លោក Jeff Bezos ថៅកែ​ក្រុម​ហ៊ុន​ Amazone ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​លោក​

ស្ថាបនិក​Amazon លោក Jeff Bezos ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក
ស្ថាបនិក​Amazon លោក Jeff Bezos ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក REUTERS/Jason Redmond

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​ កក្កដា​កន្លង​ទៅ​នេះ លោក​ Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​ Amazone ដែល​មាន​ជំនាញ​ខាង​លក់​ទំនិញ​អនឡាញ​បាន​ក្លាយ​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​លោក​។​ នេះ​ជា​​ចំណាត់​ថ្មី​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Forbes។ ទន្ទឹម​គ្នា​នឹង​ជោគជ័យ​ក្នុង​មុខ​ជំនួ​លក់​ទំនិញ​លើ​អ៊ីនធ័រនែត ប្រធាន​ក្រុមហ៊ុន​ Amazone ក៏​ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​ម្នាក់​ ដែល​តែង​ចេញ​មុខ​ប្រឆាំង​លោក​ ដូណាល់​ ត្រាំ ប្រធានាធិបតី​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

Amazone​ គឺ​ជា​ក្រុម​ហ៊ុន​លក់​ទំនិញ​លើ​វេបសាយ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​អាមេរិក។​ ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៤​ នៅ​ទីក្រុង​ Seattle ក្នុង​រដ្ឋ​វ៉ាស៊ីនតោន។ បើ​យោង​តាម​ទស្សនាវដ្តី​ Forbes គេ​បាន​ប៉ាន់​ស្មាន​ថា​ ​លោក​ Jeff Bezos ម្ចាស់​ក្រុមហ៊ុន​នេះ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ប្រមាណ​ ៩០,៥ ពាន់​លាន​ដុល្លារអាមេរិក។ ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ត្រូវ​បាន​កើន​ឡើង​ក្រោយ​ពី​តម្លៃ​ភាគ​ហ៊ុន​ក្រុមហ៊ុន​ Amazone​ បាន​ឡើង​ថ្លៃ​នៅ​លើ​ទីផ្សារ​ភាគ​ហ៊ុន​។

ដោយ​សារ​តែ​ភាគ​ក្រុមហ៊ុន​ Amazone​ បាន​ឡើង​ថ្លៃ​ខ្ពស់​បែប​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​លោក​ Jeff Bezos ជាប់​ចំណាត់​ថ្នាក់​ទី​ ១​ ជា​លើក​តំបូង​ក្នុង​ចំណោម​ពួក​មហា​សេដ្ឋី​មាន​សម្បត្តិ​ទ្រព្យ​ស្តុក​ស្តម្ភ​។​ ចំណាត់​ថ្នាក់​ថ្មី​នេះ​ធ្វើ​ឲ្យ​លោក​ Bill Gates ស្ថាបនិក​ក្រុម​ហ៊ុន​ Microsoft ធ្លាក់​មក​នៅ​ត្រឹម​លេខ​ ២។ បច្ចុប្បន្ន​នេះ​ គេ​ប៉ាន់​ស្មាន​ថា​ លោក​ Bill Gates មាន​ទ្រព្យ​សកម្ម​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ ៩០​ ពាន់​លាន​ដុល្លារ។ សូម​​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​ ២២ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​លោក​ Bill Gates​ បាន​កាន់​កាប់​តំណែង​ជា​មហា​សេដ្ឋី​ទី​១​ក្នុង​លោក​អស់​រយៈ​ពេល ​​១៨ ឆ្នាំ។

​តាម​ពិត​ទៅ​ ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​លោក​ Jeff Bezos គឺ​ដោយ​សារ​តែ​គាត់​មាន​ភាគ​ហ៊ុន​ចូល​រួម​ក្នុង​មូល​ធន​របស់​ក្រុមហ៊ុន​ Amazone។ បើ​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ លោក​ Jeff Bezos មាន​ភាគ​ហ៊ុន​ផ្ទាល់​ខ្លួន​ ​ចំនួន​ ៨០,៨៩​ លាន​ហ៊ុន​ ដែល​​​​​​ស្មើ​នឹង​ ១៧%​ នៃ​មូលធន​សរុប​របស់​ក្រុមហ៊ុន។ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០​ មីនា​មក​ម្ល៉េះ​ តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ Amazone បាន​ឡើង​ជាង​ ២៤%​ នៅ​លើ​ទីផ្សារ​ភាគ​ហ៊ុន​ទាំង​ឡាយ។​ កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ Amazone កើន​ទ្រព្យ​សម្បត្តិផ្ទាល់​ខ្លួន​ចំនួន​ ១៧ ពាន់​លាន​ដុល្លារ។​ ប៉ុន្តែ​ ចំនួន​ទឹក​ប្រាក់​ប៉ាន់​ស្មាន​តាម​រយៈ​តម្លៃ​ភាគ​ហ៊ុន​នេះ​ គឺ​គ្រាន់​តែជា​ចំនួន​តួលេខ​ប៉ុណ្ណោះ។​

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Amazone មាន​បុគ្គលិក​ចំនួន​ ១ សែន​ ៨​ ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​ចំនួន​ជាង​ ៣ សែន​នាក់​នៅ​លើ​ពិភព​លោក។​ កាល​ពីពាក់​កណ្តាល​ខែ​មករា​ ឆ្នាំ​២០១៧​​ ក្រុមហ៊ុន​យក្ស​លក់​ទំនិញ​អនឡាញ​នេះ​បាន​ប្រកាស​ថា​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ចំនួន​ ១ សែន​នាក់​ក្នុង​រយៈ​ ១៨ ខែ​ខាង​មុខ​នេះ។ សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​ Amazone ​កំពុង​តែ​សាង​សង់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ការ​បញ្ជា​ទិញ​អនឡាញ​ពី​សំណាក់​អតិថិជន។​ មជ្ឈមណ្ឌល​គ្រប់​គ្រង​នេះ​ស្ថិត​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ រដ្ឋ​ផ្លរីដា​ និង​រដ្ឋ​តិច​សាស់។

នៅ​សហរដ្ឋ​អាមេរិក​ ក្រុម​ហ៊ុន​ Amazone បាន​កាន់​កាប់​ទីផ្សារ​លក់​ទំនិញ​អនឡាញ​ចំនួន​ ២៦%​។ នេះ​បើ​យោង​តាម​តួលេខ​កាល​ពីឆ្នាំ​២០១៦។ ហើយក្នុង​រយៈ​ពេល​ ១៨ ឆ្នាំ​ ពោល​ គឺ​ចន្លោះ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៥​ មូល​ធន​ក្រុម​ Amazone បាន​កើន​ឡើង​ពី​ ១៤៨ ពាន់​លាន​ដុល្លារ​ដល់​ ៣២៥​ ពាន់​លាន​ដុល្លារ។ បើ​ទោះបី​ជា​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​វេបសាយលក់​ទំនិញ​អនឡាញ​ Amazone ជោគ​ជ័យ​លើ​មុខ​ជំនួញ​របស់​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​ លោក​ Jeff Bezos ពុំ​មែន​ជា​មនុស្ស​គាំទ្រ​នយោបាយ​​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ឡើយ។

បើ​តាម​សំដី​កន្លង​មក​របស់​លោក​ ដូណាល់​ ត្រាំ បាន​ឲ្យ​ដឹង​ថា​ បណ្តា​ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​តួយ៉ាង​ដូច​ជា​ Amazone សុទ្ធ​តែ​ពុំ​បាន​បង់​ពន្ធ​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​រដ្ឋាភិបាល​អាមេរិក​ឡើយ។​ កាល​ពី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ លោក​ ដូណាល់​ ត្រាំ ធ្លាប់​បាន​អំពាវ​នាវ​ក្តែងៗ​ហើយ​ថា​ លោក​នឹង​ដាក់​កំរិត​ពន្ធ​ដ៏​ខ្ពស់​បំផុត​ដល់​ក្រុមហ៊ុន​ Amazone។

ប៉ុន្តែ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក​ ដូណាល់​ ត្រាំ និង​ក្រុមហ៊ុន​ Amazone មិន​មែន​មាន​ត្រឹម​តែ​បញ្ហា​ពន្ធអាការ​ប៉ុណ្ណោះ​ទេ។​ តាម​ពិត​ទៅ​ ថៅ​កែ​ក្រុម​ហ៊ុន​ Amazone គឺ​លោក​ Jeff Bezos ក៏​ជា​ម្ចាស់​សារព័ត៌មាន​ The Washington Post ផង​ដែរ។​ ហើយ​​សារព័ត៌មាន​ដ៏​ល្បីល្បាញ​មួយ​នេះ​តែង​សរសេរ​រិះគន់​ក្រុម​រដ្ឋការ​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​។​ កន្លង​មក​ ថៅ​កែ​ក្រុមហ៊ុន​ Amazone តែង​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​រិះគន់​មិន​សំចៃ​មាត់​ចំពោះ​នយោបាយ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​។​ ដោយ​សារ​តែ​មិន​ចូល​ចិត្ត​សំដី​គ្រោតគ្រាធ​​របស់​លោក​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក​ Jeff Bezos ធ្លាប់​បាន​និយាយ​បែប​កំប្លែង​ថា​ លោក​ចង់ប្រើ​យាន​អាវកាស​របស់​ក្រុម​ហ៊ុន Blue Origin ដើម្បី​ចាប់​លោក​ ដូណាល់​ ត្រាំ បញ្ជូន​ទៅ​អាវកាស​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​ឯង។ សូម​បញ្ជាក់​ថា​ លោក​ Jeff Bezos ក៏​ជា​ម្ចាស់​ក្រុម​ហ៊ុនផ្តល់​សេវា​កម្ម​ដឹក​ជញ្ជូន​អាវកាស​​នេះ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​ ​លោក​ ដូណាល់​ ត្រាំ​ បាន​ប្រតិកម្ម​​ថា​ លោក​ Jeff Bezos ប្រើប្រាស់​សារព័ត៌មាន​ The Washington Post ​ជា​ឧបករណ៍​នយោបាយ​មួយ​ ដើម្បី​ជះឥទ្ធិពល​​លើ​អ្នក​នយោបាយ​អាមេរិក​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ក្រុមហ៊ុន​ Amazone បង់​ពន្ធ​អាករ​ច្រើន​ពេក​ដល់​រដ្ឋាភិបាល​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI