អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោកដូណាល់ ត្រាំ​ចេញ​មុខ​ការពារ​ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ និង​ប្រឆាំង​ជនភៀសខ្លួន

សំឡេង ០៧:០៩
ក្រុម​បាតុករ​អាមេរិក​នៅ​ព្រលាន​យន្តហោះ​ក្រុង​ញូយ៉ក​ក្នុង​យប់​ថ្ងៃ​សៅរ៍ ទី២៨ មករា
ក្រុម​បាតុករ​អាមេរិក​នៅ​ព្រលាន​យន្តហោះ​ក្រុង​ញូយ៉ក​ក្នុង​យប់​ថ្ងៃ​សៅរ៍ ទី២៨ មករា REUTERS/Stephen Yang
៣៨ នាទី

នៅ​សហរដ្ឋអាមេរិក ក្រឹត្យ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃ​សុក្រ ទី២៧ មករា​បាន និង​កំពុង​បង្ក​ឲ្យ​មាន​រឿងអាស្រូវ និង​ប្រតិកម្ម​យ៉ាង​ព្រោងព្រាត​នៅ​ទូទាំង​ពិភពលោក។ នៅ​អង់គ្លេស លោកស្រី​នាយករដ្ឋមន្រ្តី Theresa May មិន​បាន​ឯកភាព​នឹង​ចំណាត់ការ​លើ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោក​ត្រាំ​ទេ។ នៅ​បារាំង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​លើ​ត្រាំ​ពី​វិធានការ​អាត្មានិយម​ដែល​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​សេដ្ឋកិច្ច និង​នយោបាយ។ នៅ​កាណាដា លោក​នាយករដ្ឋមន្រ្តី Trudeau បាន​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ដោយ​គ្មាន​ការ​រើសអើង។

ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​ដែល​ច្របូកច្របល់ និង​ស្រពិចស្រពិល​ខ្លាំង​ជាង​គេ គឺ​ក្បួនបាតុកម្ម​នៅ​ព្រលាន​យន្តហោះ John F. Kennedy ក្នុង​ក្រុង​ញូយ៉ក​នា​យប់​ថ្ងៃ​សៅរ៍ ទី២៨ មករា។ គឺ​ក្បួន​បាតុកម្ម​ចូល​រួម​ដោយ​បាតុករ​ជិត ២ ០០០នាក់​តាម​ការ​អំពាវនាវ​របស់​សមាគមន៍​ការពារ​ជនអន្តោប្រវេសន៍ និង​ការពារ​ជនភៀសខ្លួន។ ក្រៅ​ពី​វត្តមាន​ពួក​បាតុករ ក៏​គេ​សង្កេត​ឃើញ​មាន​កម្លាំង​ប៉ូលិស​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ បាតុកម្ម​នៅ​ព្រលាន​យន្តហោះ​ក្រុង​ញូយ៉ក គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកដំណើរ​ជនអន្តោប្រវេសន៍​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក ទោះ​បី​ជា​ពួក​គេ​មាន​ទិដ្ឋាការ​ស្រប​ច្បាប់ ឬ​មួយ​មាន​កាន់​ក្រដាសស្នាម​រស់នៅ​ស្រប​ច្បាប់​ក្នុង​ទឹកដី​អាមេរិក​ដែល​គេ​ហៅ​ថា Green card ក៏​ដោយ។

មនុស្ស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រលាន​យន្តហោះ John F. Kennedy ក្រុង​ញូយ៉ក​សុទ្ធសឹង​ជា​ជនជាតិ​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ហាម​ឃាត់​ដោយ​ក្រឹត្យ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ គឺ​ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង​យេម៉ែន។ ក្រៅ​ពី​ព្រលាន​យន្តហោះ John F. Kennedy ក្រុង​ញូយ៉ក ក្បួន​បាតុកម្ម​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ផ្សេង​ទៀត​ក្នុង​ទឹកដី​អាមេរិក។ សមាគមន៍​ការពារ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ឲ្យ​ដឹង​ថា មាន​អ្នក​ដំណើរ​ពី ១០០ ទៅ ២០០នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទឹកដី​អាមេរិក។

ទន្ទឹម​គ្នា​នេះ សមាគមន៍​ការពារ​ជនអន្តោប្រវេសន៍ និង​ការពារ​ជនភៀសខ្លួន​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ភ្លាមៗ​សុំ​អន្តរាគមន៍​ពី​ចៅក្រម​សហព័ន្ធ​លោកស្រី Ann Donnelly តាម​ការ​ទាមទារ​របស់​ជនជាតិ​អ៊ីរ៉ាក់​ចំនួន​ពីរ​នាក់​ដែល​មាន​ទិដ្ឋាការ​ត្រឹមត្រូវ។ នៅ​ទីបំផុត ចៅក្រម​បាន​សម្រេច​ឲ្យ​ព្យួរ​បណ្តោះអាសន្ន​លើ​ការ​អនុវត្តន៍​ក្រឹត្យប្រធានាធិបតី ដោយ​រារាំង​មិន​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ជន​ឃាត់ខ្លួន​ត្រឡប់​ទៅ​កន្លែង​ដើម និង​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះលែង​ជនជាតិ​អ៊ីរ៉ាក់​ទាំង​ពីរ​នាក់​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក។ គេ​អាច​និយាយ​បាន​ថា ការ​តទល់​តាម​ផ្លូវ​តុលាការ​លើ​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​បាន​ចាប់​ផ្តើម​ហើយ។

ក្រឹត្យ​លោក​ដូណាល់ ត្រាំ​កំពុង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង និង​ក្តីបារម្ភ

ក្រៅ​ពី​ការ​តទល់​តាម​ផ្លូវ​តុលាការ​នៅ​អាមេរិក ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​ប្រឆាំង​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ក៏​កំពុង​ទទួល​រង​ការ​ប្រឆាំង និង​ក្តីបារម្ភ​ពី​ថ្នាក់ដឹកនាំ​បរទេស​ភាគ​ច្រើន​នៅ​ក្នុង​លោក។ តែ​ក្នុង​នោះ ក៏​មាន​ប្រតិកម្ម​គាំទ្រ និង​សាទរ ពិសេស​ពី​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ដែល​ថ្លែង​ថា វិធានការ​របស់​លោក​ត្រាំ គឺ​ត្រឹមត្រូវ ១០០%។ លោក​នេតាន់យ៉ាហ៊ូ​បាន​ផ្តោត​សំខាន់​លើ​គម្រោង​សាងសង់​ជញ្ជាំង​ដែល​លោក​ត្រាំ​ចង់​សង់​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក។ លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ថា លោក​ក៏​បាន​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ប៉ែក​ខាងត្បូង​អ៊ីស្រាអែល​ដែរ និង​ថា វិធានការ​នេះ​ពិត​ជា​បាន​រារាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​មែន។

តែ​បើ​និយាយ​ពី​អ្នក​ប្រឆាំង​លើ​ចំណាត់ការ​របស់​លោក​ដូណាល់ ត្រាំ ពិសេស​ទាក់ទង​នឹង​ក្រឹត្យប្រឆាំង​អន្តោប្រវេសន៍ និង​ជន​ភៀសខ្លួន​មាន​ច្រើន ដោយ​ចាប់​ផ្តើម​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May។ លោកស្រី Theresa May យល់​ឃើញ​ថា នយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក​ជា​រឿង​ផ្ទៃក្នុង​របស់​អាមេរិក តែ​លោកស្រី​មិន​ឯកភាព​នឹង​វិធានការ​របស់​លោក​ត្រាំ​របៀប​នេះ​ទេ។ សម្រាប់​ភាគី​បារាំង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​លោក​ត្រាំ​តាម​ទូរស័ព្ទ​ពី​ផលវិបាក​សេដ្ឋកិច្ច និង​នយោបាយ​ដែល​អាច​កើត​មាន​ពី​វិធានការ​អាត្មា​និយម​របស់​លោក​ត្រាំ។ លោក​ហូឡង់​បាន​យល់​ឃើញ​ថា ប្រឈម​នឹង​ពិភពលោក​មិន​ជាក់ច្បាស់ និង​អស្ថិរភាព វិធានការ​អាត្មានិយម​ជា​ដំណោះស្រាយ​គ្មាន​ច្រកចេញ និង​រម្លឹក​ប្រាប់​លោក​ត្រាំ​ថា ការ​ទទួល​យក​ជនភៀសខ្លួន​ដែល​រត់គេច​ពី​សង្រ្គាម ជា​កាតព្វកិច្ច​មួយ។

នៅ​កាណាដា​ដែល​គេ​ស្គាល់​ជា​ប្រទេស​ទទួល​ជនភៀសខ្លួន​ដោយ​ដៃ​ទាំង​ពីរ លោក​នាយករដ្ឋមន្រ្តី Trudeau មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោក​ត្រាំ​ទេ តែ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter របស់​លោក​ថា កាណាដា​បើក​ទ្វារ​ទទួល​គ្រប់​ពេល​អ្នក​ដែល​បាន​រត់គេច​ពី​សង្រ្គាម និង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​គ្មាន​ការ​រើសអើង និង​ការ​ប្រកាន់​និន្នាការ​សាសនា​អ្វី​ទាំង​អស់។ តាម​លោក Trudeau ភាព​ចម្រុះ​ជាតិសាសន៍ និង​សាសនា​ជា​កម្លាំង​របស់​កាណាដា។

លោក​ដូណាល់ ត្រាំ​មិន​ឈឺ​ក្បាល​នឹង​ចំណាប់​អារម្មណ៍​របស់​អ្នកដទៃ

លោក​ដូណាល់ ត្រាំ​មិន​ឈឺក្បាល និង​បាន​ចេញ​មុខ​ការពារ​លើ​ភាព​ស្របច្បាប់​នៃ​ក្រឹត្យ​ដែល​លោក​បាន​ចុះ​ហត្ថលេខា។ ពិត​ណាស់​ថា ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​កំពុង​បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល និង​ច្របូកច្របល់​យ៉ាង​ខ្លាំង ព្រោះ​វា​មាន​ជាប់​ពាក់ព័ន្ធ​ទាំង​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ដែល​មាន​លិខិតស្នាម​រស់នៅ​ស្របច្បាប់​ក្នុង​ទឹកដី​អាមេរិក ក៏​ដូច​ជា​សិស្សនិស្សិត​ដែល​មាន​ទិដ្ឋាការ​រៀនសូត្រ​ក្នុង​ទឹកដី​អាមេរិក។ តែ​លោក​ត្រាំ​បាន​យល់​ឃើញ​ថា ការ​អនុវត្តន៍​ក្រឹត្យ​របស់​លោក​កំពុង​មាន​ដំណើរ​ការ​ដោយ​រលូន គ្មាន​បញ្ហា​អ្វី​ទាំង​អស់។

ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​បាន​រម្លឹក​ជា​ថ្មី​ថា ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោក​មិនមែន​សំដៅ​លើ​ប្រជាជន​អ្នក​កាន់សាសនា​អ៊ីស្លាម​ទូទៅ​ទេ តែ​សំដៅ​ប្រទេស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ និង​សុវត្ថិភាព​ប្រទេស និង​ពលរដ្ឋ​អាមេរិកាំង។ ដោយឡែក ក្រុម​ទីប្រឹក្សា​សេតវិមាន​ក៏​បាន​ចេញ​មុខ​ធានា​ថា អ្នក​ដែល​មាន​លិខិតស្នាម​ស្របច្បាប់​រស់ក្នុង​ទឹកដី​អាមេរិក និង​ដែល​កំពុង​មាន​វត្តមាន​នៅ​បរទេស​ពេល​នេះ នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​មើល​ឡើង​វិញ​មួយ​ករណី​ម្តងៗ។ ជា​ការ​ពិត ក្រឹត្យ​របស់​លោក​ត្រាំ​សំដៅ​លើ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន ៧ គឺ​ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង​យេម៉ែន។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ភេរវជន​ដែល​បាន​បង្ក​ភេរវកម្ម​នៅ San Bernardino ក្នុង​រដ្ឋ California និង​នៅ Orlando ក្នុង​រដ្ឋ Florida កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៥ និង​ខែ​មិថុនា ឆ្នាំ ២០១៦ មាន​ប្រភព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន និង​អារ៉ាប៊ីសាអូឌីត​ដែល​មិន​ឋិត​ក្នុង​បញ្ជី​ប្រទេស​នៃ​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ