អានតួអត្ថបទ

ប្រមុខ​ការទូត​អាមេរិក​ថ្មី ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​ដើម​បូព៌ា

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី © Reuters
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

លោក Mike Pompeo ប្រមុខ​ការ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែល​ទើប​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃព្រហស្បតិ៍​ បាន​ផ្តើម​ទស្សនកិច្ច​មួយជា​លើក​ទី​មួយ​ នៅ​តំបន់​ដើម​បូព៌ា។ ជា​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត បន្ទាប់​មក​អ៊ីស្រាអែល និង​ហ្សកដានី​ ជា​ដំណាក់កាល​ចុងក្រោយ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​បណ្តា​​សមាជិក​អង្គការ​អូតង់ នៅទីក្រុង​ព្រុចសែល ប្រមុខ​ការ​ទូត​អាមេរិក​ថ្មី លោក Mike Pompeo បាន​បន្ត​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​ដើម​បូព៌ា ក្នុង​បណ្តា​ប្រទេសអារ៉ាប​សំខាន់ៗ​ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​អ៊ីរ៉ង់។ លោកប្រមុខ​ការ​ទូត ត្រូវ​ការ​សាកសួរ​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់ទាំង​នោះ មុន​នឹង​លោក​ត្រាំ​ ផ្តល់​សេចក្តី​សម្រេច​ច្បាស់​លាស់ ស្តី​ពី​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅថ្ងៃទី ១២​ឧសភា លោក ដូណាល់ត្រាំ ត្រូវ​ប្រកាស​ថា​តើ​អាមេរិក​ហែកចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលក្រុម​ប្រទេស​មហាអំណាចទាំង​៥​ ចិន​អាមេរិក​បារាំង​អង់គ្លេស​រុស្ស៊ី បូក​និងអាល្លឺម៉ង់ ​បាន​ចរចា​យ៉ាង​ស្វិត​ស្វាញ​ទម្រាំ​កើត​ចេញ​ជា​រូប​រាង និង​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​បាន​កាលពី​ខែ​កក្កដា​២០១៥។ ​លោក​ប្រធានាធិបតី​អាមេរិក បាន​ទន្ទេញ​ពាក្យ​ដដែល​ៗ​ថា​ជា​កិច្ចព្រមព្រៀង​​អន្តរជាតិ​មិន​ល្អ និង​ចង់​សើរើ​ឡើង​វិញ។ ប៉ុន្តែ​គិត​មក​ត្រឹម​ពេល​នេះ ម៉ោង​នេះ លោក​ត្រាំ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ពាក្យ​ធានាអះអាង​របស់​លោក ប្រមុខ​ការទូត។

លោក Mike Pompeo ដែល​នៅ​ថ្ងៃ​សៅរ៍​ទី ២៨​មេសា​នេះ ត្រូវ​ជួប​សន្ទនា​ជាមួយ​សមភាគី​អារ៉ាប៊ីសាអូឌីត មុន​នឹង​អញ្ជើញ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​រាជបុត្រ​ស្នង​រាជ មូហាម៉េត បេន សាល់ម៉ាន ដែល​មាន​ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​អ៊ីរ៉ង់ រហូត​​ដល់​សុខ​ចិត្ត​ចេញ​ធ្វើ​អន្តរាគមន៍​​នៅ​យេម៉ែន ​ដែល​​បើ​តាម​អង្គការ​សហប្រជាជាតិ​បាន​បង្ក​ឱ្យ​មាន​​មនុស្ស​ស្លាប់​ជិត​មួយ​ម៉ឺន​នាក់ និង​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​លើ​ពិភពលោក។ ជម្លោះ​នៅ​យេម៉ែន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​​​ទម្រង់នៃ​សង្គ្រាម​រវាង​អារ៉ាប៊ីសាអូឌីត ប្រទេស​អ៊ីស្លាម​និកាយ​ស៊ុននីត និង​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត។

បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត លោក Pompeo ត្រូវ​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ និង​បង្អួស​ទៅ​ហ្សកដានី ដែល​មាន​ព្រំដែន​ដ៏​វែង​ជាមួយ​នឹងស៊ីរី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ