អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉េរូ ផ្ទុះចលនា​បាតុកម្ម​ក្រោយ​ការលើកលែងទោស​អតីត​ប្រធានាធិបតី Fujimori

សំឡេង ០៦:៥០
បាតុករ​ប៉េរ៉ូនាំ​គ្នា​លើក​បដានិង​រូបថត​ជនរងគ្រោះ​ក្នុង​សម័យ​ដឹកនាំដោយ​លោក Alberto Fujimori
បាតុករ​ប៉េរ៉ូនាំ​គ្នា​លើក​បដានិង​រូបថត​ជនរងគ្រោះ​ក្នុង​សម័យ​ដឹកនាំដោយ​លោក Alberto Fujimori REUTERS/Mariana Bazo
ដោយ៖ អៀង សុខម៉ិញ

បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ប៉េរូ មិន​បាន​ថមថយ​ទេ ! តាំង​ពី​ពីរ​ថ្ងៃ​មក​នេះ បាតុករ​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​លីម៉ា ស្រែក​ទាមទារ​ឱ្យ​ប្រធានាធិបតី​កាន់​អំណាច​ចុះ​ចេញ​ពី​តំណែង​ ខ្លះ​​កាន់​បដា ខ្លះ​កាន់រូបថតជនរងគ្រោះ ... បាតុកម្ម​នេះ​បាន​ផ្ទុះឡើង​ បន្ទាប់​ពី​លោក Kuczynski ប្រធានាធិបតី​កំពុង​កាន់​អំណាច បាន​ប្រកាស​លើក​លែង​ទោស​ លោក Fujimori អតីត​ប្រធានាធិបតីប៉េរូ ដែលតុលាការកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ពី​បទ​ពុករលួយ​និង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ផ្សាយពាណិជ្ជកម្ម

លោក អាល់បែរតូ ហ្វូជីម៉ូរី Alberto Fujimori ជានរណា ?

កើត​នៅ​ឆ្នាំ​១៩៣៨ ដើមកំណើត​ជប៉ុន លោក ហ្វូជីម៉ូរី ជា​ប្រធានាធិបតី​ប៉េរូ ពីឆ្នាំ ១៩៩០ដល់​ឆ្នាំ​២០០០។ លោក​ជា​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាសសម្រាប់​ប្រវត្តិសាស្ត្រ​សម័យ​ថ្មី​របស់​ប៉េរូ។ សម្រាប់ពលរដ្ឋ​ប៉េរូខ្លះ លោក ហ្វូជីម៉ូរី ជា​មេដឹកនាំ​ពុក​រលួយ​ មាន​បាតដៃ​ប្រលាក់​ឈាម ដោយ​បាន​បង្កើត​កងពលយោធា​សម្លាប់​មនុស្ស​ អស់​២៥​នាក់ នៅ​ពេល​ធ្វើ​សង្គ្រាម​ជាមួយ​ពួកម៉ៅនិយម។ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ផ្សេង​ទៀត លោក​ជា​ប្រធានាធិបតី​ដែល​បាន​ស្តារ​​ស្ថិរភាពសេដ្ឋកិច្ច​ជូន​ជាតិ បាន​បិទ​បញ្ចប់​បដិវត្តបង្ហូរ​ឈាម​របស់​ពួក​ចលនា​ម៉ៅនិយម​ Sentier Lumineux។

ស្នាដៃនេះ​ បាន​ធ្វើ​​លោក ហ្វូជីម៉ូរី ជាប់​ឈ្មោះ​ជា​បុរស​ខ្លាំង​ប្រចាំ​ទ្វីបអាមេរិក​ខាង​ត្បូង ពី​សំណាក់​ទស្សនាវដ្តី Times​ នា​ឆ្នាំ​១៩៩៣។ លោក​បាន​ជាប់​ឆ្នោត​ជា​​ប្រធានាធិបតី​អាណត្តិ​ទីពីរ នៅ​ប៉េរូ ក្នុង​ឆ្នាំ ១៩៩៥ ជាមួយ​នឹង​សំឡេង​គាំទ្រ៦៤%។ នៅ​ឆ្នាំ​២០០០​ លោក​បាន​ជាប់​ឆ្នោត​ជា​លើក​ទី​បី ប៉ុន្តែ​ដោយ​មាន​ភស្តុតាង​ពុករលួយ សភា​ប៉េរូ​បានបោះឆ្នោត​​ទម្លាក់​រូប​លោក​ចេញវិញ ហើយ​លោក​ ហ្វូជីម៉ូរី ក៏​បាន​រត់​គេច​ទៅ​ប្រទេស​ជប៉ុន ជា​ស្រុក​កំណើត​របស់​ឪពុកម្តាយ។

លីម៉ា​បាន​ប្រឹងចរចាជា​មួយ​តូក្យូ ដើម្បី​ធ្វើ​បត្យាប័ន​លោក ហ្វូជីម៉ូរី តែ​មិន​សម្រេច។ រហូត​ដល់​ឆ្នាំ​២០០៥ នៅពេល​លោក​ធ្វើ​ដំណើរមក​ឈីលី ទើប​ប្រទេស​នេះ​ចាប់​បញ្ជូន​មក​ឱ្យ​ប៉េរូ នៅ​ឆ្នាំ​២០០៧ ដើម្បី​អនុវត្ត​ទោសជាប់​ពន្ធនាគារ​ចំនួន ២៥ឆ្នាំ ពី​បទ​ពុក​រលួយ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស (ពេល​ធ្វើ​សង្គ្រាម​ជាមួយ​ពួកឆ្វេង​ជ្រុលនិយម Sentier Lumineux)។

ហើយ​នៅល្ងាច​ថ្ងៃ​អាទិត្យ មួយ​ថ្ងៃ​មុន​បុណ្យ​ណូអែល ប្រធានាធិបតី​កាន់​អំណាច លោក គូហ្ស៊ីនស្គី Pedro Pablo Kuczunski បាន​ចេញ​ប្រកាស​លើក​លែង​ទោស អតីត​ប្រធានាធិបតី​ហ្វូជីម៉ូរី ដោយ​មូលហេតុ​សុខភាព។ លោក​ ហ្វូជីម៉ូរី កំពុង​មាន​ជំងឺ​ជា​ទម្ងន់​និងបាន​បញ្ជូន​ទៅ​​សម្រាក​នៅព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ល្បែង​នយោបាយ ?

ពលរដ្ឋប៉េរូ​ប្រមាណ​៦៥% ក៏​ចង់​ឱ្យ​មាន​ការ​ដោះលែង​អតីត​ប្រធានាធិបតី ហ្វូជីម៉ូរីដែរ នេះ​បើ​យោង​ការ​ស្ទង់​មតិ ! ប្រធានាធិបតី​កាន់​អំណាច​លើកលែង​ទោស​ ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ចូល​ឆ្នាំ ដល់​អ្នក​ទោស ជា​រឿង​ធម្មតា​ទេ ! ប៉ុន្តែបញ្ហា​របស់​ប្រទេស​ប៉េរូ​ គឺ​សេចក្តី​ប្រកាស​លើក​លែង​ទោស ក្រោម​ហេតុផល​សុខភាព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថាមាន​លក្ខណៈ​នយោបាយ​ខ្លាំង និង​ជាពិសេស​គឺ​ដើម្បី​រក្សា​អំណាច​​របស់​លោក​ប្រធានាធិបតី​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក គូហ្ស៊ីនស្គី ទើប​បាន​ឈ្នះ​ឆ្នោត​​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៦ ដោយ​បាន​យក​ឈ្នះ​ដាច់ លើគូប្រជែង កៃកូ ហ្វូជីម៉ូរី ជា​កូនស្រី របស់​លោកអតីត​ប្រធានាធិបតី អាល់បែរតូ ហ្វូជីម៉ូរី ដោយ​សារ​តែ​ពាក្យ​ឃោសនា សន្យា​មិន​លើកលែង​ទោសឱ្យ​ លោក ហ្វូជីម៉ូរីដាច់​ខាត។ តែ​ថ្ងៃ​នេះ​លោក​បែរ​ជាសុខ​ចិត្ត​​ក្បត់​ពាក្យ​សំដី​ខ្លួន​ទៅ​វិញ​ ! ព្រោះ​អ្វី ?

សេចក្តី​ប្រកាស​លើក​លែង​ទោស ប្រព្រឹត្ត​ទៅ​តែ​បី​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​សភា​តែប៉ុណ្ណោះ ! កាលពី​ថ្ងៃព្រហស្បតិ៍សភា​ប៉េរូ បាន​រៀប​ចំ​ការ​បោះឆ្នោត ដក​ទំនុកចិត្តពី​ លោក ប្រធានាធិបតី​កាន់​អំណាច​​ តែ​ត្រូវ​បាន​សមាជិក​សភា​បក្ស​ប្រឆាំង​១០​រូប​ ក្នុង​នោះ​មាន​ម្នាក់​ជា​កូន​ប្រុស​របស់​លោក​ហ្វូជីម៉ូរីផង បាន​បោះឆ្នោត​អនុប្បវាទ ទើប​ធ្វើ​ឱ្យ​លទ្ធផល​ឆ្នោត​ប្តូរ​ផ្លាស់ មិន​អាច​ទម្លាក់​លោក គូហ្ស៊ីនស្គី​បាន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បាតុករ​ប៉េរូ ​យល់​ថា​ការលើក​លែង​ទោស​នេះ មិន​មែន​ដើម្បី​​អតីត​ប្រធានាធិបតី​នេះទេ ​តែ​តាមការ​ពិត​ទំនង​ជា​មាន​ការ​ចរចា​ដោះដូរ​គ្នា​រវាង​លោក គូហ្ស៊ីនស្គី ជាមួយ​សមាជិក​សភា​បក្ស​កម្លាំង​ប្រជាជន (​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី កៃកូ ហ្វូជីម៉ូរី) មួយ​ក្រុម​តូច ជា​ថ្នូរ​នឹង​សំឡេង​ឆ្នោត​អនុប្បវាទ នៅ​ពេល​បោះឆ្នោត​ដក​ទំនុក​ចិត្ត​ប្រធានាធិបតី។

​ល្បែង​​តែង​នឹង​រេ

ផលវិបាក​ជាក់​ស្តែង គឺ​ភាព​តាន​តឹង​ខ្លាំង​នៅ​ក្រុង​លីម៉ា ដោយ​ហេតុ​តែ​ចលនា​បាតុកម្ម​ តាំង​ពី​ពីរ​ថ្ងៃ​មក​ហើយ បាតុករ​បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ផ្ទះ​ប្រទេស​ធានាធិបតី ​និង​នៅ​មុខ​វិមាន​ប្រធានាធិបតី រហូត​ដល់ថ្នាក់​ប្រើ​គ្រាប់​បែក​ផ្សែង ដើម្បី​បំបែក​និង​​​​បង្ក្រាប​ចលនា​បាតុកម្មផង។ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ប្រកាស​ចេតនា​ចង់​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទៅ​ស្ថាប័ន​អន្តរជាតិ ដើម្បី​លុប​សេចក្តី​លើក​លែង​របស់​ប្រធានាធិបតី ហើយ​អាច​នាំ​លោក ហ្វីជីម៉ូរ៉ូ ចូល​ពន្ធនាគារ​ដើម្បី​បញ្ចប់ទោស។

លើ​ផ្នែក​នយោបាយ​វិញ លោក​ប្រធានាធិបតី​កាន់​អំណាច​នឹង​កាន់​តែ​ចុះ​ខ្សោយ​ ! ភាព​រង្គោះរង្គើ​ក្នុង​រង្វង់​បក្ស​កាន់​អំណាច ក៏​ចាប់​ផ្តើម ! សមាជិក​សភា​របស់​បក្ស​កាន់​អំណាច​បី​នាក់ ​បាន​នាំគ្នា​ដើរ​ចេញ​ពី​បក្ស​របស់​លោកប្រធានាធិបតី​ ធ្វើ​ឱ្យ​បក្ស​នេះ​មាន​គ្នា​កាត់​តែ​តិច​នៅក្នុង​សភា។ អនុ​រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិមនុស្ស បាន​លាលែង​ចេញ​ពី​តំណែង ! នឹង​មាន​ការរុះរើ​រដ្ឋាភិបាល នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​ត្រូវ​ផ្តុំ​រំពឹង​តែ​​លើ​​កម្លាំង​មនុស្ស​ជំនិត​​ដែល​មាន​កាន់​តែ​តិចទៅៗ។

អ្នក​ដែល​អាច​ទាញ​ប្រយោជន៍​បាន​អំពី​ហេតុការណ៍​នេះ គឺ​លោក គីនជី ហ្វូជីម៉ូរី ជា​សមាជិកសភា​បក្ស​ប្រឆាំង និង​ជា​កូន​ប្រុសរបស់​លោកអតីត​ប្រធានាធិបតី​ហ្វូជីម៉ូរី ដែល​បាន​ប្រឹង​ធ្វើ​គ្រប់​យ៉ាង ហ៊ានជំនះ​លើ​បង​ស្រី​ទៀត​ដើម្បី​សេរីភាព​ឪពុក។ តើ​នេះ​មិនមាន​ន័យថា លោក គីនជី ហ្វូជីម៉ូរី កំពុង​​​បញ្ជាក់​កាន់​តែ​ច្បាស់ អំពី​មហិច្ឆតាចង់ក្លាយ​ជា​ប្រធានាធិបតីប៉េរូ​ដែរទេឬ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ