អានតួអត្ថបទ
អ៊ីស្រាអែល-អាមេរិក

ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល

លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Alexander Zemlianichenko/Pool via REUTERS/File Photo
១៧ នាទី

លោក​ចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ទឹកដី​អ៊ីស្រាអែល​នា​ថ្ងៃ​អាទិត្យ ទី១៩ សីហា។ បញ្ហា​អ៊ីរ៉ង់ វិបត្តិ​ស៊ីរី និង​បញ្ហា​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន គឺ​ជា​ប្រធានបទ​សំខាន់​ដែល​លោក​ចន បុលតុន​ជជែក​ជាមួយ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ និង​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​ផ្សេង​ទៀត។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ក្នុង​ទឹកដី​អ៊ីស្រាអែល​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នេតាន់យ៉ាហ៊ូ​បាន​បិទ​ស្ពាន Erez ដែល​ឆ្លង​ចូល​តំបន់​ហ្កាហ្សា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​បិទ​ស្ពាន Erez ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman ដោយ​សំអាង​លើ​ហេតុផល​នៃ​សន្ទុះ​អំពើហិង្សា​របស់​ក្រុម​បាតុករ​ប៉ាឡេស្ទីន​នៅ​តាម​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ ទី១៧ សីហា។ លោក Lieberman បាន​បន្ថែម​ថា បើ​អំពើហិង្សា​នៅ​បន្ត​មាន នោះ​រដ្ឋអំណាច​អ៊ីស្រាអែល​នឹង​បន្ត​ចាត់​វិធានការ​ផ្សេង​ទៀត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ធ្វើ​ចរាចរណ៍​លើ​ស្ពាន​មួយ​នេះ​នឹង​អនុញ្ញាត​ចំពោះ​អ្នក​ជម្ងឺ និង​សម្រាប់​ករណី​មនុស្សធម៌។

ជា​រៀងរាល់​ថ្ងៃ​គិត​ជា​មធ្យម មាន​មនុស្ស​ឆ្លង​កាត់​លើ​ស្ពាន Erez ប្រមាណ​ជា ៣៦០នាក់ និង​ដែល​ភាគ​ច្រើន​មិនមែន​ពលរដ្ឋ​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ហ្កាហ្សា​ទេ តែ​ជា​អ្នកកាសែត បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា។ ម្យ៉ាង​ទៀត ស្ពាន Erez ក៏​មិន​សូវ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ដឹក​ទំនិញ​ទៅ​កាន់​តំបន់​ហ្កាហ្សា​ដែរ។ ស្ពាន​ដែល​គេ​ប្រើ​ដើម្បី​ដឹក​ទំនិញ​ទៅ​ដែនដី​ប៉ាឡេស្ទីន​មួយ​នេះ គឺ​ស្ពាន Kerem Shalom ដែល​អ៊ីស្រាអែល​ទើប​បើក​ឲ្យ​ប្រើ​វិញ​កាល​ពី​ថ្ងៃ​ពុធ ទី១៥ សីហា។ ចំណែក​ច្រក​ចេញចូល​រវាង​តំបន់​ហ្កាហ្សា និង​ទឹកដី​ប្រទេស​អេហ្ស៊ីប​ដែល​តែង​បិទ​ជា​ប្រចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ត្រូវ​បាន​គេ​បើក​ឲ្យ​ប្រើប្រាស់​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លង​ទៅ​ដែរ។

សូម​ជម្រាប​ជូន​ថា ចំណាត់ការ​របស់​រដ្ឋអំណាច​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន​បាន​កើត​មាន​តាំង​ពី​ថ្ងៃទី៣០ មីនា ពោល​ចំ​ពេល​ដែល​មាន​បាតុកម្ម​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ទាមទារ​ឲ្យ​លើក​ការ​បិទខ្ទប់ និង​ទាមទារ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ អំពើ​ហិង្សា​នៅ​តំបន់​ហ្កាហ្សា​ជាប់​ព្រំដែន​អ៊ីស្រាអែល​ក៏​ជា​សំណុំរឿង​នៃ​ជំនួប​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ ក្រៅ​ពី​នោះ នៅ​មាន​បញ្ហា​តំបន់​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់ និង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អាមេរិក និង​អ៊ីស្រាអែល​បាន​សម្តែង​ក្តីបារម្ភ​ដូច​គ្នា​ទាក់ទង​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ លោក​នេតាន់យ៉ាហ៊ូ​ធ្លាប់​បាន​ព្រមាន​ពី​វត្តមាន​ទ័ពអ៊ីរ៉ង់​នៅ​ក្នុង​តំបន់ និង​ការ​គាំទ្រ​របស់​ទីក្រុង​តេហេរ៉ង់​ចំពោះ​ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ។ បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល លោក​បុលតុន​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ស្វ៊ីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ