អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ ជ្រើសរើស​ចៅក្រម​​ដែលធ្លាប់​​ប្រឆាំង​នឹង​ការពន្យារ​កំណើត

ប្រធានាធិបតី​ដូណាល់ ត្រាំ ជ្រើសរើស​លោក​ នៀល ហ្កសាច​ជា​ចៅក្រម​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ៣១​មករា ២០១៧
ប្រធានាធិបតី​ដូណាល់ ត្រាំ ជ្រើសរើស​លោក​ នៀល ហ្កសាច​ជា​ចៅក្រម​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ៣១​មករា ២០១៧ ©REUTERS/Kevin Lamarque
ដោយ៖ ឈាង បុប្ផា
៣១ នាទី

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅថ្ងៃ​អង្គារ​ទី ៣១​មករា បាន​ប្រកាស​ជ្រើសរើស​ចៅក្រម​អភិរក្ស​និយម វ័យក្មេង ម្នាក់ ឲ្យ​ធ្វើ​ជា​ចៅក្រម​របស់​តុលាការ​កំពូល​អាមេរិក។ ដោយ​ជ្រើសរើស​លោក Niel Gorsuch លោក​ដូណាល់ ត្រាំ​បាន​និយាយ​ថា លោក​ជា​ប្រធានាធិបតី​រក្សា​សំដី រក្សា​ការសន្យា​ដែល​ថា លោក​នឹង​តែងតាំង​ចៅក្រម​ម្នាក់ ដែល​អនុវត្ត​យ៉ាងម៉ត់ ច្បាប់​រដ្ឋធម្មនុញ្ញ​អាមេរិកាំង។ 

ផ្សាយពាណិជ្ជកម្ម

តាម​ការប្រកាស​របស់​ប្រធានាធិបតី អាមេរិក លោក​Niel Gorsuch នឹង​ចូល​ទៅ​អង្គុយ​កៅអី ដែល​នៅ​ទំនេរ ចោល​អស់​មួយឆ្នាំ នៅ​តុលាការ​កំពូល បន្ទាប់​ពី​មរណភាព​របស់​ចៅក្រុមអភិរក្ស​និយម Antonin Scalia។

 
នៅក្នុង​ការប្រកាស​តែងតាំង​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា បន្ទាប់​ពី​ចេញ​ក្រឹត្យ​ដើម្បី​ការពារ​ជាតិ ការងារ​សំខាន់ ទី​២​របស់​លោក គឺ​តែងតាំង​ចៅក្រម​ម្នាក់​សម្រាប់​តុលាការ​កំពូល ដែល​មាន​តួនាទី​តាមដាន ពិនិត្យ​មើល​ការអនុវត្តន៍ បកស្រាយ​រដ្ឋធម្មនុញ្ញ​អាមេរិកាំង។

តុលាការ​កំពូល​អាមេរិក​មាន​ចៅក្រម​៩នាក់។ ពួកគេ​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី សម្រាប់​តំណែង​មួយ​ជីវិត លើកលែង​តែ​ពួកគេ​សុំលាលែង​ចេញ​ពី​តំណែង​តែ​ប៉ុណ្ណោះ។ តុលាការ​កំពូល សព្វថ្ងៃ មាន​ចៅក្រម​តែ​៨នាក់​ប៉ុណ្ណោះ ដោយសារ​មរណភាព​របស់​ចៅក្រម Scalia កាល​ពី​ដើម​ឆ្នាំ ២០១៦។

នៅ​អាមេរិក តុលាការ​កំពូល ជា​ស្ថាប័ន​ជាន់ខ្ពស់ មាន​អំណាច​កំពូល និង​ជាអ្នកមាន​សំឡេង​អារកាត់ ចុងក្រោយ លើ​ការសម្រេចចិត្ត​នានា មិនថា ការសម្រេច​របស់​ប្រធានាធិបតី ឬ​របស់​តុលាការ​រដ្ឋ​សហព័ន្ធ ទៅលើ​សំណុំរឿង​សង្គម ដូចជា ការរំលូតកូន ការរើសអើង​ពូជសាសន៍ ទោស​ប្រហារជីវិត ឬ​ការរៀបការ​រវាង​មនុស្ស​ភេទដូចគ្នា​ជាដើម។

បើ​តុលាការ​កំពូល​សម្រេច​យ៉ាងណា គឺ​គ្មាន​ផ្លូវ​តវ៉ា​អ្វី​បន្ត​ទៀតទេ។ នៅ​ឆ្នាំ ២០១៦ តុលាការ​កំពូល​អាមេរិក បាន​ទាត់ចោល ការសម្រេច​របស់​តុលាការ​រដ្ឋ​តិចសាស់ ដែល​បាន​កំណត់​សិទ្ធិ​ស្រ្តី​ក្នុង​ការរំលូតកូន។ ឧទាហរណ៍ មួយទៀត តុលាការ​កំពូល​ក៏​ធ្លាប់​ជា​អ្នកសម្រេច​ចិត្ត​ចុងក្រោយ ឲ្យ​គេ​ផ្អាកព្យួរ កម្មវិធី​ប្រយុទ្ធប្រឆាំង ការឡើង​កំដៅ​នៃ​ភព​ផែនដី ដែល​ដាក់​ចេញ​ដោយ លោក​ប្រធានាធិបតី​អូបាម៉ា​ដែរ។

តើ​លោក​Niel Gorsuch ជា​អ្នកណា?
ក្នុង​អាយុ ៤១​ឆ្នាំ លោក​ Niel Gorsuch ជាចៅក្រម​វ័យក្មេង​បំផុត ក្នុង​ប្រវត្តិអាមេរិក ដែល​ត្រូវ​បាន​ប្រធានាធិបតី​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ចៅក្រម​នៅ​តុលាការ​កំពូល។ លោក​ Niel Gorsuch​ធ្លាប់​រៀន​នៅ​សាលា​ច្បាប់​Harvard ដ៏​ល្បី ដូច​លោក​ប្រធានាធិបតី​អូបាម៉ា។ បន្ទាប់​ពី​បាន​ទទួល​សញ្ញាប័ត្រ​នៅ​សាលា​អង់គ្លេស Oxford លោក​ធ្លាប់​ធ្វើជា​ជំនួយការ​របស់​ចៅក្រម​តុលាការ​កំពូល លោក​Kenedy មុន​នឹង​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​W Bush ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ចៅក្រម​នៅ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​នៅ​ឆ្នាំ ២០០៦។

១០​ឆ្នាំ ក្រោយ លោក​ Niel Gorsuch ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ជ្រើសរើស​ឲ្យធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល។ ដោយ​ជ្រើសរើស​លោក Niel Gorsuch លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​តុលាការ​កំពូល​អាមេរិក​មាន​លំនឹង​ដូចមុន គឺ​មាន​ចៅក្រម​អភិរក្ស​និយម ៥នាក់ និង​ចៅក្រម​សេរីនិយម ៤នាក់។ តាម​ប្រពៃណី​អាមេរិក តុលាការ​សេរី ចំរើន​និយម​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ចំណែក​ចៅក្រម​និន្នាការ​អភិរក្ស​និយម ជ្រើសរើស​ដោយ​ក្រុមសាធារណរដ្ឋ។

នៅ​ឆ្នាំ ២០១៦ ក្រុមសាធារណរដ្ឋ ដែល​ចង់​រក្សា​សំឡេង​ក្រុមអភិរក្សនិយម​របស់ខ្លួន នៅ​តុលាការ​កំពូល បាន​បោះឆ្នោត នៅ​ព្រឹទ្ធសភា បដិសេធ​ឈ្មោះ ចៅក្រមសេរីនិយម​ម្នាក់ ដែល​លោក​អូបាម៉ា បានជ្រើសរើស សម្រាប់​បំពេញ​កៅអី​ដែល​ទំនេរ នៅក្រោយ​មរណភាព​របស់​លោកចៅក្រម​អភិរក្សនិយម Scalia។

ដូច្នេះ ដោយ​ជ្រើសរើស​លោក​ Niel Gorsuch លោកត្រាំ ចង់​ធ្វើ​តាម​បំណង​របស់​ក្រុមសាធារណរដ្ឋ ដែល ទន្ទឹង​ចង់​បាន​ចៅក្រម​អភិរក្ស​និយម នៅ​តុលាការ​កំពូល។ តាម​ការស្ទង់មតិ ដែល​ធ្វើឡើង នៅក្រោយ​ការបោះឆ្នោត ការជ្រើសរើស​ឈ្មោះ​ចៅក្រម​មកពី​ក្រុមអភិរក្ស​និយម ​ជា​អ្វី​ដែល​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​សាធារណរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៨​វិច្ឆិកា​កន្លងទៅ។

លោក​ Niel Gorsuch ជាអ្នក​កោតសរសើរ​ការងារ​របស់​លោក​ចៅក្រម Scalia ចៅក្រម​អភិរក្ស​និយមខ្លាំង នៅ​តុលាការ​កំពូល។ ផ្ទុយពី​ចៅក្រម​សេរី និង​ចំរើន​និយម ដែល​ចង់​ឲ្យ​គេ​បកស្រាយ​រដ្ឋធម្មនុញ្ញ ទៅតាម​ការវិវឌ្ឍ​សង្គម ដូចជា​អនុញ្ញាត​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា ជាដើម លោក​ Niel Gorsuch វិញ​មាន​ជំហរ​ដូច​លោក​Scalia គឺ​ចង់​ឲ្យ​គេ​អនុវត្ត​តាម​ន័យ​ដើម​របស់​រដ្ឋធម្មនុញ្ញ ដែល​បាន​បង្កើតឡើង​នៅឆ្នាំ ១៧៨៣ ពោលគឺ​គ្មាន​និយាយ​ទេ សិទ្ធិ​រៀបការ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។

ជា​អ្នកជឿ ប្រណិបត្តិ​សាសនា​កាតូលិក លោក​ Niel Gorsuch គឺ​ជា​ចៅក្រម​អភិរក្ស​និយម​ម្នាក់ ដែល​គាំទ្រ​ទោស​ប្រហារជីវិត និង​តឹងរ៉ឹង​ខ្លាំង​នៅក្នុង​រឿង​រំលូតកូន។ កាលនៅ​ជា​ចៅក្រម​នៅ​តុលាការ​សហព័ន្ធ នៅ​រដ្ឋ​កូឡូរ៉ាដូ លោក​ធ្លាប់​បាន​ចេញ​សាលដីកា មួយ ការពារ​ការសម្រេច​របស់​ក្រុមហ៊ុន​ឯកជន​អាមេរិក ដែល​បាន​បដិសេធ​មិនផ្តល់​ប្រាក់​ធានា​រ៉ាប់រ៉ង​សម្រាប់​បុគ្គលិក​ស្រ្តី ដែល​ចង់​ពន្យារ​កំណើត ទៅតាម​ច្បាប់សុខភាព Obamacare។

ផ្លូវ​របស់​លោកត្រាំ ដើម្បី ឈាន​ទៅ​លុប​ចោល​ច្បាប់​ទទួល​ស្គាល់​សិទ្ធិ​រំលូត​កូន នៅ​អាមេរិក
បើសិន​លោក​ Niel Gorsuch នៅ​ទីបំផុត​ត្រូវ​ព្រឹទ្ធសភា បោះឆ្នោត​ទទួល​ស្គាល់ ឲ្យ​ធ្វើជា​ចៅក្រម​នៅ​តុលាការ​កំពូល នោះ តុលាការ​កំពូល​នឹង​រក្សា​តុល្យការ​ដូចមុន ដូច​ក្នុង​អាណត្តិ​របស់លោកអូបាម៉ា ដែល​មាន​ចៅក្រម​អភិរក្ស​និយម ៥នាក់ និង សេរីនិយម​៤នាក់។ ជាមួយ​នឹង​អាយុ​កាន់តែ​ជ្រេ​របស់​ចៅក្រម​សេរីនិយម ពីរនាក់ ដែល​ធ្លាប់តែងតាំង ដោយ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ក្រុមសាធារណរដ្ឋ​សង្ឃឹមថា នៅក្នុង​អាណត្តិ​របស់លោក ដូណាល់ ត្រាំ គេ​នឹង​អាច​តែងតាំង កាន់តែច្រើន ចៅក្រម​អភិរក្សនិយម នៅ​តុលាការ​កំពូល។

ជាមួយ​នឹង​សំឡេង​ភាគច្រើន របស់​ក្រុមអភិរក្ស​និយម​នៅ​តុលាការ​កំពូល លោក​ដូណាល់ ត្រាំ ដែល​ប្រឆាំង​នឹង​ការរំលូតកូន គឺ​ពិតជា​អាច​ស្វែងរក​ជំនួយ​ពី​តុលាការ​កំពូល ឲ្យ​សើរើ​ច្បាប់ ទទួល​ស្គាល់​ការរំលូត​កូន។ ប៉ុន្តែ តាម​អ្នកជំនាញ​ខាងរដ្ឋធម្មនុញ្ញ​អាមេរិក​ជាច្រើន ការសើរើ​ចង់​លុបចោល​ច្បាប់​ដែល​មាន​អាយុ ៤០​ឆ្នាំ ទំនង​ជាពិបាក​នឹង​អាច​កើតឡើង ព្រោះថា ប្រធាន​ចៅក្រមតុលាការ​កំពូល​សព្វថ្ងៃ បើទោះបី​ជា​មានជំហរ​អភិរក្ស​និយម ​ប៉ុន្តែ មិនជ្រុលនិយម​ខ្លាំង​នោះទេ។ ម្យ៉ាងទៀត រាល់​ចៅក្រម បើទោះបី​ជា​ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី​មែន ប៉ុន្តែ ពួកគេ​មាន​សេរីភាព និង​ឯករាជ្យ ក្នុង​ការសម្រេច​ចិត្ត​របស់​ពួកគេ​ផ្ទាល់ គឺ​មិនស្ថិតនៅក្រោម​គំនាប​របស់​ប្រធានាធិបតី​នោះទេ។

ចុងក្រោយ​មួយទៀត លោក​ Niel Gorsuch​នឹង ​អាច​ក្លាយ​ជា​ចៅក្រម​ពេញសិទ្ធិ បើសិន​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ។ ដោយ​ត្រូវការ​សំឡេង ៦០ លើ​១០០ ក្រុម​សាធារណរដ្ឋ ដែល​មាន​សំឡេង​តែ ៥២ នៅ​ព្រឹទ្ធសភា ពិបាក​នឹង​អាច​បោះឆ្នោត ជ្រើសរើស​លោក​ Niel Gorsuchឲ្យ​ធ្វើជា​ចៅក្រម​តុលាការ​កំពូល បើសិន​ជា​គេ​គ្មាន​សំឡេង​គាំទ្រ​ពី​ក្រុមប្រជាធិបតេយ្យ ដែល​មួយចំនួន តាមពិត​មាន​ប្រតិកម្ម​អវិជ្ជមាន ទៅលើ​ជំហរ​អភិរក្ស​និយម​របស់​លោក​ Niel Gorsuch ជាពិសេស​ទៅ​លើ​រឿងសិទ្ធិ​ស្រ្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ