អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រឹត្យ​ប្រធានាធិបតី​របស់​លោក​ ដូណាល់ ត្រាំ​ មាន​ប្រសិទ្ធិភាព​ត្រឹម​កំរិត​ណា?​

សំឡេង ០៣:៤៧
ប្រធានាធិបតីអាមេរិក​ Donald Trump
ប្រធានាធិបតីអាមេរិក​ Donald Trump REUTERS/Carlos Barria
ដោយ៖ បូលីន ដាវីដ
២៩ នាទី

ចូល​កាន់​អំណាច​បាន​ជាង​មួយ​សបា្តហ៍​ លោក​ ដូណាល់​ ត្រាំ កំពុង​តែ​បង្ក​ភាព​រំជើប​រំជួល​តាម​រយៈការ​ចុះ​ហត្ថលេខា​ក្រឹត្យ​ប្រធានាធិបតី​។ ក្រឹត្យ​នេះ​អនុញ្ញាត​អោយ​លោក​ ត្រាំ ចេញ​ចំណាត់​ការនយោបាយ​​មួយ​ចំនួន​ដែល​កំពុង​តែ​បង្ក​ភាពចម្រូង​ចម្រាស​។​ វិធានការណ៍​ក្តៅៗទាំងនោះ​ គឺ​មិន​ខុសពី​ពាក្យ​ពេចន៍​ ដែល​លោក​ ដូណាល់​ ត្រាំ ធ្លាប់បាន​សន្យា​ក្នុង​កំឡុង​ពេល​ឃោសនាឡើយ។​ តើ​ហេតុអ្វី​បាន​ជា​លោក​ ដូណាល់​ ត្រាំ ប្រញាប់​ប្រញាល់ចុះ​ហត្ថលេខា​​ក្រឹត្យ​ប្រធានាធិបតី​ភ្លាមៗ​បែប​នេះ?​ តើ​ក្រឹត្យ​ប្រធានាធិបតី​នេះ​មាន​ប្រសិទ្ធិ​ភាព​ត្រឹម​កំរិត​ណា?​ ​​  

ផ្សាយពាណិជ្ជកម្ម

 

សប្តាហ៍​តំបូង​របស់​លោក​ ដូណាល់​ ត្រាំ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​ គឺ​ប្រកប​ទៅ​ដោយ​ភាព​មមាញឹកក្រៃលែង។ ប៉ុន្តែ​ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​ គឺ​ចំណាត់ការ​នយោបាយ​របស់​លោក​ ដូណាល់​ ត្រាំ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​មួយ​ចំនួន។

 

​ ចំណាត់​ការ​នោះ​មាន​ដូចជា៖​ ការ​លប់​ចោល​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សាធារណៈ​ Obamacare, ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក (PTP), ការ​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​ម៉ិចសិក​, ការ​ប្រឆាំង​ជន​អន្តោប្រវេសន្ត​ខុស​ច្បាប់​, ការ​ផ្អាក​ទទួល​ជនភៀសខ្លួន, ការ​ហាម​ឃាត់​​រយៈពេល​ ៣​ ខែ​មិន​អោយ​ពលរដ្ឋ​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាមចំនួន​ ៧​ ចូល​ទឹកដី​អាមេរិក​ជាដើម។ សេចក្តី​សំរេច​ទាំងនេះ​​កំពុង​តែ​បង្ក​ភាព​រំជើប​រំជួល​ ​ក្តី​ព្រួយ​បារម្ភ​ និង​ការ​ខឹង​សម្បារ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស។​

 

មែនទែនទៅ ចំណាត់​ការ​ទាំងនេះ​ គឺ​ លោក​ ដូណាល់​ ត្រាំ កំពុងតែ​ផ្តើម​អនុវត្ត​ជាក់ស្តែង​រាល់​អ្វី​ដែល​លោក​បាន​សន្យា​ក្នុង​កំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ បើ​និយាយ​ស្រួល​ស្តាប់​ គឺលោក​ ត្រាំ កំពុង​តែ​ផ្គាប់​ចិត្ត​អ្នក​បោះឆ្នោត​ឲ្យ​គាត់។​ ហើយ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា​ គាត់​ជាប្រធានាធិបតី​គោរព​ការ​សន្យា​ ប្រកប​ដោយ​ភាព​ប្តេជ្ញាចិត្ត​មោះមុត​ និង​ធ្វើ​សកម្មភាព​ជាក់​ស្តែង​។ ​បើ​យើង​មើល​ទៅ​ រួបភាព​នេះ​ទំនង​ដូចជា​ល្អ​ណាស់​។​ ប៉ុន្តែ ធាតុពិត​ជាក់​ស្តែង​ ទម្ងន់​នៃ​ក្រឹត្យ​ប្រធានាធិបតី​នេះ​មាន​ដែន​កំណត់។​ គេ​ត្រូវ​ការ​ពេល​វេលា​យូរបន្តិច​ ដើម្បី​ផ្ទៀង​ផ្ទាត់​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្តន៍​ចំណាត់​ការ​ទាំងនោះ។

 

បើ​ទោះបី​ជា​ចំណាត់​ការ​តាម​រយៈ​ក្រឹត្យ​ប្រធានាធិបតី​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បង្ក​ភាព​ប្របូក​ច្របល់​ ក៏​ប៉ុន្តែ​ បើ​យើង​ក្រឡេក​មក​មើល​ប្រវត្តិ​នយោបាយ​អាមេរិក​វិញ​ យើង​ឃើញ​ថា​ចំណាត់​ការ​របស់​លោក​ ដូណាល់​ ត្រាំ ហាក់​គ្មាន​អ្វី​ពិសេស​ឡើយ។​ មែនទែន​ទៅ លោក ដូណាល់​ ត្រាំ មិន​មែន​ជា​ប្រធានាធិបតី​អាមេរិក​លើកតំបូងឡើយ​ ដែល​បាន​ចេញ​ចំណាត់ការ​នយោបាយ​ខ្លួន​តាមរយៈ​ក្រឹត្យ​ប្រធានាធិបតី​ ក្រោយ​ពេល​ចូល​កាន់​តំណែង​ភ្លាមៗ។​ លោក​ប្រធានាធិបតី​ថ្មី​រូប​នេះ​កំពុង​តែ​អនុវត្ត​ប្រពៃណី​នយោបាយ​ ដែល​មាន​ចាប់តាំង​ពី​សម័យ​លោក​ប្រធានាធិបតី​អាមេរិក​តំបូង​គេ​បង្អស់​ គឺលោក George Washington។

 

តាមពិត​ទៅ ក្រឹត្យ​ប្រធានាធិបតី​នេះ​ពុំ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​ទេ។​ ក្រឹត្យ​នេះ​អនុញ្ញាត​អោយ​ប្រធានាធិបតី​ដាក់ទិសដៅ​នយោបាយ​ក្នុង​ពេល​កាន់​អំណាច​របស់​ខ្លួន​។ ​ហើយ​សេចក្តី​សំរេច​របស់​ប្រធានាធិបតី​នេះ​ គឺ​ជំរុញ​ឲ្យ​អនុវត្ត​កិច្ចការ​អ្វី​មួយដោយ​យោង​លើ​ច្បាប់​ដែល​មាន​ស្រាប់​ ដោយ​ពុំ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពីសភា​ Congrès ឡើយ។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ ខាង​អំណាច​និតិ​ប្រតិបត្តិ​ពុំ​ចាំ​បាច់​ត្រូវ​ការ​ជជែក​ពិភាក្សា​ដេញ​ដោល​នៅ​សភា​ដើម្បី​អនុម័ត​សេចក្តី​សំរេច​អ្វី​មួយឡើយ។ ដូចនេះ បើ​និយាយ​ពី​ប្រសិទ្ធិភាព​ក្នុង​រយៈ​ពេល​​ខ្លី ក្រឹត្យ​ប្រធានាធិបតី​ជា​ឧបករណ៍​នយោបាយ​មាន​លក្ខណៈ​រហ័ស​ទាន់​ចិត្ត​តែ​ម្តង។

 

ក្នុង​រយៈពេល​កាន់​អំណាច​ចំនួន​ ៨ ឆ្នាំ​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី​ចំនួន​ ២៧៦។​ លោក​ George W. Bush ចំនួន​ ២៩១​ ហើយ​លោក​ Bill Clinton ចំនួន​ ៣៦៤។ ក្រៅ​តែពី​រហ័ស​ចំណេញ​ពេលវេលា​ និង​មាន​ប្រសិទ្ធិ​ភាព​ ក្រឹត្យ​ប្រធានាធិបតី​នេះ​ក៏​ជាសញ្ញា​បង្ហាញ​កម្លាំង​សាច់​ដុំ​របស់​ក្រុម​ការងារ​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ ​ប្រចាំ​នៅ​សេតវិមាន​​ផងដែរ។ ប៉ុន្តែ សូមកុំ​ភ្លេច​ថា​ក្រឹត្យ​ប្រធានាធិបតី​នេះ​ក៏​ជា​កាំបិត​មុខ​ពីរផងដែរ។ បើ​ទោះបី​ជា​ក្រឹត្យ​នេះ​នាំ​អោយ​រដ្ឋការ​លោក​ ដូណាល់​ ត្រាំ ចំណេញ​ពេលវេលា​ ពុំ​ចាំបាច់​ឆ្លង​ការ​អនុម័ត​ពីសភា​ ប៉ុន្តែ ក្រឹត្យ​នេះ​ពុំ​ទទួល​បាន​ភាព​ស្រប​ច្បាប់​យូរ​អង្វែង​ឡើយ​ បើ​គេប្រៀប​ធៀប​នឹង​ច្បាប់​ដែល​សភា​បាន​អនុម័ត​ត្រឹមត្រូវ។

 

ប្រសិន​បើ​លោក​ ដូណាល់​ ត្រាំ បំពាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី​ច្រើន​ហួស​ហេតុ​ពេក​ គាត់​ប្រាកដ​ជា​អាច​មាន​បញ្ហា​ជាមួយ​សភា​ Congrès ព្រោះសភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា​អាច​យល់​ថា​ លោក​ ត្រាំ កំពុង​តែ​បែរខ្នង​ដាក់ពួក​គេ។ ហើយ​កាយវិការ​បែបនេះ​ក៏​ជា​លេស​មួយ​សមហេតុ​ផល​ ដែល​ពួក​សមាជិក​សភាអាចចោទថា​លោក​ ដូណាល់​ ត្រាំ ថាមិន​គោរព​រដ្ឋ​ធម្មនុញ្ញ​ប្រទេសដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។ ទោះបី​ជា​ស្ថាប័ន​សភា​ទាំងពីរ​ថ្នាក់​កំពុង​តែ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ លោក​ ត្រាំ មិន​អាច​ធ្វើ​អ្វីតាម​ចិត្ត​នឹក​ឃើញ​ខុស​ពី​ខ្សែ​បន្ទាត់​ និង​តម្លៃ​នយោបាយ​របស់​បក្ស។

 

ម៉្យាង​ទៀត​ ដើម្បី​អនុវត្ត​ចំណាត់​មួយ​ចំនួន​របស់​ខ្លួន​ លោក​ ដូណាល់​ ត្រាំ ត្រូវ​ការ​ថវិការ​សំរាប់​រដ្ឋាភិបាល​សហព័ន្ធ។​ ហើយ​ថវិការ​នេះ​ចាំបាច់ត្រូវ​តែឆ្លង​កាត់​ការ​អនុម័ត​ពីសភា។ ហើយ​សភា​ក៏មាន​សិទ្ធិ​បង្កើត​ច្បាប់ផងដែរ​ ​ដើម្បី​អាច​បោះឆ្នោត​លប់​ចោល​ក្រឹត្យ​ប្រធានាធិបតី​​បាន​គ្រប់​ពេលវេលា។​លើសពីនេះ​ នៅ​មាន​ស្ថាប័ន​មួយ​ទៀត​ក៏​អាច​រំលាយ​ក្រឹត្យ​នេះ​ចោល​ដែរ។​ នោះ​គឺ តុលាការ​កំពូល​អាមេរិក​ដែល​មាន​​អំណាច​ស្រប​ច្បាប់ ក្នុង​ការ​ចេញសេចក្តីសំរេចលប់​ចោល​ក្រឹត្យ​នោះ​ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​ចំណាត់ការ​ណាមួយរបស់​លោក​ប្រធានាធិបតី​ដើរ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ