អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោកដូណាល់ ត្រាំ​កំពុង​រង​ការ​រិះគន់​ពី​យុទ្ធសាស្រ្ត​ប្រឆាំង​អាល់កៃដា​នៅ​យេម៉ែន

សំឡេង ០៦:០៤
កងកម្ម៉ង់ដូ​អាមេរិក​នៅ​យេម៉ែន
កងកម្ម៉ង់ដូ​អាមេរិក​នៅ​យេម៉ែន Reuters

នៅ​រសៀល​ថ្ងៃ​ពុធ ទី១ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទីក្រុង Dover នៃ​រដ្ឋ Delaware ដើម្បី​ចូល​រួម​ពីធី​ទទួល​សព​ទាហាន​អាមេរិក​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​អាមរិក​ប្រឆាំង​អាល់កៃដា​នៅ​ប្រទេស​យេម៉ែន។ តាំង​ពី​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី២០ មករា​មក នេះ​ជា​លើក​ទី១ ដែល​លោក​ដូណាល់ ត្រាំ​បាន​ចេញ​បញ្ជា​ឲ្យ​ទាហាន​អាមេរិក​បើក​ប្រតិបត្តិការ​របៀប​នេះ ហើយ​នេះ​ក៏​ជា​លើកទី១ ដែល​លោក​ត្រាំ​បាន​ទទួល​សពទាហាន​អាមេរិក​ស្លាប់​នៅ​បរទេស។ ទន្ទឹម​គ្នា​នេះ បទបញ្ជា​របស់​លោក​ត្រាំ​ក៏​កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អង្គការ International Crisis Group (ICG)។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៨ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៩ មករា​កន្លង​ទៅ​ដែល​កង​កម្ម៉ង់ដូ​អាមេរិកាំង​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ទីតាំង​មួយ​របស់​អង្គការ Aqpa ដែល​ជា​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា គោលដៅ​នៃ​ប្រតិបត្តិការ​យោធា គឺ​ដើម្បី​រឹបអូស​យក​ឯកសារ និង​ម៉ាស៊ី​កុំព្យូទ័រ​របស់ Aqpa ដែល​មាន​ផ្ទុក​ទៅ​ដោយ​ព័ត៌មាន​លំអិត​ជា​ច្រើន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​របស់​សាខា​អាល់កៃដា​មួយ​នេះ និង​ផែនការ​ធ្វើ​ភេរវកម្ម​ដែល Aqpa គ្រោង​នឹង​រៀបចំ​នា​ពេល​ខាង​មុខ។
 
អ្នក​ដែល​បាន​ចេញ​បញ្ជា​ចុង​ក្រោយ​ឲ្យ​កងកម្ម៉ង់ដូ​អាមេរិកាំង​បើក​ប្រតិបត្តិការ​នេះ​ឡើង គឺ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ តែ​គម្រោង​ផែនការ​វាយប្រហារ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ទុក​តាំង​ពី​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា។ ម្យ៉ាង​ទៀត តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០០២ មក​ម្ល៉េះ​ដែល​អាមេរិក​តែង​បើក​ការ​វាយប្រហារ​លើ​អង្គការ Aqpa ក្នុង​ប្រទេស​យេម៉ែន ពិសេស​ការ​វាយប្រហារ​ផ្លូវអាកាស​ដោយ​ប្រើ​យន្តហោះ​ដ្រូន។ ទន្ទឹម​គ្នា​នេះ ប្រតិបត្តិការ​លើ​ដី​យេម៉ែន​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​ក៏​ធ្លាប់​មាន​ដែរ​នា​ពេល​កន្លង​មក ពិសេស​ក្នុង​ខែ​វិច្ឆិកា និង​ធ្នូ ឆ្នាំ ២០១៤ ដើម្បី​រំដោះ​ចំណាប់ខ្មាំង។
 
ហេតុអ្វី​បាន​ជា​ការ​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង​ម្ល៉េះ?
 
លទ្ធផល​នៃ​យុទ្ធនាការ​វាយប្រហារ​លើ​អង្គការ Aqpa របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​បាន​ផ្តល់​តួលេខ​ខុសៗ​គ្នា​ជា​ច្រើន​ស្តីពី​ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស។ កំណត់​សម្គាល់​មួយ​ទៀត ប្រតិបត្តិការ​របស់​កងកម្ម៉ង់ដូ​អាមរិកាំង​នៅ​លើ​ដី​យេម៉ែន​ក៏​មាន​ជំនួយ​វាយប្រហារ​ពី​ទ័ពអាកាស​អាមេរិក​ដែរ។ មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រើ​ជំនួយ​ទ័ពអាកាស​ក៏​ដោយសារ​តែ​កងកម្ម៉ង់ដូ​ពិបាក​ទប់ទល់​នឹង​កម្លាំង រួម​ទាំង​យុទ្ធសាស្រ្ត​របស់​ពួកជីហាត​អង្គការ Aqpa
 
យោង​តាម​ក្រសួង​ការពារជាតិ​អាមេរិក ប្រតិបត្តិការ​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​បាន​សម្លាប់​ពួកជីហាត Aqpa ចំនួន ១៤នាក់ និង​ក៏​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​ម្នាក់ ព្រម​ទាំង​របួស ៣នាក់​ផ្សេង​ទៀត​ដែរ។ តែ​ប្រភព​ពី​យេម៉ែន​ឲ្យ​ដឹង​ថា មាន​ស្លាប់​ពួក​ជីហាត Aqpa ចំនួន ៤១នាក់ រួម​ទាំង​ជនស៊ីវិល​ចំនួន ១៦នាក់ ក្នុង​នោះ​មាន​ស្រ្តី និង​កូនក្មេង។ ចំណែក​នៅ​ខាង​អង្គការ Aqpa ឯណោះ​វិញ គេ​មិន​បាន​បញ្ជាក់​ពី​ចំនួន​យុទ្ធជន​របស់​គេ​ស្លាប់​ទេ តែ​បាន​ផ្តល់​តួលេខ​ជា​ទូទៅ​ថា មាន​មនុស្ស​ស្លាប់​ជិត ៣០នាក់ មាន​ស្រ្តី និង​កូនក្មេង។
 
ពី​ដំបូង រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​បដិសេធ​ពី​ការ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់ មុន​នឹង​ចេញ​មុខ​ទទួល​សារភាព​ពេញ​មាត់​នៅ​ពេល​នេះ។ គឺ​ការ​ស្លាប់​ជនស៊ីវិល និង​ទាហានអាមេរិកាំង​ម្នាក់​ពេល​នេះ​ឯង​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង។ មាន​ការ​លើក​ឡើង​ថា ផែនការ​វាយប្រហារ​លើ​អង្គការ Aqpa នៅ​យេម៉ែន​ជា​ផែនការ​រៀបចំ​តាំង​ពី​យូរ​របស់​លោក​អូបាម៉ា​មែន តែ​លោក​ដូណាល់ ត្រាំ​គួរ​តែ​ពិនិត្យមើល​ឡើង​វិញ មុន​នឹង​ចេញ​បញ្ជា​ឲ្យ​អនុវត្តន៍។ នៅ​ត្រង់​ចំណុច​នេះ មាន​ការ​រិះគន់​លើ​លោក​ត្រាំ​ថា មក​ពី​លោក​គ្មាន​បទពិសោធន៍​នយោបាយ និង​ឃ្លាត​កាន់​តែ​ឆ្ងាយ​រឿង​បទពិសោធន៍​យោធា។
 
International Crisis Group៖លោក​ដូណាល់ ត្រាំ​អត់ស្គាល់​ស្ថានការណ៍​ពិត​នៅ​យេម៉ែន
 
គឺ​តាម​រយៈ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា « អាល់កៃដា​នៅ​យេម៉ែន » ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២ កុម្ភៈ​ដែល​អង្គការ​International Crisis Group បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​លោក​ដូណាល់ ត្រាំ។ អង្គការ​ឯករាជ្យ​មួយ​នេះ​បាន​យល់​ឃើញ​ថា លោក​ដូណាល់ ត្រាំ​បាន​ចេញ​បញ្ជា​ដោយ​មិន​បាន​ស្គាល់​ពី​ស្ថានការណ៍ និង​ប្រភព​ជម្លោះ​ពិត​នៅ​ក្នុង​ប្រទេស​យេម៉ែន ពោល​មិន​បាន​ពិចារណា​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ។
 
យោង​តាម International Crisis Group អង្គការ Aqpa ដែល​ជា​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​នៅ​យេម៉ែន គឺ​ជា​អង្គការ​មួយ​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង រួម​ជាមួយ​នឹង​អង្គការ​ភេរវនិយម​មួយ​ទៀត គឺ​អង្គការ​រដ្ឋអ៊ីស្លាម។ អង្គការ​ភេរវនិយម​ប្រជែង​គ្នា​ទាំង​ពីរ​នេះ​បាន និង​កំពុង​ដណ្តើម​គ្នា​សោយរាជ្យ​ក្នុង​ទឹកដី​យេម៉ែន​ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​ដើមបូព៌ា​មួយ​កំពុង​ច្របូកច្របល់ ធ្លាក់​ក្នុង​វិបត្តិ​ដណ្តើម​អំណាច​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​កម្លាំង​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​កម្លាំង​ឧទ្ទាម​ឈីអ៊ីតហ៊ូទីស្ស​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។
 
អង្គការ International Crisis Group បាន​ផ្តល់​អនុសាសន៍​ឲ្យ​លោក​ដូណាល់ ត្រាំ​ថា ដើម្បី​អាច​យក​ឈ្នះ​អង្គការ​ភេរវនិយម Aqpa ឬ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​យេម៉ែន​បាន គេ​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​ពី​ឫសគល់​នៃ​ជម្លោះ​ផ្ទៃក្នុង​នៅ​យេម៉ែន និង​ស្វែង​រក​ដំណោះស្រាយ​មួយ​សមស្រប ទទួល​យក​បាន​ទាំង​អស់​គ្នា​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​អស់​នៅ​យេម៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ