អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ត្រៀម​ចេញ​ក្រឹត្យថ្មី​ប្រឆាំង​ជនអន្តោប្រវេសន៍

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ REUTERS/Jim Bourg
១៤ នាទី

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១០ កុម្ភៈ​ថា លោក​នឹង​មិន​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​តុលាការ​ភ្លាមៗ​ទៅ​កាន់​តុលាការកំពូល​ស្តីពី​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២៧ មករា​ទេ តែ​មាន​គម្រោង​នឹង​ចេញ​ក្រឹត្យថ្មី​មួយ​ទៀត​ដើម្បី​ប្រយោជន៍​សន្តិសុខ​របស់​អាមេរិក។ ការ​ប្រកាស​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​លើកមុន​កំពុង​ជាប់គាំង​នៅ​តុលាការ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​យន្តហោះ Air Force One ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​រួម​ដំណើរ​ជា​មួយ​លោក​ថា លោក​មាន​ជម្រើស​ច្រើន​ណាស់​នៅ​ក្នុង​វិធានការ​ប្រឆាំង​ជនអន្តោប្រវេសន៍ ក្នុង​នោះ មាន​ទាំង​ការ​ចេញ​ក្រឹត្យ​ថ្មី​មួយ​ទៀត​ផង។ ការ​ថ្លែង​បញ្ជាក់​របស់​លោក​ដូណាល់ ត្រាំ​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២៧ មករា​ត្រូវ​បាន​ព្យួរ​ដោយ​ចៅក្រម​នៅ Seattle នា​សប្តាហ៍​កន្លង​ទៅ និង​កំពុង​បន្ត​តតាំង​គ្នា​នៅ​ឯ​តុលាការ​ពេល​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កុម្ភៈ សាលាឧទ្ធរណ៍​នៅ San Francisco បាន​សម្រេច​ព្យួរ​ក្រឹត្យ​នោះ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​ការពារ​សន្តិសុខជាតិ​លើក​ឡើង​ដោយ​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ។ ចៅក្រម​ចំនួន ៣រូប​នៃ​សាលាឧទ្ធរណ៍ San Francisco ថែម​ទាំង​បន្ថែម​ថា ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង ៧ ដែល​ស្ថិត​ក្នុង​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​ក៏​មិន​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ការ​វាយប្រហារ​លើ​ទឹកដី​អាមេរិកាំង​ដែរ។

នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​នា​ថ្ងៃ​សុក្រ ទី១០ កុម្ភៈ លោក​ដូណាល់ ត្រាំ​បាន​រម្លឹក​ជា​ថ្មី​ថា លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​ឲ្យ​អាមេរិក​មាន​សន្តិសុខ រួច​ផុត​ពី​ការ​គំរាមកំហែង​ភេរវកម្ម។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ថា តើ​ក្រឹត្យថ្មី​ប្រឆាំង​ជនអន្តោប្រវេសន៍​នឹង​ចុះ​ហត្ថលេខា​នៅ​ពេល​ណា លោក​ត្រាំ​បាន​ឆ្លើយ​ថា អាមេរិក​នឹង​ធ្វើ​ឆាប់ៗ​ដើម្បី​ពង្រឹង​សន្តិសុខ​ប្រទេស ហើយ​អស់លោក​នឹង​បាន​ឃើញ​ក្រឹត្យថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

តែ​ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋបាល​របស់​លោក​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​យក​ឈ្នះ​តាម​ផ្លូវតុលាការ​លើ​ក្រឹត្យ​របស់​លោក​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២៧ មករា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ