ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ព្រមាន​ រិះគន់មិនថា ប្រទេស​សត្រូវ ឬសម្ព័ន្ធមិត្ត​

សំឡេង ០៧:៤១
ប្រធានាធិបតី​អាមេរិក លោក​ដុណាល់ ត្រាំ នៅ​មន្ទីរ​បញ្ចកោន ថ្ងៃទី ២៧​មករា ២០១៧
ប្រធានាធិបតី​អាមេរិក លោក​ដុណាល់ ត្រាំ នៅ​មន្ទីរ​បញ្ចកោន ថ្ងៃទី ២៧​មករា ២០១៧ REUTERS/Carlos Barria

រដ្ឋាភិបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ​នៅ សប្តាហ៍នេះ បាន​ព្រមាន​ខ្លាំងៗ អ៊ីរ៉ង់ និង​កូរ៉េខាងជើង ពី​រឿង​បាញ់​សាកល្បង​មីស៊ីល ដែល​អាចបំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ សេតវិមាន​ដំឡើង​សំឡេង​ផងដែរ ដាក់​អ៊ីស្រាអែល ក្នុង​ពេល​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ រិះគន់​រុស្ស៊ី​ពីរឿង អ៊ុយក្រែន។ 

ផ្សាយពាណិជ្ជកម្ម

នៅ​កូរ៉េខាងត្បូង និង​នៅ​ជប៉ុន រដ្ឋមន្រ្តី​ការពារ​ជាតិ​ លោក James Mattis បាន​និយាយ​ធានា​ការពារ សម្ព័ន្ធមិត្ត​របស់ខ្លួន នៅ​ចំពោះមុខ​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ “រាល់​​ការវាយ​ប្រហារ​ទៅលើ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក នឹងជួប​បរាជ័យ។ ហើយ​រាល់​ការប្រើ​នុយក្លេអ៊ែរ​នឹង​ត្រូវបក​មកវិញ ដោយ​ចម្លើយ​ដ៏មាន​ប្រសិទ្ធិភាព និង​លើសលុប”។

 
សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ អាស៊ី​ព្រួយបារម្ភ​ពី​ការដកខ្លួន​របស់​អាមេរិក នៅពេល​លោក​ដូណាល់ ត្រាំ​ធ្លាប់​ព្រមាន​ចង់​ដកទ័ព​អាមេរិក​ពី​កូរ៉េខាងត្បូង និង​ជប៉ុន បើសិន​គេ​មិន​បង់លុយ​ឲ្យ​អាមេរិក។ អាមេរិក​ចំណាយ​លុយ​ប្រមាណ ៥ពាន់​លាន​ដុល្លារ សម្រាប់​កងទ័ព​អាមេរិក​រាប់ម៉ឺននាក់ ដែល​ឈរជើង​នៅ​ជប៉ុន និង​នៅ​កូរ៉េខាងត្បូង (៤៧០០០ នៅ​ជប៉ុន និង​២៨៥០០​នាក់ នៅ​កូរ៉េខាងត្បូង)។

នៅ​មុន​កូរ៉េខាងជើង អាមេរិក​បាន​ប្រកាស ពី​គម្រោងការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​អ៊ីរ៉ង់ បន្ទាប់​ពីអ៊ីរ៉ង់ បាន​បាញ់​សាកល្បង​មីស៊ីល នៅ​ថ្ងៃ​អាទិត្យ។ វិធានការ​ដាក់​ទណ្ឌកម្ម​របស់​​អាមេរិក​ទៅលើ​អ៊ីរ៉ង់ សំដៅ បុគ្គល ឬ​ក្រុមហ៊ុន​ដេល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទីក​របស់​អ៊ីរ៉ង់។ ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ អាមេរិក​ ហើយ និង​អ៊ីរ៉ង់​ទំនង​ជា​នឹង​ត្រលប់​ទៅ​ប្រឈម​មុខ​ដាក់​គ្នា​ជាថ្មី បន្ទាប់​ពី​បាន​ធូរស្រាល ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា។ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ធ្លាប់​រិះគន់​ខ្លាំងៗ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​លោក​អូបាម៉ា បាន​ជ្រោមជ្រែង ធ្វើ​ឲ្យ​ចេញ​រូបរាង ក្នុង​បំណង​សម្រាល​ភាព​តានតឹង​នៅ​តំបន់​ដើមបូព៌ានោះ។ នៅថ្ងៃ​ព្រហស្បតិ៍ លោក​ដូណាល់ ត្រាំ បាន​និយាយ​ពី​គ្រប់​មធ្យោបាយ ដែល​ក្នុង​នោះ​មាន​ផងដែរ ប្រតិបត្តិការ​យោធា ដើម្បី​ប្រឆាំង​អ៊ីរ៉ង់

ទះរុស្ស៊ី​មួយ​កំផ្លៀង
នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haleyបានថ្កោលទោស​អំពើហិង្សា​របស់​រុស្ស៊ី​នៅ អ៊ុយក្រែន។

ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ ថែម​ទាំង​បានប្រកាស​ថា  អាមេរិក​នឹង​បន្ត​រក្សា​ទណ្ឌកម្ម​លើរុស្ស៊ី រហូត​ដល់​ពេល​រុស្ស៊ី​យល់​ព្រម ​ប្រគល់​ទឹកដី​គ្រីមេ មក​ឲ្យ​អ៊ុយក្រែន​វិញ។ ការទាមទារ​ដ៏​ដាច់ណាត់ បែបនេះមិនធ្លាប់មានទេ។ សូម្បី ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ីមែន ប៉ុន្តែ មិនដែល​បាន​ប្រើ​ពាក្យ​ទាមទារ​ឲ្យ​រុស្ស៊ី ប្រគល់​គ្រីមេ ទៅឲ្យ​អ៊ុយក្រែន​វិញដែរ។

ការទាមទារ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​ឆេះដុំ ព្រោះថា គ្រីមេ​ត្រូវ​បាន​រុស្ស៊ី​បញ្ចូល​ទៅក្នុង​ផែនទី​របស់​រុស្ស៊ី​រួចហើយ។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ អង្គការ​សហប្រជាជាតិ លោក​Vitali Tchourkine បានប្រើ​ពាក្យ​របស់​រដ្ឋធម្មនុញ្ញ​អាមេរិកាំង “យើង ជា​ប្រជាជន” ដើម្បី​និយាយ​បកទៅវិញ។ តាម​អ្នកតំណាង​រុស្ស៊ី នៅ​អង្គការ​សហប្រជាជាតិ ប្រជាជន​នៅ​គ្រីមេ​បាន​បោះឆ្នោត​ប្រជាមតិ សម្រេច​ចុះចូល​ជាមួយ​រុស្ស៊ី។

រុស្ស៊ី​ធ្លាប់​បាន​ដាក់​ក្តីសង្ឃឹម​ថា មាន​ទំនាក់ទំនង​ល្អ​ឡើងវិញ ជាមួយ​អាមេរិក នៅពេល​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក។ ក្តីសង្ឃឹម​បែបនេះ ធ្លាប់​មាន​ម្តងហើយ នៅពេល​លោកអូបាម៉ា​ចូល​កាន់តំណែង​ថ្មីថ្មោង នៅ​ឆ្នាំ ២០០៨ ពោល​គឺ​នៅក្រោយ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​បាន​ឡើង​តឹងខ្លាំង​ក្នុង​អាណត្តិ​របស់​លោក​ប៊ូស។ ក្រោម​អាណត្តិ​របស់លោក​អូបាម៉ា ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក​ចាប់​ល្អប្រសើរ​បន្តិច មុន​នឹង​ត្រលប់​ទៅ​រក​សភាពដើម ដោយសារ​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស៊ីរី។

រុស្ស៊ី ​មិនអាច​ក្លាយ​ជា​មិត្ត​របស់​អាមេរិក ដូចដែល​លោក​ដូណាល់ ត្រាំ​ប្រាថ្នាចង់​បាន​នោះទេ។ នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​អាមេរិក មាន​ចរន្ត​ដឹកនាំ​ពីរ។​ទី ១ គឺ​ប្រធានាធិបតី​ដែលចង់​ធ្វើ​នយោបាយ តាម​បែបជំនួញ។ ចំណែក​ចរន្ត​ទី ២ គឺ​រដ្ឋាភិបាល​អាមេរិក ដែល​មាន​រចនា​សម្ព័ន្ធ​ចាស់ មិនងាយ​នឹង​កែប្រែ។ មួយវិញទៀត ហើយ​និង​ក្រុមសារធារណរដ្ឋ ដែលក្រុម​សាធារណរដ្ឋ​ដែល​បាន​ចាត់តុក រុស្ស៊ី​របស់​លោក​ពូទីន ជា​ប្រទេស​ពាល នឹង​ប្រើ​សំឡេង​ភាគច្រើន​របស់​ខ្លួន នៅ​សភា​អាមេរិក ដើម្បី​រារាំង​មិន​ឲ្យ​លោក​ដូណាល់ ត្រាំ​ចាប់ដៃ​មិត្តភាព​ជាមួយ​រុស្ស៊ី។

សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ក៏​ត្រូវ​មួយ​ព្រនង់​របស់​អាមេរិកដែរ
លោកដូណាល់ ត្រាំ ដែល​គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយ ទាល់តែសោះ ត្រូវ​បាន​គេ​វាយតម្លៃ​ថា ជាមេដឹកនាំ​អាមេរិក​ដែល​មាន​ទស្សនវិស័យ​ខ្លី គឺ​ធ្វើ​យ៉ាងម៉េច ចង់​បាន​តែ​ប្រយោជន៍​ភ្លាមៗ។ ប៉ុន្តែ នៅក្នុង​ការដឹកនាំ​ប្រទេស គឺ​គេ​មិនអាច​គិត​ខ្លី​នោះទេ។ រឹត​តែសំខាន់​ទៅទៀត នៅពេល​គេ​និយាយ​ពីជំហរ​ការទូត​របស់​អាមេរិក នៅក្នុង​ឆាក​អន្តរជាតិ។

លោកដូណាល់ ត្រាំ ធ្លាប់​ប្រកាស​គាំទ្រ​អ៊ីស្រាអែល មួយដង ជាពីរដង រហូត​ធ្វើ​ឲ្យ​អ៊ីស្រាអែល ហ៊ាន​ប្រកាស​សង់​សំណង់​អាណានិគមកិច្ច​ថ្មីៗ កាន់តែ​ច្រើន នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​ដូណាល់ ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ សេតវិមាន នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ថា ការបន្ត​ពង្រីក​សំណង់​អាណានិគមកិច្ច​ទៅក្នុង​ទឹកដី​ប៉ាឡេស្ទីន​នឹង​បំផ្លាញ​កិច្ចប្រឹងប្រែង​បង្កើត​ឲ្យ​មាន​រដ្ឋពីរ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

ជំហរ​របស់​សេតវិមាន គឺ​ប្រៀបបាន​យក​ដំបង​សំពង​អ៊ីស្រាអែល ដែល​ធ្លាប់​តែ​គិត និង​សង្ឃឹមថា អាច​ពង្រីក​ដែន​អាណានិគមកិច្ច នៅក្នុង​តំបន់​ប៉ាឡេស្ទីន​ដែល​ខ្លួន​កំពុង​កាន់កាប់។ សេចក្តីថ្លែងការណ៍​របស់​សេតវិមាន​ព្រមាន អ៊ីស្រាអែល អាច​ជា​សារ​រំលឹក​អ៊ីស្រាអែល និង​បញ្ជាក់​ទៅសហគមន៍​អន្តរជាតិ​ថា អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ នៅ​តែ​ចង់​ឲ្យ​មាន​ការចរចា​បង្កើត​រដ្ឋពីរ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI