អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ហេតុអ្វី​បាន​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ​បង្ខំចិត្ត​ចុះ​ចេញ​ពី​តំណែង?

សំឡេង ០៧:២៦
លោក Michael Flynn អតីត​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ
លោក Michael Flynn អតីត​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ Reuters
៣៤ នាទី

នៅ​សហរដ្ឋអាមេរិក លោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បង្ខំចិត្ត​លា​ចុះ​ពី​តំណែង​នា​យប់​ថ្ងៃ​ចន្ទ ទី១៣ កុម្ភៈ។ ការ​លា​ឈប់​របស់​លោក Michael Flynn បាន​ធ្វើ​ឡើង បន្ទាប់​ពី​បណ្តាញ​សារព័ត៌មាន​អាមេរិក​បាន​ទម្លាយ​រឿងរ៉ាវ​ទាក់ទង​នឹង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Flynn និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ ពោល​ក្នុង​ពេល​ដែល​លោក​បារ៉ាក់ អូបាម៉ា​នៅ​ជា​ប្រធានាធិបតី។ សេតវិមាន​បាន​ដាក់​ជំនួស​កន្លែង​លោក Michael Flynn ដោយ​ឧត្តមសេនីយ​ចូល​និវត្តន៍​ម្នាក់​ទៀត គឺ​លោក Joseph Kellogg។

ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ និង​រដ្ឋបាល​របស់​លោក​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី២០ មករា។ តែ​នៅ​ក្នុង​ពេល​រង់ចាំ​ការ​ផ្ទេរតំណែង​ជា​ផ្លូវការ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​ដូណាល់ ត្រាំ លោក​ត្រាំ​ក៏​បាន​ផ្តើម​ធ្វើ​ការ​ជ្រើសរើស​បណ្តើរៗ​នូវ​ឥស្សរជន​ដែល​ត្រូវ​កាន់​តំណែង​នេះ ឬ​តំណែង​នោះ ក្នុង​នោះ លោក Michael Flynn ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ប្រគល់​តួនាទី​ជា​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក។

ក៏​ប៉ុន្តែ ក្នុង​ពេល​ដែល​រដ្ឋបាល​អាមេរិក និង​សេតវិមាន​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​អូបាម៉ា លោក Michael Flynn បាន​ឆ្លៀត​ប្រើ​តួនាទី​របស់​ខ្លួន​ចូល​អន្តរាគមន៍​នៅ​ក្នុង​កិច្ចការ​មួយ​ចំនួន ពិសេស​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី។ រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​កាសែត​អាមេរិក Washington Post កាល​ពី​ថ្ងៃទី១២ កុម្ភៈ​ដែល​ថា លោក Flynn បាន​ទូរស័ព្ទ​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអមេរិក​លោក Sergey Kislyak កុំ​ឲ្យ​បញ្ចេញ​ប្រតិកម្ម និង​កុំ​ឲ្យ​បារម្ភ​រឿង​ទណ្ឌកម្ម​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​ដាក់​លើ​រុស្ស៊ី​កាល​ពី​ថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០១៦។

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Sergey លោក Flynn បាន​និយាយ​ធានា​ថា នៅ​ពេល​លោក​ដូណាល់ ត្រាំ​ចូលកាន់​តំណែង​ជា​ផ្លូវការ រដ្ឋបាល​របស់​លោក​ត្រាំ​នឹង​សើរើ ពិនិត្យមើល​ឡើង​វិញ​នូវ​ទណ្ឌកម្ម​មួយ​នេះ​របស់​លោក​អូបាម៉ា និង​បន្ថែម​ថា រដ្ឋបាល​របស់​លោក​ត្រាំ​នឹង​មិន​តឹងតែង​ដូច​រដ្ឋបាល​របស់​លោក​អូបាម៉ា​ទេ។

លោក​អូបាម៉ា​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ដែល​លូកដៃ​ក្នុង​រឿង​បោះឆ្នោត​អាមេរិក

គឺ​នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ដែល​កម្តៅការទូត​រវាង​អាមេរិក និង​រុស្ស៊ី​បាន​ឡើង​ដល់​កំពូល ពិសេស​ក្នុង​ពេល​ដែល​បេក្ខនារី​ហ៊ីលឡារី គ្លីន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាញ់​ឆ្នោត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប្រឈម​នឹង​បេក្ខជន​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ។ រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​បាន​ចង្អុល​ចំ​មុខ​រុស្ស៊ី​ពី​បទ​លូកដៃ​ក្នុង​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដោយ​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទទួល​ជោគជ័យ។ នៅ​ថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០១៦ លោក​អូបាម៉ា​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ប្រឆាំង​រុស្ស៊ី ពិសេស​បណ្តេញ​ភ្នាក់ងារ​ស៊ើបការណ៍​រុស្ស៊ី​ចំនួន ៣៥នាក់​ចេញ​ពី​ទឹកដី​អាមេរិក រួម​ទាំង​បិទ​ការិយាល័យ​ចំនួន​ពីរ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​នៅ​ញូយ៉ក និង​នៅ Maryland។

ទង្វើ​របស់​លោក​អូបាម៉ា​កាលណោះ​បាន​ធ្វើ​ឲ្យ​សមភាគី​រុស្ស៊ី​ពូទីន​ក្តៅ​ស្លឹកត្រចៀក​ងំ និង​មាន​វិធានការ​តបវិញ​ចាស់ដៃ ពោល​គ្រោង​បណ្តេញ​មន្រ្តីអាមេរិក​ចេញ​ពី​ទឹកដី​រុស្ស៊ី​ដូច​គ្នា។ តែ​ដោយ​មាន​អន្តរាគមន៍​ពី​លោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ លោក​ពូទីន​ក៏​បាន​ស្ងប់ចិត្ត​មក​វិញ រួច​បែរ​ជា​ប្រកាស​ថា រុស្ស៊ី​នឹង​មិន​បណ្តេញ​មន្រ្តីអាមេរិក​ចេញ​ពី​រុស្ស៊ី​ទេ។ លោក​ពូទីន​បាន​បន្ថែម​ថា រុស្ស៊ី​រក្សាសិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​បក​នឹង​អាមេរិក តែ​នៅ​ចំពោះ​មុខ ជា​ពេល​វេលា​ដែល​ត្រូវ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក​ជាមួយ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ។

តាម​រយៈ​ចម្លើយ​របៀប​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា លោក​ពូទីន​និយាយ​ដៀមដាម​ដាក់​លោក​អូបាម៉ា និង​ចង់​ប្រាប់​លោក​អូបាម៉ា​ថា រុស្ស៊ី​មិន​ឈឺ​ក្បាល​នឹង​ទណ្ឌកម្ម​នោះ​ទេ ព្រោះ​លោក​ត្រាំ​នឹង​ដក​វា​ក្រវាត់​ចោល​វិញ​នៅ​ពេល​លោក​ត្រាំ​ចូល​កាន់​តំណែង។

លោក Michael Flynn បាន​រងសម្ពាធ និង​បង្ខំចិត្ត​ចុះ​ចេញ

កុំ​តែ​កាសែត Washington Post បាន​ទម្លាយ​ឲ្យ​ដឹង​កាល​ពីថ្ងៃទី១២ កុម្ភៈ ម្ល៉េះ​រឿងរ៉ាវ​មួយ​នេះ​ក៏​មិន​ទាន់​ឈាន​ដល់​ការ​លា​ចុះ​ពី​មុខ​តំណែង​របស់​លោក Michael Flynn នា​ពេល​នេះ​ដែរ។ ម្យ៉ាង​ទៀត កាសែត Washington Post បាន​ទទួល​ព័ត៌មាន​ដ៏​រសើប​មួយ​នេះ​ពី​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក។ កាសែត Washington Post ឲ្យ​ដឹង​ថា គឺ​លោក Michael Flynn ជា​អ្នក​ទូរស័ព្ទ​ទៅ​កាន់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergey ប្រចាំ​សហរដ្ឋអាមេរិក ហើយ​ថា ក្រសួង​ស៊ើបការណ៍​សម្ងាត់​បាន​លួច​ស្តាប់​ទូរស័ព្ទ​លោក Sergey ពោល​មិនមែន​លួច​ស្តាប់​ទូរស័ព្ទ​លោក Michael Flynn ទេ។

ក្រោយ​បែកធ្លាយ​រឿង​នេះ​ភ្លាម លោក Michael Flynn មិន​បាន​បដិសេធ​ថា លោក​មិន​បាន​ទូរស័ព្ទ​និយាយ​ជា​មួយ​លោក Sergey ទេ តែ​ថា​នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​មិន​បាន​និយាយ​ពី​រឿង​ទណ្ឌកម្ម​ដែល​លោក​អូបាម៉ា​បាន​ដាក់​លើ​រុស្ស៊ី​ទេ។ ធ្ងន់ធ្ងរ​ជាង​នេះ លោក Michael Flynn ថែម​ទាំង​និយាយ​ភូតភរ និង​ធានា​អះអាង​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន​ប្រាប់​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence។ លោក Pence ក៏​ជឿ​ទាំង​ស្រុង ព្រម​ទាំង​ចេញ​មុខ​ការពារ​លោក Michael Flynn ទៀត​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា លោក Michael Flynn បាន​និយាយ​ធានា​លោក Sergey ពី​ទណ្ឌកម្ម​នោះ​មែន។

ទីបំផុត រឿងរ៉ាវ​មួយ​នេះ​បែក​ធ្លាយ​កាន់​តែ​ខ្ចរខ្ចាយ​រហូត​ធ្វើ​ឲ្យ​សេតវិមាន​ទើសទាល់​ចិត្ត​លែង​ហ៊ាន​ចេញ​មុខ​ការពារ​លោក Michael Flynn។ ជាមួយ​នឹង​ពាក្យ​ភូតភរ និង​សម្ពាធ​ពី​គ្រប់​ទិសទី លោក Michael Flynn គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដក​ខ្លួន​ចេញ។ នេះ​ពិត​ជា​រឿង​មួយ​កម្រ​ឃើញ​មាន​ណាស់​នៅ​ក្នុង​អតីតកាល​ដែល​អ្នកកាន់តំណែង​ដ៏​សំខាន់​មួយ​នេះ​បាន​បង្ខំ​ចុះ​ចេញ ពិសេស​ក្នុង​ពេល​ដែល​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ទើប​ចូល​ដឹកនាំ​បាន​តែ ៣សប្តាហ៍។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា អាច​នឹង​មាន​រឿងអាស្រូវ​ជា​ច្រើន​ទៀត​ដែល​កំពុង​រង់ចាំ​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ