អានតួអត្ថបទ
សហរដ្ឋអាមេរិក

បាតុករ​រាប់លាន​នាក់ ក្នុង​ពិភពលោក ចូល​រួម​ក្នុង​ក្បួន​ស្រ្តី​ដើម្បី​ប្រឆាំងលោក​​ដូណាល់ ត្រាំ

មហា​បាតុកម្ម​ប្រឆាំង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ មាន​ចំនួន ៦៧០ រៀបចំ​ឡើង​ក្នុ​ងទីក្រុង​៤០០​នៅ​អាមេរិក និង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប តំបន់​ដើមបូព៌ា និង​នៅ​កាណាដា នៅថ្ងៃទី ២១ មករា ២០១៧
មហា​បាតុកម្ម​ប្រឆាំង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ មាន​ចំនួន ៦៧០ រៀបចំ​ឡើង​ក្នុ​ងទីក្រុង​៤០០​នៅ​អាមេរិក និង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប តំបន់​ដើមបូព៌ា និង​នៅ​កាណាដា នៅថ្ងៃទី ២១ មករា ២០១៧ ©REUTERS/Bryan Woolston
ដោយ៖ ឈាង បុប្ផា
១៤ នាទី

នៅ​ថ្ងៃ​ទី ១ ក្នុង​នាមជា​ប្រធានាធិបតី​អាមេរិកពេញលេញ ដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍​ទី ២១​មករា ត្រូវ​បាន​ស្វាគម​ដោយ​បាតុកម្ម​ប្រឆាំង​នឹង​លោក ដែល​ត្រូវ​បាន​ចូលរួម ដោយ​មនុស្ស​រាប់លាននាក់។ តាំង​ពី​វ៉ាស៊ីនតោន រហូត​ដល់​បារាំង អង់គ្លេស ឬ​ប៉ូឡូញ មនុស្ស​ប្រុសស្រី ជាច្រើន​ជាតិ​សាសន៍​​បាន​ចេញ​​ធ្វើ​បាតុកម្ម ដើម្បី​ បរិហារ​នយោបាយ​រើសអើង​ស្រ្តី និង​ជនអន្តោប្រវេសន៍​របស់ លោក​ដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

ទៅតាម​អ្នករៀបចំ​ធ្វើ​បាតុកម្ម ចំនួន​មនុស្ស​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​លោក​ដូណាល់ ត្រាំបាន​កើនឡើង ហួស​ពី​ចំនួន​ដែល​គេ​បាន​គ្រោងទុក ដែល​មាន​ប្រមាណ ២សែន​នាក់។ បាតុកម្ម​ធំជាងគេ​មាន​នៅទីក្រុង​វ៉ាស៊ីនតោន ជាទី​ដែល​បាតុករ​ប្រមាណ ១លាន​នាក់​បានដើរ​កកកុញ នៅ​តាមមហាវិថី និង​ផ្លូវ​គ្រប់​ច្រកល្ហក។ ចំនួន​បាតុករ​ប្រឆាំង​ត្រាំ​មាន​ច្រើន​ជាង​ចំនួន​មនុស្ស​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធីស្បថ​ចូលកាន់​តំណែង​របស់​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ។

 
ទៅតាម​ការអំពាវនាវ​របស់​ចលនា​ស្រ្តី ដែល​ដំបូង​ឡើយ ចង់​ធ្វើ​បាតុកម្ម ដើម្បី​ការពារ​សិទ្ធិ​ស្រ្តី និង​ចង់​បរិហារ​រិះគន់​នយោបាយ​រើសអើង​ទៅលើ​ស្រ្តី របស់​លោកដូណាល់ ត្រាំ ប្រជាជន​អាមេរិកាំង​កាន់តែច្រើន មិន​ថា នៅក្នុង ឬ​ក្រៅប្រទេស​បាន​ចូលរួម ក្នុង​បាតុកម្ម ដើម្បី​សំដែង​មតិ​របស់ពួកគេ ប្រឆាំង​គោលនយោបាយ​របស់​រដ្ឋបាល​លោកត្រាំ ឬ​ប្រឆាំង​នឹង​បុគ្គលិកលក្ខណៈ​របស់​លោក​ដូណាល់ ត្រាំ​ផ្ទាល់​តែម្តង។

នៅថ្ងៃ​សៅរ៍​ម្សិលមិញ គេរក​ឃើញ​ថា មាន​បាតុកម្ម​ប្រឆាំង​លោក​ដូណាល់ ត្រាំ ចំនួន ៦៧០ ដែល​ត្រូវ​បាន​រៀបចំឡើង នៅ​ក្នុង​ទីក្រុង​ចំនួន ៤០០ នៅ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​៧០​ផ្សេង​ទៀត។ នៅ​ប៉ារីស ឡុងដ៍ ស៊ីដនី ប៊ែរឡាំង រ៉ូម ប្រាគ តែលអាវីវ​របស់​អ៊ីស្រាអែល មនុស្ស​ជា​ច្រើន​ម៉ឺននាក់ បាន​ចូលរួម​ធ្វើ​បាតុកម្ម​ ដើម្បី​សំដែង​សាមគ្គីភាព​ជាមួយ​ប្រជាជន​អាមេរិក។

លោក​ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍​ម្សិលមិញ មិន​បានធ្វើ​អត្ថាធិប្បាយ​ទៅលើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ នៅពេលទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ​លោក​ដូណាល់ ត្រាំ​បានចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង ថា បាន​និយាយ​មិនពិត ពី​ចំនួន​មនុស្ស​ដែល​បានចូលរួម​ក្នុង​ពិធីស្បថ​ចូលកាន់​តំណែង​របស់លោក កាលពី​ថ្ងៃ​សុក្រ។ ដោយ​ដាក់​ទន្ទឹមគ្នា​រូបថត ពិធីស្បថ​របស់លោកដូណាល់ ត្រាំ ហើយ​និង​ពិធីស្បថ​របស់លោក​អូបាម៉ា នៅ​ឆ្នាំ ២០០៩ កាសែត និង​ទូរទស្សន៍​អាមេរិកាំង បាន​ប្រៀបធៀប​ថា លោក​ដូណាល់ ត្រាំ មាន​មនុស្ស​មកចូលរួម​តិចជាង​ពេល​លោកអូបាម៉ា ចូល​ស្បថ​កាន់តំណែង​ជា​ប្រធានាធិបតី​​អាមេរិក​នៅ​ឆ្នាំ ២០០៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ