សហរដ្ឋអាមេរិក

អ្នកនាំពាក្យ​របស់​លោក​ដូណាល់ ត្រាំ លាចេញ​ពី​មុខ​តំណែង

លោក​Sean Spicer លាលែង​ចេញ​ពី​តំណែង​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី នៅថ្ងៃ​សុក្រ​ទី ២១ កក្កដា​២០១៧
លោក​Sean Spicer លាលែង​ចេញ​ពី​តំណែង​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី នៅថ្ងៃ​សុក្រ​ទី ២១ កក្កដា​២០១៧ ©REUTERS/Carlos Barria

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​មាន​អ្នកនាំពាក្យ​ថ្មី បន្ទាប់​ពី​អ្នកនាំពាក្យ​ចាស់ ដ៏​ចម្រូងចម្រាស គឺ​លោក​Sean Spicer​បាន​សុំ​លាលែង​ចេញ​ពីតំណែង ។ នៅ​៦​ខែ​ក្រោយ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដែល​គ្មាន​ប្រជាប្រិយភាព​ជាមួយ ក្រុមអ្នកកាសែត ចង់​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ដោយ​បាន​តែងតាំង​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អ្នកជំនាញ​ហិរញ្ញវត្ថុ​ម្នាក់ សម្រាប់​តំណែង​ប្រធាន​ក្រុមទំនាក់ទំនង​របស់​សេតវិមាន។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ប្រធានាធិបតី លោក​Sean Spicer​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​លោក​លាចេញ​ពីតំណែង​នោះ​ទេ។ ប៉ុន្តែ ប្រភព​ដែល​បានផ្តល់​ព័ត៌មាន​ដល់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ្នកនាំពាក្យ​របស់​លោក​ដូណាល់ ត្រាំ បាន​សុំ​លាលែង​ចេញ​ពីតំណែង ដោយសារ​តែ​លោក​មិន​ពេញចិត្ត​នឹង​លោក​ដូណាល់ ត្រាំ ដែល​បាន​សម្រេច​តែងតាំង អ្នកជំនាញ​ហិរញ្ញវត្ថុ​មក​ពី​Wall Street​ម្នាក់ ឲ្យ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​ ក្រុមផ្សព្វផ្សាយ របស់​សេតវិមាន។

 

នៅក្នុង​សារ​Twitter លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​សំដែង​ការគោរព​ដល់​អ្នកនាំពាក្យ​Sean Spicer​ដែល​លោក​ចាត់ទុក​ថា បាន​រងគ្រោះ មើលងាយ​ដោយ​ក្រុមអ្នកកាសែត​ដែល​សរសេរ​ព័ត៌មាន​មិនពិត។

 

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ អ្នកនាំពាក្យ​របស់​លោកប្រធានាធិបតី បាន​បាត់មុខ​ពី​វេទិកា​សួរឆ្លើយឆ្លង​ជាមួយ​អ្នកកាសែត​នៅ​សេតវិមាន។ គេជឿថា លោក​Sean spicer ដែល​គ្មាន​ទំនាក់ទំនង​រលូន​ជាមួយ​អ្នកកាសែត បាន​រង​ការស្តីបន្ទោស​ពី​មេកំពូល​របស់​លោក ក្នុង​រឿង​ចាត់ចែង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រធានាធិបតី។

 

គេជឿថា លោក​ដូណាល់ ត្រាំ រុះរើ ក្រុមការងារ​ផ្សព្វផ្សាយ របស់លោក ដើម្បី​ផ្តល់​សន្ទុះ ផ្លាស់ប្តូរ​មុខមាត់​ប្រធានាធិបតី ដែល​កំពុង​ជាប់ស្រមាម​ដោយសារ​រឿង​ស៊ើបអង្កេត​ទាក់ទង​នឹង​រុស្ស៊ី។ ក្រៅតែ​ពីផ្សព្វផ្សាយ លោក​ដូណាល់ ត្រាំ បាន​រុះរើ​ផងដែរ ក្រុមមេធាវី​ផ្ទាល់​ខ្លួន ដែល​លោក​បាន​ជ្រើសរើស​សម្រាប់​ទប់ទល់​នឹង រដ្ឋអាជ្ញា​ពិសេស Robert Mueller ដែល​កំពុង​ស៊ើបអង្កេត​លើ​ការពាក់ព័ន្ធ​រវាង​រុស្ស៊ី ហើយ​និង​ក្រុមការងារ​ឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ។ តាម​កាសែត​New York Times មេធាវី​របស់​លោក​ដូណាល់ ត្រាំ កំពុង​ស្រាវជ្រាវ​រក​មើល​ចំណុចខ្សោយ​របស់​ក្រុមអ្នកស៊ើបអង្កេត របស់​រដ្ឋអាជ្ញាពិសេស Robert Mueller ជាពិសេស​ទំនាស់​ផលប្រយោជន៍។ ទិសដៅ គឺបង្ខូច មិន​ឲ្យ​គេ​ទទួល​ស្គាល់​ការងារ​ស៊ើបអង្កេត​របស់​ក្រុមរដ្ឋអាជ្ញា​ពិសេស។

 

កាសែត Washington Post ឯណោះវិញ នៅ​បាន​សរសេរ​ថា លោក​ដូណាល់ ត្រាំ បាន​បញ្ជារ​ឲ្យ​មេធាវី​របស់លោក ស្រាវជ្រាវ​រក​លក្ខខណ្ឌ​ណា ដែល​ក្នុង​នាម​ជា​ប្រធានាធិបតី លោក​អាច​លើកលែង​ទោស​ដល់​សមាជិក​គ្រួសារ អ្នកជំនិត ឬ​លោក​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI