អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ Tom Perez ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានគណបក្ស​ប្រជាធិបតេយ្យ​

សំឡេង ០៤:២២
លោក ​Tom Perez ​នៅ​​ក្នុង​ការ​​​រួម​​ប្រជុំ​​មួយ​​នៅ​​​ Baltimore ​ជា​អតីត​​រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​​របស់​​លោក​​​ Barack​ Obama​​​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណ​បក្ស​ប្រជាធិបតេយ្យ​
លោក ​Tom Perez ​នៅ​​ក្នុង​ការ​​​រួម​​ប្រជុំ​​មួយ​​នៅ​​​ Baltimore ​ជា​អតីត​​រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​​របស់​​លោក​​​ Barack​ Obama​​​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណ​បក្ស​ប្រជាធិបតេយ្យ​ REUTERS/Joshua Roberts
ដោយ៖ បូលីន ដាវីដ
៣៥ នាទី

កាលពី​ថ្ងៃ​សៅរ៍​ ទី​២៥​ កុម្ភៈ​ កន្លង​ទៅ​នេះ​ គណបក្ស​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​ជ្រើស​រើស​​ប្រធាន​ដឹកនាំ​ថ្មី។​ លោក​​ Tom Perez អតីតៈ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​ជាប់​ឆ្នោតជា​ប្រធាន​បក្ស​ ក្រោយ​ពី​ទទួល​បាន​សំឡេង​គាំទ្រចំនួន​ ២៣៥។​ បេសកកម្ម​របស់​ប្រធានបក្ស​ថ្មី​រូបនេះ​ គឺ​ជំទាស់​នឹង​នយោបាយ​ របស់​​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។​ លើសពី​នេះ​ គាត់​ត្រូវ​រៀបចំ​ចាត់​ចែង​គណបក្ស​ប្រជាធិបតេយ្យ​ឡើង​វិញ​ ដើម្បី​អាច​ដណ្តើម​សំឡេង​ភាគ​ច្រើន​មក​វិញ​សំរាប់​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។ 

ផ្សាយពាណិជ្ជកម្ម

បី​ខែ​ក្រោយ​ពី​បរាជ័យ​យ៉ាង​ដំណំ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​ការ​បាត់​បង់​ចំនួន​អសនៈ​ប្រចាំ​ព្រឹទ្ធសភា​ ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេ្យ​ចំនួន​ ៤៣៥​ នាក់​បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​ Atlanta នៃ​រដ្ឋ​ Georgia ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​បក្ស​​ថ្មី​​ ។

​ ទីបំផុត​ លោក​ Tom Perez ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ។​ មាន​អាយុ​ ៥៥ ឆ្នាំ​ លោក​ជា​អ្នក​នយោបាយ​អាមេរិក​មាន​ដើម​កំណើត​មក​ពី​សាធារណរដ្ឋ​ដូមីនិក​ ដែល​ជា​ប្រទេស​តូច​មួយ​និយាយ​ភាសា​អេស្ប៉ាញ​ស្ថិត​នៅ​ម្តុំ​ប្រជុំ​កោះ​ការ៉ាអ៊ីប​។​

 

នេះ​ជា​លើកទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​គណបក្ស​​ប្រជាធិបតេយ្យ​ ដែល​មាន​ប្រធាន​គណបក្ស​ជា​អ្នក​មាន​ដើម​កំណើត​មក​ពី​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ។ លោក​ Tom Perez បាន​ចាប់​ផ្តើម​អាជីព​ជា​មេធាវី​មុន​នឹង​បំរើការងារ​នៅ​ក្នុងគណៈដឹកនាំ​រដ្ឋ​ម៉ារីឡែន។ កាលពី​ឆ្នាំ​២០១៣​ គាត់​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ ក្រោម​អាណត្តិ​របស់​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។​ ភ្លាមៗ​ក្រោយ​ពី​ទទួល​បានដំណឹង​នេះ​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ផ្ញើ​សារ​អបអរសាទ​ដល់​ប្រមុខ​បក្ស​ថ្មី​ ដែល​លោក​ចាត់​ទុក​ជា​មិត្ត​ភ័ក្តិ​មួយ​រូប។​​ លោក​ អូបាម៉ា ជឿ​ជាក់​ថា​ លោក​ Tom Perez មាន​លទ្ធភាព​អាច​ប្រមូល​ផ្តុំ​សមាជិក​គ្រួសារ​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​បែកបាក់​គ្នា​កាលពី​ការបោះឆ្នោត​បឋម​ក្នុង​បក្ស។

ហេតុ​អ្វី​គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​? តើ​ប្រធាន​គណបក្ស​មាន​តួនាទី​អ្វី​ខ្លះ?

មែនទែនទៅ​ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បង្ខំ​ចិតត្ត​​ជ្រើស​រើស​ប្រធាន​បក្ស​ថ្មី​ ក្រោយ​ពី​លោក​ស្រី​​ Debbie Wasserman Schultz បាន​លាលែង​ចេញ​ពី​មុខ​តំណែង​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​​កន្លង​ទៅ​នេះ។​ ការ​ប្រកាស​លាឈប់​ពី​តួនាទី​ប្រធាន​បក្ស​នេះ​ គឺ​ក្រោយ​ពី​បែក​ធ្លាយ​ឯកសារ​ផ្ទៃ​ក្នុង​បក្ស​ ដែល​បាន​បង្ហាញ​ភាព​លំអៀង​របស់​លោកស្រី​ប្រធាន​បក្ស។​ តាម​រយៈ​ឯកសារ​ននោះ​ គេ​អាច​ដឹង​ថា​ក្នុង​កំឡុង​ពេល​បោះឆ្នោត​បឋម​ក្នុង​បក្ស​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​ លោកស្រី​ Debbie Wasserman Schultz ​បានផ្តល់​តំរុយ​ដើម្បី​ឲ្យ​ឥស្សរជន​ជាន់​ខ្ពស់​ក្នុង​បក្ស​គាំទ្រ​លោកស្រី​ ហ៊ីឡារី​ គ្លីនតុន​ ជាជាង​គាំទ្រ​លោក​ Bernie Sanders សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ​ Vermont។

ចំពោះ​តួនាទី​ប្រធានបក្ស​វិញ​ នៅ​សហរដ្ឋ​អាមេរិក​ ប្រធាន​គណបក្ស​នយោបាយ​ពុំ​មាន​តួនាទី​ដូច​ប្រធាន​បក្ស​នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏ទៃ​ទៀតឡើយ។​ ប្រធាន​បក្ស​ពុំ​មែន​ជា​តួអង្គ​សំខាន់​ឡើយ​ក្នុង​ការ​ដឹកនាំ​ការ​ជំទាស់​ប្រឆាំង​នយោបាយ​របស់​​គូបដិបក្ខ​នៃ​គណបក្ស​​នយោបាយ​មួយ​ទៀត។​ តាមពិត​ទៅ គឺ​ប្រធាន​ក្រុមតំណាង​រាស្រ្ត​របស់បក្ស​ប្រចាំ​នៅ​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា​ ជា​អ្នក​ដើរ​តួនាទី​ជំទាស់​ផ្លូវការតំណាង​ឲ្យ​បក្ស។​ ហើយ​ប្រធាន​បក្ស​ក៏​ពុំ​មែន​ជា​អ្នក​សំរេច​ចិត្ត​ ឬ​តាក់​តែង​កម្មវិធី​នយោបាយ​បក្ស​តែ​ម្នាក់​ឯង​ឡើយ។

អ្នក​ដែល​កាច់​ចង្កូត​ និង​តំរង់​ទិស​នយោបាយ​របស់​បក្ស​ គឺ​​ប្រធាន​ក្រុមតំណាង​រាស្រ្ត​របស់បក្ស​ប្រចាំសភា​ទាំងពីរ​ថ្នាក់។
ជាក់​ស្តែង​ តួនាទី​របស់​ប្រធាន​បក្ស​ គឺ​ដឹកនាំ​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ឧបត្ថម្ភ​កិច្ច​ដំណើរ​ការ​បក្ស​។​ហើយ​ជាពិសេស​ គឺដឹកនាំ​ចលនា​បក្ស​ប្រចាំ​ថ្នាក់ជាតិទាំងមូល។​ ប្រធានបក្ស​ក៏​​ត្រូវ​ពង្រឹង​​ការិយាល័យ​បក្ស​ប្រចាំ​នៅ​តាម​មូលដ្ឋាន​និមួយៗផងដែរ។​ ជាពិសេស​ គឺ​គ្រប់​គ្រង​ទិន្នន័យ​អ្នក​គាំទ្រ​បក្ស​ និង​អ្នក​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​នៅ​តាម​មូលដ្ឋាន។​ លើសពីនេះ​ ប្រធាន​បក្ស​​ដើរ​តួនាទី​សំខាន់បំផុត​ ​នៅ​ពេល​ដែល​គណបក្ស​រៀបចំ​ការ​បោះឆ្នោត​បឋម​ ដើម្បី​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​បក្ស។​ ហើយ​ប្រធានបក្ស​ចាំបាច់​ត្រូវ​ធានា​តម្លាភាព​ និង​អព្យាក្រិតភាព​ក្នុង​ដំណើរ​ការ​បោះឆ្នោត​បឋម​នេះ។

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កន្លង​ទៅនេះ​មាន​លក្ខណៈ​ពិសេស។​ ពិសេស​ត្រង់​ថា​ ចរិត​​លក្ខណៈ​ និង​នយោបាយ​ដ៏​ចម្រូង​ចម្រាស់​របស់​លោក​ ដូណាល់​ ត្រាំ។​ ក្រោយពី​បាន​ចូល​កាន់​កាប់​អំណាច​ប្រធានាធិបតី​ ចលនា​បាតុកម្ម​ និង​ការ​ប្រឆាំង​តវ៉ា​នឹង​លោក​ ដូណាល់​ ត្រាំ​ កំពុង​តែ​បន្ត​ធ្វើ​នៅ​តាម​បណ្តា​ក្រុង​នានា​ក្នុង​សហរដ្ឋ​អាមេរិក។​ ឆ្លៀត​ឱកាស​ពិសេស​នេះ​ សកម្មជន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​ប្រមុខ​បក្ស​ថ្មី​ ដើរ​តួនាទី​លើស​ពី​សព្វដង​។​ តួយ៉ាង​ដូចជា​ ចេញ​មុខ​ជំទាស់​នឹង​នយោបាយ​របស់​លោក​​ ដូណាល់​ ត្រាំ តាមរយៈ​សារព័ត៌​មាន​​ជាដើម។

ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​ចលនា​ប្រឆាំង​តវ៉ានេះ​ ដើម្បី​ពង្រីក​​ចំនួន​អ្នក​គាំទ្រ​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​។ គោលដៅ​ គឺ​ដណ្តើម​ជ័យ​ជំនះ​ក្នុង​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។ នៅ​ក្នុង​ខ្សែវីដេអូ​មួយផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ លោកស្រី​ ហ៊ីឡារី គ្លីនតុន​ បាន​ជំរុញ​​ឲ្យ​បាតុករ​ប្រឆាំង​លោក​ ដូណាល់​ ត្រាំ បន្ត​ការ​តវ៉ា​ទៀត។​

ក្រោយ​ពី​បាន​ឈ្នះ​ឆ្នោត​ភ្លាមៗ​ លោក​ Tom Perez ក៏​បាន​បោះដៃ​សុំ​កិច្ច​សហការ​ជាមួយ​ចរន្ត​ឆ្វេង​និយម​នៅ​ក្នុង​បក្សផងដែរ។​ លោក​ Keith Ellison គូ​ប្រជែង​របស់​គាត់​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​តែ​ចំនួន​ ២០០ សំឡេង​បាន​សុខ​ចិត្ត​សហការ​ជាមួយ​លោក​ Tom Perez។​ ហើយ​អតីតៈ​គូប្រជែង​គ្នា​នេះ​ក៏​បាន​យល់​ព្រម​ទទួល​យក​តំណែង​អនុប្រធាន​គណបក្ស​ផងដែរ។ មាន​​អាយុ​ ៥៣ ឆ្នាំ​ លោក​ Keith Ellison ជា​អ្នក​នយោបាយ​អាមេរិក​ស្បែក​ខ្មៅ​។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​នយោបាយ​កាន់​សាសនា​ឥស្លាម​តំបូង​គេ​បង្អស់​ ដែល​បាន​ជាប់​ឆ្នោត​ជា​​តំណាង​រាស្រ្ត​អាមេរិកប្រចាំ​សភា​នៅ​រដ្ឋ​ Minnesota មុន​នឹង​ជាប់​ឆ្នោត​ជា​សមាជិក
​ព្រឹទ្ធស​ភា​​កាលពីឆ្នាំ​២០០៦​។​

អនុប្រធាន​បក្ស​ថ្មី​រូប​នេះ​ក៏​ជា​​អ្នកគាំ​ទ្រ​នយោបាយ​ឆ្វេង​និយម​របស់​សមាជិក​ព្រឹទ្ធសភា​ Bernie Sanders ដ៏​ពេញ​និយមក្នុង​ចំណោម​ក្រុម​យុវជន​អាមេរិក​ និង​ក្រុម​ស្រ្តី​វ័យ​កណ្តាល។​ លោក​ Bernie Sanders ​បាន​ចាញ់​ឆ្នោត​បឋម​ក្នុង​បក្សកាលពី​ឆ្នាំ​មុន​​ ពេល​ដែលប្រជែង​ជាមួយ​​លោកស្រី​ ហ៊ីឡារី​ គ្លីនតុន។ នៅ​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​យោបល់​គ្នា​កន្លង​មក​ ទាំង​​លោក​ ​ Tom Perez ទាំង​លោក​ Keith Ellison សុទ្ធ​តែ​យល់​ស្រប​គ្នា​ថា​ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​តែ​ផ្សា​ភ្ជាប់​ខ្លួន​ឡើង​វិញ​ជាមួយ​ប្រជាជន​ក្រីក្រ​សាមញ្ញ​នៅ​ថ្នាក់​មូលដ្ឋាន​ ជាពិសេស​គឺ ពួក​កម្មករ​ កសិករ​អាមេរិក​ស្បែក​ស​ ដែល​បាន​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ឲ្យ​លោក​ ដូណាល់​ ត្រាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ