អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោកត្រាំ ដោះដៃ​ពី​លោក​ប្រធានាធិបតី ?

សំឡេង ០៦:៣១
លោក Michael Cohen (ឆ្វេង) អតីត​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោកត្រាំ
លោក Michael Cohen (ឆ្វេង) អតីត​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោកត្រាំ NICHOLAS KAMM, MARK WILSON / AFP / GETTY IMAGES NORTH AMERICA
ដោយ៖ អៀង សុខម៉ិញ
៣៣ នាទី

នៅ​ថ្ងៃអង្គារ​ម្សិលមិញ លោក​ប្រធានាធិបតី​បាន​ទទួល​ដំណឹង​យ៉ាង​អាក្រក់​ធ្លាក់​មក​ពីតុលាការ​ ​ ដែល​អាច​ប៉ះពាល់​ដល់​លោក​កាន់​ខ្លួន កាន់​តែកៀក​ឡើងៗ។ តុលាការ​អាមេរិក​បាន​សម្រេច​ផ្តន្ទទោស​ លោក ប៉ូល ម៉ាណាហ្វ័រ paul Manafort អតីត​នាយកដឹកនាំ​យុទ្ធនាការ​​ឃោសនា ពី​បទ​លួច​គេចពន្ធ។ ​ក្នុង​ថ្ងៃ​តែ​មួយ​ដដែល​នេះ លោក​ Michael Cohen មេធាវី​ផ្ទាល់​ខ្លួន​របស់​លោកត្រាំ ទើប​បាន​ទទួល​ស្គាល់​ថា​មាន​ការ​លួច​គេច​ពន្ធ​និង​បាន​រំលោភ​ច្បាប់​ហរិញ្ញវត្ថុ​ ​ពេល​ឃោសនា​បោះឆ្នោតមែន តែ​ក្រោម​​បញ្ជារបស់​​លោក​ត្រាំ។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ញូវយ៉ក និង​ក្នុង​សាល​សវនាការ ដែល​មាន​មនុស្ស​ចូល​ស្តាប់​ពេញ​ លោក មាយខឺល​ កូអែន Michael Cohen បាន​ព្រម​ទទួល​កំហុស ស្រប​តាម​បទ​ចោទ​ប្រកាន់​ ៨​ចំនុច ពីបទ​លួច​គេច​ពន្ធ និង​ធនាគារ ព្រមទាំង​ពីបទ​រំលោភ​ច្បាប់​​ហិរញ្ញវត្ថុក្នុង​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​។ អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង គឺ​លោក បាន​ឆ្លើយ​សារភាព ក្រោយ​សម្បថ ក្នុង​ទឹក​មុខ​ជាមនុស្ស​ចាញ់​ និង​ក្នុង​សំឡេង​មិន​សូវ​លះ ថា​លោក​ពិត​ជា​បានលួច​​ផ្តល់លុយ​ ១៣ម៉ឺន និង​១៥​ម៉ឺន​ដុល្លារ ទៅ​ឱ្យ​ស្ត្រី​ពីរ​នាក់​ ជា​អ្នក​ថត​កុន​សិច ​ដែល​លោក​ត្រាំ ធ្លាប់​មាន​​​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ ក្នុង​ឆ្នាំ​២០០០មែន។ ហើយ​ជា​ការ​យក​​លុយបោះឆ្នោត​​ដើម្បី​បំបិទ​មាត់​ស្ត្រី​ តាម​បញ្ជា​របស់​​បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​កុំ​ឱ្យ​រឿង​អាស្រូវ​ផ្លូវភេទ​ផុសផុល នាំ​ឱ្យ​ចាញ់​ឆ្នោត​ប្រធានាធិបតី។

ពាក្យ​សារភាពនេះ​ ប្រៀប​ដូច​ជា​គ្រាប់​បែក​ផ្ទុះ ហែក​បង្ហាញ​ថា​​បេក្ខជន​ដែល​ឈ្នះ​ឆ្នោត​ ​ឆ្នាំ​ ២០១៦បាន​ក្លាយ​ជា​ប្រធានាធិបតីអាមេរិក​ បាន​ប្រព្រឹត្ត​បទ​ល្មើស ! ដែល​ធ្លាប់​តែ​បាន​ប្រកាស​បដិសេធ​​រហូត​មក​ថា​មិន​បាន​ធ្វើ​អ្វី​ជា​រំលោភ​ច្បាប់​ឡើយ។ សម្រាប់​ខាង​ក្រុម​​របស់​មេធាវី​​របស់​ស្ត្រី​ថត​កុន​អាសអាភាស​ទាំង​ពីរ​នាក់ ការពិត​បាន​ទម្លាយ​ហើយ បើ​មេធាវី មាយខឺល កូអែន​ខុស រឿង​អី​​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក ដូណាល់ ត្រាំ ដែរ ?! លោក​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។ ​

ម្យ៉ាង​វិញ​ទៀត សេចក្តី​សារភាព​របស់​លោក មាឃខឺល កូអែន គឺប្រៀប​ដូច​ជា​ព្រនង់​​វាយ​សំពង​លើ​លោក​ត្រាំ ព្រោះ​វា​ចេញ​ពី​បបូរមាត់ របស់​មនុស្ស​ជំនិត ដែល​ធ្លាប់​ដឹង​រឿង​សំងាត់ៗ​ តាំង​ពី​ជាង​មួយ​ទសវត្សរ៍​​មក​ហើយ ! លោក Michael Cohen ធ្លាប់​តាំង​ខ្លួន​ជា​អាវ​ក្រោះ​របស់​លោក​ត្រាំ ត្រៀម​ទទួលគ្រាប់​ជំនួស​ ការពារ​លោកត្រាំ​ផង។ លោក​ក៏​ធ្លាប់​បាន​អះអាង​ថា ឡើង​មក​តុលាការ​ដើម្បី​ដោះស្រាយ​បញ្ហា​ ប៉ុន្តែ​ថ្ងៃ​នេះ​អតីត​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោកត្រាំ ​កំពុង​ក្លាយ​ទៅ​ជា​ប្រភព​នៃ​កង្វល់​ដ៏​សំខាន់​របស់​ម្ចាស់​សេតវិមាន​ទៅ​វិញហើយ។

សហការដើម្បី​សម្រាលទោសពៃរ៍

លោក កូអែន ជាមនុស្ស​ជំនិត​បំផុត របស់​លោក ដូណាល់ ត្រាំ និង​ក្រុមហ៊ុន​ត្រាំ។ លោក​នៅ​តែបន្ត​ផ្តល់​ប្រឹក្សា​ដល់​លោក​ប្រធានាធិបតី​ ក្រោយ​ជាប់​ឆ្នោត​ដដែល។ ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ ធ្វើ​ត្រូវ​ញែក​ចេញ​ពីគ្នា​​ខ្លាំង នា​រយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ​​ប៉ុណ្ណោះ។

បើ​តាម​បទ​ចោទ​ប្រកាន់ លោក កូអែន​ ដែលពេល​នេះ​មាន​អាយុ​៥២​ឆ្នាំ អាច​នឹង​ត្រូវ​មាន​ទោស​សរុប ជាប់​ពន្ធនាគារ​ដល់​ទៅ ៦៥​ឆ្នាំ។ ក៏​ប៉ុន្តែ​ ជម្រើស​សារភាព និង​សហការ​ជាមួយ​តុលាការ​ យ៉ាង​ពេញ​លេញ​ លោក​អាច​សម្រាល​ទោស​បាន​ច្រើន ឱ្យ​ធ្លាក់​មក​ត្រឹម​តែ​ ​៥​ឆ្នាំ និង​បី​ខែ​​ប៉ុណ្ណោះ យ៉ាង​ច្រើន​បំផុត។ នេះ​បើ​សេចក្តី​ប្រកាស​របស់​ចៅក្រម​ទៅ​កាន់​អង្គ​សវនការ ដែល​​កំណត់ថវិកា កន្លះ​លាន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេរីភាព​ឱ្យ​ដើរហើរ​ក្រៅឃុំ នាពេល​នេះ។​ សាលក្រមសម្រេច​​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៨។

សូម​អាន ៖ លោក Paul Manafort អតីតប្រធានក្រុម​ឃោសនា​បោះឆ្នោត​ ជាប់​ចោទ​ឃុបឃិតនឹង​បរទេស​ប្រឆាំង​ស.រ.អា.

បន្ថែម​ពី​លើ​រឿង​មេធាវី​កូអែន សំណុំ​រឿង​​លោក ប៉ូល ម៉ាណា​ហ្វ័រ Paul Manafort អតីត​ប្រធាន​ក្រុមឃោសនា​បោះឆ្នោត​របស់​លោក ត្រាំត្រឹម​ខែ​សីហា​២០១៦ បាន​ផុស​ត្រដែត​ឡើង​ដែរ។

នៅ​ថ្ងៃ​ម្សិលមិញនេះ តុលាការ​ក្រុង​វីហ្ស៊ីនី សហរដ្ឋ​អាមេរិក បានរក​ឃើញ​ថា​ លោក ប៉ូល​ម៉ាណាហ្វ័រ ពិត​ជា​បាន​ប្រព្រឹត្តកំហុស​ ការ​លួច​គេចពន្ធ​ និង​មាន​គណនី​ធនាគារ​នៅ​បរទេសដូច​មាន​នៅ​ក្នុង​​បទ​ចោទ​ប្រកាន់​៨ ក្នុង​ចំណោម​បទ​ល្មើស​​ទាំង​១៨។ នៅ​ក្នុង​បទល្មើស​​នេះ អតីត​ប្រធាន​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកត្រាំ អាច​នឹង​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ។ តែ​បើ​​​​សរុបទោស​​ បូក​ថែម​នឹង​​បទ​ចោទ​ប្រកាន់​ចំនួន​១០​ទៀត ដែល​ក្រុម​ចៅក្រម​នៅ​មិន​ទាន់​សម្រេច​ត្រូវ​គ្នា​ឡើយ ​ ​លោក ម៉ាណាហ្វ័រ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដល់​ទៅ ៨០​ឆ្នាំ​ឯណោះ។ ប៉ុន្តែ​ដោយ​ហេតុ​ថា​លោក មាន​អាយុ​៦៩​ឆ្នាំ​ទៅ​ហើយ តុលាការ​ទំនង​ជា​អាច​ផ្តន្ទទោស​ឱ្យ​ លោក ម៉ាណាហ្វ័រ ជាប់​ពន្ធនាគារ ត្រឹម​តែ​៧​ទៅ​៩​ឆ្នាំ​យ៉ាង​យូរ។

នៅ​ថ្ងៃ​ទី ១៧​កញ្ញា​ តុលាការ​នឹង​បើក​សាលក្រម​ជា​លើ​ក​ទី​ពីរ ខាង​មុខ សម្រាប់​អារ​កាត់​លើ​បទ​ចោទ​ប្រកាន់​ដែល​នៅ​សេសសល់ មាន​ជាអាទិ៍​បទ​ចោទ​ប្រកាន់​ថាលោក​ ម៉ាណាហ្វ័រ ​មាន​ទំនាក់ទំនាក់ទំនងជាមួយ​ទីប្រឹក្សា​នយោបាយ​រុស្ស៊ី-អ៊ុយក្រែន ដែល​មាន​ចំណង​ជាមួយ​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី។

​​ហើយ​គឺ​សាលក្រម​ទីពីរ​នេះ​ឯង ដែល​ទាក់​ចំណាប់​​អារម្មណ៍​ខ្លាំង ដោយ​អាច​ទាញ​​ ​ភ្ជាប់​ជាមួយ​ការ​សង្ស័យរុស្ស៊ី​ចូលលូក​ដៃ​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក។​ បើទោះ​បី​​បទ​​ចោទ​ប្រកាន់នេះ​ មាន​ពាក់​ព័ន្ធ​ទៅ​នឹង​សកម្មភាព​ការងារ​​ ពេល​មុន​ឃោសនា​បោះឆ្នោត​ក៏ដោយ​​ ​ក៏​សាលក្រម​នេះត្រូវ​បាន​ចាត់​ទុក​​ថា​ជា​ចំណែក​មួយ​នៃ​ជោគជ័យ​របស់ Robert Mueller រដ្ឋ​អាជ្ញាពិសេស​ទទួល​បន្ទុក​អង្កេត​​តាំង​ពី​ខែ​ឧសភា​២០១៧​មក លើបទ​សង្ស័យ​រុស្ស៊ី​ចូល​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

លោក ម៉ាណាហ្វ័រ រក្សាភាព​ស្ងប់​ស្ងាត់​ជានិច្ច​ នៅ​ពេល​ស្តាប់​តុលាការ​ប្រកាស​ទោស។ ឯ​លោក​ដូណាល់​ត្រាំ បាន​បញ្ចេញ​ប្រតិកម្មថា សំណុំ​រឿង​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​លោក​ទេ ហើយ​ក៏​គ្មាន​ពាក់ព័ន្ធ​នឹងរឿង​រុស្ស៊ី​ក៏​ទេ​ដែរ។ តែ​លោក​ចៀស​មិន​ធ្វើអត្ថាធិប្បាយ​ទាក់ទង​នឹង​ករណីមេធាវី​ កូអែន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ