY
3 នាទី

នៅ​ក្នុង​ប្រទេស​ស៊ីរី មាន​ជនស៊ីវិល​ស្លាប់​យ៉ាង​តិច ១៥០នាក់ ភាគច្រើន​ជា​កូនក្មេង​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​ទ័ពរុស្ស៊ី និង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​លើ​ទីក្រុង​អាឡិប​ក្នុង​រយៈពេល ៥ថ្ងៃ​កន្លង​ទៅ។ អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីរន្ធត់​ចំពោះ​សោកនាដកម្ម​នេះ ហើយ​ក៏​បាន​សម្រេច​បញ្ជូន​ប្រេសិត​របស់​ខ្លួន​លោក​ស្តាហ្វាន មីស្ទូរ៉ា​ជា​បន្ទាន់​ទៅ​ស៊ីរី​ដើម្បី​ជួប​លោក​ប្រមុខ​ការទូត​ស៊ីរី​វ៉ាលីដ មូអាឡឹម​នា​ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកា​នេះ។ ចំណែក​អាមេរិក​បាន​ថ្កោលទោស​លើ​អំពើហិង្សា​សម្លាប់​ជនស៊ីវិល​ស៊ីរី​ស្លូតត្រង់។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​ស៊ូហ្សាន រ៉ៃ ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ លោកស្រី​រ៉ៃ​បាន​ថ្កោលទោស​លើ​អំពើ​ហិង្សា​ដែល​លោកស្រី​ចាត់​ទុក​ជា​ទង្វើ​ឧក្រិដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ។ មិន​អាច​ទទួល​យក​បាន ព្រោះ​ការ​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​ទ័ព​រុស្ស៊ី និង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​ឡើង​ទៅ​លើ​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។ សូម​ជម្រាប​ជូន​ថា ទ័ពស៊ីរី និង​ទ័ពសម្ព័ន្ធមិត្ត ពិសេស​រុស្ស៊ី​បាន​វាយប្រហារ​លើ​តំបន់​ជា​ច្រើន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមប្រឆាំង​ក្នុង​ទីក្រុង​អាឡិប។

ក្នុង​រយៈពេល ៥ថ្ងៃ ការ​វាយប្រហារ​បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​តិច ១៥០នាក់​ដែល​ភាគច្រើន​ជា​កូនក្មេង និង​បាន​ធ្វើ​ឲ្យ​សាលារៀន​បិទទ្វារ​ជា​បណ្តោះអាសន្ន​តាំង​ពី​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកា​នេះ។ គោលដៅ​របស់​ទីក្រុង​ដាម៉ាស់ និង​មូស្គូ គឺ​រំដោះ​ទីក្រុង​អាឡិប​ពី​កណ្តាប់ដៃ​ក្រុមប្រឆាំង។ ដោយឡែក មាន​តំបន់​ជា​ច្រើន​ក្នុង​ទីក្រុង​អាឡិប​កំពុង​ជួប​ប្រទះ​នឹង​កង្វះ​ស្បៀងអាហារ និង​ទឹកស្អាត​ប្រើប្រាស់ ព្រម​ទាំង​ភ្លើង​អគ្គិសនី​ចាំបាច់​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន។ ប្រឈម​នឹង​បញ្ហា​នេះ មាន​អ្នកស្រុក​កាន់​តែ​ច្រើន​ឡើងៗ​បាន​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​ដោយ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម។

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីរន្ធត់​ចំពោះ​សោកនាដកម្ម​នៅ​ក្នុង​ទីក្រុង​អាឡិប​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ និង​បាន​សម្រេច​បញ្ជូន​ជា​បន្ទាន់​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​ទៅ​ជួប​លោក​ប្រមុខ​ការទូត​ស៊ីរី​វ៉ាលីដ មូអាឡឹម​ក្នុង​ទីក្រុង​ដាម៉ាស់​នា​ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកា។ ចំណែក​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ចោទ​ក្រុមប្រឆាំង​ពី​បទ​បាន​បាញ់រះ​លើ​ហ្វូង​មនុស្ស​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ចំនួន ២០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ