អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មរណភាព​លោកចន ម៉ាកខេន វីរជនសង្រ្គាម និង​សមាជិកព្រឹទ្ធសភា​អាមេរិក​ដែល​រិះគន់​លោកត្រាំ​មិន​សំចៃ​មាត់

សំឡេង ០៦:១០
មរណភាព​លោកចន ម៉ាកខេន វីរជនសង្រ្គាម និង​សមាជិកព្រឹទ្ធសភា​អាមេរិក​ដែល​រិះគន់​លោកត្រាំ​មិន​សំចៃ​មាត់
មរណភាព​លោកចន ម៉ាកខេន វីរជនសង្រ្គាម និង​សមាជិកព្រឹទ្ធសភា​អាមេរិក​ដែល​រិះគន់​លោកត្រាំ​មិន​សំចៃ​មាត់ ALEX WONG / GETTY IMAGES NORTH AMERICA / AFP
៣៣ នាទី

លោក ចន ម៉ាកខេន វីរជនសង្រ្គាម និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​ទទួល​មរណភាព​នា​ថ្ងៃ​សៅរ៍ ទី២៥ សីហា​ក្នុង​ជន្មាយុ ៨១ឆ្នាំ​ដោយ​ជម្ងឺ​មហារីក​ខួរក្បាល។ ចេញ​ពី​ជីវិត​ទាហាន​ចូល​ក្នុង​ជីវិត​នយោបាយ​ក្នុង​គណបក្ស​សាធារណរដ្ឋ លោក​ចន ម៉ាកខេន​ធ្លាប់​ធ្វើ​ជា​តំណាងរាស្រ្ត ជា​សមាជិកព្រឹទ្ធសភា និង​ធ្លាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។ តែ​អ្វី​ដែល​ពលរដ្ឋ​អាមេរិក អ្នក​នយោបាយ​អាមេរិក​គ្រប់មជ្ឈដ្ឋាន និង​ពិភភពលោក​នាំ​គ្នា​ចាប់​អារម្មណ៍​លើ​រូប​លោក​ចន ម៉ាកខេន​ខ្លាំង​ជាង​គេ គឺ​ការ​ហ៊ាន​ប្រើ​សម្តី​វាយប្រហារ​រិះតៀន​មិន​សំចៃ​មាត់​របស់​លោក ពិសេស​រិះគន់​លើ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ដូណាល់ ត្រាំ​ដែល​ចេញ​ពី​គណបក្ស​សាធារណរដ្ឋ​ដូច​គ្នា។

ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ពី​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​រហូត​ដល់​ដង្ហើម​ជីវិត​ចុង​ក្រោយ លោក​ចន ម៉ាកខេន​ជា​វីរជនសង្រ្គាម​ម្នាក់​នៅ​ក្នុង​សង្រ្គាម​វៀតណាម។ ក្រុម​គ្រួសារ​របស់​លោក​ចន ម៉ាកខេន​ជា​ក្រុម​គ្រួសារ​ទាហាន​ដែល​ជីតា និង​ឱពុក​របស់​លោក​ជា​ឧត្តមនាវី​ពាក់​ផ្កាយ ៤ដូច​គ្នា។ កុំ​តែ​រូប​លោក​ម៉ាកខេន​ត្រូវ​បាន​ធ្លាក់​ក្នុង​ដៃ​របស់​ពួក​វៀតកុង​នា​សម័យ​សង្រ្គាម​វៀតណាម ម្ល៉េះ​លោក​ចន ម៉ាកខេន​ក៏​ប្រហែល​ក្លាយ​ជា​ឧត្តមនាវី​ដូច​ជីតា និង​ឳពុក​របស់​លោក​ដែរ។ នៅ​ក្នុង​សង្រ្គាម​វៀតណាម លោក​ចន ម៉ាកខេន​ជា​អ្នក​បើក​យន្តចម្បាំង និង​ដែល​ក្នុង​ថ្ងៃទី២៦ តុលា ឆ្នាំ ១៩៦៧ យន្តហោះ​របស់​គាត់​បាន​រង​ការ​បាញ់​ទម្លាក់​ពី​កងទ័ព​វៀតកុង​លើ​ផ្ទៃអាកាស​ទីក្រុង​ហាណូយ។

ខណៈ​នោះ លោក​ចន ម៉ាកខេន​បាន​លោត​ចេញ​ពី​យន្តហោះ​ជាមួយ​នឹង​ឆត្រយោង រួច​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​មួយ​ស្ថិត​ចំ​កណ្តាល​ទីក្រុង​ហាណូយ។ ជាមួយ​ការ​បាក់​ដៃ​ទាំង​ពីរ រួម​ទាំង​របួស​ជង្គន់ស្តាំ លោក​ត្រូវ​បាន​ពួក​វៀតកុង​ចាប់​ជា​ឈ្លើយសឹក​អស់​រយៈពេល​ជាង ៥ឆ្នាំ។ ក្នុង​ឆ្នាំ ១៩៧២ ពោល​ក្នុង​ពេល​ដែល​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​វៀតណាម ឳពុក​របស់​លោក​ដែល​ជា​មេបញ្ជាការ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​សម័យ​សង្រ្គាមវៀតណាម​ក៏​បាន​បញ្ជា​ឲ្យ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ហាណូយ។ គេ​ត្រូវ​រង់ចាំ​ដល់​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទើប​លោក​ចន ម៉ាកខេន​ត្រូវ​បាន​រដ្ឋអំណាច​វៀតណាម​ដោះលែង​ក្នុង​ខែ​មីនា ឆ្នាំ ១៩៧៣។

នៅ​ពេល​ត្រឡប់​ចូល​ស្រុក​វិញ​ក្រោយ​ពី​ទទួល​បាន​សេរីភាព វីរជនសង្រ្គាម​រូប​នេះ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ជំនាន់​នោះ គឺ​លោក Richard Nixon។ តែ​ជាមួយ​នឹង​ស្នាម​របួស​ដោយ​ទារុណកម្ម​ក្នុង​គុក​នៅ​វៀតណាម រួម​ទាំង​របួស​ជង្គន់ស្តាំ និង​ដៃ​ទាំង​សងខាង​ផង អាជីព​ជា​ទាហាន ពិសេស​អ្នកបើក​យន្តហោះ​ចម្បាំង​របស់​លោក​ចន ម៉ាកខេន​ក៏​បាន​ចប់​ត្រឹម​នេះ និង​ដែល​លោក​ត្រូវ​គិតគូរ​រក​ការងារ​ថ្មី​ដោយ​ជ្រើស​យក​អាជីព​នយោបាយ។

គ្មាន​សំណាង​ធ្វើ​ជា​មេដឹកនាំ តែ​លោក​ម៉ាកខេន​មិន​បោះបង់​ឧត្តមគតិ

លោក​ចន ម៉ាកខេន​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​ឆ្នាំ ១៩៨២ ដោយ​ជាប់​ឆ្នោត​ក្លាយ​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋ​អារីហ្សូណា​ចំនួន ២អាណត្តិ រួច​បាន​ក្លាយ​ជា​សមាជិកព្រឹទ្ធសភា​ក្នុង​ឆ្នាំ ១៩៨៦ ហើយ​បាន​ជាប់​ឆ្នោត​ជា​បន្ត​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។ តែ​គេ​មិន​ភ្លេច​និយាយ​ទេ​ថា មហិច្ឆតា​នយោបាយ​របស់​លោក​ចន ម៉ាកខេន គឺ​សំដៅ​ទៅ​សេតវិមាន។ លោក​ចន ម៉ាកខេន​បាន​ចូល​ខ្លួន​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន ២ដង។ តែ​លើក​ទី១ ក្នុង​ឆ្នាំ ២០០០ គឺ​ជា​ការ​ប្រជែង​ទល់​នឹង​លោក George W Bush នៅ​ផ្ទៃក្នុង​បក្ស​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ តែ​ចាញ់​លោក W Bush។

គឺ​ទើប​តែ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០០៨ ដែល​លោក​ចន ម៉ាកខេន​ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ជ្រើស​ជា​បេក្ខជន​ចូល​ប្រកួត​ទល់​នឹង​លោក​បារ៉ាក់ អូបាម៉ា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ តែ​ទីបំផុត ចាញ់​លោក​អូបាម៉ា​យ៉ាង​អាម៉ាស់ ព្រោះ​លោក​ម៉ាកខេន​ទទួល​បាន​សម្លេង​គាំទ្រ​តិចតួច​ណាស់។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ម៉ាខេន​មិន​ដែល​បោះបង់​ការ​តស៊ូនយោបាយ​របស់​លោក​ទេ។ គ្មាន​សំណាង​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​មែន តែ​លោក​ម៉ាកខេន​ជា​មនុស្ស​ដែល​ប្រកាន់​ឧត្តមគតិ ចូលចិត្ត​និយាយ​អ្វី​ដែល​លោក​ចង់​និយាយ មិន​ញញើត​នឹង​ផ្តល់មតិ​យោបល់ និង​ពិសេស​ទៅ​ទៀត មិន​ខ្លាច​ធ្វើ​ការ​រិះគន់ ទិតៀន​មិន​សំចៃមាត់​ទៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​របស់​ខ្លួន​ឯង​ឡើយ។

នេះ​អាច​ជា​ហេតុផល​មួយ​ដែល​មាន​ការ​ហៅ​លោក​ម៉ាកខេន​ថា​ជា​ឧទ្ទាម និង​មាន​ឥស្សរជន និង​សកម្មជន​ខ្លះ​នៅ​ក្នុង​បក្សសាធារណរដ្ឋ​មិន​បាន​គាំទ្រ​ជំហរ​លោក​ចន ម៉ាកខេន​ទេ។ តែ​លោក​ម៉ាកខេន​តែង​និយាយ​ថា លោក​មិន​ខ្វល់​ឡើយ លោក​នៅ​តែ​ជា​លោក ហើយ​ថា ឧទ្ទាម​ដូច​លោក​ជា​ឧទ្ទាម​ដែល​មាន​បុព្វហេតុ​ត្រឹមត្រូវ។ បុព្វហេតុ​ត្រឹមត្រូវ​នោះ គឺ​ការ ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​តម្លៃ​សារវន្ត​របស់​អាមេរិក។

លោក​ចន ម៉ាកខេន និង​លោក​ដូណាល់ ត្រាំ​ជា​ប្រេង និង​ទឹក

គេ​អាច​និយាយ​បាន​ថា​រវាង​លោក​ចន ម៉ាកខេន និង​លោក​ដូណាល់ ត្រាំ គឺ​ជា​សត្រូវ​ស្លាប់ រស់​នឹង​គ្នា។ តាំង​ពី​លោក​ត្រាំ​ឡើង​ឈរ​ឈ្មោះ​រហូត​ក្លាយ​ជា​ប្រធានាធិបតី​ផ្លូវការ​មក លោក​ម៉ាកខេន​បាន​ចេញ​មុខ រិះគន់​ទិតៀន និង​ដៀមដាម​ដាក់​លោក​ត្រាំ​សឹង​គ្មាន​រលួស​ថ្ងៃ។ រីឯ​លោក​ត្រាំ​វិញ​ក៏​មិន​ណយ​ដែរ។ ពិត​ណាស់​ថា មរណភាព​របស់​លោក ចន ម៉ាកខេន​ត្រូវ​បាន​អ្នក​នយោបាយ​អាមេរិក​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​និន្នាការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ចាត់​ទុក​ជា​ការ​បាត់បង់​មួយ​ធំ​ធេង​ណាស់​សម្រាប់​អាមេរិក។ សូម្បី​លោក​អូបាម៉ា​ដែល​ឈ្នះ​លោក​ម៉ាកខេន​នា​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ ក៏​បាន​លើក​ពី​ឧត្តមគតិ​នៃ​ការ​តស៊ូ និង​លះបង់​ដើម្បី​ជាតិ​របស់​លោក​ម៉ាកខេន​ដែរ។

ចំណែក​លោក​ដូណាល់ ត្រាំ​វិញ​បាន​សរសេរ​សារ​ត្រឹម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ម៉ាកឆេន ដោយ​មិន​បាន​និយាយ​ដល់​បុគ្គលិក​លក្ខណៈ​របស់​លោក​ម៉ាកខេន​ឡើយ។ មាន​ព័ត៌មាន​ថា នៅ​ពេល​មុន​ស្លាប់ លោក​ម៉ាកខេន​បាន​ផ្តាំ​គ្រួសារ​កុំ​ឲ្យ​អញ្ជើញ​លោក​ត្រាំ​ទៅ​ចូលរួម​បុណ្យសព​របស់​លោក។ ឃើញ​ថា ទោះ​បី​នៅ​សល់​ដង្ហើម​ចុង​ក្រោយ​ក៏​ដោយ ក៏​លោក​ម៉ាកខេន​មិន​ភ្លេច​សំពង​លើ​ត្រាំ​នៅ​ទឹក​ចុង​ក្រោយ​ដែរ។ មែនទែន​ទៅ លោក​ម៉ាកខេន​មិន​យល់​ស្រប​តាម​គោលនយោបាយ​របស់​លោក​ត្រាំ​នៅ​សឹង​គ្រប់​ផ្នែក​ទាំង​អស់ រួម​មាន ច្បាប់​រំលូតកូន ច្បាប់​អន្តោប្រវេន៍ ឬ​ការ​បញ្ចុះ​ពន្ធ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ