អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំនួន​និស្សិត​បរទេស​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សហរដ្ឋអាមេរិក​កំពុង​ធ្លាក់​ចុះ​

សំឡេង ០៤:១៤
និស្សិត​​​សាកលវិទ្យាល័យ​ ​Los Angeles (UCLA) ដើរ​នៅ​ជំរិញ​ នៅ​ទីសកលវិទ្យាល័យ​​ UCLA នៅ​ Los Angeles រដ្ឋ​ California
និស្សិត​​​សាកលវិទ្យាល័យ​ ​Los Angeles (UCLA) ដើរ​នៅ​ជំរិញ​ នៅ​ទីសកលវិទ្យាល័យ​​ UCLA នៅ​ Los Angeles រដ្ឋ​ California REUTERS/Lucy Nicholson
ដោយ៖ បូលីន ដាវីដ
២៩ នាទី

ចំនួន​សិស្ស​-និសិ្សត​បរទេស​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​មក​រៀន​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​សំរាប់​ឆ្នាំ​២០១៧​។​ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាជ្រាវ​របស់​​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ (Institute of International Education)។​ គេ​កំពុង​បារម្ភ​ខ្លាច​ការ​ធ្លាក់​ចុះ​ចំនួន​សិស្ស​បរទេស​នេះ​អាច​ធ្វើ​ឲ្យ​ស្ថាន​អប់រំ​អាមេរិក​បាត់​បង់​ចំណូល​ថវិកាមួយ​ផែ្នក។​ តើ​មាន​មូលហេតុ​អ្វីខ្លះ​ស្ថិត​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​នេះ​?

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ក្នុង​រយៈ​ពេល​ ១២ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ចំនួនការ​ចុះ​ឈ្មោះ​សិក្សា​របស់​សិស្ស-​និស្សិត​បរទេស​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ។ ការ​កត់​សំគាល់​នេះ​ គឺ​មាន​នៅ​របាយ​ការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​មួយ​ក្រោម​ឈ្មោះ​ថា​ Open Doors។ របាយ​ការណ៍​នេះ​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៣ វិច្ឆិការ​កន្លង​ទៅ​នេះ។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ (Institute of International Education)។​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​ផ្តោត​លើ​ឆ្នាំ​សិក្សា​២០១៦-​២០១៧។​

មាន​គ្រឹះស្ថានអប់រំ​​សិក្សា​អាមេរិក​ចំនួន​ ៣ ពាន់​ស្ថាប័ន​បាន​ចូលរួម​ឆ្លើយ​តប​នឹង​សំណួរ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ។​ សំរាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧​ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ស្ថាប័ន​អប់រំ​អាមេរិក​ទាំង​អស់​បាន​ទទួល​ ​សិស្ស-និស្សិត​បរទេស​ឲ្យ​មក​ចូល​សិក្សា​ឆ្នាំ​តំបូង​ចំនួន ២៩១ ០០០ ​នាក់។​ ចំនួន​ គឺ ធ្លាក់​ចុះ​ ៣% ស្មើ​នឹង​ចំនួន​សិស្ស​-និស្សិត​ ១ ម៉ឺន​នាក់​ បើ​ប្រៀប​ធៀប​នឹង​ការ​ឆ្នាំ​សិក្សា​ឆ្នាំ​កន្លង​ទៅ។​

ក្នុង​ចំណោម​គ្រឹះស្ថាន​សិក្សា​ដែល​បាន​ចូល​រួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ​​ ៤៥%​ នៃ​ស្ថាប័ន​ទាំង​នោះ​បាន​រាយការណ៍​ថា​ តួលេខ​នៃ​ការ​ចុះ​ឈ្មោះ​​សិស្ស​បរទេស​សំរាប់​ការ​សិក្សា​ឆ្នាំ​ទីមួយ​ពិត​ជា​បាន​ធ្លាក់​ចុះ​។​ ហើយស្ថាប័ន​ ​២០% ទៀត​បាន​កត់​សំគាល់​​ថា ​សិស្ស​-និសិ្សត​មួយ​ចំនួន​ ដែល​កំពុង​រៀន​នៅ​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន​បាន​សំរេច​ឈប់​រៀន​ហើយ​ចាក​ចេញ​ពី​ទឹកដី​សហរដ្ឋ​អាមេរិក។​ មាន​ហេតុផល​ជាច្រើន​ជុំវិញ​ការ​ធ្លាក់​ចុះ​ចំនួន​សិស្ស​-និស្សិត​បរទេស​ធ្វើ​ដំណើរ​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ បើ​តាម​លោក​ Philip Altbach នាយក​មជ្ឈមណ្ឌល​សំរាប់​ការ​សិក្សា​ជាន់​ខ្ពស់​ប្រចាំ​ Boston College បាន​ពន្យល់​ថា​ វិធានការណ៍​ប្រឆាំង​ជន​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ទំនងជា​​ធ្វើ​ឲ្យ​សិស្ស​-និសិ្សត​បរទេស​រួញរា​ពុំ​ហ៊ាន​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​ស្ថានប័ន​សិក្សា​អាមេរិក។​

សូម​បញ្ជាក់​ថា​ លោកប្រធានាធិបតី​ ដូណាល់​​ ត្រាំ បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ហាមឃាត់​មិន​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ជាន់​ជើង​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។​ ការ​រឹត​បន្តឹង​នយោបាយ​អន្តោ​ប្រវេសន៍​បែប​នេះ​ធ្វើ​ឲ្យ​សិស្ស​-និសិ្សត​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​បញ្ហា​លំបាក​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក។ ម៉្យាង​ទៀត​ អំពើ​ហឹង្សា​រើស​អើង​ពូជាសាសន៍​មួយ​ចំនួន​នៅ​តាម​សាកល​វិទ្យាល័យក៏​​បាន​ធ្វើ​ឲ្យ​សិស្ស​បរទេស​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។

ប៉ុន្តែ ការ​ធ្លាក់​ចុះ​នេះក៏​​មិន​មែន​តែ​ដោយសារ​តែ​នយោបាយអន្ត​ប្រវេសន៍​ដ៏​​ចម្រូង​ចម្រាស​របស់​លោក​ប្រធានា​ធិបតី ដូណាល់​ ត្រាំ​ តែ​មួយ​មុខ​ឡើយ។ តាម​ពិត​ទៅ ការ​ធ្លាក់​ចុះ​នេះ​ គឺ​បាន​កើត​ឡើង​មុន​ពេល​លោក​ ត្រាំ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទៅ​ទៀត។​ បាតុភូត​នេះ​ទំនង​ជា​អាច​បណ្តាល​មក​ពី​​កត្តា​ចំនួន​បី។​ ទីមួយ​ គឺ​តម្លៃ​សិក្សា​នៅ​តាម​ស្ថាប័ន​អប់រំ​អាមេរិក​បាន​ឡើង​ខ្ពស់​ជាហេតុ​ធ្វើ​ឲ្យ​សិស្ស​-និសិ្ស​ត​បរទេស​ទាំង​នោះ​គ្មាន​លទ្ធភាព​អាច​ទ្រទ្រង់​បាន​។ ទី​ពីរ​ គឺ​មាន​ការ​ប្រកួត​ប្រជែង​គុណភាព​អប់រំ​កាន់​តែ​ខ្លាំង​ឡើង​នៅ​តាម​ប្រទេស​ដ៏ទៃ​ទៀត។​ និយាយ​រួម​ ប្រទេស​ដែល​ផ្តល់​ការ​អប់រំ​ជា​ភាសា​អង់គ្លេស​ ហើយ​មាន​គុណ​ភាព​អប់រំ​ប្រហាក់​ប្រហែល​អាមេរិក​អាច​ឆ្លៀត​ឱកាស​ស្រូប​យក​និសិ្សត​ទាំង​នោះឲ្យ​មក​សិក្សា​នៅ​ប្រទេស​ខ្លួន​។​ មាន​ជា​អាទិ​ដូចជា​ ប្រទេស​អូស្រ្តាលី​ និង​ កាណាដា​ ជាដើម។​ ចំណែក​កត្តា​ទីបី​ គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​អាមេរិក​កាត់​បន្ថយ​អាហាររូបករណ៍​ដល់​សិស្ស​បរទេស។​

លោកស្រី​​ Rajika Bhandari នាយិកា​ផែ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ នេះ​មិន​មែន​ជា​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។​ ហើយ​នេះ​ក៏​មិន​មែន​ជា​វិបត្តិ​ធ្ងន់​ធ្ងរ​ឡើយ។​ ប៉ុន្តែ នេះ​ជា​សញ្ញា​ប្រកាស​អាសន្នមួយ។ បើ​យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ មាន​សិស្ស​-និស្សិត​បរទេស​សរុប​ចំនួន​ ១ លាន​ ៨ ម៉ឺន​នាក់​កំពុង​សិក្សា​នៅ​លើ​ទឹកដី​អាមេរិក។​ ចំនួន​នេះ​ គឺ​ជា​បូក​បញ្ជូល​គ្នា​រវាង​ចំនួន​សិស្ស​-និសិ្សត​ ដែល​កំពុង​តែ​បន្ត​ការ​សិក្សា​ និង​ចំនួន​ចុះ​ឈ្មោះ​ថ្មី​សំរាប់​ឆ្នាំ​សិក្សា ២០១៧ ​នេះ។​

នៅ​លើ​តារាង​តួលេខ​ គេ​ឃើញ​ថា​ សិស្ស​-និសិត្ស​មក​ពី​ប្រទេស​​ចិន​មាន​ចំនួន​ច្រើន​លើស​លប់​ជាង​គេ​ ពោល​ គឺ​រហូត​ទៅ​ដល់​ជាង​ ៣៥ ម៉ឺន​នាក់។​ បន្ទាប់គឺ​​ជនជាតិ​ឥណ្ឌា​ ដែល​មាន​ចំនួន​ជិត​ ២០ ម៉ឺន​នាក់​។ បន្ទាប់មក​ គឺ​មាន​សិស្ស​-និសិត្ស​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អារ៉ាប៊ីសាអ៊ូឌីត​ ​កាណាដា វៀតណាម​ តៃវ៉ាន់​ ជប៉ុន​ ម៉ិចសិក​ និង​ប្រេស៊ីល។

ដោយ​ឡែក​ សិស្ស-និសិ្សត​អាមេរិក​កាន់​តែ​ច្រើន​កំពុង​តែ​ចាក​ចេញ​ទៅ​សិក្សា​នៅ​បរទេស។​ ទ្វីប​អឺរ៉ុបជា​គោលដៅ​ទាក់​ទាញ​សិស្ស​-និសិ្សត​អាមេរិក​កាន់​តែ​ច្រើន​។​ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ មាន​យុវជន​-យុវនារី​អាមេរិក​ចំនួន​ ៣២៥ ០០០ នាក់​បាន​ចេញ​ទៅ​សិក្សា​នៅ​ទ្វីប​អឺរ៉ុប។ សហរាជាណាចក្រ​អង់គ្លេស​ អ៊ីតាលី​ អេស៉្បាញ​ និង​បារាំង​សុទ្ធ​សឹង​តែ​ជា​ប្រទេស​ពេញ​និយម​ពី​សំណាក់​សិស្ស​-និសិ្សត​ជនជាតិ​អាមេរិក។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ