សហរដ្ឋអាមេរិក-រុស្ស៊ី

គណៈកម្មការ​ព្រឹទ្ធសភា​កោះហៅ កូនប្រុស​​របស់​​លោក​ដូណាល់ ត្រាំ នៅសប្តាហ៍​ក្រោយ

លោក​ដូណាល់ ត្រាំ Junior​កូនប្រុស​របស់​លោក​ដូណាល់ ត្រាំ (ឆ្វេង) លោក​ Jared Kushner កូនប្រសារ​របស់​លោក​ដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ Junior​កូនប្រុស​របស់​លោក​ដូណាល់ ត្រាំ (ឆ្វេង) លោក​ Jared Kushner កូនប្រសារ​របស់​លោក​ដូណាល់ ត្រាំ ©REUTERS/Brian Snyder, Carlo Allegri

កូនប្រុស​ រួម​ទាំង​ប្រធាន​ក្រុម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ នៅ​គណៈកម្មការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ ជុំវិញ​ជំនួប​ជាមួយ​មេធាវី​រុស្ស៊ី នៅក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ចំណែក​កូនប្រសារ​របស់លោក​ដូណាល់ ត្រាំ ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី ត្រូវ​បាន​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិក កោះហៅ នៅ​ថ្ងៃ​ចន្ទ ក្នុង​សំណុំរឿង​ទាក់ទង​នឹង​រុស្ស៊ី។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ កូនប្រសារ​ប្រុស​របស់​លោក​ដូណាល់ ត្រាំ លោក Jared Kushner នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​សំណួរ​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ របស់​ព្រឹទ្ធសភា។ ពីរ​ថ្ងៃ​បន្ទាប់ គឺ​ដល់​វេន កូនប្រុស​ច្បង របស់​លោក​ដូណាល់ ត្រាំ និង ប្រធាន​ក្រុមដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​ត្រូវ​បង្ហាញ​មុខ ក្នុង​សវនការ សួរ​ដេញដោល ដាច់​ដោយ​ឡែក​មួយទៀត របស់​គណៈកម្មការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា។

 

មនុស្ស​ជំនិត និង​សំខាន់ ទាំងបី​រូប​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​ចូលខ្លួន ឆ្លើយ​បំភ្លឺ នៅ​គណៈកម្មការ​ព្រឹទ្ធសភា ជុំវិញ ជំនួប​ដ៏​ចម្រូងចម្រាស ជាមួយ​មេធាវី​រុស្ស៊ី នៅក្នុង​អំឡុង ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ តាម​សារ​អេឡិចត្រូនិក ដែល​កូនប្រុស​របស់​លោក​ដូណាល់ ត្រាំ ចុះផ្សាយ​ដោយ​ខ្លួន​ឯង​ផ្ទាល់​លើ​បណ្តាញ​សង្គម Twitter នៅ​សប្តាហ៍​មុន កូនប្រុស​បង្កើត របស់​លោក​ដូណាល់ ត្រាំ និង​ប្រធាន​ក្រុម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រួម​ទាំង​កូនប្រសារ​របស់​លោកដូណាល់ ត្រាំ បាន​ជួប​សន្ទនា​ជាមួយ​មេធាវី​ស្រី​រុស្ស៊ី​ម្នាក់ នៅ​ខែ​មិថុនា ឆ្នាំ ២០១៦ ក្នុង​ក្តី​រំពឹងថា នឹង​បាន​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ដើម្បី​យកប្រើប្រាស់​សម្រាប់​​វាយប្រហារ​លើ​លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​ជា​គូប្រជែង​របស់​លោក​ដូណាល់ ត្រាំ ដែល​ជា​ឪពុក។

 

ព័ត៌មាន​ស្តីពី​ជំនួប​រវាង​កូនប្រុស លោក​ដូណាល់ ត្រាំ ជាមួយ​នឹង​មេធាវី​រុស្ស៊ី បាន​ដាក់​បន្ទុក​មួយ​កម្រិត​ទៀត​ទៅលើ​លោក​ដូណាល់ ត្រាំ ដែល​តាំង​ពី​ដំបូងទី បាន​បដិសេធ ថា​គ្មាន​ជាប់ទាក់ទង​នឹង​រុស្ស៊ី នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ប្រធានាធិបតី។

 

នៅក្នុង​សំណុំរឿង​ទាក់ទង​នឹង​រុស្ស៊ី​នេះដែរ នៅក្នុង​បទសម្ភាសន៍ កាលពី​ថ្ងៃ​ពុធ​ជាមួយ កាសែត​New York Times លោក​ដូណាល់ ត្រាំ បាន​ប្រើពាក្យ​ខ្លាំងៗ​រិះគន់​លោក​រដ្ឋមន្រ្តី​យុត្តិធម៌ Jeff Sessions។ តាម​លោក​ដូណាល់ ត្រាំ លោក​នឹង​មិន​តែងតាំង លោក​Jeff Sessions ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ទេ បើសិន​លោក​ដឹង​ជាមុន​ថា លោក​ Jeff Sessions ដកខ្លួន ចេញ​ពី​ការស៊ើបអង្កេត​របស់​FBI ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះ​ឆ្នោត​អាមេរិក​នោះ។ លោក​Jeff Sessions សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែលចេញ​មុខ​គាំទ្រ​លោក​ដូណាល់ ត្រាំ តាំង​ពី​ដំបូងទី បាន​សម្រេច​ដកខ្លួន ចេញ​ពី​ដំណើរការ​ស៊ើបអង្កេត​របស់​FBI បន្ទាប់​ពី​មាន​ការបែកលេចធ្លាយ​ព័ត៌មាន​ស្តីពី​ជំនួប​រវាង​លោក ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI