អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តែមួយឆ្នាំ នាយក​ផ្នែក​ទំនាក់ទំនង​របស់​លោក​ត្រាំ បួន​រូប​បាន​លាលែង​ពី​តំណែង

លោកស្រី Hope Hicks ក្រោយ​ការ​សាកសួរ​ជុំ​វិញ​សំណុំ​រឿង​អង្កេត​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី​
លោកស្រី Hope Hicks ក្រោយ​ការ​សាកសួរ​ជុំ​វិញ​សំណុំ​រឿង​អង្កេត​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី​ REUTERS/Leah Millis
ដោយ៖ អៀង សុខម៉ិញ

មាន​ការ​លាលែង​ចេញ​ពី​តំណែង​ទៀត​ហើយ នៅ​សេតវិមាន ! លើក​នេះ គឺ​នាយិកា​ផ្នែក​ទំនាក់ទំនងរបស់​លោក​ដូណាល់ ត្រាំ។ តួនាទី​ដែល​ក្នុង​រយៈ​ពេល​តែ​១៣​ខែ សោះ​ មាន​ការ​ផ្លាស់​ប្តូរ​ដល់​ទៅ​បីដង​រួច​ទៅ​ហើយ។ លោកស្រី Hope Hicks​ ​ដែល​ជាមនុស្ស​ជំនិតខ្លាំង​​បំផុត​របស់​លោកប្រធានាធិបតី តាំ​ង​ពី​ច្រើន​ឆ្នាំ​មក​ហើយ ស្រាប់​តែ​​ប្រកាស​លាលែង​ចេញ​តំណែង​នៅយប់​មិញ​ ភ្លាមៗ​តែ​ម្តង ក្រោយ​ពី​ត្រូវ​បាន​គណៈកម្មការស៊ើប​អង្កេត​សភា​កោះ​សួរ កាលពី​ថ្ងៃអង្គារ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​សំណុំ​រឿង​រុស្ស៊ី​ចូល​ជ្រៀត​ជ្រែក​ក្នុង​ពេល​ឃោសនា​​បោះឆ្នោតប្រធានាធិបតី​​អាមេរិក។​

ផ្សាយពាណិជ្ជកម្ម

តួនាទី​ជា​នាយក​ទំនាក់ទំនង មិន​សូវ​ប្រឈម​ខ្លាំង​ដូច​តួនាទី​ជា​​អ្នក​នាំពាក្យ​ប្រធានាធិបតី​មែន ប៉ុន្តែ​វា​មិនមែន​ជាការ​ងាយ​ស្រួល​ឡើង​ ក្នុងដឹកនាំ​ ​ទំនាក់ទំនាក់​ឱ្យ​លោក ដូណាល់ ត្រាំ​ នោះ។

​ខុស​ពី​អ្នក​មុនៗ ដែល​​បញ្ចប់​តំណែង​​ដោយសារតែ​​មិន​សូវ​ត្រូវ​ជាមួយ​លោកប្រធានាធិបតី លោកស្រី ហូប ហ៊ីក បាន​ផ្សា​ភ្ជាប់​ទំនាក់ទំនង និង​ទំនុក​ចិត្ត​ខ្លាំង​ណាស់ ឱ្យ​​លោកត្រាំ ក្នុង​​គុណសម្បត្តិ​ជាមនុស្ស​ចេះ​លាក់​ការណ៍ និង​មិន​សម្ញែង។ មានអាយុ ទើប​តែ ២៩ឆ្នាំ ជា​អតីត​តារា​បង្ហាញម៉ូដ ជាមិត្ត​និ​ងធ្លាប់​បំរើ​ការ​ឱ្យ​លោកស្រី អ៊ីវ៉ាន់កា ត្រាំ ជា​កូន​ស្រី​ច្បង​លោក​ត្រាំ និងបើ​ទោះ​បី​ជា​គ្មាន​បទ​ពិសោធន៍​នយោបាយ​ទាល់​តែ​សោះក៏​ដោយ​ តែ​លោកស្រី​ ហូប ហ៊ីក ត្រូវ​បាន​ជ្រើសរើសឱ្យ​ចូល​ក្រុមយុទ្ធនាការ​លោកត្រាំ​ តាំង​ពី​​ឆ្នាំ​២០១៥មក​ និង​ស្ទើរ​ចាត់​ទុក​បាន​ថា​​ជា​ស្រមោល​របស់លោក​ត្រាំ​ ផង។ ប៉ុន្តែ​គេ​ច​មិន​ផុត​ ពី​ត្រូវ​លាលែង​ចេញ​ពី​តំណែង​ដែរ។

មូលហេតុ​បុគ្គល ឬ​នយោបាយ ?

លោកស្រី ហូប ហ៊ីក មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​លាលែង​នេះ​ទេ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ថាតើ​ហេតុ​អ្វី​លោកស្រី ហ៊ីក សុខ​ចិត្ត​ចាក​ចេញ​ពី​សេតវិមាន​នោះ។ មិន​ដឹង​ថា​តើ​ការ​លាលែង​នេះ អាច​មាន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿងអាស្រូវ​​របស់​ទីប្រឹក្សា​ប្រធានាធិបតី លោក Rob Porter ដែល​លោកត្រាំ​បាន​ជំរុញ​ឱ្យ​លាលែង​ចេញ​ពី​តំណែង ក្រោយ​ពី​មាន​ការ​ប្តឹង​ផ្តល់​អតីត​ភរិយា ថា​ជាមនុស្ស​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ហើយដោយសារ​​លោកស្រី ហូប ហ៊ីក​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​អតីត​ទីប្រឹក្សា​រូប​នេះ ទើបគេ​នាំ​គ្នា​គិត​ថា​​ត្រូវ​លាលែង​ចេញ​ពី​តំណែង​ដោយ​ទៅ​ជាមួយដែរ។ ឬ​ដោយ​សារ​​ការ​អង្កេត​សំណុំរឿង​ជ្រៀតជ្រែក​របស់រុស្ស៊ី ?!​ ព្រោះ​មុន​នឹង​ធ្វើ​សេចក្តី​ប្រកាស​លាលែង​នេះ លោកស្រី ត្រូវ​បាន​គណៈកម្មការសភា​ហៅ​ទៅ​​សួរ​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់រុស្ស៊ី ក្នុងការ​បោះឆ្នោត​អាមេរិក ដឹកនាំ​ដោយ​រដ្ឋ​អាជ្ញាពិសេស​ Robert Mueller។ យោល​ទៅលើ​តួនាទី របស់​លោកស្រី​​ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ វា​ជា​កា​រធម្មតា​ទេ ដែល​គេ​​ ចង់​ស្តាប់​លោកស្រី​នោះ។

បើ​តាម​សារព័ត៌មាន​អាមេរិក នៅ​ចំពោះការ​ចោទ​សួរ​របស់​​គណៈកម្មការស៊ើប​អង្កេត​សភាដោយ​បិទទ្វារ​ ​​​ លោកស្រី​បានទទួល​ស្គាល់ ថា ​តួនាទី​បាន​បង្ខំ​ឱ្យ​ “កុហក” ដែល​គ្មាន​ផលវិបាក និង​គ្មាន​ចំណង​ពាក់ព័ន្ធអ្វី​នឹង​ការ​អង្កេត​រុស្ស៊ីទេ ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​មិន​ឆ្លើយ​នៅ​សំណួរ​រសើបៗ​ខ្លាំង​ទេ។

ក្រុម​ជំនិត​លោកត្រាំ រួម​កាន់​តែ​តូច

សេតវិមាន បាន​ធានា​អះអាង​ តាំង​ពី​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ​នោះ​ភ្លាម ថា​ការ​លាលែង​ពី​តំណែង​របស់​លោកស្រី ហូប ហ៊ីក មាន​ក្នុង​គម្រោង​តាំង​ពី​ជា​ច្រើនសប្តាហ៍​​មក​ហើយ​ និង​គ្មានពាក់​ព័ន្ធ​អ្វីមូលហេតុទាំង​ពី​​រដែល​លើក​ឡើង​នោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​សេតវិមាន។

យ៉ាង​ណា​ក៏​ដោយ ក៏​ពេល​នេះ អ្វី​ដែល​ច្បាស់ គឺ​ក្រុម​ជំនិត​ តាំង​ពី​ដើម​មក​របស់​លោក ដូណាល់ ត្រាំ កាន់​តែ​រួញគ្នា​​តិច​ទៅៗ នៅ​ក្នុង​សេតវិមាន។ ក្រោយ​ការ​លាលែង​របស់​អតីត​អង្គរក្ស កាលពី​ខែ​កញ្ញា ២០១៧ និង​ការលាលែង​របស់​លោកស្រី ហូប ហ៊ីក និង​លើកលែង​តែអ៊ីវ៉ាន់កា និង​ហ្សេរ៉េត គូស្នែរ ជា​កូន​និង​កូន​ប្រសា​និង​ជា​ទីប្រឹក្សា​ចេញ ​គេ​នៅ​រាប់​ឃើញ​សល់​តែ​មនុស្ស​ជំនិត​ចាស់​ម្នាក់គត់ នៅ​ក្បែរ​លោក​ត្រាំ គឺ​លោក Dan Scavino ដែល​កំពុង​កាន់​តួនាទី​​គ្រប់គ្រង​ប្រព័ន្ធ​សង្គម​របស់​ប្រធានាធិបតី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ