អ.ស.ប. បរិហារ​ការ​ប្រើ​អំពើ​ហិង្សា​ហួសហេតុ​នៅ​វ៉េណេស៊ុយអេឡា

ប៉ូលិស​ចាប់​បាតុករ​វ៉េណេស៊ុយអេឡា រូបថត​ថ្ងៃទី ២៧​ កក្កដា ២០១៧
ប៉ូលិស​ចាប់​បាតុករ​វ៉េណេស៊ុយអេឡា រូបថត​ថ្ងៃទី ២៧​ កក្កដា ២០១៧ REUTERS/Marco Bello/File Photo

បើ​តាមអង្គការ​សហប្រជាជាតិ មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ហួស​ហេតុ​​នៅវ៉េណេស៊ុយអេឡា លើក​ក្រុម​បាតុករ​ប្រឆាំង​នឹង​ប្រធានាធិបតី។ ជា​មួយ​ការ​ប្រកាស​បរិហារ អង្គការ​សហប្រជាជាតិ បាន​ធ្វើ​កា​រចោទ​ប្រកាន់​កង​កម្លាំង​សន្តិសុខ​និងក្រុម​​​ប្រដាប់​អាវុធស្និទ្ធ​នឹង​​រដ្ឋាភិបាល​ ថា​ជា​បាន​ចាប់​ឃុំឃាំង ធ្វើ​បាប ធ្វើ​ទារុណកម្ម​ ​និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​បាតុករ​​វ៉េណេស៊ុយអេឡា​ចំនួន​យ៉ាង​ហោច​៧៣​នាក់។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​កើត​មាន​ចលនាបាតុកម្ម​នៅខែ​មេសា​មក គេសង្កេត​ឃើញ​កងកម្លាំង​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​ហិង្សា​ឡើងៗ ! នេះ​ជាប្រសាសន៍​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដោយ​​បាន​ចេញ​សេចក្តីថ្លែងការណ៍​​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ថែម​ទាំង​ចាប់​ខ្លួន​មនុស្ស​​រាប់​ពាន់​នាក់​យក​ទៅ​ឃុំ​ឃាំង​ដោយ​គ្មាន​​ឆ្លង​កាត់​តុលាការ ហើយ​ភាគ​ច្រើន​ត្រូវ​រង​ទារុណកម្ម​ និង​ធ្វើ​បា​ប​ទៀត។

ដោយមាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​វ៉េណេស៊ុយអេឡា មិន​ឱ្យ​ចូល​ក្នុង​ប្រទេស ​ក្រុម​អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ ឯកទេស​ផ្នែក​សិទ្ធិមនុស្ស បាន​ជួប​សម្ភាសន៍ ជា​មួយ​គ្រួសារជនរងគ្រោះ អ្នក​កាសែត សាក្សី មេធាវី គ្រូពេទ្យ និង​សមាជិក​ការិយាល័យ​រដ្ឋ​អាជ្ញា ​ពី​ចម្ងាយ។

កាលពី​ថ្ងៃទី ៣១​កក្កដា រដ្ឋអាជ្ញា​បាន​អង្កេតឃើញ​មានករណី​​ស្លាប់ក្នុង​បាតុកម្ម​ចំនួន​​១២៤​នាក់។ ប៉ុន្តែ​បើ​តាមការវិភាគ​របស់​ក្រុមអង្កេត​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ កងកម្លាំង​រដ្ឋាភិបាល​ ទំនង​ជា​បាន​ធ្វើ​ស្លាប់​បាតុករ​៤៦​នាក់ ហើយ​២៧​នាក់​ទៀត​ស្លាប់​ដោយ​ស្នាដៃ​ហិង្សា​របស់​ពួក​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​ប្រធានាធិបតី។ ​គ្មាន​តួលេខ​ផ្លូវការ​ទាក់ទង​នឹង​ចំនួន​ជន​ជាប់​ឃុំឃាំង​ទេ​ ប៉ុន្តែ​អង្គការប៉ាន់​ស្មាន​ថា មាន​មនុស្ស​យ៉ាង​ហោច​៥ពាន់​នាក់​ត្រូវចាប់​ខ្លួន គិតចាប់​ពី​ខែមេសា​មក និង​ជាង​មួយ​ពាន់​នាក់​កំពុង​ជាប់​ឃុំ​នៅ​ឡើង​ មក​ទល់​នឹង​ពេល​នេះ។

របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ជា​ច្រើន​ទៀត បាន​លើក​ឡើង​អំពី​សកម្មភាពឃោរឃៅ អមនុស្សធម៌ ធ្វើ​បាប​ របស់​ភ្នាក់ងារ​ប៉ូលិស​ទៅ​លើ​អ្នក​ជាប់​ឃុំ​ ស្ទើរ​ហៅ​បាន​ថា​ជា​ទារុណកម្ម​ ៖ ការ​ឆក់​ ចង​ដៃ​ព្យួរ​រាប់​ម៉ោង បន្ថប់​ដង្ហើម​ដោយ​ប្រើ​ឧស្ម័ន ឬ​ការ​គំរាម​សម្លាប់ គំរាម​បំពារ​បំពាន​ផ្លូវភេទ លើជន​រងគ្រោះ​ផ្ទាល់​និង​គ្រួសារ។

​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​បាន​ទាមទារ​​ឱ្យ​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បញ្ចប់​សកម្មភាព​ហិង្សា​​លើ​បាតុករ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​គ្មាន​តុលាការ​​​ជាបន្ទាន់ និង​បាន​ព្រមាន​ថា​ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃការ​​រំលោភ​ច្បាប់​​​របស់​អង្គការ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI