អ៊ីរ៉ង់ចុះហត្ថលេខាទិញយន្តហោះប៊ូអ៊ីញ៨០គ្រឿង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានចុះ ហត្ថលេខានៅថ្ងៃអាទិត្យទី ១១ ធ្នូ ២០១៦ ជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីញ លើកិច្ចសន្យាទិញយន្តហោះចំនួន៨០គ្រឿង ក្នុងតម្លៃទឹកប្រាក់១៦,៦ពាន់លានដុល្លារអាមេរិក។ នេះជាកិច្ចសន្យាទិញយន្តហោះដ៏ធំបំផុត មិនធ្លាប់មានឡើយសម្រាប់អ៊ីរ៉ង់ និងប៊ូអ៊ីញ គិតតាំងពីឆ្នាំ១៩៧៩មក។
បន្ទាប់ពីបានចរចាអស់ជាច្រើនខែ កិច្ចសន្យាទិញយន្តហោះ៨០គ្រឿង ក្នុងនោះ៥០គ្រឿងជាយន្តហោះប្រភេទ ៧៣៧ និង៣០គ្រឿងជាប៊ូអ៊ីញ ៧៧៧ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីរ៉ង់តែម្តង នៅទីក្រុងតេហេរ៉ង់។
ប៉ុន្តែការចុះកិច្ចសន្យា ប្រព្រឹត្តទៅចំពេលដែលសភានិងព្រឹទ្ធសភាអាមេរិកកំពុងតែពិភាក្សាដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់សម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត ក្រោមក្រសែភ្នែក ខឹងសម្បាររបស់តេហេរ៉ង់។ ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ទាំងមូល បានសន្យាថានឹងឆ្លើយតបឱ្យសក្តិសមផង និងចាត់ទុកការបន្តដាក់ទណ្ឌកម្មថ្មីនេះថាផ្ទុយនឹងអត្ថន័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីខែកក្កដាឆ្នាំ២០១៥។ ប្រមុខសាសនាខាមេណី ធ្លាប់បានទាំងចោទសួរកាលពីខែមិថុនាថា តើគួរទិញយន្តហោះប៊ូអ៊ីញជាអាទិភាពរបស់ប្រទេសដែរឬទេ។
ថ្វីបើអាមេរិកបានព្យួរទណ្ឌកម្មពីអ៊ីរ៉ង់ ក្រោយមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមែន តែអាមេរិកនៅបន្តសើរើដាក់ទណ្ឌកម្មអ៊ីរ៉ង់ ជារៀងរាល់១០ឆ្នាំម្តង គិតចាប់ពីឆ្នាំ១៩៩៦ ជុំវិញការមិនគោរពសិទ្ធិមនុស្ស ទំនាក់ទំនងនឹងអំពើភេរវនិយម និងកម្មវិធីមីស៊ីលបាលីស្ទិក។ ទណ្ឌកម្មលើវិស័យធនាគារ ឧស្សាហកម្មថាមពលនិងការពារជាតិ ដែលបានធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ មានកំណើនតិចជាងក្តីសង្ឃឹម។
ក្រៅពីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប៊ូអ៊ីញអាមេរិក អ៊ីរ៉ង់ក៏កំពុងចរចាជាមួយក្រុមហ៊ុនយន្តហោះអឺរ៉ុប អ៊ែរប៊ូស (គូប្រជែងរបស់ប៊ូអ៊ីញ) ចង់ទិញយន្តហោះចំនួនមួយរយគ្រឿង ព្រោះអ៊ីរ៉ង់ត្រូវធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល ដោយចង់ប្តូរផ្លាស់យន្តហោះដឹកអ្នកដំណើរប្រមាណពី ៤ ទៅ៥រយគ្រឿង សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ អ៊ីរ៉ង់ក៏បានបញ្ជាទិញរួចហើយដែរ យន្តហោះ៤០គ្រឿងពីក្រុមហ៊ុនបារាំង ៥០ ពីក្រុមហ៊ុនប្រេស៊ីល និង២០ពីជប៉ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ