អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សាក្សី៖ លោកអ៊ែរដូហ្កាន​បាន​អនុញ្ញាតិ​ឲ្យ​ធនាគារ​តួកគី​បង្វិល​លាងលុយ អ៊ីរ៉ង់

សំឡេង ០៧:១៤
អ្នកជំនួញ​មាស Reza Zarrab នៅ​តុលាការ​សហព័ន្ធ​អាមេរិក​បាននិយាយ​ថា លោក​ប្រធានាធិបតី អ៊ីរ៉ង់​បាន​បើកផ្លូវ​ឲ្យ​ធនាគារ​តួកគី លាង បង្វិល​លុយ​អ៊ីរ៉ង់
អ្នកជំនួញ​មាស Reza Zarrab នៅ​តុលាការ​សហព័ន្ធ​អាមេរិក​បាននិយាយ​ថា លោក​ប្រធានាធិបតី អ៊ីរ៉ង់​បាន​បើកផ្លូវ​ឲ្យ​ធនាគារ​តួកគី លាង បង្វិល​លុយ​អ៊ីរ៉ង់ OZAN KOSE / AFP
ដោយ៖ ឈាង បុប្ផា

នៅ​តុលាការ​សហព័ន្ធ ក្នុង​ក្រុង​ញូវយ៉ក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​តួកគី លោករេស៊ីប អែរដូហ្កាន បាន​ជាប់ឈ្មោះ ជា​អ្នកស៊ុំគ្រលំ ជួយ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ អាច​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ នេះ​ជា​លើកទី ១ ដែល​ប្រមុខ​រដ្ឋាភិបាល​តួកគី​រង​ការចោទប្រកាន់​ថា បាន​ជួយ​អ៊ីរ៉ង់ ដែល​តាមពិត​ទៅ​បាន​រងការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី សហគម​អន្តរជាតិ ដោយសារ​តែ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ តុលាការ​សហព័ន្ធ​ក្រុង​ញូវយ៉ក​បាន​បើកសវនការ​ជំនុំជម្រះ​ជនសង្ស័យ ក្នុង​សំណុំរឿង លួចបន្លំ ជួយ​អ៊ីរ៉ង់​ឲ្យ​រួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ នៅក្នុង​សំណុំរឿង​នេះ តុលាការ​អាមេរិក​បាន​ដាក់​ការចោទប្រកាន់​ទៅលើ​ជនជាតិ តួកគី ៩​នាក់ ប៉ុន្តែ មាន​តែ អនុប្រធាន​ធនាគារ​តួកគី​ម្នាក់ ហើយ​និង​អ្នកជំនួញ សញ្ជាតិ​តួកគី អ៊ីរ៉ង់ ម្នាក់ តែប៉ុណ្ណោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក ចាប់ខ្លួន ក្នុង​ពេល​ពួកគេ​មាន​វត្តមាន​នៅក្នុង​ទឹកដី​អាមេរិក។ អនុប្រធាន​ធនាគារ​Halkbank ឈ្មោះ Mehmet Hakan Atilla ដែល​បាន​លេច​មុខ នៅ ក្រចកសេះ របស់​តុលាការ​ក្រុងញូវយ៉ក នៅ​សប្តាហ៍នេះ បាន​រងបទចោទប្រកាន់​ចំនួន ៦​ ដែល​មាន​តាំងពី​ការរំលោភ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ បន្លំ​លាងលុយ និង​ទទួល​សំណូកសូក​ប៉ាន់។

នៅ​ថ្ងៃ​ព្រហស្បតិ៍ Reza Zarrab អ្នកជំនួញ​មាស ជាតិ​តួកគី អ៊ីរ៉ង់ បាន​លេច​មុខ​នៅ​តុលាការ ក្នុង​នាមជា​សាក្សី ដែល​ធ្វើ​ឲ្យ​គេ​ជឿថា គាត់​បាន​ទទួល​ស្គាល់​កំហុស និង​បាន​ចរចា យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ​អាមេរិកាំង ដើម្បី ជាថ្នូរ​នឹង​ការដោះលែង មិន​ដាក់​ពន្ធនាគារ នៅ​អាមេរិក។ លោក​ Reza Zarrab បាននិយាយ​ប្រាប់​តុលាការ​អាមេរិក ថា អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច តួកគី ដែលជា​អ្នកប្រាប់​លោក​ថា លោករេស៊ីប អែរដូហ្កាន កាលនៅ​ជា​នាយក​រដ្ឋមន្រ្តី តួកគី បាន​យល់ព្រម​បើកផ្លូវ​ឲ្យ​ធនាគារ​តួកគី​ពីរ បន្ថែមទៀត ចូលរួម ជាមួយ​ធនាគារ​តួកគី Halkbank ក្នុង​ប្រតិបត្តិការ​បង្វិល ផ្ទេរ លាងលុយ របស់​អ៊ីរ៉ង់​ដែល​បាន​មក​ពី​ការលក់​ប្រេង។

រហូត​ដល់​ឆ្នាំ ២០១៥ គឺ​មុន​ដល់​មាន​ការចុះ​កិច្ច​ព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់​បាន​រង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ជាពិសេស​របស់​អាមេរិក ដែល​បាន​ហាមឃាត់​មិន​ឲ្យ​ប្រទេស​ដទៃ ទិញប្រេង ឬ​ធ្វើ​ពាណិជ្ជកម្ម ដោះដូរ​ជាមួយ​អ៊ីរ៉ង់។ អ្នកជំនួញ Reza Zarrab បាន​និយាយសារភាពថា ខ្លួន បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ អ៊ីរ៉ង់ ដើម្បី​បង្វិល​លុយ ដែល​បាន​មកពី​ការលក់ប្រេង តាំង​ពី ឆ្នាំ ២០១២។ ជារួម គេ​បាន​យកលុយ​របស់អ៊ីរ៉ង់ ទៅ​ទិញ​ជា​មាស ដែល​គេ​បាន​ដឹក​យក​ទៅលក់ ប្តូរ​ជា​លុយ នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។

នៅ​ឆ្នាំ ២០១៣ នៅពេល លោក​រេស៊ីប អែរដូហ្កាន នៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​តួកគី នៅឡើយ រដ្ឋមន្រ្តី​សេដ្ឋកិច្ច ដែល​ជា​មន្រ្តី​ស្និទ្ធ​នឹង​លោកអ៊ែរដូហ្កាន បាន​ស្នើ​ឲ្យ​គេ បង្វិល ​ដាក់​លុយ​អ៊ីរ៉ង់ ក្នុង​ធនាគារ​តួកគី ដើម្បី បង្វែងដាន រួច​គេចផុត ពីការតាមដាន និង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក។ តាម​សាក្សី Zarrab ជាថ្នូរវិញ ខ្លួន​គេ​បានចែក​ចំណែក​៥០ភាគរយ គឺ​ប្រមាណ ជា​៥៧​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​តួកគី។

រដ្ឋាភិបាល​តួកគី៖ សវនការ​ជា​ការឃុបឃិត​នយោបាយ ដើម្បី​បំផ្លាញ​តួកគី

នៅក្រោយ​ការឆ្លើយ​ដាក់បន្ទុក​របស់​ Reza Zarrab រដ្ឋាភិបាល​តួកគី នៅ​មិនទាន់​បាន​ឆ្លើយ បកស្រាយ​យ៉ាងណា​ទេ។ ប៉ុន្តែ តាំង​ពី​មុន​បើក​សវនាការ​នៅ​ក្រុង​ញូវយ៉ក​ម្ល៉េះ លោក​រេស៊ីប អែរដូហ្កាន បាន​និយាយ​ទុកមុន​ហើយ​ថា ទោះ​ជា​លទ្ធផល​របស់​សវនការ​អាមេរិក ចេញមក​យ៉ាងម៉េច​ក៏ដោយ ក៏ តួកគី នៅ​តែ​បញ្ជាក់ថា អ្វី​ដែល​តួកគី បាន​ធ្វើ គឺ​ត្រឹមត្រូវ។ តួកគី​មិន​បាន​រំលោភ លើ​បម្រាម​សេដ្ឋកិច្ច​របស់​អាមេរិក​នោះទេ ហើយ​តួកគី ក៏​មាន​ចំណង​អ្វី​ដែល​ត្រូវ​តែ​ធ្វើ​ដើម្បី​អាមេរិក​ដែរ។ សម្រាប់​លោក​ប្រធានាធិបតី អែរដូហ្កាន តួកគី មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ថាមពល ដ៏សំខាន់​ជាមួយអ៊ីរ៉ង់។

ដោយពិតទៅ តាំង​ពី​មុន​បើក​សវនាការ របស់​តុលាការ​សហព័ន្ធ​ក្រុង​ញូវយ៉ក​ម្ល៉េះ រដ្ឋាភិបាល និង​តុលាការ​តួកគី​បាន​ព្យាយាម បិទ​បញ្ចប់រឿង​អាស្រូវពុករលួយ តាមរយៈ ការនិយាយ​បណ្តុះបង្អាប់ មិន​ទទួលស្គាល់​សមត្ថភាព​របស់​តុលាការ​ក្រុងញូវយ៉ក និង​បានទាមទារ​ឲ្យ​អាមេរិក​ដោះលែង​ជនជាតិ​របស់ខ្លួន​មកវិញ។ រដ្ឋាភិបាល​តួកគី នៅ បានចាត់ទុក​សវនាការ​លើកនេះ ថា ជា​ប៉ុនប៉ង រួម​ឃុបឃិត នយោបាយ រៀបចំ ដោយ​មេដឹកនាំ​ប្រឆាំង​តួកគី នៅ​អាមេរិក ដើម្បី​បង្អាប់​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល។

មួយវិញទៀត នៅពេល​តួកគី បរាជ័យ ទាមទារ​មិន​បានសម្រេច ឲ្យ​អាមេរិក​បិទបញ្ចប់​សំណុំរឿងនេះ តុលាការ​តួកគី​ឯណោះវិញ បាន​ចេញ​ដីកា តាមរក​ចាប់ខ្លួន ប៉ូលិស​តួកគី ពីររូប ដែល​ជា​អ្នកផ្តល់​ឯកសារ​ស្តីពី​សំណូកប៉ាន់​របស់​មន្រ្តីតួកគី ទៅ​ឲ្យ​តុលាការ​អាមេរិក។ លើសពីនោះ រដ្ឋអាជ្ញា​តួកគី នៅ​បាន​បើក​ការស៊ើបអង្កេត ជា​ប្រវត្តិសាស្រ្ត ដើម្បី​ដាក់​បន្ទុក រដ្ឋអាជ្ញា​អាមេរិក ដែល​ជា​ម្ចាស់ដើមបណ្តឹង ក្នុង​រឿងអាស្រូវលើកនេះ ដែល​មាន​ធនាគារ​តួកគី ជា​ចុងចោទ។

ធនាគារ​តួកគី​អាច​ប្រឈម​នឹង​ការដាក់ពិន័យ និង​ទណ្ឌកម្ម​របស់​អាមេរិក

សំណុំរឿង ជួយ​អ៊ីរ៉ង់ ឲ្យ​រួចផុត​ពី​សំណាញ់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក កំពុង​តែ​ជួយ​ដុតកំដៅ ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក និង​តួកគី កាន់តែ​តានតឹងខ្លាំង។ ជាផ្លូវការ ប្រធានាធិបតី​តួកគី គ្មាន​ឈ្មោះ ក្នុង​បញ្ជី​ជនសង្ស័យ​របស់​តុលាការ​អាមេរិក​ទេ។ គេ​ក៏​មិន​រំពឹង​ដែរ​ថា លោកប្រធានាធិបតី​តួកគី នឹង​អាច​ប្រឈម​នឹង​ការកាត់ទោស​នៅ​តុលាការ​អាមេរិក ទោះបី​ជា​សាក្សី ឬ​ឯកសារ​អាច​បញ្ជាក់ថា លោក​បាន​ចូលរួម នៅក្នុង​ប្រតិបត្តិការ​លាងលុយ ជួយ​ឲ្យ​អ៊ីរ៉ង់ រួចផុត​ពី​សំណាញ់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិកក៏ដោយ។

លោករេស៊ីប អ៊ែរដូហ្កាន​អាច​រួចផុត​ពី​សំណាញ់ច្បាប់​អាមេរិក ប៉ុន្តែ ធនាគារ តួកគី ដែល​ជាប់ឈ្មោះ នៅក្នុង​បញ្ជី​ជនសង្ស័យ​របស់​តុលាការ ក្រុងញូវយ៉ក​អាច​ប្រឈម​នឹង​ការដាក់ពិន័យ ទណ្ឌកម្ម​របស់​អាមេរិក បើសិន​តុលាការ​រកឃើញថា ធនាគារ​ទាំងនោះ បាន​រំលោភ មិនគោរព​តាម​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក​ទៅលើ​អ៊ីរ៉ង់។ បើសិនជាដូច្នេះមែន គឺ​សេដ្ឋកិច្ច​របស់​តួកគី ដែល​កំពុង​តែផុយស្រួយ​រួចហើយនោះ នឹង​អាច​រងការប៉ះពាល់ កាន់តែ​ធ្លាក់ចុះ អាក្រក់ជាងមុន​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ