ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ជំនួប​រវាង​កូន​ប្រុស​លោក​ត្រាំនិងមេធាវី ជាការ​​រំលោភ​ច្បាប់​បោះឆ្នោត​អាមេរិក​ឬ ?

សំឡេង ០៦:១៥
សារ​អេឡិចត្រូនិក​ដែល​កូនប្រុស​លោក​ត្រាំបង្ហោះ​ផ្សាយតាម​Twitter.
សារ​អេឡិចត្រូនិក​ដែល​កូនប្រុស​លោក​ត្រាំបង្ហោះ​ផ្សាយតាម​Twitter. DonaldJTrumpJR/Handout via REUTERS

សំណុំ​រឿង​ស៊ើប​អង្កេត​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​អាមេរិក បាន​ស្គាល់​របត់​ថ្មី បន្ទាប់​ពី​កូន​ប្រុស​ច្បង​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ទទួល​ស្គាល់​ថាលោក​ធ្លាប់​បាន​ជួប​មេធាវី​រុស្ស៊ី ក្នុង​អំឡុង​ពេល​ឃោសនា។ រដ្ឋអាជ្ញាពិសេស​អាមេរិក​ បាន​ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ករណី​កូនប្រុស​របស់​លោក​ដូណាល់ត្រាំ​ជួបជាមួយ​មេធាវី​រុស្ស៊ី។ ចំណែក​ឯ​គណៈកម្មការ​សភា​វិញ ក៏​គ្រោង​នឹងកោះ​​ហៅ​កូនប្រុស​លោក​ត្រាំ​ទៅ​សាកសួរ​ជុំវិញ​រឿងនេះ​ដែរ។ ក្នុងពេល​ជាមួយគ្នា អ្នក​ជំនាញ​ខាង​ផ្នែក​ច្បាប់ ក៏​កំពុងតែ​មាន​ការជជែក​ដេញដោល​គ្នា​ខ្លាំង​ ជុំវិញ​ថា តើ​ជំនួប រវាង​កូនប្រុស​លោក​ត្រាំ និង​មេធាវី​រុស្ស៊ី នេះ​អាច​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

កូន​ប្រុស​លោក​ត្រាំ បាន​បង្ហោះ​ខ្លួន​ឯង​​ សារ​ឆ្លើយ​ឆ្លង​តាម​​អ៊ីមែល ថា​គាត់​ពេញ​ចិត្ត​នឹង​ជួប​មេធាវី​រុស្ស៊ី​ ព្រោះ​សង្ឃឹម​ថា​ជំនួប​នោះ​ លោក​នឹ​ងអាច​ទទួល​បាន​នូវ​ព័ត៌មាន​សម្រាប់​មក​វាយប្រហារ​លើ​លោកស្រី គ្លីនតុន ជា​គូប្រជែង​របស់​ឪពុក​។ ជា​ព័ត៌មាន​ជាន់​ខ្ពស់​ដែល​អាច​ចាត់​ទុក​ថា​ជា​ចំណែក​មួយ​នៃ​ការ​គាំទ្រ​របស់​រុស្ស៊ី​ចំពោះ​លោក​ត្រាំ។

ច្បាប់​បោះឆ្នោត​អាមេរិក

តាំង​ពី​ឆ្នាំ​១៩៧៤មក ​ច្បាប់​បោះឆ្នោត​អាមេរិក​ បាន​ហាម​ឃាត់​រាល់​គ្រប់​ទម្រង់​នៃ​ការ​ជ្រៀតជ្រែក​របស់​បរទេស​។ ហាមដាច់​ខាត​​មិន​ឱ្យ​បរទេស​ចូល​រួម​ចំណែក ឬ​សន្យា​ចូល​ជួយ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​បាន​ឡើយ។ ការ​ចូល​រួម ចូល​ជួយ ទោះ​ជា​វិភាគ​ទាន​ ជា​លុយ​កាក់​​ ជា​វត្ថុ​មាន​តម្លៃ ​ការ​ផ្តល់​ព័ត៌មានក៏​រាប់​បញ្ចូលមួយ​ដែរ​​ សុទ្ធ​តែ​ត្រូវ​បាន​ហាម​ឃាត់​ទាំង​អស់។

ជាងនេះ​ទៀត បើ​តាម​ច្បាប់​ដដែល និង​បើ​និយាយ​ជា​លក្ខណៈ​ទូលំទូលាយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ កូន​ប្រុស​លោក​ត្រាំអាច​នឹង​ត្រូវ​ជំពាក់វាក់វិន​​មួយ​ករណី​ទៀត ពី​បទផ្សំគំនិត​​ត្រូវ​រ៉ូវ​គ្នា​ពីរ​បី​នាក់ ប្រព្រឹត្ត​ឧក្រិដ្ឋ។ ច្បាប់​សហព័ន្ធ​អាមេរិក​តឹង​តែង​និង​មាន​អំណាច​ខ្លាំងណាស់ ត្រង់​ចំណុច​នេះ ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ មិន​មែន​មាន​ន័យ​ទាល់​បញ្ចេញ​សកម្មភាព​​បាន​ថា​មាន​ទោស​ទេ គ្រាន់​មាន​បំណងចង់​ធ្វើ​​គឺ​គ្រប់​គ្រាន់​នឹង​ជាប់ចោទ​បានហើយ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​Virginie។​

ឱ្យ​​បរទេសជ្រៀតជ្រែក ជាទង្វើ​ក្បត់ជាតិ ?

ពាក្យ​អះអាង​បែប​នេះ មិនអាច​យក​មក​ប្រើជាការ​ ដើម្បី​ការពារ​ខ្លួន​បាន​ឡើយ​ក្នុង​ផ្លូវ​ច្បាប់។ កូន​ប្រុស​លោក​ត្រាំ បាន​ទៅ​​​ជួប​មេធាវី​រុស្ស៊ី តាម​ការ​ណាត់ ក្រែង​លោក​មេធាវី​នោះ​បានទទួល​ព័ត៌មាន​ដែល​គាត់​ចង់​បាន​យក​ទៅ​ជួយ​ឪពុក ! គ្រាន់​តែ​ដំណើរ​ទៅ​ជួប​ប៉ុណ្ណោះ​​វា​គ្រប់គ្រាន់​នឹង​បញ្ជាក់​បាន​ថា​លោក​មាន​ចេតនា មាន​បំណង​ធ្វើ​ហើយ​។

ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បោះឆ្នោត​ម្នាក់​នៃ​សាកលវិទ្យាល័យ​Ohio​បាន​បក​ស្រាយ​ បែប​ផ្សេង​ថា ការ​ដែរ​ប៉ុនប៉ង ឬ​ការប្រមូល​​បាន​ព័ត៌មាន​ស្តី​ពី​បេក្ខជន​ម្នាក់​ទៀត​ជា​គូប្រជែង​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការឃោសនា​បោះឆ្នោត គឺ​ជា​ផលប៉ះពាល់​រំខានមួយ​ដែល​ប្រទាញ​ប្រទង់​ខ្លាំង​នឹង​ពាក្យ​ថា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ប្រសិនបើ​គេ​ចង់​ចោទ​កូន​លោក​ត្រាំ គេ​ក៏​ត្រូវ​ចោទ​ប្រកាន់​លោកស្រី​គ្លីនតុន​ដែរ ព្រោះកាលណោះ​ក្រុមការងារ​លោក​ស្រី បាន​សាក​ល្បង​ស្វែង​រក​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ជន​បរទេស ដើម្បី​ឈ្លេច​ឱ្យ​ដឹង​ថា​តើ​ក្រុមហ៊ុន​របស់​លោក​ដូណាល់​ត្រាំ មាន​ប្រើ​កម្មករ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​មែន​ឬ​អត់។

ថ្វីបើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​នាំ​គ្នា​ស្រែក​បន្ទោស​ រហូត​ដល់​ប្រើ​ពាក្យ​ថា ក្បត់ជាតិ​មែន ប៉ុន្តែ​មេធាវី​ដែល​ភ្នាក់ងារ​សារព័ត៌មាន​បាន​ជួប​សួរ​ សុទ្ធ​តែ​ជឿជាក់​នឹង​គ្មាន​ទេ​ការ​ចោទ​ប្រកាន់​ ថា​ក្បត់​ជាតិ​នោះ។ គ្រាន់​តែ​ជួប​ភ្នាក់ងារ​​បរទេស​ម្នាក់ ទោះ​ជា​តំណាង​ប្រទេស​គូប្រជែង​ដូច​យ៉ាង​រុស្ស៊ី​នេះ​ក៏​ដោយ​ ក៏​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ចារកិច្ច​ឬ​ក្បត់​ជាតិ​បាន​ឡើយ។ ដើម្បី​អាច​ជាប់​ចោទ​ថ្នាក់​នេះ​បាន​ លុះ​ណា​តែ​បុគ្គល​នោះ​មាន​ចេតនា​បំផ្លាញ​ជាតិ។

នៅ​ក្នុង​រឿង​នេះ បើ​តាម​សាស្ត្រាចារ្យ​ច្បាប់​​នៅ​តិចសាស់ និង​ជា​អ្នក​ប្រជាធិបតេយ្យ​បំផុត​ម្នាក់ កូន​លោក​ត្រាំ​អាច​នឹង​ជាប់​អង្កេត​បាន​ ដរាប​ណា​តែ​គេ​រក​ឃើញ​ថា​មាន​ការ​ដោះដូរ​បង់​ប្រាក់​ដើម្បី​ទទួល​ព័ត៌មាន (យើង​ក៏​មិន​ដឹង​ដំណើរ​រឿង​ច្បាស់​លាស់​ដែរ​នៅ​ពេល​នេះ)។ បើ​ត្រឹម​តែ​ជួប​និយាយ​ជាមួយ​មនុស្ស​គឺ​មិន​ថ្វី​ទេ។

លោក​ត្រាំ​សរសើរ​កូន​ថាមាន​តម្លាភាព

​លោក​ដូណាល់ ត្រាំ បាន​ស្វាគមន៍​សេចក្តី​សម្រេច​របស់​កូនប្រុស ដែល​ហ៊ាន​ចេញ​មុខ​បក​ស្រាយ​ការ​ពិត​ ដើម្បី​តម្លាភាព និង​បាន​ប្រកាស​ចាត់​ទុក​កូន​ប្រុស​លោក​ថា​ជាមនុស្ស​​មាន​បុគ្គលិកលក្ខណៈ​ល្អ។ ប៉ុន្តែ​​ខុស​ពី​ទម្លាប់​ លោក​បាន​ប្តូរ​ពី​ការ​បង្ហោះសារ​តាម​ប្រព័ន្ធ​សង្គម មក​ជា​សារ​ដ៏​ខ្លី​អាន​ដោយ​អ្នក​នាំពាក្យ​ទៅ​វិញ។ តើ​ហេតុអ្វី ? ​មាន​ន័យ​ថាសំណុំ​រឿង​នេះ​កំពុង​តែ​ធ្វើ​ឱ្យ​លោក​ទើស​ទ័ល​ខ្លាំងណាស់។ នេះ​ជា​លើក​ទី​មួយ​ហើយ​ តាំង​ពី​ផ្ទុះរឿង​អាស្រូវ​បើក​អង្កេត​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​មក ដែល​សេតវិមាន​ហាក់​ដូច​ជា​គ្មាន​អ្វី​រៀបចំ​​និង​ធ្វើ​កា​រវាយបក​វិញ​នោះ។

​លោក​ត្រាំ ទំនង​ជា​មិន​ដឹង​មែន ! លោក​ធ្លាប់​បាន​ប្រកាស​ជា​ញឹកញយ​ដង​ហើយ​ថា​លោក​គ្មានពាក់ព័ន្ធ​នឹង​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ​ទេ។ ហើយ​បើ​តាម​ការ​អះអាង​របស់​លោក​ដូណាល់ ត្រាំ Jr អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​មិន​បាន​ប្រាប់​ឪពុក​ទេ។ ប៉ុន្តែ​ទោះ​បីមែន​​ឬ​មិនមែន នៅ​តាម​ផ្លូវ​ច្បាប់​លោកប្រធានាធិបតី​ដូណាល់ត្រាំ តែ​ត្រូវ​មាន​កំហុស ព្រោះ​លោក​ជា​មេ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​។

សារ​របស់​លោក​ដូណាល់ ត្រាំ Junior បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ រុស្ស៊ី​ត្រៀម​ខ្លួន​នឹង​ចូល​ជួយ​ក្រុម​លោក​ត្រាំ​ឱ្យ​បាន​ឈ្នះ ហើយ​ក្រុមលោកត្រាំ​ព្រម​ទៅ​ជួប​ក្រែង​បាន​​ជំនួយ។ អ្នក​សាធារណរដ្ឋ​ត្រូវ​ពិបាក​រក​ពាក្យ​ដោះស្រាយ​បន្តិច​ហើយ ឯ​អ្នក​ប្រជាធិបតេយ្យ​​បាន​ឱកាស​នឹង​សម្រុក​វាយ​ប្រហារ​។

​ទោះ​មិន​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​រំលោភ​ច្បាប់​បោះឆ្នោត​​ ក៏​រឿង​នេះ​សក្តិសម​នឹង​ធ្វើ​អង្កេត​បំផុត ដែល​ចៅក្រម​ពិសេស​ត្រូវ​បើក​អង្កេត​ ព្រោះមាន​​​តំណាង​មហាអំណាច​បរទេស​​ចង់​សហការ​ជាមួយ​បុគ្គល​ដែលជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រុម​ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI