សហរដ្ឋអាមេរិក

ព្យុះកំណាច​Harvey ធ្វើ​ឲ្យអាមេរិក​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ៥៨​ពាន់​លាន​ដុល្លារ

ផ្ទះ និងរថយន្ត​លិចលង់​ក្នុង​ទឹកជំនន់ នៅ​ក្បែរ​ក្រុង​ហូសស្តុន នៅ​រដ្ឋ​តិចសាស់ នៅថ្ងៃទី ២៩​សីហា ២០១៧
ផ្ទះ និងរថយន្ត​លិចលង់​ក្នុង​ទឹកជំនន់ នៅ​ក្បែរ​ក្រុង​ហូសស្តុន នៅ​រដ្ឋ​តិចសាស់ នៅថ្ងៃទី ២៩​សីហា ២០១៧ © REUTERS/Rick Wilking
ដោយ៖ ឈាង បុប្ផា
២៤ នាទី

បន្ទាប់​ពី​បក់​បំផ្លាញ​រដ្ឋតិចសាស់ ព្យុះសង្ឃរា​Harvey តាំង​ពី​យប់​ថ្ងៃ​ពុធទី ៣០ សីហា បានរំកិល​ចូល​ទៅ​ រដ្ឋ​ល្វីស្យាន។ តាម​ការព្យាករណ៍​របស់​ឧតុនិយម​អាមេរិក ខ្យល់ព្យុះ​ត្រូពិក ​Harvey នឹង​រំកិល​ទៅ​ដល់​រដ្ឋ នូវែល អរឡេអង់ ដែល​នៅ​ថ្ងៃ​អង្គារ​ខាងមុខ ត្រូវ រំលឹក ខួប ១២​ឆ្នាំ នៃ​គ្រោះ​មហន្តរាយ ធម្មជាតិ បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ កាទ្រីណា ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ១៨០០​នាក់។

ផ្សាយពាណិជ្ជកម្ម

នៅ​រដ្ឋ​តិចសាស់ ខ្យល់ព្យុះ Harvey ហើយ​និង​ទឹកជំនន់ បាន​សម្លាប់​ជីវិត​មនុស្ស ៣៣​នាក់។ អាជ្ញាធរ​រដ្ឋតិចសាស់​បារម្ភ​ខ្លាច ថា ចំនួន​ជនរងគ្រោះ​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់ នឹង​អាច​កើន​ឡើង នៅក្រោយ ពេល​គេចាប់ផ្តើម​សកម្មភាព​រុករក នៅក្រោយ​ទឹកស្រក​ទៅវិញ។ ខ្យល់ព្យុះ ​Harvey បាន​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​របស់​អាមេរិក។

នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន​Arkema ដែល​ជាម្ចាស់​រោងចក្រ​ផលិត​សារធាតុ​គីមី​នៅ​រដ្ឋតិចសាស់ បាន​អះអាង​ថា រោងចក្រ​បាន​ផ្ទុះឆេះ ដោយសារ​តែ ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទប់​ស្កាត់​តទៅទៀត។ តាម​ការជូនដំណឹង​របស់​ក្រុមហ៊ុន ប្រឈម​នឹង​ការមកដល់​ខ្យល់ព្យុះ Harvey គេ​បាន​ត្រៀម​លក្ខណៈជាមុន​រួចហើយ ដោយ​បាន​ដឹកជញ្ជូន សារធាតុ​គីមី ទៅ​រក្សា​ដាក់​នៅ​កន្លែង​ខ្ពស់ នៅក្នុង​រោងចក្រ។ ប៉ុន្តែ កំពស់​ទឹក ឡើង​ខ្ពស់​ពេក រហូត​ដល់​ទៅ​ជិត ២​ម៉ែត្រ រហូត​ទៅ កាត់​បំផ្លាញ ប្រភព​ផ្គត់ផ្គង់ ថាមពល​ចេញ​ពី​ម៉ាស៊ីនភ្លើង។ គ្មាន​ភ្លើង​សម្រាប់​រក្សា​សីតុណ្ហភាព ឲ្យ​នៅ​ចុះ​ត្រជាក់ សារធាតុ​គីមី នឹង​អាច​ឡើង​កំដៅ ហើយ​និង​ផ្ទុះ​ជា​យថាហេតុ។

ផ្សែង​ពុល​ខ្មៅ​ចេញ​ពី​រោងចក្រផ្ទុះឆេះ​នឹង​អាច​ប៉ះពាល់​ទាំង​បរិស្ថាន ហើយ​និង​សុខភាព​ផ្លូវដកដង្ហើម និង​ស្បែក​របស់​មនុស្ស។ ប្រជាជន​នៅ​ក្រុង ហូសស្តុន មិនត្រឹម​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ប៉ុន្តែ ប្រឈម​ផងដែរ​នឹង​គ្រោះថ្នាក់​សុខភាព ដែល​បង្ក​ឡើង​ដោយ​ផ្សែងពុល​របស់​រោងចក្រ​ផ្ទុះឆេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តាមអាជ្ញាធរ​តិចសាស់ អ្នករងគ្រោះ​ដោយ​ផ្ទាល់​ដោយសារ​ផ្សែងពុល​នឹង​មាន​ចំនួន​តិចតួច ព្រោះថា រោងចក្រ​ស្ថិតនៅ​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​ប្រជាជន និង​បុគ្គលិក​របស់​រោងចក្រ ត្រូវ​បាន​គេជម្លៀសចេញ​រួចហើយ ពី​បរិវេណ​របស់​រោងចក្រ។

Harvey​ជាខ្យល់​ព្យុះ​កំណាច​ទី​៧ ដែល​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ទឹកប្រាក់​ច្រើន ជា​ប្រវត្តិសាស្រ្ត

ខ្យល់ព្យុះ Harvey​ផ្ទាល់ មិនបាន​សម្លាប់​មនុស្ស និង​បក់បំផ្លាញ​ផ្ទះ និង​ហេដ្ឋរចនា​សម្ព័ន្ធ ច្រើន​នោះ​ទេ បើប្រៀបធៀប​នឹង​ព្យុះសង្ឃរា កាទ្រីណា ដែល​បាន​សម្លាប់​មនុស្ស ១៨០០​នាក់ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាតបង់​ដល់​ទៅ ១៦២​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០០៥។

ទោះ​ជា​មិន​កាចខ្លាំង ដូច​ព្យុះសង្ឃរា កាទ្រីណា នៅ​ឆ្នាំ ២០០៥ ប៉ុន្តែ ហាវ៉េ​ត្រូវ​គេ​ចាត់ទុក​ជា​ព្យុះសង្ឃរា​ដែល​ធ្វើ​ឲ្យ​រដ្ឋតិចសាស់​ខាតបង់​សេដ្ឋកិច្ច ធ្ងន់ធ្ងរ មិនចាញ់​កាទ្រីណា​ប៉ុន្មានទេ គឺ​រហូត​ដល់​ទៅ ៥៨ពាន់​លាន​ដុល្លារ។ ដោយ​ផ្អែក​ទៅលើ​តួលេខនេះ អ្នកជំនាញ​អាល្លឺម៉ង់ បាន​ចាត់ចូល ព្យុះ​ Harvey ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ ទី ៩ ក្នុង​លោក ដែល​បាន​បង្កឲ្យ​មាន​ការខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

ផ្ទះសម្បែង ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ភាគច្រើន ត្រូវ​បំផ្លាញ ជន់លិច​ដោយ​ទឹកជំនន់ ប៉ុន្តែ មិនមែន​ដោយសារ​កម្លាំង​ខ្យល់ព្យុះ​នោះទេ។ តាម​ក្រុមហ៊ុន​អាល្លឺម៉ង់ ទំហំ​ខាតបង់​ទៅលើ​ផ្ទះសម្បែង មាន​តម្លៃ ពី​១០ ទៅ​២០​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ការខាតបង់​ដែល​ធ្ងន់ធ្ងរ គឺមាន​ទៅ​លើ​ប្រភព​ចំណូល​សេដ្ឋកិច្ច។ រដ្ឋតិចសាស់​ខាតបង់​មិនតិចទេ ដោយសារ​តែ​រោងចក្រ​ចម្រាញ់​ប្រេង ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់​រដ្ឋ និង​របស់​អាមេរិក​ទាំងមូល ត្រូវ​បិទទ្វារ គ្មាន​សកម្មភាព នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ។ ដោយសារ​តែ​ខ្យល់ព្យុះ​ហាវ៉េ រោងចក្រ​ចម្រាញ់ប្រេង​ប្រមាណ ១៥ នៅក្នុង​តំបន់​តិចសាស់ ជាប់​សមុទ្រ​ម៉ិចស៊ិក ដែល​តំណាង​ឲ្យ ២០​ភាគរយ​នៃ​សមត្ថភាព ចម្រាញ់​ប្រេង​ទូទាំង​ប្រទេស​របស់​អាមេរិក ត្រូវ​បាន​បិទទ្វារ។ បិទទ្វារ​ដោយសារ​តែ​រោងចក្រ​ត្រូវទឹក​ជន់លិច ដល់ទៅ​ជាង​មួយម៉ែត្រ មិន​អាច​ដំណើរការ​បាន។

ក្រោយ​ភ្លៀង គឺ​មេឃ​ស្រឡះ

ជាទូទៅ សេដ្ឋកិច្ច​នៅ​តំបន់​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ បាន​ចាប់​ល្អ​ប្រសើរ​ឡើងវិញ ដោយសារ​តែ​ការវិនិយោគ​ច្រើន​ទៅលើ​សំណង់​ផ្ទះ​សម្បែង។ កំណើន​សេដ្ឋកិច្ច​តែងតែ​មាន​ឡើងវិញ ជាមួយ​នឹង​ការបង្កើត​ការងារ​ធ្វើ។ ជាក់ស្តែង នៅ​រដ្ឋ​នូវែលអរឡេអង់ ទឹកប្រាក់​រាប់លាន​ដុល្លារ​ត្រូវ​បាន​គេ​វិនិយោគ ទៅលើ​ការសាងសង់ ជួសជុល​ឡើងវិញ ផ្ទះសម្បែង របស់​ប្រជាជន ឬ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់។ ក្រុមហ៊ុន​ធានារ៉ាប់រ៉ង​ជា​អ្នកចេញប្រាក់ សង​ទៅលើ​ការខាតបង់​នៅក្នុង​គ្រោះមហន្តរាយ​ធម្មជាតិ។

ប៉ុន្តែ នៅក្នុង​ករណី ក្រុង​ហូសស្តុន ផ្ទាល់ ក្រុមហ៊ុន​ធានារ៉ាប់រង នឹង​មិន​សូវ​ខាតបង់​លុយ​ច្រើន​ពី​ហៅប៉ាវ​ដើម្បី​សង​អតិថិជន​នោះទេ។ Hannover Re’sនៅ​ហូសស្តុន មាន​ម្ចាស់ផ្ទះ​តិចណាស់​ដែល​បានទិញ​ធានារ៉ាប់រង សម្រាប់គ្រោះ​មហន្តរាយ​ធម្មជាតិ។ បញ្ហា​នៅ​ក្រុង​ហូសស្តុន​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ផងដែរ ពី​ការគ្រប់គ្រង​មិនល្អ​របស់​អាជ្ញាធរ ព្រោះថា ផ្ទះ​របស់​ប្រជាជន​ជាច្រើន ត្រូវ​បាន​សាងសង់​ឡើង​នៅ​ដី​ដែល​អាច​លិចទឹក។ គ្មាន​ធានារ៉ាប់រង ហើយ​ផ្ទះ​សង់​នៅ​លើ​ដី​ដែល​ងាយ​លិចទឹក ប្រជាជន​អាមេរិកាំង​នៅ​ក្រុង​ហូសស្តុន នឹង​ធ្លាក់​រងគ្រោះ គ្មាន​ផ្ទះសម្បែង​រស់នៅ​ត្រឹមត្រូវ​នឹងគេ នៅក្រោយ ខ្យល់ព្យុះ​ហាវ៉េលើកនេះ។ ក្នុង​ស្ថានភាព​បែបនេះ ប្រជាជន​ដែល​គ្មាន​ផ្ទះសម្បែង មាន​ផ្លូវតែមួយគត់ គឺរង់ចាំ​ជំនួយ​ពី​អាជ្ញាធរ។ តើ​អាជ្ញាធរ​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ អាច​ឆ្លើយតប​យ៉ាងណា ទៅ​នឹង​ការទន្ទឹង​រង់ចាំ​ជំនួយ​របស់​ប្រជាជន​តិចសាស់? យើង​នឹង​រង់ចាំ​មើល​បន្តទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI