កោះនៅសមុទ្រការ៉ាអ៊ីប ធ្លាក់ខ្លួន រងគ្រោះជាថ្មី ដោយព្យុះសង្ឃរាម៉ារីយ៉ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្រោះជាន់លើគ្រោះ។ បណ្តាប្រទេសកោះនៅសមុទ្រការ៉ាអ៊ីប ដែលនៅមិនទាន់ងើបរួចផុតផង ពីគ្រោះមហន្តរាយធម្មជាតិ បង្កឡើងដោយខ្យល់ព្យុះអ៊ូរ៉ាហ្កង់អៀរម៉ា នៅថ្ងៃចន្ទម្សិលមិញ បានរងគ្រោះបក់បំផ្លាញជាថ្មី ដោយខ្យល់ព្យុះមួយទៀត ឈ្មោះម៉ារីយ៉ា។ បក់ក្នុងល្បឿន ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះសង្ឃរាម៉ារីយ៉ា នៅព្រឹកថ្ងៃអង្គារនេះបានបក់បំផ្លាញស្ទើរខ្ទេចខ្ទីប្រទេសកោះ ដូមីនិក មុននឹងសំដៅទៅប្រជុំកោះរបស់បារាំង អាមេរិក និងអង់គ្លេស នៅសមុទ្រការ៉ាអ៊ីប។
នៅសមុទ្រការ៉ាអ៊ីប នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសកោះដូមីនីកបានរងគ្រោះ យ៉ាងដំណំដោយសារការវាយបក់បំផ្លាញរបស់ព្យុះសង្ឃរា ម៉ារីយ៉ា។ ម៉ារីយ៉ាដែលបានវិវឌ្ឍខ្លួន យ៉ាងឆាប់រហ័ស ពីព្យុះត្រូពិក មកជាព្យុះអ៊ូរ៉ាហ្កង់ កម្រិតលេខ៥ ដែលជាកម្រិតកាចសាហាវបំផុត បានបក់កាត់ បំផ្លាញ ប្រទេសកោះដូមីនីក ក្នុងល្បឿន ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅក្នុងសាររបស់បណ្តាញសង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តីរបស់ប្រទេសកោះដូមីនីក បានសរសេរពីកម្លាំង ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា ដែលបានបក់ប៉ើង ដំបូលផ្ទុះ មិនថា ផ្ទះរបស់ប្រជាជន និងផ្ទះរបស់នាយករដ្ឋមន្រ្តីផ្ទាល់។ ស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន កម្រិតខ្ពស់បំផុត ប្រមុខរដ្ឋាភិបាលដូមីនីកបានព្រមានពីគ្រោះថ្នាក់បាត់បង់ជីវិតរបស់ប្រជាជន នៅក្នុងការបាក់ដី ដោយសារតែទឹកភ្លៀងដ៏ជោគជាំ។
តាមការព្យាកររបស់អ្នកឧតុនិយមអាមេរិក ព្យុះកំណាច ទឹករលកដ៏គ្រោះថ្នាក់ ទឹកជំនន់ ហើយនិងការបាក់ដី ដោយសារទឹកភ្លៀង កំពុងគំរាមកំហែងបណ្តាកោះ នៅសមុទ្រការ៉ាអ៊ីប។ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបក់កាត់ ទាំងជំហរ ប្រទេសកោះដូមីនីក ព្យុះអូរ៉ាហ្កង់ ម៉ារីយ៉ា បានបក់ផាត់កោះហ្គ័ដឺលូបGuadeloupe របស់បារាំង។ ទោះជាភ្នែករបស់ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ាមិនបានស្ថិតនៅពីលើ កោះហ្គ័ដឺលូប ដូចប្រទេសកោះ ដូមីនិក ប៉ុន្តែ អាជ្ញាធរបារាំងបានព្រមានរួចហើយពីការខាតបង់ដ៏ធ្ងន់ធ្ងរ ព្រោះថា ហ្គ័រដឺលូប ជាទីតាំងសំខាន់ដែលរដ្ឋាភិបាលបារាំង ប្រើធ្វើជាកន្លែងផ្តល់ជំនួយ សង្រ្គោះបន្ទាន់សម្រាប់ជនរងគ្រោះដោយសារព្យុះអ៊ូរ៉ាហ្កង់ អៀរម៉ា នៅកោះសាំងម៉ាតាំង ហើយនិងកោះសាំង បាតេលេមី។ បន្ទាប់ពីកោះហ្គ័រដឺលូប ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា ដែលបានថយកម្លាំងមកនៅត្រឹមលេខ ៤ ត្រូវបក់សំដៅទៅរកកោះព័រតូរីកូ របស់អាមេរិក នៅសមុទ្រការ៉ាអ៊ីប។
ហាវ៉េ អៀរម៉ា ឥលូវដល់វេនព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា។ ប្រជាជនរស់នៅលើបណ្តាកោះក្នុងសមុទ្រការ៉ាអ៊ីប រងគ្រោះ ម្តងហើយ ម្តងទៀតដោយសារខ្យល់ព្យុះកំណាច ជាប្រវត្តិសាស្រ្ត។ ព្យុះអ៊ូរាហ្កង់ ម៉ារីយ៉ា ទៀតសោតកំពុងបក់លើដានផ្លូវចាស់របស់ព្យុះអ៊ូរ៉ាហ្កង់អៀរម៉ា ដែលកាលពីជាង ២សប្តាហ៍មុន បានបំផ្លាញខ្ទេចខ្ទីរ ផ្ទះសម្បែងរបស់ប្រជាជន និងសម្លាប់មនុស្ស យ៉ាងហោច ៩០នាក់ នៅសមុទ្រការ៉ាអ៊ីប និងនៅទឹកដីអាមេរិក។ ក្រៅតែពីម៉ារីយ៉ា នៅមានព្យុះអ៊ូរ៉ាហ្កង់មួយទៀត គឺJose ដែលកំពុងសកម្ម និងចេះតែបង្កើនល្បឿន សំដៅ ទឹកដីភាគឦសានរបស់អាមេរិក។ អ្នកវិទ្យាសាស្រ្តជាច្រើនជឿជាក់ថា ព្យុះសង្ឃរា អៀរម៉ា ហាវេ និងម៉ារីយ៉ាជាដើម បានបង្កើនកម្លាំងខ្លាំងរបស់វាបានដោយសារថាមពលដែលវាស្រូបបានមកពីមហាសមុទ្រ។ ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យទឹកសមុទ្រឡើងក្តៅ ដែលអំណោយផលធ្វើឲ្យព្យុះត្រូពិក ដ៏សាមញ្ញ ប្រែក្លាយខ្លួនទៅ ជាព្យុះអ៊ូរ៉ាហ្កង់ មានកម្លាំងកាន់តែខ្លាំងជាងមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ