អាមេរិកបិទស្ថានកុងស៊ុល ប្រចាំប៉ាឡេស្ទីន នៅហ្ស៊េរុយសាឡិម
ចុះផ្សាយនៅថ្ងៃ៖
អាមេរិកកាន់តែបែរខ្នងដាក់ប៉ាឡេស្ទីន? នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេសអាមេរិកបានសម្រេចរុះរើស្ថានកុងស៊ុល នៅហ៊្សេរុយសាឡិម ដែលពីមុន ធ្លាប់ប្រើជាស្ថានតំណាងអាមេរិក ប្រចាំប៉ាឡេស្ទីន។ អង្គការដើម្បីសេរីភាពប៉ាឡេស្ទីនបានថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ដែលបើតាមភាគីប៉ាឡេស្ទីន គឺកំពុងជួយពង្រឹងអំណាចរបស់អ៊ីស្រាអែល ប៉ុន្តែ មិនមែនដើម្បីបង្កើត រដ្ឋពីរ អ៊ីស្រាអែល និងប៉ាឡេស្ទីន នៅជិតគ្នានោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេស បានប្រកាសថា អាមេរិកនឹងរុះរើស្ថានកុងស៊ុល ប្រចាំប៉ាឡេស្ទីន នៅ ហ្ស៊េរុយសាឡិម។ តាមក្រសួងការបរទេសអាមេរិក កិច្ចការរបស់ស្ថានកុងស៊ុលនៅហ្ស៊េរុយសាឡិម នឹងយកទៅដាក់បញ្ចូល ជាអង្គភាព មួយ របស់ស្ថានទូតអាមេរិក ប្រចាំអ៊ីស្រាអែល ដែលអាមេរិកទើបរើ ផ្ទេរ យ៉ាងចម្រូងចម្រាស ទៅនៅទីក្រុងហ្ស៊េរុយសាឡិម កាលពីខែឧសភាឆ្នាំនេះ។
សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោកMike Pompeo ការដាក់បញ្ចូល ស្ថានតំណាងអាមេរិកប្រចាំប៉ាឡេស្ទីន ទៅនៅ ក្នុងស្ថានទូតអាមេរិក នៅហ្ស៊េរុយសាឡិម ធ្វើឡើងដើម្បីហេតុផលប្រសិទ្ធិភាព ពោល គឺវាមិនបានស្តែងពីការផ្លាស់ប្តូរ ជំហរនយោបាយ របស់អាមេរិក ទៅលើតំបន់ហ្កាហ្សា ស៊ីហ្សកដានី ឬហ្ស៊េរុយសាឡឹម ឬព្រំដែនប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។
ភាគីប៉ាឡេស្ទីន បានវាយតម្លៃភ្លាមថា អាមេរិកនឹងបិទស្ថានកុងស៊ុលដែលអាមេរិកបានប្រើរហូតមក សម្រាប់ចំណងការទូតដោយផ្ទាល់ ជាមួយប៉ាឡេស៊ីន។ ការបិទស្ថានកុងស៊ុលនៅហ្ស៊េរុយសាឡិម នឹងធ្វើឲ្យកិច្ចការទាក់ទាក់ប៉ាឡេស្ទីនទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល។
សម្រាប់ មេដឹកនាំទី២របស់អង្គការដើម្បីសេរីភាពប៉ាឡេស្ទីន លោកSaëb Erakat គេមើលមិនឃើញ ហេតុផលប្រសិទ្ធិភាព ក្នុងរឿងបិទទ្វារស្ថានកុងស៊ុល អាមេរិកប្រចាំប៉ាឡេស្ទីន នៅហ្ស៊េរុយសាឡឹមនោះទេ។ ផ្ទុយទៅវិញ វាស្តែងឲ្យឃើញពីនិន្នាការរបស់អាមេរិក ដែលមិនឲ្យតម្លៃ និងចង់ដាក់ប៉ាឡេស្ទីន ឲ្យនៅឯកោរ នៅក្នុងខណៈដែលរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងលើកទឹកចិត្តក្រុមអាមេរិកាំង ដែលមានមនោគមវិជ្ជា លើកទឹកចិត្តការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្ម ប្រព្រឹត្តដោយអ៊ីស្រាអែល។
ការសម្រេចរុះរើស្ថានកុងស៊ុល អាមេរិក ប្រចាំប៉ាឡេស្ទីន ឲ្យទៅនៅជាអង្គភាពមួយ នៃស្ថានទូតអាមេរិក ប្រចាំអ៊ីស្រាអែល គឺជាជំហរអវិជ្ជមានមួយទៀត របស់អាមេរិកទៅកាន់ភាគីប៉ាឡេស្ទីន។ បន្ទាប់ពីប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងផ្ទេរ ស្ថានទូត អាមេរិកទៅនៅហ្ស៊េរុយសាឡិម ក្រោមភ្លើងកំហឹងតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន រដ្ឋបាលលោកដូណាល់ ត្រាំ នៅបានសម្រេច នៅខែកញ្ញា បិទ ទីតាំងបេសកកម្មទូតប៉ាឡេស្ទីននៅវ៉ាស៊ីនតោន។ អាមេរិក នៅបានប្រកាសផងដែរ ឈប់ ផ្តល់ជំនួយហិរញ្ញវត្ថុ ទ្វេរភាគីទៅឲ្យប៉ាឡេស្ទីន ព្រមទាំង ឈប់ផ្តល់វិភាគទានដល់កញ្ចប់ថវិកាអង្គការសហប្រជាជាតិ សម្រាប់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ