អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ CIA ទម្លាយ​បណ្ណសារ​ស្តីពី​អាល់កៃដា និង​អ៊ូសាម៉ា បិនឡាដិន

សំឡេង ០៦:១៥
លោក Mike Pompeo នាយក CIA អាមេរិកាំង
លោក Mike Pompeo នាយក CIA អាមេរិកាំង REUTERS/Jonathan Ernst
៣០ នាទី

នៅ​ថ្ងៃ​ពុធ ទី១ វិច្ឆិកា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង CIA បាន​បញ្ចេញ​ជា​សាធារណៈ​នូវ​បណ្ណសារ​ចំនួន ៤៧០ ០០០ឯកសារ​ស្តីពី​អតីត​មេភេរវនិយម​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន។ គឺ​ជា​បណ្ណសារ​ដែល​កងកម្ម៉ង់ដូ​អាមេរិក​បាន​រឹបអូស​នៅ​ក្នុង​ផ្ទះ​បិនឡាដិន​នា​ឱកាស​ចុះ​ប្រតិបត្តិការ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ ២០១១។ នៅ​ក្នុង​ប្រតិបត្តិការ​កាលណោះ រូប​បិនឡាដិន​ត្រូវ​បាន​កងម្ម៉ង់ដូ​អាមេរិក​បាញ់​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​គេ​តែ​ម្តង។ តាម​រយៈ​បណ្ណសារ​នេះ គេ​អាច​ដឹង​បន្ថែម​លើ​បុគ្គលិកលក្ខណៈ​បិនឡាដិន និង​រចនាសម្ព័ន្ធ​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។

ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង CIA បាន​ទម្លាយ​ជា​សាធារណៈ​នូវ​ឯកសារ​ស្តីពី​អតីត​មេភេរវនិយម​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន។ គឺ​ជា​ឯកសារ​ដែល​កងកម្ម៉ង់ដូ​អាមេរិក​បាន​រឹបអូស​នៅ​ក្នុង​ប្រតិបត្តិការ​លើ​លំនៅដ្ឋាន​បិនឡាដិន​ស្ថិត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ ២០១១។ នៅ​លើក​នេះ​ក៏​ដូច​ជា​លើក​មុន​ដែរ បណ្ណសារ​ទាំង ៤៧០ ០០០ឯកសារ​ស្តីពី​បិនឡាដិន​ត្រូវ​បាន CIA បង្ហោះ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ CIA។ អ្វី​ដែល​សំខាន់ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​បណ្ណសារ​ទាំង ៤៧០ ០០០ឯកសារ គឺ​រូបភាព​នៃ​កំណត់ហេតុផ្ទាល់ខ្លួន​សរសេរ​ដោយ​ដៃ​របស់​បិនឡាដិន​ដែល​គេ​ស្គាល់​ថា ជា​ស្ថាបនិក​បណ្តាញ​អាល់កៃដា និង​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​សហរដ្ឋអាមេរិក។

ក្រៅ​ពី​កំណត់ហេតុ​សរសេរ​ដោយ​ដៃ​របស់​បិនឡាដិន គេ​ក៏​មាន​ឃើញ​ខ្សែអាត់​វីដេអូ​មួយ​ស្តីពី​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​បិនឡាដិន​ឈ្មោះ ហាំហ្សា បិនឡាដិន​ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ចាត់​ទុក​ជា​អ្នកស្នងតំណែង​ពី​ឪពុក​ជា​មេអាល់កៃដា។ នៅ​ក្នុង​បញ្ហា​នេះ ឯកសារ​ស្តីពី​បិនឡាដិន​ដែល CIA បាន​បញ្ចេញ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៥ បាន​បង្ហាញ​រួច​ហើយ​ថា បិនឡាដិន​ពិត​ជា​បាន​តែងតាំង​ហ្សា បិនឡាដិន​ឲ្យ​ស្នងតំណែង​ពី​ខ្លួន​ដើម្បី​បន្ត​សកម្មភាព​ប្រឆាំង​នឹង​បស្ចិមលោក។ សព្វថ្ងៃ​នេះ ហាំហ្សា បិនឡាដិន​ដែល​មាន​អាយុ ២៧ ឬ ២៨ឆ្នាំ​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ទំនាក់ទំនង​រវាង​អាល់កៃដា និង​ប្រទេស​អ៊ីរ៉ង់

មាន​ឯកសារ​មួយ​ច្បាប់​សរសេរ​ដោយ​ដៃ​បិនឡាដិន​ដែល​មាន​កម្រាស់ ១៩ទំព័រ​បាន​និយាយ​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​អង្គការ​អាល់កៃដា និង​ប្រទេស​អ៊ីរ៉ង់។ ឯកសារ​កម្រាស់ ១៩ទំព័រ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ៊ីរ៉ង់​បាន​យល់​ព្រម​ប្រគល់​លុយកាក់ អាវុធ និង​ការ​ហ្វឹកហាត់​ដល់​សកម្មជន​អារ៉ាប៊ីសាអូឌីត​របស់​អាល់កៃដា តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ គឺ​ប្រឆាំង​នឹង​ផលប្រយោជន៍​អាមេរិកាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ តែ​ក្រុមអ្នកជំនាញ​បាន​យល់​ឃើញ​ថា ធម្មជាតិ​ពិត​នៃ​ទំនាក់ទំនង​រវាង​អាល់កៃដា និង​អ៊ីរ៉ង់​ហាក់​នៅ​បន្ត​ចម្រូងចម្រាស ព្រោះ​អង្គការ​ភេរវនិយម​មួយ​នេះ​មាន​និកាយ​ស៊ុយនីត រីឯ​អ៊ីរ៉ង់​មាន​និកាយ​ឈីអ៊ីត។

ជា​ទូទៅ អ៊ីរ៉ង់ និង​ក្រុម​ឈីអ៊ីត​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិមពូព៌ា​តែងតែ​ចេញ​មុខ​ប្រឆាំង​នឹង​ពួក​ស៊ុយនីត​ណា​ដែល​មាន​មនោគមន៍វិជ្ជា​ដូច​អាល់កៃដា។ តែ​ការ​ដែល​អ៊ីរ៉ង់​កំពុង​ការពារ និង​ផ្តល់​កន្លែង​ឲ្យ​កូន​បិនឡាដិន​ឈ្មោះ ហាំហ្សា បិនឡាដិន រួម​ទាំង​សកម្មជន​អាល់កៃដា​ផ្សេង​ទៀត​ជ្រកកោន​សព្វថ្ងៃ អាច​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ការងារ​រវាង​អ៊ីរ៉ង់ និង​អាល់កៃដា។ ទន្ទឹម​គ្នា​នេះ ឯកសារ​ក៏​បាន​បង្ហាញ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​បិនឡាដិន និង​អ៊ីរ៉ង់​ដែរ។ ជាក់ស្តែង បិនឡាដិន​បាន​ផ្ញើ​លិខិត​មួយ​ឲ្យ​ប្រមុខ​សាសនា​អ៊ីរ៉ង់​អាលី ខាមេណី​ដោយ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ជំនិត​អាល់កៃដា និង​ឯកសារ​ខ្លះ​ទៀត​បាន​ប្រាប់​ពី​ការ​ដែល​អាល់កៃដា​បាន​ចាប់​មន្រ្តីការទូត​អ៊ីរ៉ង់​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​អ្នកទោស​អាល់កៃដា​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​ជា​ដើម។

តើ CIA បញ្ចេញ​ឯកសារ​ស្តីពី​បិនឡាដិន​ដើម្បី​អ្វី?

បិនឡាដិន​បាន​ស្លាប់​ដូច​ខ្មោច​តៃហោង​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ តែ​អាល់កៃដា​មិន​ទាន់​ស្លាប់​ទេ ទោះ​បី​ជា​អង្គការ​ភេរវនិយម​មួយ​ហាក់​ចុះ​ខ្សោយ និង​មិន​សូវ​មាន​សកម្មភាព​ខ្លាំងក្លា​ដូច​អង្គការ​រដ្ឋអ៊ីស្លាម​សព្វថ្ងៃ​ក៏​ដោយ។ សម្រាប់​នាយក CIA លោក Mike Pompeo ការ​បញ្ចេញ​ឯកសារ​ស្តីពី​បិនឡាដិន​ជា​សាធារណៈ​ពេល​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ក៏​ដូច​ជា​ពិភពលោក​ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​បុគ្គលិកលក្ខណៈ​របស់​បិនឡាដិន រចនាសម្ព័ន្ធ គម្រោង និង​ដំណើរការ​របស់​អង្គការ​អាល់កៃដា។

ចំណែក​ក្រុម​អ្នកស្រាវជ្រាវ​នៃ​មូលនិធិ​អាមេរិក​មួយ​ឈ្មោះ « Foundation for Defense of Democraties » ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ដែរ។ សម្រាប់​ពួក​គេ ឯកសារ​ស្តីពី​បិនឡាដិន ក៏​ដូច​ជា​អង្គការ​អាល់កៃដា​នឹង​អាច​ចូលរួម​ផ្តល់​ចម្លើយ​ទៅ​លើ​សំណួរ​មួយ​ចំនួន​ដែល​ពលរដ្ឋ​អាមេរិក​បាន​ចោទ​សួរ​តាំង​ពី​ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១។ តែ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​បណ្ណសារ​ទាំង ៤៧០ ០០០ឯកសារ​លើក​នេះ CIA បាន​ផ្តល់​ព័ត៌មាន​សំខាន់​ស្តីពី​ទំនាក់ទំនង​រវាង​បិនឡាដិន និង​ប្រទេស​អ៊ីរ៉ង់។ ការ​ទម្លាយ​ព័ត៌មាន​មួយ​នេះ​ពិត​ជា​មិន​ចៃដន្យ​ទេ ព្រោះ​វា​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​កំពុង​ចោទ​អ៊ីរ៉ង់​ក្នុង​បទ​គាំទ្រ​ភេរវនិយម និង​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​តំបន់​ដើមបូព៌ា។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមអ្នក​ប្រជាធិបតេយ្យ​បាន​យល់​ឃើញ​ថា បណ្ណសារ​ស្តីពី​បិនឡាដិន និង​អាល់កៃដា​ដែល CIA ទើប​ទម្លាយ​ពេល​នេះ​ច្រើន​ជា​ព័ត៌មាន​ដែល​គេ​បាន​ដឹង​កន្លង​មក​ដោយ​មិន​មាន​អ្វី​ថ្មី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ