ប្រធានាធិបតីតួកគីអំពាវនាវអាមេរិកឲ្យរួមដៃកម្ទេចក្បាលម៉ាស៊ីនក្រុមជីហាតនៅរ៉ាកា
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន នៅថ្ងៃសៅរ៍ម្សិលមិញ បានវាយតម្លៃថា បើសិនអាមេរិករួមដៃជាមួយកងទ័ពតួកគី នោះប្រទេសទាំងពីរនឹងអាចវាយកម្ទេច ប្រែក្លាយទីក្រុងរ៉ាការបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមឲ្យទៅជាទីវាលកប់ខ្មោច។ ប្រសាសន៍របស់លោករេស៊ីប អ៊ែរដូហ្កាន ធ្វើឡើងនៅមុនពេលដែលប្រមុខរដ្ឋតួកគីរូបនេះត្រូវធ្វើដំណើរទស្សនកិច្ចជាលើកទី១ ទៅជួបប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅពាក់កណ្តាលខែឧសភាខាងមុខ។
អាមេរិកដ៏ធំធេង និងតួកគីអាចរួមកម្លាំងគ្នា ដើម្បីប្រែក្លាយទីក្រុងរ៉ាកាឲ្យទៅជាវាលកប់ខ្មោច។ នេះជាការថ្លែងរបស់ប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន នៅក្នុងសុន្ទរកថាខ្លីមួយ ទៅកាន់សាធារណជនតួកគី នៅថ្ងៃសៅរ៍។
តួកគីចង់ចូលរួមជាមួយអាមេរិកដែលកំពុងត្រៀមវាយប្រហារទីក្រុង រ៉ាកា ដែលជាទីស្នាក់ការកណ្តាល ក្បាលម៉ាស៊ីនរដ្ឋបាលរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដី ស៊ីរី។ ប៉ុន្តែ រហូតមក តួកគី និងអាមេរិក នៅមិនទាន់យល់ស្របគ្នា ពីយុទ្ធសាស្រ្តដែលគេត្រូវប្រើ នៅក្នុងទឹកដីស៊ីរី។
តួកគីដែលចង់ចូលរួមកម្លាំងជាមួយអាមេរិក ក៏ព្រោះតែមិនចង់ឃើញក្រុមទាហានគួដ នៅស៊ីរី (Peopole protection ‘s Unit YPG) ដើរតួនាទីសំខាន់ ក្នុងការវាយរំដោះទីក្រុងរ៉ាកាជាមួយអាមេរិក។ រដ្ឋបាលអាមេរិកបានគាំទ្រទាំងផ្នែកយោធា និងហិរញ្ញវត្ថុដល់ក្រុមគួដនៅស៊ីរី និងនៅអ៊ីរ៉ាក់ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម។
ប៉ុន្តែ ក្នុងក្រសែភ្នែករបស់ទីក្រុងអង់ការ៉ា ក្រុមគួដ ស៊ីរីជាសម្ព័ន្ធមិត្ត អ្នកគាំទ្រពួកឧទ្ទាម គួដ នៅតួកគី PKK ដែលរដ្ឋាភិបាលតួកគីចាត់ទុកជាក្រុមភេរវជន ប្រយុទ្ធប្រឆាំងនឹងអំណាចរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៨៤មក។ នៅដើមសប្តាហ៍នេះ ទីក្រុងអង់ការ៉ាបានធ្វើឲ្យអាមេរិកអាក់អន់ចិត្ត បន្ទាប់ពីយន្តហោះចម្បាំងតួកគីបានទម្លាក់គ្រាប់ទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមទាហានគួដស៊ីរី និងក្រុមគួដ អ៊ីរ៉ាក់ ដែលទាំងពីរក្រុមសុទ្ធតែជាគ្នីគ្នារបស់អាមេរិក និងដែលបានសម្លាប់មនុស្ស សរុប ៣៤នាក់។
ដោយពិតទៅ កងទ័ពតួកគី និងក្រុមទាហានគួដ នៅស៊ីរីឧស្សាហ៍ប៉ះទង្គិច ជាពិសេសនៅតាមព្រំដែនប្រទេសទាំងពីរ។ នៅថ្ងៃសៅរ៍ ប្រធានាធិបតីតួកគីដែលនិយាយការពារ កងទ័ពតួកគី បានអះអាងថា គេបានសម្លាប់ក្រុមភេរវជនប្រមាណ ២០០នាក់ នៅក្នុងប្រតិបត្តិការវាយប្រហារកន្លងទៅ នៅក្នុងទឹកដីស៊ីរី។ ប្រធានាធិបតីតួកគីបានបញ្ជាក់ដែរថា លោកមានឯកសារ ភស្តុតាងគ្រប់គ្រាន់ ដើម្បីទៅបង្ហាញលោកប្រធានាធិបតីអាមេរិក ឲ្យឃើញថា ក្រុមទាហានគួដ នៅស៊ីរី ដែលអាមេរិកកំពុងគាំទ្រ ផ្តល់ជំនួយ តាមពិតមានទំនាក់ទំនងជាមួយក្រុមគួដតួកគី ដែលតួកគី និងប្រទេសលោកខាងលិចចាត់ចូលក្នុងបញ្ជីភេរវជនពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ