អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោក​អូបាម៉ា​ចេញ​មុខ​ប្រតិកម្ម​នឹង​ក្រឹត្យ​របស់​លោកត្រាំ តែ​លោកត្រាំ​មិន​ឈឺ​ក្បាល

សំឡេង ០៦:០៨
លោក​អូបាម៉ា​ចេញ​មុខ​ប្រតិកម្ម​នឹង​ក្រឹត្យ​របស់​លោកត្រាំ តែ​លោកត្រាំ​មិន​ឈឺ​ក្បាល
លោក​អូបាម៉ា​ចេញ​មុខ​ប្រតិកម្ម​នឹង​ក្រឹត្យ​របស់​លោកត្រាំ តែ​លោកត្រាំ​មិន​ឈឺ​ក្បាល REUTERS/Kevin Lamarque
៣៣ នាទី

នៅ​សហរដ្ឋអាមេរិក ក្រឹត្យ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភសៀខ្លួន​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក។ ប្រតិកម្ម​រិះគន់ ទិតៀន​មាន​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ផ្ទៃក្នុង​អាមេរិក។ លោក​អតីត​ប្រធានាធិបតី​អូបាម៉ា​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ក្រឹត្យ​របស់​លោក​ត្រាំ​ដែល​លោក​គិត​ថា ផ្ទុយ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​តម្លៃ​របស់​អាមេរិក។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ដូណាល់ ត្រាំ​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់ និង​បន្ត​រក្សា​ជំហរ​របស់​ខ្លួន​ដោយ​អះអាង​ជា​ថ្មី​ថា ក្រឹត្យ​របស់​លោក​គ្មាន​ការ​រើសអើង និង​គ្មាន​ការ​ប្រឆាំង​នឹង​អ្នកកាន់​សាសនា​អ៊ីស្លាម​ទេ។

ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​របស់​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ទាក់ទង​នឹង​ក្រឹត្យ​របស់​លោក​ត្រាំ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​មិនមែន​ជា​រឿង​ចំឡែក​ទេ មិន​ចំឡែក​ព្រោះ​លោក​បារ៉ាក់ អូបាម៉ា​ធ្លាប់​បាន​បញ្ជាក់​ជា​ផ្លូវការ​រួច​ហើយ​ថា លោក​នឹង​ចូលខ្លួន​បញ្ចេញ​មតិយោបល់​ក្នុង​រឿង​នយោបាយ និង​បញ្ហា​ជាតិ ប្រសិន​បើ​លោក​យល់​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​កំពុង​កើត​ឡើង​ផ្ទុយ​នឹង​គោលការណ៍​លទ្ធិប្រជាធិបេត្យ និង​តម្លៃ​ជា​សារវន្ត​របស់​អាមេរិក។ នៅ​ក្នុង​សន្និសីទកាសែត​ចុង​ក្រោយ​កាល​ពី​ថ្ងៃទី១៨ មករា​កន្លង​ទៅ ពោល​២ថ្ងៃ​មុន​នឹង​ការ​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក​ដូណាល់ ត្រាំ លោក​អូបាម៉ា​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​លោក​ត្រូវ​បញ្ចេញ​ប្រតិកម្ម រួម​មាន ការ​រើសអើង ឧបសគ្គ​ផ្សេងៗ​ទាក់ទង​នឹង​សិទ្ធិ​បោះឆ្នោត ឬ​មួយ​ក៏​គំនិត​ចង់​បណ្តេញ​កូនក្មេង​ដែល​បាន​ធំ​ដឹងក្តី​លើ​ទឹកដី​អាមេរិក​ជា​ដើម។

សម្រាប់​លោក​អូបាម៉ា ក្រឹត្យ​របស់​លោក​ត្រាំ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ពិត​ជា​មាន​លក្ខណៈ​រើសអើង និង​ប្រកាន់​ពូជសាសន៍។ ប្រតិកម្ម​​របស់​លោក​អូបាម៉ា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នកនាំពាក្យ​របស់​លោក គឺ​លោក Kevin Lewis នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ លោក​អូបាម៉ា​មិន​បាន​ប្រតិកម្ម​ផ្ទាល់​លើ​ក្រឹត្យ​របស់​លោក​ត្រាំ ហើយ​ក៏​មិន​បាន​និយាយ​ចំ​ឈ្មោះ​លោក​ត្រាំ​ដែរ តែ​ចូលរួម​លើក​ទឹកចិត្ត​ពលរដ្ឋ​អាមេរិក​ដែល​បាន​ក្រោក​ឈរ​ធ្វើ​បាតុកម្ម​ការពារ​លទ្ធិប្រជាធិបតេយ្យ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា លោក​អូបាម៉ា​មិន​យល់​ស្រប​ទាល់​តែ​សោះ​ពី​ការ​រើសអើង​មនុស្ស​ដោយ​ផ្អែក​លើ​ជំនឿ និង​សាសនា​របស់​គេ​ម្នាក់ៗ។

តើ​រឿងរ៉ាវ​ទាក់ទង​នឹង​ក្រឹត្យ​របស់​លោក​ត្រាំ​អាច​នឹង​បញ្ចប់​នៅ​ពេល​ណា និង​យ៉ាង​ដូចម្តេច?

រឿងរ៉ាវ​ទាក់ទង​នឹង​ក្រឹត្យ​របស់​លោកត្រាំ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​កំពុង​ទទួល​រង​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ផ្ទៃក្នុង​អាមេរិក។ នៅ​ថ្ងៃ​ចន្ទ ទី៣០ មករា ពោល​ទន្ទឹម​គ្នា​នឹង​ប្រតិកម្ម​របស់​លោក​អូបាម៉ា គេ​ឃើញ​មាន​មន្រ្តីការទូត​អាមេរិក​ជា​ច្រើន​នាក់​បាន​បង្ហោះ​មតិ​ប្រឆាំង​នឹង​ក្រឹត្យ​របស់​លោក​ត្រាំ​តាម​រយៈ « កាណាល់ប្រឆាំង » នៅ​ផ្ទៃក្នុង​ក្រសួង​ការបរទេស។ « កាណាល់ប្រឆាំង » នេះ​ជា​មធ្យោបាយ​ទាក់ទង​មួយ​នៅ​ផ្ទៃក្នុង​ក្រសួង​ការបរទេស​អាមេរិក​ដែល​មិន​មាន​បញ្ចេញ​ឈ្មោះ ឬ​អត្តសញ្ញាណ​របស់​រូបមន្រ្តី​ការទូត​ប្រឆាំង​ណា​ម្នាក់​ទេ។

ក្រសួង​ការបរទេស​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​អត្ថន័យ​របស់​សារ ចំនួន​មន្រ្តីការទូត​ដែល​ប្រឆាំង ឬ​មួយ​ចំនួន​អ្នកគាំទ្រ​ទេ។ សូម​ជម្រាប​ជូន​ថា « កាណាល់ប្រឆាំង » នៅ​ផ្ទៃក្នុង​ក្រសួង​ការបរទេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៧១ ក្នុង​សម័យ​សង្រ្គាម​វៀតណាម​ដើម្បី​ឆ្លើយ​តប​នឹង​ពាក្យ​រិះគន់​របស់​មន្រ្តីការទូត​ចំពោះ​នយោបាយ​ការបរទេស​អាមេរិក។ ទន្ទឹម​នឹង​ការ​ប្រឆាំង​ពី​ឥស្សរជន​នយោបាយ ក្រឹត្យ​របស់​លោក​ត្រាំ​មួយ​នេះ​ក៏​កំពុង​ទទួល​រង​ការ​ប្តឹង​ទៅ​តុលាការ​សហព័ន្ធ​ពី​រដ្ឋ និង​មេធាវី​មួយ​ចំនួន​ដែរ។ ជាក់ស្តែង​នា​ចុង​សប្តាហ៍​កន្លង​ទៅ ចៅក្រម​នៅ​ញូយ៉ក និង​វឺយីញ៉ា​បាន​បង្ខំ​ចិត្ត​ឲ្យ​ព្យួរ​ការ​អនុវត្តន៍​ក្រឹត្យ​លោក​ត្រាំ​តាម​ពាក្យ​បណ្តឹង​របស់​សមាគមន៍​សិទ្ធិមនុស្ស​ជា​ច្រើន។

នៅ​ថ្ងៃ​ចន្ទ ទី៣០ មករា​ដដែល រដ្ឋអំណាច​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​ប្រឆាំង​នឹង​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ។ រដ្ឋមន្រ្តី​អាមេរិក​ម្នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា គ្មាន​នរណា​អាច​អង្គុយ​លើ​ច្បាប់​បាន​ឡើយ ទោះ​បី​ជា​ប្រធានាធិបតី​ក៏​ដោយ និង​ថា​នៅ​តុលាការ អ្នក​ឈ្នះ​មិនមែន​ជា​មនុស្ស​ដែល​និយាយ​ស្រែក​ខ្លាំងៗ​ទេ តែ​គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ។ គេ​មិន​ដឹង​ថា តើ​រឿងរ៉ាវ​មួយ​នេះ​នឹង​ចប់​នៅ​ពេល​ណា​ទេ អ្វី​ដែល​គេ​ដឹង មាន​ផ្លូវ​ពីរ​ដែល​អាច​លុប​ក្រឹត្យ​របស់​លោក​ត្រាំ​បាន ទី១ គឺ​ការ​សម្រេច​របស់​តុលាការកំពូល និង​ទី២ ការ​អនុម័ត​ពី​សភា។

តែ​សព្វថ្ងៃ​នេះ គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ​កំពុង​មាន​សម្លេង​ភាគច្រើន​ទាំង​នៅ​សភា និង​ព្រឹទ្ធសភា។

លោក​ដូណាល់ ត្រាំ​ប្រើ​ធម៌ក្តៅ​ចំពោះ​អ្នក​ចេញ​មុខ​ប្រឆាំង​ក្រឹត្យ​របស់​លោក

ឆ្លើយ​តប​នឹង​ការ​ប្រឆាំង​ពី​គ្រប់ទិសទី ពិសេស​នៅ​ផ្ទៃក្នុង​អាមេរិក លោក​ដូណាល់ ត្រាំ​មិន​ញញើត​នឹង​ប្រើ​វិធានការ​ធម៌ក្តៅ​ឡើយ។ ជាក់ស្តែង លោក​ត្រាំ​បាន​ដក​តំណែង​លោកស្រី​សាលី យ៉េត (Sally Yates) ពី​រដ្ឋមន្រ្តីស្តីទី​នៃ​ក្រសួង​យុត្តិធម៌។ លោកស្រី​យ៉េត​ដែល​តែងតាំង​ក្នុង​ជំនាន់​លោក​អូបាម៉ា​បាន​ចេញ​មុខ​ចោទ​សួរ​ពី​ភាព​ស្របច្បាប់​នៃ​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​ដ៏​ចម្រូងចម្រាស។ ការ​ដក​តំណែង​លោកស្រី​យ៉េត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ដែល​មាន​ខ្លឹមសារ​ថា លោកស្រី​យ៉េត​បាន​ក្បាត់​ក្រសួង​យុត្តិធម៌​ដោយ​បដិសេធ​មិន​អនុវត្ត​តាម​ក្រឹត្យប្រធានាធិបតី​ដែល​សំដៅ​ការពារ​ពលរដ្ឋ​អាមេរិក។

ក្រៅ​ពី​បញ្ចប់​​តំណែង​រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​យុត្តិធម៌ លោក​ត្រាំ​ក៏​បាន​ប្តូរ​នាយកស្តីទី​ទទួល​បន្ទុក​អន្តោប្រវេសន៍ និង​គយ​ដែរ។ ដោយឡែក ការ​ប្រឆាំង​របស់​មន្រ្តីការទូត​នៅ​ក្រសួង​ការបរទេស​ក៏​មិន​អាច​ទប់កំហឹង​របស់​លោក​ត្រាំ​បាន​ដែរ។ អ្នកនាំពាក្យ​លោក​ត្រាំ​បាន​ប្រើ​សម្តី​ខ្លាំងៗ​ថា ជម្រើស​មាន​តែ​ពីរ​គត់ ឬមួយ​ពួក​គេ​ទទួល​យក​ក្រឹត្យ​របស់​ប្រធានាធិបតី ឬ​មួយ​ពួក​គេ​លា​ឈប់​ពី​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ