អានតួអត្ថបទ
អាមេរិក-ប៉ាឡេស្ទីន

អាមេរិក​កាត់​ជំនួយ​មនុស្សធម៌​ជាង ២០០លានដុល្លារ​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន

អាមេរិក​កាត់​ជំនួយ​មនុស្សធម៌​ជាង ២០០លានដុល្លារ​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន
អាមេរិក​កាត់​ជំនួយ​មនុស្សធម៌​ជាង ២០០លានដុល្លារ​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន Reuters
១៤ នាទី

អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី២៤ សីហា​ពី​ការ​លុបចោល​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​មាន​ទឹកប្រាក់​ជាង ២០០លានដុល្លារ។ តាម​គម្រោង ជំនួយមនុស្សធម៌​នេះ​ត្រូវ​ប្រើ​នៅ​ក្នុង​កម្មវិធី​មនុស្សធម៌​សម្រាប់​ទឹកដី​តំបន់ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា។ អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​នៃ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ទឹកប្រាក់​ជំនួយ​ដែល​កាត់​ពី​ប៉ាឡេស្ទីន​ពេល​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​អាទិភាព​នៅ​កន្លែង​ផ្សេង​វិញ។

ផ្សាយពាណិជ្ជកម្ម

គឺ​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ​ដែល​រដ្ឋបាល​អាមេរិក​បាន​សម្រេច​លុបចោល​ជំនួយមនុស្សធម៌​ជាង ២០០លានដុល្លារ​សម្រាប់​ប៉ាឡេស្ទីន​ពេល​នេះ។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ទម្លាក់​កំហុស​ដាក់​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ការ​លុបចោល​ជំនួយមនុស្សធម៌ និង​ការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​មនុស្សធម៌​របស់​ប្រជាជន​ប៉ាឡេស្ទីន។ ជាមួយ​នឹង​ការ​កាត់​ជំនួយ​មនុស្សធម៌​នេះ អាមេរិក​ចង់​បញ្ចុះ​កម្លាំង​របស់​ពួក​ហាម៉ាស់​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា និង​ចង់​ដាក់​សម្ពាធ​លើ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ឲ្យ​វិលត្រឡប់​ចូល​តុចរចា​ឡើង​វិញ។

តែ​លោក Dave Harden អតីត​អ្នក​ទទួល​ខុសត្រូវ​ទីភ្នាក់ងារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​តំបន់​ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា​មិន​បាន​យល់​ឃើញ​យ៉ាង​ដូច​នេះ​ទេ។ សម្រាប់​លោក Harden គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាល​អាមេរិក​ក្នុង​ការ​កាត់​ជំនួយមនុស្សធម៌​លើ​ប្រជាជន​ប៉ាឡេស្ទីន​នឹង​ជួយ​ពង្រឹង​អំណាច​របស់​ពួក​ហាម៉ាស់ និង​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ជីវិត​រស់នៅ​ប្រចាំ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​កំពុង​ជួប​វិបត្តិ​មនុស្សធម៌​ស្រាប់​នឹង​កាន់​ធ្លាក់​ដុនដាប​ថែម​ទៀត ពិសេស​អ្នក​រស់នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ការ​កាត់​បន្ថយ​ជំនួយ​ជាង ២០០លានដុល្លារ​របស់​អាមេរិក​ចំពោះ​ប៉ាឡេស្ទីន​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកកម្ម​មនុស្សធម៌​មួយ​ចំនួន ដូច​យ៉ាង​ការ​ចែកចាយ​ស្បៀងអាហារ​ដល់​អ្នក​ខ្វះខាត​ខ្លាំង ជំនួយ​ផ្នែក​សុខភាព ឬ​មួយ​ជំនួយ​ក្នុង​កម្មវិធី​អប់រំ​ជា​ដើម។ លោក Hanane Achraoui អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​អង្គការ​រំដោះប៉ាឡេស្ទីន OLP បាន​អះអាង​ថា អាមេរិក​បាន​យក​ជំនួយមនុស្សធម៌​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ថា ប្រជាជន​ប៉ាឡេស្ទីន​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមសម្លុត​ឡើយ។ គួរ​រម្លឹក​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ប៉ាឡេស្ទីន​បាន​ស្គាល់​ភាព​តានតឹង​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៧ មក​ម្ល៉េះ ពោល​តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​ប្រទេស​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ