អានតួអត្ថបទ
អសប

អគ្គលេខាធិកា​អ.ស.ប​ទាមទារ​​​លោក​ត្រាំឲ្យ​​លុប​ចោល​ក្រឹត្យ​ប្រឆាំងជន​អន្តោប្រវេសន៍

លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិកា​ថ្មី​របស់​អង្គការ​សហប្រជាជាតិ
លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិកា​ថ្មី​របស់​អង្គការ​សហប្រជាជាតិ REUTERS/Tiksa Negeri
ដោយ៖ ឈាង បុប្ផា
១៤ នាទី

អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែករ៍ នៅ​ថ្ងៃ​ពុធ​ទី ១​កុម្ភៈ បាន​និយាយ​ជា​សាធារណៈ ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​លុបចោល​វិធានការ ប្រឆាំង​អន្តោប្រវេសន៍ ដែល​កំពុង​តែ​រារាំង​មិន​ឲ្យ​ជនភៀសខ្លួន និង​ប្រជាជន​មក​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន​៧ ចូល​ទៅ ក្នុង​ទឹកដី​អាមេរិក។ សម្រាប់​ប្រធាន​អង្គការ​សហប្រជាជាតិ វិធានការ​របស់​លោក​ដូណាល់ ត្រាំ កំពុង​រំលោភ​គោលការណ៍​គ្រឹះ​របស់​មនុស្ស។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ម្សិលមិញ អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​ចេញមុខ​រិះគន់ ចំៗ វិធានការ​រឹតបន្តឹង​ជនអន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ វិធានការ​របស់​លោកដូណាល់ ត្រាំ ដែល​កំពុង ហាមឃាត់​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​ចូល​ក្នុងទឹកដី អាមេរិក កំពុង​រំលោភ​មូលដ្ឋាន​គ្រឹះ។ ដូច្នេះ លោក​បាន​អំពាវនាវ​សុំ​ឲ្យ​លោក​ដូណាល់ ត្រាំ លុបចោល ​ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍ ឲ្យ​បាន​កាន់តែ​ឆាប់។

 

 
“ការទទួល​បន្ទុក​ជនភៀសខ្លួន គឺ​ជា​កាតព្វកិច្ច​របស់យើង” នេះ​ជា​ការរំលឹក​របស់​លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន ​រយៈពេល ១០​ឆ្នាំ មុន​នឹង​ចូល​កាន់តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ដើម​ខែឆ្នាំនេះ។

តាម​ក្រឹត្យ​ប្រធានាធិបតី ដែល​ធ្វើឡើង​ក្នុង​ហេតុផល​សន្តិសុខ​ជាតិ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្អាកព្យួរ ក្នុងរយៈពេល​៤ខែ​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន ៧ អ៊ីរ៉ង់ អ៊ីរ៉ាក់ យេម៉ែន លីប៊ី សូម៉ាលី ស៊ូដង់ និង​ស៊ីរី ធ្វើ​ដំណើរ​ចូល​ទៅ​អាមេរិក។ ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ បិទទ្វារ​ផងដែរ​មិន​ទទួល​ជនភៀសខ្លួន ក្នុង​រយៈពេល ៣ខែ ក្នុង​ពេល​ដែល​ជនជាតិ​ស៊ីរី ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​អាមេរិក ដោយ​គ្មាន​កាលកំណត់

វិធានការ​រឹតបន្តឹង​ជនអន្តោប្រវេសន៍​របស់​អាមេរិក​នឹង​គ្មាន​ប្រសិទ្ធិភាពទេ បើសិន​គេ​បង្កើតវា​ឡើង ក្នុង​គោលដៅ ទប់ស្កាត់ មិន​ឲ្យក្រុមភេរវជន​ធ្វើដំណើរ​ចូល​ទៅក្នុង​ទឹកដី​អាមេរិក។ នេះ​បើតាម​ការវាយតម្លៃ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បាន​ពន្យល់​បន្ថែម​ថា ពិភពលោក​កំពុង​ប្រឈម​នឹង​ក្រុមភេរវនិយម ដែល​ស្មុគស្មាញ និង​ឆ្លាតវៃ​បំផុត។ បើសិន​ក្រុមភេរវជន​ចង់​វាយប្រហារ​ប្រទេស​ដូចជា​អាមេរិក នោះ ពួកគេ​មិន​ប្រើ​លិខិតឆ្លងដែន របស់​ប្រទេស​ដែល​អាមេរិក​ហាមឃាត់​នោះទេ។ ពួកគេ​ប្រាកដ​ជា​ប្រើ​លិខិត​ឆ្លងដែន​របស់​ប្រទេស​អភិវឌ្ឍ ឬ​ទាក់ទង​ប្រើ​មនុស្ស​ដែល​ស្ថិតនៅ​រួចហើយ ក្នុង​ទឹកដី​អាមេរិក។

ប្រមុខ​ដឹកនាំ​អង្គការ​សហប្រជាជាតិ​ហ៊ាន​ចេញមុខ​រិះគន់ ចំណាត់ការ​របស់​ប្រធានាធិបតី​អាមេរិក នេះ​ជា​រឿង​ដ៏​កម្រ​មួយ។ ចំណែក​លោក​ដូណាល់ ត្រាំវិញ ដែល​ទើបក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ដែល​រិះគន់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ថា គ្មាន​ប្រយោជន៍ ធ្លាប់​បាន​ប្រកាស​ពី​ចេតនា​ចង់​កាត់បន្ថយ​ប្រាក់ឧបត្ថម្ភ​របស់​អាមេរិក​ទៅ មូលនិធិ​របស់​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ