វ៉េណេស៊ុយអេឡា ជាប់លេខ២ នៅលើពិភពលោក ខាងហិង្សាឧក្រិដ្ឋ
របាយការណ៍អង្គការសង្កេតការណ៍ហិង្សាវ៉េណេស៊ុយអេឡាបានអះអាងថា វ៉េណេស៊ុយអេឡា ជារដ្ឋជាប់ចំណាត់ថ្នាក់លេខពីរ នៅពិភពលោក ខាងមានអំពើហិង្សាសម្លាប់មនុស្សច្រើនជាងគេ បន្ទាប់ពីប្រទេសសាល់វាដ័រ។ ហើយឆ្នាំ២០១៦នេះ ជាឆ្នាំដែលមានអំពើហិង្សាពិសេសជាងគេតែម្តង។
ចុះផ្សាយនៅថ្ងៃ៖
វ៉េណេស៊ុយអេឡា កំពុងត្រៀមបិទបញ្ចប់ឆ្នាំ២០១៦ ជាមួយនឹងលទ្ធផលនៃការប្រកាសចំណាត់ថ្នាក់លេខពីរ ជាប្រទេសមានអំពើហិង្សាឧក្រិដ្ឋខ្លាំងជាងគេនៅលើពិភពលោក។ ជាមធ្យម គេរាប់ឃើញមាន អត្រាឃាតកម្ម៩១,៨នាក់ ក្នុងចំណោមពលរដ្ឋ១សែននាក់ ពោលគឺមានការសម្លាប់មនុស្ស ២៨៤៧៩នាក់ ក្នុងមួយឆ្នាំកន្លងទៅនេះ។ នេះបើតាមរបាយការណ៍របស់អង្គការសង្កេតការណ៍អំពើហិង្សាវ៉េណេស៊ុយអេឡា
បើតាមស្ថិតិ ប្រទេសនាំមុខគេលំដាប់លេខមួយខាងហិង្សាឧក្រិដ្ឋគឺប្រទេសសាល់វ៉ាដ័រ ដោយមានចំនួនឃាតកម្មដល់ទៅ១១៦នាក់ បើគិតក្នុងមធ្យមភាគប្រជាជន១សែននាក់។ ជាជំនួយស្មារតី នៅប្រទេស បារាំង អ៊ីតាលី អេស្ប៉ាញ ... ករណីមនុស្សឃាត មានត្រឹមតែមួយនាក់ប៉ុណ្ណោះក្នុងអត្រាពលរដ្ឋរដ្ឋ១សែននាក់។
មូលហេតុដែលជំរុញឱ្យប្រទេសអាមេរិកឡាទីនមួយមានអត្រាឃាតកម្មខ្ពស់ មកពីភាពស្ពឹកស្រពន់នៃច្បាប់។ ពលរដ្ឋវ៉េណេស៊ុយអេឡាមិនរអានឹងរកយុត្តិធម៌ដោយខ្លួនឯង ព្រោះគ្មានការដាក់ទោសឧក្រិដ្ឋជនពិតៗ។ បើតាមនាយកអង្គការសង្កេតការណ៍ហិង្សា មានការសម្លាប់មនុស្សសងសឹកពីម្នាក់ទៅបីនាក់ក្នុងសប្តាហ៍ៗ នៅវ៉េណេស៊ុយអេឡា។ ចំនួនជួលធ្វើ ឃាតមនុស្សបានកើនយ៉ាងកត់សម្គាល់នៅឆ្នាំ២០១៦នេះ។ អង្គការបានប៉ាន់ប្រមាណឃើញថា មានករណីសម្លាប់ដោយមិនចាំតុលាការមានដល់ទៅ ១២៦ករណី នៅឆ្នាំ២០១៦ ទល់នឹងជាង២០ករណីសោះ នៅឆ្នាំ២០១៥។
វិបត្តិសេដ្ឋកិច្ច និងកង្វះគ្រឿងស្បៀងអាហារ នៅវ៉េណេស៊ុយអេឡាឆ្នាំនេះ ក៏មានចំណែកនាំឱ្យចំនួនឧក្រិដ្ឋកម្មកើនឡើងដែរ។ អត្រា លួច ប្លន់ បានកើនឡើងទន្ទឹមនឹងការឈ្លោះកាប់ចាក់សម្លាប់ដើម្បីបំពេញតម្រូវការក្រពះ និងការត្រដររស់។ នេះបើតាមការវិភាគរបស់នាយកអង្គការសង្កេតការណ៍អំពើហិង្សានៅវ៉េណេស៊ុយអេឡា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ